លោក ហ៊ុន សែន រង​ការ​រិះ​គន់​ថា ការ​បន្ត​ចុះ​ជួប​កម្មករ​ដោយសារ​ខ្លាច​កម្មករ​បះបោរ​ប៉ះពាល់​អំណាច​ខ្លួន

2018-11-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM's Facebook page
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM’s Facebook page


អ្នក​វិភាព​នយោបាយ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​លើកឡើង​ថា ករណី​លោក ហ៊ុន សែន ប្រកាស​ធ្វើ​យុទ្ធនាការ​ចុះ​ជួប​កម្មករ​រោងចក្រ​នៅ​ពេល​នេះ គឺជា​នយោបាយ​បោក​បញ្ឆោត​កម្មករ ដើម្បី​រក្សា​អំណាច​បន្ត​ទៅ​មុខ​ទៀត។ អ្នកវិភាគ​ថា លោក ហ៊ុន សែន ខ្លាច​ក្រុម​កម្មករ​មានការ​ងើប​បះបោរ​ណាមួយ​កើតឡើង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​របប​ដឹកនាំ​របស់​ខ្លួន​នៅ​ខាងមុខ​ធ្វើ​ឲ្យ​ពិបាក​ទប់ទល់ ព្រោះ​អន្តរជាតិ​កំពុង​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​លោក ហេង ឡៃហួ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា​ថា លោក​មិន​គាំទ្រ​យុទ្ធនាការ​របស់​លោក ហ៊ុន សែន យកចិត្តទុកដាក់​ទៅលើ​កម្មករ​នៅ​ពេល​នេះ​ទេ ព្រោះ​ជា​របប​ឯក​បក្ស ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ។ ពលរដ្ឋ​រូប​នេះ អះអាង​ទៀត​ថា យុទ្ធនាការ​នេះ​ជា​នយោបាយ​ប្រជាភិថុតិ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បោក​បញ្ឆោត​ក្រុម​កម្មករ ដើម្បី​ឲ្យ​មើល​ឃើញ​របប​លោក​កំពុង​យកចិត្ត​ទុក​លើ​ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​កម្មករ៖ «ប៉ុន្តែ​គាត់​មិនមែន​ដើម្បី​កម្មករ​នោះ​ទេ បើ​គាត់​គិត​ដល់​កម្មករ​គាត់​មិន​ឲ្យ​សហភាព​អឺរ៉ុប​គេ​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ អ៊ីប៊ីអេ (EBA)​នោះ​ទេ គឺ​គាត់​ត្រូវ​គិត​ពី​បញ្ហា​នេះ​របស់​កម្មករ​ហើយ។ ហើយ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​អី​ពី​ការ​កាត់​ពន្ធ​នេះ»

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​លោក សុន សីហា លើកឡើង​ថា ប្រសិនបើ​លោក ហ៊ុន សែន ពិតជា​អាណិត​ស្រលាញ់​ប្រជាពលរដ្ឋ​ខ្មែរ​មែន ម្ល៉េះ​លោក ហ៊ុន សែន ជួយ​រក​ទីផ្សារ​លក់​កសិផល​របស់​កសិករ ទាក់ទាញ​អ្នកជំនួញ​ពី​ប្រទេស​សេរី​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ពលរដ្ឋ​មានការ​ងារ​ធ្វើ​ទទួល​បាន​ប្រាក់ខែ​សមរម្យ ហើយ​មិនបាច់​ធ្វើ​ចំណាកស្រុក​ដូច​សព្វថ្ងៃ​នេះ​ទេ។ លោក​ថា លោក ហ៊ុន សែន យកចិត្តទុកដាក់​លើ​កម្មករ​ដោយសារ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ មិនមែន​ដោយសារ​ការ​អាណិត​ស្រណោះ​កម្មករ​នោះ​ទេ ព្រោះ​កាល​មាន​គណបក្សប្រឆាំង​ជា​ដៃគូ​ប្រកួតប្រជែង​នឹង​គណបក្ស​កាន់អំណាច អាជ្ញាធរ​របប​លោក ហ៊ុន សែន តែង​ធ្វើទុក្ខបុកម្នេញ​មក​លើ​កម្មករ ដែល​ពួកគេ​គ្រាន់តែ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខ័ណ្ឌ​ការងារ ប៉ុន្តែ​អាជ្ញាធរ​បែរជា​ចោទ​ពួកគេ​ថា ជា​ក្រុម​បក្ស​ឆាំង​ទៅវិញ៖ «ចំណុច​គាត់​គ្រាន់តែ​រក្សា​លំនឹង​កុំ​ឲ្យ​មាន​សកម្មភាព​ពុះកញ្ជ្រោល​តតាំង​ដែល​លោក ហ៊ុន សែន កំពុងតែ​សាង​រូបភាព​មួយ​ដោយ​ឲ្យ​ជនជាតិ​ចិន​ហូរ​ចូល​មក​កម្ពុជា​យ៉ាង​ច្រើន​ចូល​មក​ដណ្ដើម​ការងារ​របស់​ខ្មែរ​ផង​ទៅ ដូច្នេះ​ខ្ញុំ​មិន​គាំទ្រ​ទេ»

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​ដោយសារ​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ប្រកាស​ធ្វើ​យុទ្ធនាការ​ចុះ​ជួប​កម្មករ​រោងចក្រ​ជា​រៀង​រហូត និង​ជំរុញ​ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​បាន​ច្រើន​ថែមទៀត៖ «បន្តិចទៀត​ក្មួយ​កម្មករ​ត្រូវ​ទទួល​បាន​នូវ​ប្រាក់​ចូលនិវត្តន៍​ដូច​មន្ត្រីរាជការ​ដែរ ពេល​ខាងមុខ​នេះ​គ្មាន​អី​ខុសគ្នា​រវាង​មន្ត្រីរាជការ​និង​កម្មករ​ទេ។ មន្ត្រី​ពេល​ចូលនិវត្តន៍​គេ​មាន​ប្រាក់​បៀវត្ស​របស់​គេ កម្មករ​ដែល​ធ្វើ​ការងារ​គ្រប់​លក្ខខ័ណ្ឌ​ការងារ​ហើយ​នោះ​ក៏​នឹង​ទទួល​បាន​ប្រាក់​នេះ​ដូចគ្នា ដូច្នេះ​វា​ក៏​ជា​ការ​ធានា​អះអាង​សម្រាប់​កម្មករ​របស់​យើង​ទៅ​ថ្ងៃ​អនាគត​ដែរ»

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់ឃើញ​ថា យុទ្ធនាការ​របស់​លោក ហ៊ុន សែន គឺជា​ការ​ពង្រឹង​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​បែកបាក់​សាមគ្គី​គ្នា ដោយ​ការ​ធ្វើ​ប្រជាភិថុតិ​បញ្ចើចបញ្ចើ​ពលរដ្ឋ ព្រោះ​លោក ហ៊ុន សែន ដឹង​ច្បាស់​ថា​ប្រជាពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​លោក​ជា​មេដឹកនាំ​ស្របច្បាប់​នោះ​ទេ៖ «ម្ល៉ោះហើយ​គាត់​ព្យាយាម​ចុះ​ដើម្បី​យកចិត្ត​ពលរដ្ឋ​កុំ​ឲ្យ​ប្រតិកម្ម​របស់​ពលរដ្ឋ​និង​ប្រតិកម្ម​អន្តរជាតិ​ស្របគ្នា ហើយ​កាលណា​ប្រតិកម្ម​ទាំង​២​ស្របគ្នា​វា​ចេញ​ជា​សកម្មភាព​តវ៉ា​ជាក់ស្ដែង ព្រោះ​ប្រជាពលរដ្ឋ​ហ៊ាន​តវ៉ា​ដោយសារ​គាត់​មាន​បង្អែក​ផ្លូវច្បាប់​ពី​អន្តរជាតិ​នៅ​ពីក្រោយ ដូច្នេះ​គាត់​អាច​ហ៊ាន​តវ៉ា​ខ្លាំង​ឡើងៗ ដូច្នេះ​ហើយ​បាន​គាត់​ខ្លាច​ចុះ​យកចិត្ត​កម្មករ»

អ្នកវិភាគ​រូប​នេះ​បន្ថែម​ទៀត​ថា នយោបាយ​នេះ​មិន​មាន​ប្រសិទ្ធភាព​យូរអង្វែង​ទេ ព្រោះ​ពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ដូច្នេះ​មិន​អាច​បោក​បញ្ឆោត​ពួកគាត់​ដោយ​ងាយស្រួល​នោះ​ទេ។ លោក​ថា​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លោក ហ៊ុន សែន សព្វថ្ងៃ​ដោយសារ​ពួកគាត់​ខ្លាច​ការ​គំរាមកំហែង​របស់​អាជ្ញាធរ ប៉ុន្តែ​ក្នុង​ចិត្ត​ពួកគាត់​លែង​គាំទ្រ​របប​លោក ហ៊ុន សែន ដូច​ពេល​មុន​ទៀតហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment