ពលរដ្ឋ និង​ជំនាញ​ផ្នែក​ចាប៉ី​សោក​ស្តាយ​ចំពោះ​មរណភាព​លោក​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន

ដោយ សេក បណ្ឌិត
2018-11-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន កំពុង​សំណេះសំណាល​ជាមួយ​ព្រឹទ្ធាចារ្យ គង់ ណៃ (វ៉ែនតា​ខ្មៅ) ក្នុង​ពិធី​ជួបជុំ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង នៅ​គេហដ្ឋាន​របស់​លោក ក្នុង​ខេត្ត​តាកែវ កាល​ពី​ឆ្នាំ២០១៧។ RFA
ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន កំពុង​សំណេះសំណាល​ជាមួយ​ព្រឹទ្ធាចារ្យ គង់ ណៃ (វ៉ែនតា​ខ្មៅ) ក្នុង​ពិធី​ជួបជុំ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង នៅ​គេហដ្ឋាន​របស់​លោក ក្នុង​ខេត្ត​តាកែវ កាល​ពី​ឆ្នាំ២០១៧។ RFA


ពលរដ្ឋ និងអ្នកជំនាញផ្នែកចាប៉ីយល់ថា មរណភាព​របស់​ព្រឹទ្ធា​ចារ្យចាប៉ីដងវែង ប្រាជ្ញ ឈួន គឺជា​ការ​បាត់បង់មរតកវប្បធម៌ផ្នែកចាប៉ីដង​វែងដ៏គួរឲ្យ​សោក​ស្តាយបំផុត។ ចំណែកអ្នកនាំពាក្យក្រសួង​វប្បធម៌​អះអាង​ថា ​ក្រសួងនឹងខិតខំប្រមែប្រមូល​ស្នាដៃ​នានា​របស់​លោក ប្រាជ្ញ ឈួន និង​អ្នក​ចាប៉ី​ជើង​ចាស់​ល្បី​ឈ្មោះ​ផ្សេង​ទៀត​ចង​ក្រង​ទុក​ធ្វើឯក​សារ។

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក ប្រាជ្ញ ឈួន ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨២​ឆ្នាំ​ កាលពីថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ប៉ុន្តែលោកបន្សល់ទុកនូវកេរ្តិ៍​ឈ្មោះល្បីសុសសាយ ដែលមហាជនទូ​ទៅចាត់ទុក​លោកជា​ធនធាន​មនុស្សដ៏​កម្រ​ម្នាក់ដែលបានលះបង់កម្លាំងកាយចិត្ត​ប្រាជ្ញា និងស្មារតី​ស្ទើរមួយជីវិត ដើម្បី​រក្សា​តន្ត្រី​បូរាណ​ខ្មែរ​មួយ​នេះ។ លោក​ព្រឹទ្ធាចារ្យ​រៀន​ចាប៉ី​តាំង​ពី​កុមារភាព​ម៉្លេះ ដោយ​មាន​ឪពុក​ម្នាក់ ដែល​ជា​អ្ន​កចាប៉ីល្បីឈ្មោះ មាន​រហ័ស​នាមថា ”ចង្កូមប្រាំបី” ជា​អ្នក​បង្រៀន ហើយ​លោក​ទទួល​បាន​ការ​បង្ហាត់​បង្រៀនខាង ​ភាសា​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ ពី​ព្រះ​សង្ឃ។

