លោក សម រង្ស៊ី​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បរទេស​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា

នយោបាយ


លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)


20 វិច្ឆិកា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ

លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​លុយ​របប​ខុស​ច្បាប់​របស់​លោក​ហ៊ុន សែន​ ខ្ចី​ ដោយ​លោក​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​ថ្មី ​ដែល​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត​ត្រឹមត្រូវ​​ នឹង​មិន​ទទួល​ស្គាល់​ការ​ខ្ចី​លុយ​របស់​រដ្ឋាភិបាល​ចាស់​នោះ​ទេ។

លោក​ ​សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ជា​គូប្រជែង​នយោបាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រិះគន់​ធ្ងន់ៗ​ ​លើ​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុង​ការ​ខ្ចីប្រាក់​ពី​រដ្ឋ​បរទេស​ ​ហើយ​ថា ​រដ្ឋាភិបាល​នៃ​រដ្ឋ​បរទេស​ទាំងនោះ​អាច​នឹង​ប្រឈម​ការ​ខាតបង់​ ប្រសិន​បើ​ពួក​គេ​បន្ត​ផ្តល់​ប្រាក់​ឲ្យ​កម្ពុជា​ខ្ចី​ទៀត​នោះ។

នេះ​បើ​យោង​តាមការ​អធិប្បាយ​របស់​លោក​សម រង្ស៊ី​ ​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ច័ន្ទ​ ​ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​អត្ថបទ​បញ្ចេញ​មតិ​របស់​លោក​ ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​បរទេស Asia Times។​

លោក​ ​សម រង្ស៊ី​ ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ធ្លាប់​ជា​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ផង​នោះ​ បាន​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​តាម​ន័យ​ដើម​ថា៖​

«ថ្ងៃ​នេះ​ ​សារ​ព័ត៌មាន​ ​Asia Times​ ​ជា​ភាសា​អង់គ្លេស​ បាន​ចុះផ្សាយអត្ថបទ​របស់​ខ្ញុំ​មួយ​ ​មាន​ចំណង​ជើង​«ការ​ប្រែប្រួល​យោបល់​ទៅ​ជា​អវិជ្ជមានពី​សំណាក់ភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​ហិរញ្ញវត្ថុ​ (Rating Agencies)​ ចំពោះ​ប្រទេស​កម្ពុជា​ ឆ្លុះ​បញ្ចាំង​គ្រោះ​ថ្នាក់​ក្នុង​ការ​ឲ្យ​របប​ខុស​ច្បាប់​របស់​លោក​ហ៊ុន សែន​ ខ្ចីលុយ»។

លោក​ ​សម រង្ស៊ី​ ​បាន​បន្ត​ថា៖​

«ក្រោយ​ពី​ការ​បោះឆ្នោត​រៀប​ចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ឆ្នាំ​ ១៩៩៣​ នេះ​ជា​លើក​ទី​១​ ហើយ​ពេល​នេះ​ ដែល​ប្រទេស​កម្ពុជា​ខ្វះ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ (Legitimate government)។ ​អ្នក​ដែល​ឲ្យលុយ​គេ​ខ្ចី​ (Lenders)​ ត្រូវ​យល់​ថា ​រដ្ឋាភិបាល​អនាគតនៅ​កម្ពុជា​ ដែល​ចេញ​មក​ពី​ការ​បោះឆ្នោត​ត្រឹម​ត្រូវ​ តាមបែបបទ​ប្រជាធិបតេយ្យច្បាស់​ជា​នឹង​មិន​ទទួល​ស្គាល់​ឡើយ​ រាល់​ការ​សម្រេច​ខ្ចី​លុយ​ ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​មិនស្រប​ច្បាប់​សព្វថ្ងៃ​ ចេញ​មក​ពី​រដ្ឋ​សភា​សព្វថ្ងៃ​ ដែល​មិន​ស្របច្បាប់​ពី​ដើម​ទី»។​

ក្នុង​អត្ថបទ​របស់​លោក​សម រង្ស៊ី​ ដែល​ចេញផ្សាយ​ដោយ​សារ​ព័ត៌មាន​ Asia Times​ កាល​ពីថ្ងៃ​ទី​១៩​ ​ខែ​វិច្ឆិកា​ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នោះ​ បាន​លើក​ឡើង​អំពី​ការ​វាយ​តម្លៃ​នានា​របស់​ភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​ហិរញ្ញ​វត្ថុ​ រួមមាន​ ភ្នាក់​ងារ​ ​Fitch​ ​និង​ Moody’s។​

លោក​ ​សម រង្ស៊ី​ ​បាន​សរសេរ​ថា ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ​ភ្នាក់​ងារ​ ​Fitch​ ​បាន​ទទួល​ស្គាល់​ថា​ នៅ​ពេល​ដែល​ខ្លួន​«កាល​ពីដំបូង​បាន​ចោទ​សួរ​ថា​ លោក​ហ៊ុន សែន កំពុង​ចាត់ចែង​បញ្ចៀស​ហានិភ័យ​នានា​ ដែល​បង្ក​ដោយ​ការ​គ្រប់​គ្រង​ផ្តាច់​ការ​របស់​លោក​…វា​មើល​ទៅ​ដូចជា​ការ​ខិតខំ​របស់​លោកមិន​ហុច​ផល​ល្អ​នោះ​ទេ។​ ​ហេតុ​ដូច្នេះ​ ហានិភ័យ​នានា​ទៅ​លើ​ការ​ព្យាករណ៍​កំណើន​ផលិតផល​ក្នុង​ស្រុក ៦​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៩​ និង​៥,៧​ភាគរយ​ក្នុង​ឆ្នាំ​២០២០​នោះ​ ត្រូវ​បាន​ក្លាយ​ជា​ទម្ងន់​នាំ​ដល់​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង»។​

ភ្នាក់​ងារ​ Fitch ​បាន​កត់​សម្គាល់​ថា​ សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​តាម​ក្រោយ​ក្នុង​ការ​ដក​បុព្វសិទ្ធិ​ពាណិជ្ជកម្ម​នានា។

តាម​ការ​ពន្យល់​របស់​លោក​ ​សម រង្ស៊ី​ ​វិធានការ​របស់​សហរដ្ឋ​អាមេរិកអាច​នឹង​ធ្វើឡើង​ នៅពេល​សហភាព​អឺរ៉ុប​សម្រេច​ដាក់​ពន្ធ​លើ​ទំនិញ​កម្ពុជា​ ប្រសិន​បើ​ប្រទេស​នេះ​មិនធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​សិទ្ធិ​ការងារ​ និង​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​នោះ​ទេ។​

លោក​ ​សម រង្ស៊ី​ ​ដែល​ពេល​នេះ​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ប្រទេស​បារំាង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​កាលពី​ខែ​មេសា ​ភ្នាក់ងារ​ ​Moody’s​ ​បាន​កត់​សម្គាល់​នូវ​«ទស្សនវិស័យ​កំណើន​ខ្លាំងក្លា​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក» ​និង​«ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច»។​ ​ក៏​ប៉ន្តែ​ Moody’s ​បាន​យល់​ឃើញ​ដូច​ភ្នាក់ងារ​ Fitch ​ដោយ​ភ្នាក់​ងារ​ Moody’s ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ទី​២២​ ខែ​តុលា​ ដែល​បាន​បញ្ជាក់​អំពី «ផល​ប៉ះពាល់​ឥណទាន​អវិជ្ជមាន​ជា​ដុំ​កំភួន»​ មក​លើ​បំណុល​ជាតិ​ប្រទេស​កម្ពុជា​ ពី​ការ​បាត់បង់​ការ​នាំ​ចូល​ទំនិញ​ដោយ​មិន​ជាប់​ពន្ធ​ទៅ​សហភាព​អឺរ៉ុប។ ​ភ្នាក់​ងារ​ Moody’s​ និយាយ​ថា​ ប្រទេស​ដទៃ​ទៀត​ ដូច​ជា​អូស្ត្រាលី​ និង​កាណាដា​ នឹងធ្វើ​តាម​ការ​ចាត់​វិធានការ​នាំ​មុខ​របស់​សហភាព​អឺរ៉ុប។

លោក​ ​សម រង្ស៊ី​ ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«ការ​កែប្រែ​ពាក្យ​សម្តី​ដោយ​ភ្នាក់​ងារ​ទាំង​នេះ​គួរ​ជា​ការ​ដាស់​ឲ្យ​ភ្ញាក់​អ្នក​ឲ្យ​ខ្ចី​លុយ​សព្វ​ថ្ងៃ​ទៅ​របប​ពុក​រលួយ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន។​ ​ទោះ​ជា​និយាយ​ត្រូវ ​ឬ​ខុស​ អ្វីដែល​ភ្នាក់ងារ​ទាំង​នោះ​លើក​ឡើង​ បាន​រួម​ចំណែក​ដល់ការ​ធ្វើ​គោល​នយោបាយ»។​

លោក​ ​សម រង្ស៊ី​ ​បន្ថែម​ថា ​រាល់ការ​អធិប្បាយ​របស់​ភ្នាក់ងារ​ទាំង​នោះ​ទៅ​លើ​ផល​វិបាក​ជា​អវិជ្ជមាន​ខាង​ពាណិជ្ជ​កម្ម​ណាមួយ​ ដែល​បណ្តាល​មក​ពី​ភាព​ដែល​អាច​បាត់​បង់​បន្ថែម​សិទ្ធិ​ពាណិជ្ជ​កម្ម​ អាច​នឹង​ជា​ការ​អធិប្បាយដែល​នឹង​ក្លាយជា​ការណ៍​ពិត។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ថ្លែង​ថា​ ​លោក​ ​សម រង្ស៊ី​ ជា​មនុស្ស​មាន​បញ្ហា​ប្រព័ន្ធ​សសៃ​ប្រសាទ​ទៅ​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«កុំ​ទៅ​ជា​ឆ្កួត​ជាមួយ​រង្ស៊ី​ហ្នឹង!​ អាហ្នឹង​វាឆ្កួត​បាត់​ទៅ​ហើយ!​ ក្មួយ​ឯង​ចង់​ឆ្កួត​ជាមួយ​វា​ ឬ​យ៉ាងម៉េច?​ ឬ​មួយ​ក្មួយ​ឯង​ជា​អ្នក​នាំពាក្យ​របស់​រង្ស៊ី?»​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រូបនេះ​ថ្លែង​បន្ថែម​ទៀត​ថា​ លោក​សម រង្ស៊ី​ មិន​ដែល​ចង់​ឃើញ​កម្ពុជារីក​ចម្រើន​នោះ​ទេ។

«សម រង្ស៊ី​មិន​ដែល​ធ្វើ​ឲ្យ​ស្រុក​ខ្មែរ​គ្រាន់​បើ​ទេ»។

មុន​មួយ​ថ្ងៃ​នៃ​ការ​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក​ ​សម រង្ស៊ី​ ​ដោយ​សារ​ព័ត៌មាន​ ​Asia Times​ ​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ក្នុង​ពិធី​ជួប​ជុំជាមួយកុមារ​ពិការ​គ ថ្លង់​ ​និង​កុមារ​កំព្រា​មក​ពី​មណ្ឌល​នានា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​លើក​ឡើង​ថា​ ​បច្ចុប្បន្ន​ ​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ដ​កើន​ឡើង​ទៅ​មុខ​ជា​លំដាប់​ ​ជា​ហេតុ​ធ្វើ​ឲ្យ​សហគមន៍​អន្ដរជាតិ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដើម្បី​យក​ទៅ​ជួយ​ដល់​ប្រទេស​ក្រីក្រ​ដែល​មាន​សេដ្ឋកិច្ច​អន់ថយ​ជាង​កម្ពុជា។

ក៏​ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​នា​ពេល​កន្លង​មក​នោះ​ ​ប្រមុខ​បេសកកម្ម​ការ​ទូត​សហភាព​អឺរ៉ុប​មិន​បាន​ផ្តល់​ការ​អធិប្បាយ​ទៅ​លើ​ការណ៍​ដែល​ថា​ ​ដោយ​សារ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើន​ឡើង​ ​ទើប​តម្រូវ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ទេ។​

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ការ​រៀបចំនីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធតាម​កម្ម​វិធី​ពាណិជ្ជកម្ម«គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​ (EBA)​«បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បារម្ភ​ធ្ងន់ធ្ងរ​ចំពោះ​ការ​វិវត្ត​នានា​នៅ​កម្ពុជា​ទាក់ទិន​ការ​គោរព​សិទ្ធិ​មនុស្ស​ ​និង​សេរីភាព ​ដូច​មាន​ចែង​ក្នុង​ច្បាប់​នានា​របស់​អង្គការ​សហ​ប្រជាជាតិ​ ​និង​កតិការ​សញ្ញា​ស្តីពី​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​ការងារ​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)»។​

លោក​ ​George Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ទៅ​លើ​ផល​ប៉ះពាល់​លើ​ការងារ​របស់​កម្មករក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ​ក្នុង​ករណី​មាន​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​នេះ​ទេ​ តែ​សហភាព​អឺរ៉ុប​សង្ឃឹម​ថា​ ​អាជ្ញាធរ​កម្ពុជា​នឹង​ចាត់​វិធាន​ការ​ដែល​ស្រប​នឹង​កតិការ​សញ្ញា​ទាំង​ឡាយ។​

យ៉ាង​ណា​ក៏ដោយ​ សហភាព​អឺរ៉ុប​នៅ​ទុក​ពេល​ឲ្យមាន​ការ​សន្ទនា​ជាមួយ​កម្ពុជា ​ហើយ​ប្រសិន​បើ​កម្ពុជា​កែ​ប្រែ​ស្ថានភាព​បាន​យ៉ាង​ឆាប់​នោះ​ នោះ​រាល់​វិធាន​ការ​នានា​អាច​នឹង​ត្រូវ​យក​មក​ធ្វើការ​ពិចារណា​ឡើង​វិញ។​

លោក​ ​សម រង្ស៊ី​ ​បាន​ថ្លែង​បញ្ជាក់​ក្នុង​អត្ថបទ​របស់​លោក​ចេញ​ផ្សាយ​ដោយ​កាសែត​ ​Asia Times​ ​ថា​ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ ការ​បាត់​បង់​កិច្ច​អនុគ្រោះ​ពាណិជ្ជ​កម្ម​របស់​សហ​ភាព​អឺរ៉ុប​ នឹង​នាំ​មក​នូវ​ការ​ជាប់​ពន្ធ​មាន​ទឹក​ប្រាក់​ចំនួន​៦៧៦​លាន​ដុល្លារ​អាមេរិក។​

អតីត​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ដែល​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន​នោះ​ ​បា​ន​បញ្ជាក់​ទៀត​ថា​ ហិរញ្ញវត្ថុ​ និង​នយោបាយ​ជា​ការណ៍​ពិត​មិន​អាច​ចែក​ឲ្យ​ដាច់​ពីគ្នា​បាន​ទេ។ ​ការ​ចូល​ទៅទីផ្សារ​ដោយ​គ្មាន​ការ​បង់​ពន្ធ​សម្រាប់​កម្ពុជាត្រូវ​បាន​ផ្តល់​ពី​ដើម​ទី​ដោយ​សហភាពអឺរ៉ុប​ ជា​ការ​ទទួល​ស្គាល់​ការ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។ ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នោះ​មក​ ​សហភាព​អឺរ៉ុបបាន​ទទូច​សុំ​ឲ្យ​កម្ពុជាធ្វើ​ឲ្យ​មាន​ច្រើន​មុខ​នៃ​ការ​នាំ​ចេញ​របស់​ខ្លួនដើម្បី​បញ្ចៀស​ការ​ពឹងផ្អែក​លើ​ផលិត​ផល​តែមួយ​ ឬ​ក៏​ទីផ្សារ​មួយ។ ​ប៉ុន្តែ​ប្រមាណ​៤០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ នៅ​តែ​បាន​មក​ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់។​

លោក​បាន​បន្ត​ថា​ ​ដំណើរ​វិវត្តន៍​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ជា​ដំណើរ​មួយ​ដ៏​យឺតយ៉ាវ​ និង​ឈឺចាប់​នៅ​កម្ពុជា​ ​បាន​បញ្ចប់​ទាំង​ស្រុក​កាលពី​ខែ​កក្កដា​ នៅ​ពេល​រដ្ឋាភិបាល​រៀបចំ​ការបោះ​ឆ្នោត​ក្លែង​ក្លាយ​ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​អ្នក​ប្រកួត​ប្រជែង​សំខាន់​តែមួយគត់​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន ត្រូវបាន​គេ​ផាត់​ចេញ ​ហើយ​មិន​មាន​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​បង្ហាញ​ឆន្ទៈ​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នោះ​ទេ៕

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បរទេស​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា"

  1. Anonymous says:

    SAM RANSY is right there is no nation in the world should land money to a none legitimated leader that people not vote for. Cambodian knew and also the whole world HUN SEN did every thing again GOD willing . even those HUN SEN fort in the water some one still can find out he did it. this evil of this century though every one are dump only him is a smart ass person in the world. that was only some Cambodian who is not having enough educated for whom who have enough educate they laughing their ass off . you are a garbage person HUN SEN do not think you are that smart . GOD will take care this nation and stop this evil from destroy to the end. GOD bless KAMPOUCHEA

  2. so socheath says:

    មើលសំណេររបស់អាក្បត់ជាតិសមរង្សី ហើយមិនពិចារណា អ្នកនិងគឹតថា ងាថោកជាងឆ្កែនេះ
    ជាអ្នកចេះដឹង ខាងកិច្ចកាហិរញ្ញវត្ថុខ្លាំងណាស់ ។
    ប៉ុន្តែតាមការពិត អាថោកជាងឆ្កែនេះ តំរិះវា ចេះត្រឹម ភូតភរបោកប្រាស តាមមធ្យោបាយទុច្ចរឹត
    យកលុយពីអ្នកដែលជឿងប់ងុលលើវា យកលុយចាយ ដោយមិនបាច់ធ្វើការតែប៉ុណ្ណោះ ។
    អាថោកជាងឆ្កែសមរង្សីនេះ បើនិយាយពីរឿងពុករលួយ សម្រាប់វាគឺជាប់លេខមួយ តាំងតែពីវា
    ធ្លាប់បានធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឯណោះ ។
    លួចលក់ឈើ រាប់ម៉ឺនម៉ែត្រគីប លួចបោះប៉ាស្ព័រ លួចរើសគយខុសច្បាប់ សុទ្ធតែជាទង្វើរបស់
    អាថោកជាងឆ្កែសមរង្សីនេះ ។
    ​សរុបមកអ្នកគាំទ្រ អាពូជឆ្កែ អាក្បត់ជាតិសមរង្សី វាគ្រាន់ជាក្រុមឆ្កែគ្នាវាតែប៉ុណ្ណោះ !

Leave a Reply

Submit Comment