ឯកអគ្គ​រដ្ឋទូត​អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​កែ​លម្អ​ទំនាក់​ទំនង​ទ្វេភាគី​និង​ដោះ​លែង​លោក​ កឹម សុខា

នយោបាយ


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William A. Heidt និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាគ្នាដើម្បីជំរុញទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងកម្ពុជា មុននឹងលោកឯកអគ្គរដ្ឋទូត បញ្ចប់បេសកកម្មនៅកម្ពុជា ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថតដោយ U.S. Embassy Phnom Penh)


20 វិច្ឆិកា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដើម្បី​ជម្រាប​លា​មុន​ចប់​អាណត្តិ​ ​ លោក​ ​William Heidt​ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​កែ​លម្អ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ព្រមទាំង​ដោះ​លែង​លោក​ ​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​។

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ ​William Heidt​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​កែ​លម្អ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត​ ​និង​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ ​រួម​ទាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺលោក​ ​កឹម សុខា​ ​ដើម្បី​ឈាន​ដល់​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ។​ ​នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។​

ការ​លើក​ឡើង​របស់​លោក​ ​William Heidt​ ​ធ្វើ​ឡើង​ក្នុង​ជំនួប​ទេ្វភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ទី២០ ខែវិច្ឆិកា ដើម្បី​ជម្រាប​លា​ ​មុន​នឹង​លោក​ត្រូវចប់​អាណត្តិ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ។

ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​ ​លោក​ ​William Heidt​ ​បាន​អរគុណ​លោក​នាយក​រដ្ឋមន្រ្តី​ ​ក្នុង​ការ​ជំរុញ​បន្ថែម​នូវ​ទំនាក់​ទំនង​ប្រកប​ដោយ​ផ្លែផ្កា​រវាង​សហ​រដ្ឋ​អាមេរិក​ ​និង​ប្រទេស​កម្ពុជា។​ ​លោក​ក៏​បាន​ទទួល​ស្គាល់​មតិ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន ​ដែល​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី១៩​ ខែវិច្ឆិកា​ ​ដោយ​បដិសេធ​របាយ​ការណ៍​ព័ត៌មាន​ថា​ ​ប្រទេស​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ដដែល​នោះ​ក៏​បាន​បញ្ជាក់​ពី​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​របស់​លោក​ឯកអគ្គ​រដ្ឋ​ទូត​តាម​ន័យ​ដើម​ថា៖​

«លោក​មាន​ការ​លើក​ទឹកចិត្ត​ដោយ​សារ​ជំហាន​វិជ្ជមាន​ក្នុង​ពេល​ថ្មីៗ​នេះ​ ​ដែល​រួម​មាន​ការ​បន្ត​ឡើង​វិញ​នូវ​កិច្ចសហ​ប្រតិបត្តិ​ការ​ទាក់ទង​នឹង​ឈ្លើយ​សឹក​ និង​យុទ្ធជន​បាត់​ខ្លួន​អាមេរិក​ ​ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​កែ​លម្អ​ចំណង​ទាក់ទង​ទ្វេភាគី​ ​ដែល​រួម​មាន​ការ​ជំរុញ​ការ​ផ្សះផ្សា​ជាតិ ​ការ​ដោះលែង​លោកកឹម សុខា​ ​និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ ​ហើយ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​លើ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ»។

លោក​ ​William Heidt​ ​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​រយៈពេល​៣​ឆ្នាំ​របស់​លោក​នា​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​ បន្ទាប់​ពី​បាន​កាន់​តំណែង​ជា​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៥។​ មុន​នឹង​ចាកចេញ​ពី​កម្ពុជា​ ​លោក​បាន​ជួប​ ​និង​ជម្រាប​លា​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ជាច្រើន​រូប​ជា​បន្តបន្ទាប់។​

ពាក់ព័ន្ធ​នឹង​ជំនួប​រវាង​រវាង​លោក​ ​William Heidt​ ​និង​ថ្នាក់​ដឹកនាំ​កំពូល​របស់​កម្ពុជា​នេះ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ក៏​បាន​បង្ហោះ​សារ​អម​ដោយ​រូបភាព​ពី​ជំនួប​នោះ​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ។ លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ក្នុង​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ​លោក​បាន​ប្រាប់​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ថា​ ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​មូលដ្ឋាន​ទ័ព​បរទេស​របស់​ប្រទេស​ណាមួយ​នៅ​កម្ពុជា​នោះ​ទេ។

លោក​នាយក​រដ្ឋ​មន្រ្តី​បន្ថែម​ថា​ ​កន្លង​មក​កម្ពុជា​ក៏​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ រួម​ទាំង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​ ​ចិន​ ​ឥណ្ឌា​ ​និង​ជប៉ុន​ជាដើម​ ជា​ពិសេស​បាន​ធ្វើ​ឡើង​លើស​ពី​ទ្វេភាគី​ ​ក្នុង​គោល​ដៅ​កសាង​ជំនឿ​ ​និង​បទ​ពិសោធន៍​ ​ជាពិសេស​ឆ្លើយតប​ទៅ​នឹង​គ្រោះ​មហន្ត​រាយ​ផ្សេងៗ។​

លោក​នាយក​រដ្ឋមន្រ្តី​បាន​ស្នើ​ឲ្យ​មាន​ការ​សន្ទនា​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការយល់​គ្នា​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ លោក​ក៏​បាន​ប្រាប់​ទៅ​លោក​ ​William Heidt​ ​បន្ថែម​ថា​ ពាក់ព័ន្ធ​នឹង​ក្តី​កង្វល់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​វត្តមាន​មូលដ្ឋាន​ទ័ព​បរទេស​នៅ​កម្ពុជា​ ​លោក​បាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​ទៅ​ ​លោក​ ​Mike Pence​ ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​ដោយ​គូស​បញ្ជាក់​ថា ​គ្មាន​មូលដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ឡើយ។

លោក​ ហ៊ុន សែន​ ​សរសេរ​បន្ថែម​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ដោយ​បញ្ចប់​ខ្លឹម​សារ​នៃ​ជំនួប​នោះ ​តាម​ន័យ​ដើម​ថា៖​

«សម្ដេច​តេជោ​ ​ហ៊ុន សែន​ ​បាន​បញ្ជាក់​ថា​ សម្ដេច​ស្វាគមន៍​រាល់​ការ​វិនិយោគ​ពី​បណ្ដា​ប្រទេស​ទាំង​អស់​ មិន​ថា​ ប្រទេស​ចិន​ ​ជប៉ុន​ ​ឬ​សហរដ្ឋ​អាមេរិក​ជាដើម​ ​អាច​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ សម្តេច​តេជោ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ សម្ដេច​មិន​អនុញ្ញាត​ឲ្យ​មាន​ឥទ្ធិពល​បរទេស​នៅ​លើ​ទឹកដី​របស់​កម្ពុជា​ឡើយ»។​

យ៉ាង​ណាក្តី សារ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​បាន​បង្ហោះ​នោះ​មិនមាន​ការ​បញ្ជាក់​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក​ ​William Heidt​ ​ដែល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ ការ​ដោះ​លែង​លោក​កឹម សុខា​ ​និង​ការ​បើក​លំហ​សេរីភាព​សម្រាប់​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​កៅ គឹមហួន​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​ចូល​រួម​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ ​និង​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ទេ។

យ៉ាង​ណាក្តី ​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​លោក​មិនបាន​ដឹង​ថា​ តើ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ឆ្លើយ​តប​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​លោក​ ​កឹម សុខា​ ​ឬ​អត់​នោះ​ទេ។​ ​ទោះ​យ៉ាង​ណា​ ​លោក​ថា ​ការ​ថ្លែង​របស់​លោក​ ​William Heidt​ ​គឺ​បង្ហាញ​ពីការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​យល់​ឃើញ​ថា​ ជា​ការ​បង្ហាញ​នៃ​ការ​ជ្រៀត​ជ្រែក​នៃ​ការងារ​របស់​កម្ពុជា​ហើយ​ ​ពីព្រោះ​ករណី​របស់​ ​កឹម សុខា​ ​និង​ករណី​អ្នក​ដទៃ​ទៀត ​អា​ហ្នឹង​ជា​កាតព្វកិច្ច​និង​ជា​ករណី​របស់​តុលាការ​ទេ​ ​ហើយ​ខ្ញុំ​ជឿ​ថា ​លោក​ទូត​ត្រូវ​គោរព​នូវស្ថាប័ន​ប្រជាធិបតេយ្យ​គឺ​មាន​ការ​បែង​ចែក​អំណាច​ដាច់​ពីគ្នា​ ​រវាង​រាជ​រដ្ឋាភិបាល​ ​សភា​ ​នីតិបញ្ញត្តិ​ ​ហើយ​និង​អំណាច​តុលាការ​នេះ​ឯង»។​

លោក​ ​ផៃ ស៊ីផាន​បន្ថែមថា​ ​លោក​នាយក​រដ្ឋមន្រ្តី​អាច​នឹង​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ដល់​ជន​ណា​ម្នាក់ ​លុះត្រា​តែ​សំណុំ​រឿង​នោះ​ផុត​ដៃរបស់​តុលាការ។​

លោក​បញ្ជាក់​ថា៖​

«ទាល់​តែ​ដំណើរ​ការ​យុត្តិធម៌​តាម​តុលាការ​ចប់​ បាន​សម្តេច​តេជោ​លោក​មាន​បុព្វកិច្ច​មួយ​គឺ​លោក​អាច​មាន​ការ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​សម្រាល​ទោស​ ​ឬ​ក៏​យ៉ាង​ម៉េច​ ​អាហ្នឹង​ជា​បុព្វសិទ្ធិ​របស់​នាយក​រដ្ឋ​មន្រ្តី​ទេ។​ ​ប៉ុន្តែ​នៅ​ក្នុង​ដំណាក់កាល​នេះ​ជា​ដំណាក់​កាល​របស់​តុលាការ»។​

លោក​ ​Arend Zwartjes​ ​មន្រ្តី​ទំនាក់​ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ជំនួប​នេះ​ទេ។

ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ ​និង​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង​ ​ជាពិសេស​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ​ក្រោយ​រដ្ឋាភិបាល​កម្ពុជាបើក​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ព័ត៌​មាន​ឯក​រាជ្យ​ ក្រុម​ជំទាស់​ និង​អ្នក​រិះគន់​រដ្ឋាភិបាល។​ ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន​ ​បាន​បង្កើនវោហាសាស្រ្ត​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ ​និង​បស្ចិម​ប្រទេស​ជា​បន្ត​បន្ទាប់​ ​និង​តែង​លើក​ឡើង​ថា​ សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ក្នុងការ​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ជា​ដើម។​ ​ គេ​មើល​ឃើញ​ថា ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​ប្រទេស​មហា​អំណាច​បែប​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​នេះ​កើត​ឡើង​ស្របពេល​ដែល​កម្ពុជា​ងាក​មក​ស្និទ្ធស្នាល​នឹង​ប្រទេស​ចិន​កុម្មុយនីស្ត។

កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧​ ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​ ​ដោយ​ចោទ​ថា​ បាន​ឃុបឃិត​ជាមួយ​បរទេស​ ​ជាពិសេស​សហរដ្ឋ​អាមេរិក​ ​ក្នុង​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។ បន្តិច​ក្រោយមក តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​ ​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​ ​កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ និង​បាន​ព្យួរ​សិទ្ធិ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះចំនួន​១១៨នាក់​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ។

បច្ចុប្បន្ន​ ​លោក​ ​កឹម សុខា កំពុង​ស្ថិត​ក្នុង​ការ​ដាក់​ឲ្យ​ឃុំខ្លួន​ក្នុង​ផ្ទះ​ ​ដោយ​មាន​ការ​ឃ្លាំ​មើល​ពី​តុលាការ​ ​ក្រោយ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​១​ឆ្នាំ។​ ការ​រំលាយ​និង​ការ​ផាត់​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ចេញ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ ​បាន​ធ្វើ​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន​ ​ទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ និង​គ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស។

ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​សហរដ្ឋ​អាមេរិក​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះ​ ​និង​បាន​ព្រមាន​ចាត់​វិធាន​ការ​បន្ថែម​លើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ ​និង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ​ចំណែក​សហភាព​អឺរ៉ុប​ក៏បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ដោយ​ទុក​ពេល​១២​ខែ​ ​ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ស្តារ​ស្ថាន​ភាព​ប្រជាធិបតេយ្យ​ឡើង​វិញ។

ការ​ព្រមាន​របស់​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ហាម​ឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ចំនួន​១១៨​រូប​ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។​ ​ចំណែក​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​ការ​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ​ ​ព្រម​ទាំង​ការ​រឹតត្បិតក្រុម​សំឡេង​ប្រឆាំង​ក៏​ជាផ្នែក​មួយ​ដែល​ធ្វើឲ្យ​មាន​ការ​ព្រ​មាន​ដាក់​ទណ្ឌកម្ម​ ​និង​រិះគន់​ផង​ដែរ៕

What Next?

Recent Articles

One Response to "ឯកអគ្គ​រដ្ឋទូត​អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​កែ​លម្អ​ទំនាក់​ទំនង​ទ្វេភាគី​និង​ដោះ​លែង​លោក​ កឹម សុខា"

  1. Anonymous says:

    Sir don’t tell the tiger eating the vegetable ‘ because tiger only eat meat’ dictator love only power and their head have a problem ‘

Leave a Reply

Submit Comment