ក្រសួង​កសិកម្មស្នើឱ្យ​អភិបាលខេត្ត​ជាប់​មាត់​សមុទ្រ​ទប់​ស្កាត់​បទល្មើស​កាប់រានដីព្រៃកោង​កាង​

ដោយ សន ចាន់រដ្ឋា
2018-11-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដីព្រៃកោង​កាង ក្នុង​តំបន់​អភិរកជម្រកសត្វព្រៃពាម​ក្រសោប សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប​អស់​​ជាច្រើន​ហិកតារ ក្នុង​ឆ្នាំ២០១៨​​។ រូបថត៖ ផ្ដល់​​ដោយ​​អង្គការ​ស្រាវជ្រាវ​​ជាតិ​​កម្ពុជា ហៅ​​កាត់​​ថា ស៊ី.អិន.រ៉ូ (CNRO)
ដីព្រៃកោង​កាង ក្នុង​តំបន់​អភិរកជម្រកសត្វព្រៃពាម​ក្រសោប សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប​អស់​​ជាច្រើន​ហិកតារ ក្នុង​ឆ្នាំ២០១៨​​។ រូបថត៖ ផ្ដល់​​ដោយ​​អង្គការ​ស្រាវជ្រាវ​​ជាតិ​​កម្ពុជា ហៅ​​កាត់​​ថា ស៊ី.អិន.រ៉ូ (CNRO)


ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ រកឃើញ​ថា បទល្មើសចាក់​ដីលុប និង​​កាប់​រាន​ដី​ព្រៃ​កោង​កាង បាន​កើត​ឡើងជា​បន្ត​បន្ទាប់​ ក្នុង​ភូមិសាស្រ្ត​ខេត្ត​ជាប់​មាត់​សមុទ្រ​ទាំង​ ៤ របស់​កម្ពុជា។ ក្រសួង​​​ជំរុញ​ឱ្យ​អាជ្ញា​ធរ​ខេត្ត ទប់​ស្កាត់​បទល្មើស​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធិភាព។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​បរិស្ថាន​ ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឺង​ចំពោះ​បញ្ហា​នេះ បើ​ពុំ​ដូច្នេះ​ទេ ដី​ព្រៃ​កោង​កាង​តាម​មាត់​សមុទ្រ​​នឹង​ក្លាយ​ជា​កម្មសិទ្ធិឯកជន​អស់​ជាក់​ជា​ពុំ​ខាន។

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ លោក វេង សាខុន ស្នើឱ្យ​អភិបាល​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​កែប យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ ថែរក្សា និង​ការពារ​ព្រៃកោងកាង ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ ក្នុង​នាម​ជា​អាជ្ញា​ធរ​​គ្រប់​គ្រងដីរដ្ឋ បន្ទាប់​ពី​ក្រសួង​រកឃើញ​ថា ការ​កាប់​រាន​ និង​ចាក់​ដីលុប​ព្រៃកោង​កាង​បាន​កើត​ឡើង​ឥត​ឈប់​​ឈរ​នៅ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​ទាំង ៤ នេះ​​។​

លោក​ វេង សាខុន​ បញ្ជាក់​នៅក្នុង​លិខិត​មួយ​ច្បាប់​នៅថ្ងៃទី ១៩ វិច្ឆិកា ថា នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប កំពត ព្រះសីហនុ និង​កោះកុង មាន​ការ​ឈូសឆាយ ការកាប់​ទន្ទ្រាន ការ​ចាក់​ដីលុប ការ​រាន​យក​ដីធ្វើ​លំនៅដ្ឋាន​ ការ​​ហ៊ុមព័ទ្ធដីព្រៃកោងកាង​ទុក​ជា​កម្មសិទ្ធិ និង​ការ​ចេញ​បណ្ណកម្មសិទ្ធិ បាន​កក្រើក​ឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់។ ជាពិសេស​ នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិកាន់កាប់​ដីព្រៃកោងកាងក្នុង​ដែន​សហគមន៍​នេសាទ​ជាច្រើន​កន្លែង​។ រដ្ឋ​មន្ត្រី​រូបនេះ ​ស្នើឱ្យ​អភិបាល​ខេត្ត​ទាំង ៤ ជួយទប់​ស្កាត់​សកម្មភាពខុស​ច្បាប់​ទាំង​នេះឱ្យ​បាន​ ដើម្បី​ថែរក្សា​ និង​ការពារ​ព្រៃកោង​កាងឱ្យ​នៅស្ថិត​ស្ថេរ ព្រោះ​ព្រៃប្រភេទ​នេះ​មាន​សារៈសំខាន់​​​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ជលផល​។