អ្នកច្រៀងចាប៉ីដងវែងវ័យក្មេងម្នាក់លោក នូ សំណាង រម្លឹក​ថា លោកធ្លាប់បាន​ច្រៀង​ចាប៉ី​ឆ្លើយ​ឆ្លង​ជា​មួយ​លោក ប្រាជ្ញ ឈួន ម្តង​កាល កាលពីលោក ប្រាជ្ញ ឈួន នៅមានជីវិត។ លោកថែម​រៀបរាប់​ទៀត​ថា បើនិយាយពីទេពកោសល្យរបស់ព្រឹទ្ធាចារ្យ​រូប​នេះ លោក​ស្ទើរ​តែ​ព្រឺ​ឆ្អឹង​ខ្នង ព្រោះ​លោក ប្រាជ្ញ ឈួន ជា​អ្នក​ចម្រៀង​ចាប៉ី​ដង​វែង​ម្នាក់ ដែល​មាន​ចំណេះ​ដឹង​ និង​ជំនាញ​យ៉ាង​សម្បូរ​បែប​ពោរពេញ​ដោយ​ការ​អប់រំ៖ «ពេលបងសម្ភាសប្អូនប្អូនព្រឺរោមតែម្តងពេលនឹកឃើញពីសមត្ថភាពគាត់ លោកតាបាន​លះបង់​ពេញមួយជីវិតរបស់គាត់ដើម្បីសិល្បៈចាប៉ីដងវែង ការច្រៀងកំណាព្យកាព្យឃ្លោង​របស់គាត់​ពោរ​ពេញ​ដោយ​ការ​អប់រំ ទោះ​បី​គាត់​បំប្លែង​ន័យ​យ៉ាង​ម៉េច​ក៏​ដោយ​ក៏​ក្នុង​ន័យ​អប់រំ​ដែរ»

អ្នក​ចាប៉ី​ដង​វែង​ជំនាន់​ក្រោយ​រូប​នេះ​អះអាង​ថា លោកនឹងបន្តកិច្ចការ​នេះដោយ​ចិត្តទុក​ដាក់​ដើម្បី​ចូល​រួម​ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​មួយ​នេះ។

ពលរដ្ឋម្នាក់លោក យឹម ភិរម្យ និយាយ​ថា ទេពកោសល្យព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺ​មិន​ងាយ​បណ្តុះ​បាន​ទេ ហើយការបាត់បង់លោកគឺជារឿងគួរឲ្យសោកស្តាយជាទីបំផុត។ ពលរដ្ឋរូប​នេះ ប្រាប់​ថា លោក​បាន​​ស្គាល់​ស្នាដៃ​ចាប៉ី​លោក ប្រាជ្ញ ឈួន តាម​រយៈ​ការ​ច្រៀង​រៀបរាប់​ពី​ច្បាប់ ស្រី ហើយ​លោក​យល់​ថា នេះ​ការ​អប់រំ​មួយ​ដ៏​ល្អ។ លោក​បន្ត​ថា របប​ក្រុង​ភ្នំពេញ​គួរ​សាងសង់ រូប​សំណាក់​លោក ប្រាជ្ញ ឈួន ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឃើញ និង​ចងចាំ​មុខ​មាត់​បុគ្គល ដែល​មាន​ស្នាដៃ​ចំពោះ​​ប្រទេស​ជាតិ៖ «បាទ​ចំពោះ​វិធី​បុណ្យ​ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ប្រារព្ធ​ពិធី​បុណ្យ​ឲ្យ​ស័ក្កិសម​នឹង​កិត្តិយស​របស់​គាត់ មាន​បំពាក់​មេដាយ ឬ​សង់​រូប​សំណាក់ ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ចងចាំ និង​រំលឹក​អំពី​វីរភាព​របស់​គាត់»

ពលរដ្ឋម្នាក់ទៀត លោក រាហ៊ូ កុមារ ចង់ឃើញរបបលោក ហ៊ុន សែន យកចិត្តទុក​ដាក់​បន្ថែម​ទៀត​​លើ​អ្នក​សិល្បៈ​ចាប៉ី​ដង​វែង និង​អ្នក​សិល្បៈ​បុរាណ​ផ្សេង​ទៀត ដើម្បី​ឲ្យពួក​មាន​ទីផ្សារ​ការងារ ឬចេញ​សម្តែង​បាន​ច្រើន​ញឹកញាប់​ដូច​អ្នក​សិល្បៈ​សម័យ​ដែរ។ ក្រៅពី​នេះ​លោក​ទាមទារ​ទៅ​វិស័យ​ឯកជន ឬ​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍នានាត្រូវផ្តល់​ឳកាស​ឲ្យអ្នក​សិល្បៈករ​ចាប៉ីផង ខណៈ​លោក​សង្កេត​ឃើញ​ថា ស្ថាននីយ៍វិទ្យុ ទូរទស្សន៍​នានា ភាគ​ច្រើន​ផ្តល់​អាទិភាព​ការ​សម្តែង​ឲ្យ​តែ​សិល្បៈ​សម័យ៖ ការ​សម្ដែង​ហ្នឹង​ខ្ញុំ​សំណោមពរ​ដល់​ស្ថានីយ៍​គ្រប់​ប៉ុស្តិ៍​ជាពិសេស​មហាជន​ប្រជា​ពលរដ្ឋ​អ្នក​ស្រលាញ់​សិល្បៈ​ជួយ​គាំទ្រ​កុំ​ឲ្យ​គិត​ថា ចាប៉ី គឺ​គ្រប់​វិស័យ»

លោក ប្រាជ្ញ ឈួន កើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ នៅ​ឆ្នាំ១៩៣៦ ​ក្នុង​ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ ដោយសារ​ជំងឺកញ្ជ្រឹល​បាន​ធ្វើ​ឲ្យ​លោក​ពិការ​ភ្នែក​ទាំង​គូ​តាំង​ពី​អា​យុ ៥ឆ្នាំ​មក​ម៉្លេះ។ លោក​មិន​បាន​បង្រៀន​ជំនាញ​ចាប៉ី​នេះ​ដល់​កូន​ទាំង ៥​នាក់​របស់​លោក​ទេ។ លោក​ព្រឹទ្ធាចារ្យ​ធ្លាប់​និយាយ​កាល​ពី​លោក​នៅ​មាន​ជីវិត​ថា ជីវិត​អ្នក​ចាប៉ី​ពិបាក​ និង​រក​ថវិកា​ចិញ្ចឹម​ជីវិត ហើយ​ម្យ៉ាង​កូនៗ របស់​លោក​ហាក់​មិន​សូវ​មាន​ចំណូល​ចិត្ត និង​ចាប៉ី​នោះ​ទេ។

ក្នុងការ​ប្រឡង​ប្រជែង​ផ្នែក​ចាប៉ី​មួយ​ដែល​រៀបចំ​ដោយ​វិទ្យុ​ជាតិ កាល​ពី​នៅ​ឆ្នាំ​១៩៦២ លោក​ទទួល​ចំណាត់​ថ្នាក់​លេខ១។

កាលពីឆ្នាំ២០១៧ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន រួមទាំង​ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ បំពាក់​មេដាយ​កិត្តិយស​ថ្នាក់ «ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរីវឌ្ឍន៍»

ក្រសួង​វប្បធ៌ម និង​វិចិត្រ​សិល្បៈ​ចាត់​ទុក​រូប​លោក និង​ព្រឹទ្ធាចារ្យ គង់ ណៃ ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ​របស់​កម្ពុជា និង​អង្គការ យូណេស្កូ ដោយសារ​ទេពកោសល្យ​ក្នុង​ការ​ប្រើប្រាស់ ពាក្យពេចន៍ និង​កេរ្ត៍​ឈ្មោះ​ល្បីល្បាញ​តាម​រយៈ​ចម្រៀង​ចាប៉ី​ដង​វែង​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ក្រៅពីល្បី​ឈ្មោះ​នៅក្នុង​ប្រទេស​លោក​ព្រឹទ្ធាចារ្យ​ក៏​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក​អន្តរជាតិ​ដែរ ដោយ​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង សិង្ហបុរី និង​​អាមេរិកជា​ដើម។

ចម្រៀង​របស់​លោកភាគច្រើនគឺ​រៀប​រាប់​ពី​ច្បាប់​ស្រី ​ច្បាប់​ក្រម ង៉ុយ ដែល​ពោរពេញ​ទៅ​ដោយ ការ​អប់រំ និង​កំប្លែង​ខ្លះៗ ដែរ។ ជាង​នេះ​ទៅ​ទៀត​អ្នក​ជំនាញ​ចាប៉ី​រូប​នេះ និយម​តែង​បទ​ថ្មី​ច្រៀង​ភ្លាមៗ ក្នុង​ពេល​កំពុង​លេង​ចាប៉ី​ហើយ​ទំនុក​ចម្រៀង​ទាំង​នោះ​ផ្អែក​ទៅ​តាម​ស្ថានការណ៍​ជាក់ស្តែង​ព្រម​ទាំង​មាន​ឃ្លោងឃ្លា​ចុង​ជួន​ប្រដេញ​គ្នា​ល្អ​ណាស់។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​ស្តេច​ចាប៉ី​ដង​វែង ប្រាជ្ញ ឈួន គឺ​លោក​មាន​ការ​ចងចាំ​ខ្ពស់ និង​រហ័សរហួន ហើយ​នាឡិកា​ក្នុង​ខ្លួន​លោក​ដើរ​ល្អ​ណាស់ ។ លោក​បន្ត​ថា ក្រោយ ៧ មករា ១៩៧៩ រាល់​គោល​នយោបាយ​របស់​រណសិរ្ស របស់​បក្ស សេចក្តី​ថ្លែង​ការណ៍​នានា របស់​ថ្នាក់​ដឹក​នាំ អាន​ឲ្យ​គាត់​ស្តាប់​តែ​មួយ​ដង គាត់​លេង​ចាប៉ី​គ្មាន​បាត់​គោល​ធំៗ ណា​មួយ​ឡើយ ។ បើ​ប្រាប់​គាត់​ថា កម្មវិធី​មាន​មួយ​ម៉ោង​គាត់​លេង​ចប់​ល្មម មិន​ឆក់​កណ្ឌៀត មិន​ស្រូត ហើយ​មិន​លើស។ គាត់​ជា​អច្ឆរិយៈ​បុគ្គល​ម្នាក់។

អ្នកគាំទ្រវប្បធម៌ម្នាក់ គឺលោកអាចារ្យ​ធំ​យល់​ថា ត្បិត​ចាប៉ី​ដង​វែង​បាន​ចូលរួម​ថែ​រក្សា​មរតក​វប្បធម៌​ជាតិ​ក៏​ពិត​មែន ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ជីវភាព​អ្នក​ចាប៉ី​ដង​វែង គឺ​មាន​ភាព​ក្រ​លំបាក រហូត​លោក​និយាយ​ពាក្យ​មួយ​ឃ្លា​ថា “ចង្វាក់​បែក​ស្លុយ​ប្រគំ​លើ​ឆាក​ចាប៉ី​តោក​យ៉ាក​អត់​ឆាក​សម្តែង”។ អ្នកគាំទ្រវប្បធម៌ខ្មែររូបនេះយល់ថា ដល់ពេល​របប​ក្រុង​ភ្នំពេញ ត្រូវ​រៀបចំ​ដើម្បី​ឲ្យ​អ្នក​ចម្រៀង​ចាប៉ី​ដង​វែង​មាន​ឱកាស​អាច​ច្រៀង​នៅ​តាម​កម្មវិធី​នានា និង​តាម​ស្ថាននីយ៍​ទូរទស្សន៍​នានា៖ «ចង្វាក់​បែក​ស្លុយ​ប្រគំ​លើ​ឆាក​ចាប៉ី​ខ្មែរ​តោកយ៉ាក​អត់​ឆាក​សម្តែង​ទេ គេ​អត់​ហៅ​ទៅ​កន្លែង​ថ្កុំថ្កើង​ទេ គេ​ហៅ​ទៅ​កម្មវិធី​បុណ្យ​ខ្មោច ទៅ ហៅ​ទៅ​កម្មវិធី​ណា​មិន​សូវ​បាន​លុយ​ណា ហើយ​បើ​បាន​ក៏​បាន​តិច​ដែរ។ ប៉ុន្តែ​បើ​អ្នក​សិល្បៈ​មួយ​ជ្រុង ដែល​គាត់​មក​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ ដែល​មក​ពី​គេ​ហ្នឹង តម្លៃ​គាត់​ពីរ​ពាន់​ដុល្លារ​ជាង»

អ្នកនាំពាក្យក្រសួង​វប្បធម៌​លោក ថៃ នរៈសត្យា ឲ្យ​អាស៊ី​សេរី​ដឹង​ថា មរណភាព​របស់​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺ​ជា​ការ​បាត់បង់​មរតក​មនុស្ស​រស់ និង​ជា​ធនធាន​ដ៏​សំខាន់​ក្នុង​វិស័យ​វប្បធម៌​អរូបិយ។ អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា មិន​ចំពោះ​តែ​លោក ប្រាជ្ញ ឈួន ម្នាក់​ទេ គឺ​មាន​អ្នក​ចម្រៀង​ចាប៉ី​ដង​វែង​ផ្សេង​ទៀត ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ផ្តល់​ប្រាក់​បៀវត្សរ៍​អស់​មួយ​ជីវិត និង​ប្រាក់​ឧបត្ថម្ភ​នានា។ ជុំវិញ​ការ​ថែ​រក្សា​ស្នាដៃ​របស់​អ្នក​ចាប៉ី​ដែល​មាន​ស្នាដៃ លោក ថៃ នរៈសត្យា ឲ្យ​ដឹង​ទៀត​ថា ក្រសួង​វប្បធម៌​បាន​រៀបចំ​ប្រមូល និង​ចង​ក្រង​ស្នាដៃ​អ្នក​ទាំង​នោះ រួម​ទាំង​ស្នាដៃ លោក ប្រាជ្ញ ឈួន ឲ្យ​បាន​ល្អ​គង់វង្ស៖ «ក្រសួង​បាន​ធ្វើ​កន្លង​មក​ហើយ ប៉ុន្តែ​ក្រោយ​អំពី​មរណភាព​របស់​គាត់ (ប្រាជ្ញ ឈួន) ប្រហែល​ជា​មាន​ការ​ប្រយ័ត្នប្រយែង និង​ប្រឹងប្រែង​ថែម​ទៀត»

សព​​លោក ប្រាជ្ញ ឈួន តម្កល់​ធ្វើបុណ្យតាមប្រពៃណីនៅក្នុង​វត្ត​បទុម​វ​ត្តី ក្រុង​ភ្នំពេញ និង​បូជា នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។ ពិធី​បុណ្យ​គម្រង់ ៧​ថ្ងៃ​នឹង​រៀបចំ​នៅ​ស្រុក​កំណើត​របស់​លោក​ក្នុង​ភូមិ​ស្រម៉​ក្រោម ឃុំ​ខ្វាង ស្រុក​ទ្រាំង ខេត្តតាកែវ។

កាលពីនៅមានជីវិតលោក ប្រាជ្ញ ឈួន ធ្លាប់​ដង្ហោយ​ហៅ​ស្នើសុំ​ទៅ​របប​លោក ហ៊ុន សែន ពលរដ្ឋ និង​មហាជន​នានា ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​អ្នក​សិល្បៈ​ចាប៉ី​ដង​វែង ជួយ​លើក​ស្ទួយ​សិល្បៈ​ចាប៉ី​ដង​វែង​នេះ​ឲ្យ​បាន​គង់វង្ស ខណៈ​អ្នក​ចាប៉ី​ទាំង​អ្នក​មាន​ស្នាដៃ មិន​សូវ​មាន​ស្នាដៃ​តែងតែ​ជួប​បញ្ហា​ជីវភាព និង​ខ្វះ​ការ​គាំទ្រ បើ​ធៀប​ទៅ​នឹង​សិល្បៈ​សម័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles