កម្ពុជា​បង្កើន​ការ​បញ្ចុះ​បញ្ចូល​ដើម្បី​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA​​

កម្ពុជា​បង្កើន​ការ​បញ្ចុះ​បញ្ចូល​ដើម្បី​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA​​


By

ឌឹ ខេមបូឌា ដេលី

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​តំណាង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ សុខ ពុទ្ធិវុធ​ ដែល​អម​ដំណើរ​ដោយ​ក្រុម​មេធាវី​បរទេស​មួយ​ចំនួន​ បាន​នាំគ្នា​ទៅ​ក្រុង​ប្រ៊ុសសែល ​ប្រទេស​ប៊ែលហ្សិក​ ដើម្បី​បញ្ជុះប​ញ្ចូល​សហភាព​អឺរ៉ុប​កុំឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពីកម្ពុជា​លើ​បញ្ហា​ស្រូវ​អង្ករ។​

ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​របស់​លោក​​ ហ៊ុន សែន ​បាន​ដក​ស្រង់​សម្តី​អគ្គ​លេខាធិការ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​លោក មូល សារិទ្ធី ​ចុះផ្សាយ​ថា ​ប្រទេស​អ៊ីតាលី​ និង​ប្រទេស​អេស្ប៉ាញ ​បាន​តវ៉ា​ថា ​អង្ករ​កម្ពុជា​ដែល​នាំចូល​ដោយ​មិន​មាន​យក​ពន្ធ​ទៅ​EU​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ទីផ្សារ​ ក៏ដូច​ជា​ផលិត​កម្ម​ស្រូវ​នៅ​ប្រទេស​របស់​ពួកគេ។​

ក្រៅពី​បញ្ហា​ស្រូវ​អង្ករ​នេះ ​កាលពី​ខែ​ដើម​ខែ​តុលា​ឆ្នាំ​២០១៨​ សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​អំពី​គំរោង​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA ​ចេញពី​កម្ពុជា​ក្នុង​រយៈ​ពេល៦​ខែ​ខាង​មុខ​​ប្រសិន​បើ​កម្ពុជា​មិនព្រម​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់គាំង ​និង​ស្តារ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​ទេ​នោះ។​

ក្រុម​សហជីព​ក្នុង​ស្រុក​ព្រមាន​ថា ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធចេញ​ពី​កម្ពុជា​ហើយ ​ពេល​នោះ​កម្ពុជា​នឹង​ពិបាក​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឡើង​វិញ​ណាស់។ ​ពេល​នោះ​កម្ពុជា​​នឹង​បាត់បង់​ចំណូល​ប្រមាណ​ជាង​៦​រយ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ហើយ​កម្មករ​ខ្មែរ​ជាង​១​លាន​នាក់​នឹង​បាត់បង់​ការងារ៕​


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment