អង្គការ​ យូណេស្កូ (UNESCO)​ ទទួលស្គាល់ និង​​ដាក់​បញ្ចូល​ល្ខោន​ខោល​​ក្នុង​បញ្ជី​​បេតិកភណ្ឌ​​​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ

2018-11-29
RFA

ឈុត​មួយ​នៃ​ការ​សម្ដែង​​ល្ខោនខោល​របស់​សិល្បករ​​ខ្មែរ។ រូប៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
ឈុត​មួយ​នៃ​ការ​សម្ដែង​​ល្ខោនខោល​របស់​សិល្បករ​​ខ្មែរ។ រូប៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ


អង្គការ​ យូណេស្កូ (UNESCO)​ ម្រេចទទួលស្គាល់ និង​ដាក់បញ្ចូលល្ខោនខោល ក្នុង​បញ្ជី​​បេតិកភណ្ឌ​​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ នៅ​ក្នុង​កិច្ចប្រជុំលើកទី​១៣ នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល សម្រាប់​ការ​​ការពារ​​សម្បត្តិ​​បេតិកភណ្ឌ​​វប្បធម៌​​អរូបី​របស់​អង្គការ ​​យូណេស្កូ​ ​កាលពី​ថ្ងៃ​ពុធ ទី​២៨ វិច្ឆិកា ​ឆ្នាំ២០១៨ នៅ​ទីក្រុង ព័រល្វី (Portlouis) នៃ​​សាធារណៈរដ្ឋ​ម៉ូរីស (Maurice)

សេចក្តីជូន​ដំណឹងក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាសជាផ្លូវការថា នេះ​ជាមោទភាពមួយ​របស់​កម្ពុជា។

ក្រសួងនេះបញ្ជាក់ថា​ បេតិកភណ្ឌ​វប្បធម៌ ទាំង​រូបី និង​អរូបី របស់​ជាតិ បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​​របស់​​ប្រទេស​​កម្ពុជា ល្បី​​រន្ទឺ​លើឆាកអន្តរជាតិ ព្រមទាំងជាតួរអង្គ​ដ៏លេចធ្លោមួយលើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​ថែមទៀតផង។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ភ្លាមៗ នោះ ក៏​បាន​ផ្ញើសារ​ជូន​ជន​រួម​ជាតិ អបអរសាទរ​​ល្ខោនខោល​ ដែល​​បាន​​ដាក់​បញ្ចូល​ក្នុង​បញ្ជី​​បេតិកភណ្ឌ​​ពិភពលោក​​នេះ​ដែរ​។ លោកបានចាត់ទុកថា នេះជាសមិទ្ធផលដ៏វិសេសវិសាលមួយ និង​​ជា​មោទនភាព​ថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា។

ក្នុងសារលិខិត​របស់​លោក ហ៊ុន សែន ដែលចេញផ្សាយកាលពីយប់​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នោះ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ បន្តចូលរួមជួយលើតម្កើងតម្លៃ​បេតិកភណ្ឌ​វប្បធម៌ និង​ថែ​រក្សា​ការ​ពារ​សម្បត្តិ​បេតិកភណ្ឌ​​វប្បធម៌​កម្ពុជា​​ឲ្យ​​បាន​គង់វង្ស។

ដើម្បីអបអរសមិទ្ធផលនេះ លោកក៏សូមឲ្យ​វាយ​​គង ទូង​ស្គ គោះ​ត្រដោក និង​​តាម​គ្រប់​មធ្យោបាយ​ដែល​​មាន​ នៅ​​ម៉ោង ១០ យប់​​ថ្ងៃ​សុក្រ ទី៣០ វិឆ្ឆិកា នៅ​​គ្រប់​​ទី​កន្លែង​​សាធារណៈ​​សំខាន់ៗ ​និង​​តាម​​ទី​វត្ត​​អារាម​​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment