លោក ហ៊ុន សែន៖ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ​

ដោយ វ៉ា សំណព្វ
19/11/2018
RFI

media
រូបភាព​៖ ​លោក ​ហ៊ុន ​សែន ​ក្នុង​ជំនួប​ជា​មួយ​កម្មករ​-​កម្មការិនី​ជាង​២​ម៉ឺន​នាក់​នៅ​ក្នុង​ស្រុក​បាទី ​ខេត្ត​ តាកែវ ​កាល​ពី​ថ្ងៃទី ​០៧ ​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៨ ​។ @facebook​
@facebook


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១៩ វិច្ឆិកា​នេះ បាន​ចេញ​មុខ​មក​ជម្រះ​មន្ទិល​សង្ស័យ​នានា​ថា កម្ពុជា​បាន​ផ្តល់​មូលដ្ឋាន​យោធា​បរទេស នៅ​លើ​ទឹកដី​របស់​ខ្លួន​។ ថ្លែង​នៅ​មុន​បើក​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា​មិន​មាន​មូល​ដ្ឋាន​កង​ទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ ហើយ​ថា កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា យក​កម្ពុជា​ធ្វើ​ជា​ទីលាន​នៃ​ការ​សាក​ល្បង​មនោគមន៍​វិជ្ជា ឬ អាវុធ​ជា​ថ្មី​នោះ​ឡើយ​។ 

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​បន្ទាប់​ពី​សារព័ត៌មាន Asia Time ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុង​កុង បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​មុន​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ តាម​រយៈ​អត្ថបទ​នោះ Asia Time បាន​សរសេរ​ថា នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ លើ​ទឹក​ដី​កម្ពុជា ផែ​សុំ​ចត​ទឹក​ជ្រៅ​មួយ​ដែល​វិនិយោគ​ដោយ​ចិន នឹង​លេច​ខ្លួន​ឡើង​នៅ​ប្រប​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង​។ ហើយ​ថា កំពង់​ផែ​ទឹក​ជ្រៅ​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​យោធា ដែល​ចិន​ប្រើ​ប្រាស់​សម្រាប់​សុំ​ចត​នាវា​ចម្បាំង​។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​ទី១៩ វិច្ឆិកា​នេះ បាន​ទាត់​ចោល ចំពោះ​ព័ត៌មាន​ខាង​លើ​នេះ​។ ថ្លែង​នៅ​មុន​ពេល​ចាប់​ផ្តើម​បើក​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​មិន​មាន​មូល​ដ្ឋាន​កង​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ ហើយ​ថា កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា យក​កម្ពុជា​ធ្វើ​ជា​ទីលាន​នៃ​ការ​សាក​ល្បង​មនោគមន៍​វិជ្ជា ឬ អាវុធ ដូច​អតីតកាល​ទៀត​នោះ​ឡើយ​។

លោក​បាន​បន្ថែម​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​កង​ទ័ព​បរទេស​ណា បោះ​មូល​ដ្ឋាន​យោធា​នៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ ទោះ​បី​ជា​កងទ័ព​ជើង​ទឹក ជើង​គោក ឬ​ជើង​អាកាស​ក្តី​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​ថា រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស នៅ​លើ​ទឹក​ដី​របស់​ខ្លួន និង​មិន​អនុញ្ញាត​ឲ្យ​មាន​មូល​ដ្ឋាន​យោធា​របស់​ខ្លួន នៅ​បរទេស​ឡើយ លើក​លែង​តែ​នៅ​ក្នុង​ក្រប​ខណ្ឌ​របស់​អង្គការ​សហ​ប្រជាជាតិ​។ កម្ពុជា​មិន​ត្រូវ​ការ​ទាល់​តែ​សោះ ហើយ​មិន​ចាំ​បាច់​ទាល់​តែ​សោះ​ដែល​ត្រូវ​ការ​កង​ទ័ព​បរទេស​មក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​។ បន្ថែម​លើ​សេចក្តី​ថ្លែង​ការណ៍​ផ្ទាល់​មាត់​នៅ​ថ្ងៃ​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន នឹង​សរសេរ​លិខិត​ផ្លូវ​ការ​មួយ​ច្បាប់​ទៀត ផ្ញើ​ទៅ​កាន់​អនុ​ប្រធានា​ធិបតី​អាមេរិក​លោក Mike pence ដើម្បី​ពន្យល់​លំអិត​ពី​ករណី​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​សហ​រដ្ឋអាមេរិក​។ ហើយ​តាម​រយៈ​ជំនួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក William A. Heidt នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា​ស្អែក លោក​នាយករដ្ឋ​មន្ត្រី​ក៏​មាន​គម្រោង​លើក​ឡើង​ពី​រឿង​នេះ​ដែរ​។

គួរ​ជំរាប​ជូន​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី ១៧ វិច្ឆិកា មក ទាំង​ក្រសួង​ការពារជាតិ​កម្ពុជា និង​ទាំង​ក្រសួង​ការ​បរទេស​ផង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ច្រាន​ចោល​ព័ត៌មាន​របស់ Asia Time ផង​ដែរ​។ សម្រាប់ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត​អចិន្រ្តៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ ដូច្នេះ កម្ពុជា​នឹង​មិន​ផ្តល់​ទីតាំង​ឲ្យ​បរទេស​ណា​មួយ សម្រាប់​យក​ធ្វើ​ជា​មូលដ្ឋាន​យោធា​នោះ​ទេ​។ ចំណែក លោក​ឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣​នៅ​សិង្ហ​បុរី កាល​ពី​ថ្ងៃ​ទី ១៥ វិច្ឆិកាវិញ ក៏​បាន​ប្រាប់​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក Jonh Sullivan ថា ព័ត៌មាន​នោះ គឺ​ជា​ពាក្យ​ចរចាម​អារាម ប៉ុណ្ណោះ​៕

What Next?

Recent Articles