ទោះជាយ៉ាងណា អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ មិន​បាន​សាទរ​ចំពោះលិខិត​​របស់​ក្រសួង​កសិកម្មនេះឡើយ​ ដោយពួក​គេ​យល់ឃើញ​ថា ក្រសួង​នៅខ្វះ​ការ​អនុវត្ត​ជាក់​ស្តែងខ្លួន​ឯង​ ជាពិសេស​នៅ​ពេល​​ដឹង​ថា មាន​បទល្មើសហើយ​​ ​ក្រសួងបែរ​ជា​មិន​បានចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​ជន​ល្មើស។

សកម្មជន​បរិស្ថាន​ អ្នក​នាង លីម គីមស័រ កត់​សម្គាល់​ថា ករណី​រុក​រាន​ និង​ចាក់​ដីលុប​ព្រៃកោងកាង​នេះ កើត​មាន​កើត​ជា​យូរ​មក​ហើយ ហើយ​អាជ្ញាធ​រជំនាញ​ហាក់​ដូច​ជា​ មិន​បាន​អើពើ ឬ​ចាត់​​វិធាន​ការទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នោះឡើយ​ ដោយសារ​តែ​បញ្ហា​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ។ នាង​ហាក់​គ្មាន​ជំនឿ​ទេ​ថា អន្តរាគមន៍​របស់​ក្រសួង​​កសិកម្ម​នេះ នឹង​អាច​ការពារ​ព្រៃ​កោងកាង​បាន​នោះ ដោយសារ​កន្លង​ទៅ ដី​ព្រៃ​កោង​កាង​ជា​ច្រើន​​កន្លែង ត្រូវ​បាន​គេ​ចាក់​លុប និង​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ ប៉ុន្តែ​ក្រុម​ជន​ល្មើស​បែរ​ជា​ត្រូវ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​។ ឧទាហរណ៍​ជាក់​ស្តែង​ដែល​សកម្មជន​បរិស្ថាន​រូប​នេះ មើល​ឃើញ​នោះ គឺ​ការ​ចាក់​លុប​ព្រៃ​កោងកាង​អស់​ជា​ច្រើន​ហិកតារ​ ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប ក្នុង​ខេត្ត​កោះកុង ដែល​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​នាំខ្លួ​​មក​កាត់​ទោស​ ឬ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ឡើយ៖ «កន្លក​មក​មាន​ការ​ចាក់​លុប​ព្រៃ​កោងកាង​នៅ​ខាង​តំបន់​អភិរក្ស​ពាម​ក្រសោប គឺ​ក្រុមហ៊ុន​ចាក់​ដីលុប​លើ​ព្រៃកោងកាង​ហ្នឹង។ មិន​ត្រឹម​តែ​ចាក់​ដីលុប​ទេ គឺ​នៅពេល​ដែល​គាត់​បូម​ខ្សាច់ ចាប់​ខ្សាច់​ហ្នឹង វា​ធ្វើ​ឱ្យ​ខូច​ព្រៃ​កោង​កាង​ហ្នឹង​ទៀត ប៉ុន្តែ​យើង​ឃើញ​ថា អត់​មាន​ច្បាប់​ណាអនុវត្ត អត់​មាន​ច្បាប់​ណា​ចាប់​គាត់​យក​មក​ផ្តន្ទាទោស​ដូច​គ្នា គឺ​មាន​តែ​ចាប់​យុវជន​ដែល​ការពារ​ព្រៃ​កោងកាង​ហ្នឹង យក​ទៅ​ដាក់​ទោស​វិញ។ អ៊ីចឹង​សម្រាប់​ខ្ញុំ​គិត​ថា ដរាប​ណា​ការ​អនុវត្ត​ច្បាប់​មិន​បាន​ពេញលេញ​ គាត់​ចេញ​តែ​លិខិត​គាត់​មាន​តែ​ការ​ស្នើសុំ​ នោះ​ការ​បំផ្លាញ​ហ្នឹង វា​នឹង​នៅតែ​​បំផ្លាញ​ដដែល​ទេ។ ទាល់​តែ​គាត់​ធ្វើ​រឿង​មួយ​ឱ្យ​វា​មាន​ប្រសិទ្ធភាព នោះ​ទើប​វា​ជា​ការ​ព្រមាន​ដល់​អ្នក​ក្រោយ​ទៀត»

កាលពីដើម​ឆ្នាំ ២០១៨ ​កន្លង​ទៅនេះ​ ដីព្រៃកោង​កាង​ចន្លោះពី​ ៣ ទៅ ៥ហិកតារ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប ខេត្ត​កោះកុង ត្រូវ​បាន​ឧកញ៉ា​ម្នាក់​​ឈ្មោះ ជា លាងហុង បូម​ខ្សាច់​ចាក់​បំពេញ។ អាជ្ញាធរ​របប​លោក​ ហ៊ុន សែន បាន​សម្រេច​ដក​ហូត​ដី​ទាំង​នោះ​យក​មកដាក់​​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​វិញ ក្រោយ​ផ្ទុះ​ការ​រិះគន់​ពី​ក្រុម​ពលរដ្ឋ ​​​សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល។ ទោះ​ជា​យ៉ាង​ណា ក្រៅ​ពី​ចំណាត់​ការ​ដក​ហូត​យក​ដីនេះ អាជ្ញាធរ​មិន​បាន​នាំខ្លួន​​​ឧកញ៉ា​រូប​នោះឱ្យ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ឱ្យ​សម​ទៅនឹង​ទង្វើ​ល្មើស​ច្បាប់នោះ​ឡើយ។ មន្ត្រី​របប​លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ការ​អនុវត្ត​ច្បាប់​មិនមែន​មាន​ន័យ​ថា លុះត្រា​តែ​ចាប់​មនុស្ស​ដាក់​គុក​នោះ​ទេ តែ​ក៏​មាន​វិធី​អប់រំ​ណែនាំ និង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ដែរ ហើយ​ដោយ​សារ​ការ​​ចាក់​លុប​ព្រៃកោង​កាង​ក្នុង​តំបន់​ដែន​ជម្រកសត្វព្រៃ​ពាម​ក្រសោបនោះ មិន​ទាន់​បង្ក​ផល​ប៉ះពាល់​អ្វី​ធ្ងន់​ធ្ងរ​ឡើយ​ ដូច្នេះ​នឹង​មិន​មាន​ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ឡើយ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ អាដហុក​ (ADHOC) លោក ប៉ែន បុណ្ណារ៍ ជឿ​ជាក់​​ថា អំពើ​ពុករលួយ​ប្រព័ន្ធ ​គឺ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ដី​ព្រៃ​កោង​កាង​នៅ​តាម​តំបន់​មាត់​សមុទ្រ​ នៅ​តែ​ទទួល​រង​ការ​កាប់​រាន​ និង​ហ៊ុម​ព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ។ លោក​ថ្លែង​ថា ជន​ល្មើស​ភាគ​ច្រើន​ ជា​បុគ្គល​មាន​លុយ​មាន​អំណាច ​ពេល​ខ្លះ​ គឺ​ជា​មន្ត្រី​អាជ្ញាធរ​ដែល​ទទួល​ខុស​ត្រូវ​នៅ​តំបន់​នោះ​ ហើយ​មាន​ករណី​ខ្លះ​ទៀត​ គេ​បាន​ប្រើ​រូប​ភាព​ជា​ពលរដ្ឋ​សាមញ្ញ​ទៅ​កាប់​រាន​ រួច​ក៏​ទិញ​ដី​នោះ​បន្ត​ពី​ពលរដ្ឋ​វិញ។ លោក​សង្កត់​ធ្ងន់​ថា លិខិតរបស់​ក្រសួង​កសិកម្ម​ស្នើសុំ​ឱ្យ​អភិបាល​ខេត្តជួយ​ការពារ​ព្រៃ​កោងកាង ខណៈ​ក្រសួង​បាន​ដឹង​អំពី​បទល្មើស​នេះ​រួច​ទៅ​ហើយ​​នោះ គឺ​ជា​ការ​គេច​វេស​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន«នៅ​ពេល​ដែល​បទ​ល្មើស​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​ហ្នឹង ក្រសួង​បាន​ធ្វើ​ជា​លិខិត​មួយ​ដើម្បី​ដោះ​បន្ទុក​ថា ខ្លួន​ហ្នឹង​បាន​បញ្ជា​ បាន​រុញ​ឱ្យ​មាន​ការ​ចាត់​វិធានការ។ អ៊ីចឹង​វា​ជា​លិខិត​មួយ​ដើម្បី​ដោះ​ខ្លួន​ឱ្យ​រួច​ផុត​ពីការ​ទទួល​ខុស​ត្រូវ​ ក៏​ប៉ុន្តែ​វា​មិន​អាច​គេ​ច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​ទេ ព្រោះ​នៅក្នុង​ក្រសួង​នីមួយៗ​សុទ្ធតែ​មាន​មន្ត្រី​នគរបាល​យុត្តិធម៌​តាំង​ពី​ថ្នាក់​ជាតិរហូត​ដល់​ថ្នាក់​ស្រុក។ អ៊ីចឹង ក្រសួង​ត្រូវ​ស្រាវជ្រាវ​មើល​មន្ត្រី​របស់​ខ្លួន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​តំបន់​ទាំង​អស់​ហ្នឹង តើ​ពួក​គេ​បាន​អនុវត្ត​តាម​ច្បាប់​ដែល​បាន​កំណត់​ ឬអត់?”

មន្រ្តីសិទ្ធិមនុស្សរូប​នេះ ជំរុញឱ្យ​ក្រសួង​កសិកម្ម​ចេញ​មុខ​ប្តឹងជន​ល្មើស​ទៅ​តុលាការ ដោយ​មិន​ត្រូវ​គិត​ថា បុគ្គល​រូប​នោះ​មាន​ឋានៈ ឬ​តួនាទី​អ្វី​នោះ​ឡើយ​ ព្រោះ​ការ​កាប់​រាន​​ និង​ចាក់​ដីលុប​ព្រៃ​កោង​​កាង​នេះ ជា​បទ​ល្មើស​ឧក្រិដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​។ លោក​ក៏​ស្នើឱ្យ​ក្រសួង​ដាក់​ពិន័យ​ ឬ​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​របស់​ខ្លួន​ដែរ ប្រសិន​បើ​រក​ឃើញ​ពួក​គេ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​នេះ៖ «ច្បាប់​ចែង​ហើយ​ថា បើ​ដឹង​ហើយ​មិន​ប្តឹង ​មន្ត្រី​ក្រសួង ឬ​រដ្ឋ​មន្ត្រី​ក៏​ត្រូវ​ទទួល​ទោស​ដែរ។ ឥលូវ​លោក​ដឹង​ហើយ ដឹង​រហូត​ទាល់​តែ​ចេញ​លិខិត​ទៀត អ៊ីចឹង​ក្នុង​នាម​លោក​ជា​មន្ត្រី​រាជការ​សាធារណៈ លោក​ត្រូវ​តែ​គោរព​ប្រតិបត្តិ​តាម​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ច្បាប់​មាន​ប្រសិទ្ធភាព។ យើង​ឃើញ​ថា លិខិត​មាន​ច្រើន​ហើយ មិន​មែន​តែមួយ​នេះ​ទេ គឺ​មាន​លិខិត​ធំៗ ជាង​នេះ​ទៀត ក៏​ប៉ុន្តែ​មន្ត្រី​ថ្នាក់​ខេត្ត​ពាក់ព័ន្ធ​ហ្នឹង​អត់​មើល​ អត់​ស្តាប់ អត់​ធ្វើ​តាម​ផង អ៊ីចឹង​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ការ​អនុវត្ត​ច្បាប់ កុំ​ឱ្យ​មាន​ការ​រើសអើង​ប្រជា​ពលរដ្ឋ ឬ​ក៏​អ្នក​មាន​អំណាច»

អាស៊ីសេរីមិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក​ ឡោ រស្មី នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ការ​កាប់​ឆ្ការ គាស់រាន ឈូសឆាយ ឬ​​ហ៊ុមព័ទ្ធកាន់​កាប់​ព្រៃ​លិច​ទឹក និង​ព្រៃ​កោង​កាង ត្រូវ​បាន​ហាម​ឃាត់​ដោយ​​ច្បាប់​ជលផល​។ ជន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ទាំង​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៣ ទៅ ៥ឆ្នាំ និងត្រូវ​រឹបអូសវត្ថុតាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​របស់​រដ្ឋ​ ចំណែក​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​អនុញ្ញាត​ឱ្យ​មាន​បទល្មើស​នេះ​កើត​ឡើង ឬ​មាន​ជាប់​ពាក់ព័​ន្ធ​នឹង​បទល្មើស​ប្រភេទ​នេះ ពួក​គេ​ក៏​ត្រូវ​មាន​ទោស​ទណ្ឌ​ដូច​គ្នា​ដែរ។​

មន្ត្រីសិទ្ធិមនុស្ស លោក ប៉ែន បុណ្ណារ៍ ជំរុញ​ឱ្យ​ពលរដ្ឋ​ សកម្មជន​ និង​អង្គការ​សង្គម​ស៊ីវិល ចូល​រួម​ដាក់​បណ្តឹង​បរិហារ​ផ្លូវ​ការ ​ប្រសិន​បើ​មានមាន​បទល្មើស​កាប់រាន​ដី ឬ​ហ៊ុម​ព័ទ្ធ​ព្រៃ​កោងកាង​ធ្វើ​ជា​កម្មសិទ្ធិ ដើម្បី​ទាម​ទារឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​ ចំពោះ​តួនាទី​របស់​ខ្លួន និង​ដើម្បី​ឱ្យ​ជន​ល្មើស​ត្រូវ​បាន​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment