កូន​បុ្រស​ច្បង​លោក ​ហ៊ុន សែន ​ប្រាប់​កង​ទ័ព​ឲ្យ​ប្រឆាំង​ជន​ក្បត់ជាតិ​ ហើយ​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល

នយោបាយ


រូបឯកសារ៖ លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​​​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុង​​លំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។


30 វិច្ឆិកា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ

អ្នកវិភាគ​យល់​ថា​ ការ​អំពាវនាវ​របស់​លោក ​​ហ៊ុន ម៉ាណែត​ គ្មាន​អ្វី​ថ្មី​ទេ​​ ពោល​វា​គ្រាន់​តែ​ជា​ការ​ត្រាប់​តាម​សារ​នយោបាយ​ឪពុក​របស់​លោក​ និង​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។

ឧត្ដមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​ទប់ស្កាត់​មិន​ឲ្យ​មាន​ដាច់​ខាត​ ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា​ និង​មិន​អនុញ្ញាត​ឲ្យ​ជន​ក្បត់​ជាតិ​ណា​មួយ​មក​បំផ្លាញ​ភាព​សុខសាន្ត​ប្រទេស។

អ្នកវិភាគ​យល់​ថា​ ការ​អំពាវនាវ​របស់​លោក ហ៊ុន ម៉ាណែត​ គ្មាន​អ្វី​ថ្មី​ទេ ពោល​វា​គ្រាន់​តែ​ជា​ការ​ត្រាប់​តាម​សារ​នយោបាយ​ឪពុក​របស់​លោក​ និង​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។

​ការ​អំពាវនាវ​របស់​លោក​ ហ៊ុន ម៉ាណែត​ យ៉ាង​ដូច្នេះ​ ​កើត​មាន​ឡើង​ក្នុង​ពេល​លោក​ចូលរួម​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំហាត់​បាញ់​គ្រាប់​ពិត​របស់​វរសេនា​តូច​ថ្មើរ​ជើង​មួយ​ក្នុង​ខេត្ត​បាត់ដំបង។​ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Fresh News។

ឧត្ដមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត​ ដែល​មាន​មុខតំណែង​កំពូលៗ​ជា​ច្រើន​ក្នុង​កង​យុទ្ធពល​ខេមរភូមិន្ទ​ និង​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​ឪពុក​លោក​ ​ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំហាត់​បាញ់​គ្រាប់​ពិត​នោះ​ តាម​ន័យ​ដើម​ថា៖

«អ្វី​ដែល​សំខាន់​ កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ដាច់ខាត​ការពារ​នូវ​សុខ​សន្តិភាព​ឲ្យ​ខាន​តែ​បាន និង​ចូលរួម​អនុវត្ត​គោល​នយោបាយ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល។ ត្រូវ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​ពី​ជន​ខាងក្រៅ​ ដែល​មិន​ទុក​ឲ្យ​ជន​ក្បត់​ជាតិ ឃុបឃិត​ជាមួយ​បរទេស​បំផ្លាញ​ជាតិ​តទៅ​ទៀត​ឡើយ។ តាមរយៈ​ប្រសាសន៍​សម្ដេច​តេជោ​ ហ៊ុន សែន៖​ ​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​ កម្ពុជា​ត្រូវ​តែ​ការពារ​ឲ្យ​បាន​ជា​ដាច់ខាត​នូវ​សុខ​សន្តិភាព​ ​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ដែល​កម្ពុជា​កំពុង​តែ​មាន​នេះ​ នឹង​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​បំផ្លាញ​បាន​ឡើយ»។

លោក​ ហ៊ុន ម៉ាណែត​ ក៏​បាន​ប្រាប់​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជំនាញ​ទាំងអស់​ មាន​ទាហាន​ នគរ​បាល​ជាតិ និង​កង​រាជ​អាវុធហត្ថ​ រក្សា​ជំហរ​កុំ​ចូលរួម​នៅ​ក្នុង​សកម្មភាព​ខុសច្បាប់​ណាមួយ​ ឬ​ក៏​បង្ក​អសន្តិ​សុខ​ដល់​ប្រទេស​ជាតិ​ ហើយ​ក៏​ត្រូវ​មាន​ភក្ដីភាព​ចំពោះ​ជាតិ​ ព្រះមហាក្សត្រ​ និង​រដ្ឋាភិបាល​ស្រប​ច្បាប់។

VOA Khmer ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​នាយ​ឧត្តមសេនីយ៍​ ឈុំ​ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ អំពី​ការ​គំរាមកំហែង​ណាមួយ​មក​លើ​កម្ពុជា​ តែ​មិន​ទាន់​អាច​ទាក់ទង​លោក​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​បណ្ឌិត​ មាស នី​ អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ប្រាប់​ ​VOA Khmer​ ​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន​ ម៉ាណែត​ គឺ​គ្រាន់​តែ​ជា​ការ​បន្ទរ​តាម​ការ​អំពាវនាវ​របស់​ឪពុក​លោក និង​ក្រុម​មន្ត្រី​ឯ​ទៀត​ក្នុង​គណបក្ស​កាន់​អំណាច ដែល​មិន​មាន​អ្វី​ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។

«ខ្ញុំ​ដូច​ជា​មិន​មាន​ភ្ញាក់​ផ្អើល​អី​ ពី​សារ​ហ្នឹង​ ដោយសារ​នេះ គឺ​គ្រាន់​ជា​សារ​មួយ​ដែល​ចម្លងពី​អ្វី​ដែល​សម្តេច​នាយក​ធ្លាប់​បាន​និយាយ​ពី​ពេល​មុន​ ហើយ​អ្វី​ដែល​គណបក្ស​ប្រជាជន​បាន​ ធ្លាប់​បាន​និយាយ​ កន្លងមក​ហើយ​បាទ​ អ៊ីចឹង​អានេះ​ វា​គ្រាន់​តែ​ជា​ភាសា​ អង់គ្លេស​ ហៅ​ថា​ repeat ​សារ​ហ្នឹង​ឡើង​វិញ​ តែ​ប៉ុណ្ណឹង​ទេ​បាទ​ នោះ​មិន​មាន​អី​ ដែល​ជា​រឿង​ចម្លែក​ទេ​បាទ»។

កាលពី​ថ្ងៃ​ទី៦ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ នរោត្តម​ សីហមុនី​ ​ តែង​តាំង​ ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ជំនួស​នាយ​ឧត្តមសេនីយ៍​ មាស សុភា​ ​ដែល​ត្រូវ​បាន​តែងតាំង​ជា​ទេស​រដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស។​ លោក​ ហ៊ុន ម៉ាណែត​ ក៏​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យុទ្ធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម។​

ត​មក​ទៀត​ ​លោក​ទៀ បាញ់​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​បាន​សម្រេច​ផ្ទេរ​កងពល​ទ័ព​សំខាន់ៗ​ចំនួន​៥ ឲ្យ​ស្ថិត​ក្រោម​ចំណុះ​ផ្ទាល់​របស់​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​ ​ដែល​មាន​លោក​ ហ៊ុន ម៉ាណែត ជា​អ្នក​គ្រប់គ្រង។​ ​កងពល​ទាំង​៥​នោះ​ ​រួម​មាន​កងពល​ធំ​អន្តរាគមន៍​លេខ​២​ ​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ ​កងពល​តូច​អន្តរាគមន៍​លេខ១​ ​កងពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ ​និង​កងពល​តូច​លេខ​៧០។

បន្ថែម​លើ​ការ​គ្រប់​គ្រង​អង្គភាព​ជា​ច្រើន​នេះ​ លោក​ ហ៊ុន ម៉ាណែត​ ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា​ កំពុង​ទទួល​ការ​បណ្តុះបណ្តាល​ដើម្បី​នឹង​បន្ត​តំណែង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​បណ្ឌិតសភា​យោធា​ West Point ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៩ ​ហើយ​លោក​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ខាង​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ Bristol របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០០៧។

ការណ៍​នេះ​បង្ហាញ​លក្ខណៈ​ខុស​គ្នា​ពី​ឪពុក​ដែល​កាន់​តំណែង​ជាង​៣០ឆ្នាំ​ ប៉ុន្តែ​ទទួល​បាន​ការ​សិក្សា​តិចតួច ​ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​វៀតណាម​ មុន​ពេល​លោក​ឡើង​កាន់​តំណែង។

លោក​ មាស នី​ បាន​បន្ថែម​ថា​ ក្នុង​ករណី​ លោក ហ៊ុន ម៉ាណែត​ ពិត​ជា​អ្នក​បន្ត​វេន​ពី​ឪពុក​លោក​មែន​ ហើយ​លោក​នៅ​បន្ត​ថ្លែង​សារ​នយោបាយ​ ដែល​មិន​ខុស​ពី​ឪពុក​លោក​មែន​នោះ​ នោះ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ ​នឹង​បន្ត​ស្ថិត​ក្នុង​របៀប​របប​ដឹកនាំ​ដូច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ដដែល។

«បើ​សិន​ជា​មាន​ការ​ផ្លាស់​ប្តូរ​អី​ទៅ​ខាង​មុខ​នោះ​ តើវា​នឹង​មាន​ការ​ដូរ​នូវ​ការ​ដឹកនាំ​សង្គម​អី​យ៉ាង​ណា​នោះ អា​ហ្នឹង​វា​អាស្រ័យ​លើ​សម្តី​ដែល​ចេញ​មក។ ​បើ​សិន​សម្តី​ចេញ​មក​ដូច​គ្នា​ អា​ហ្នឹង​បាន​ន័យ​ថា​ អ្វីៗ​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ​ នៅ​ក្នុង​សង្គម​ខ្មែរ​នៅ​ពេល​ខាងមុខ អា​នេះ​ វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​យើង»។

កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨​ ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត បាន​ថ្លែង​កោត​សរសើរ​ពី​វីរភាព​របស់​ឪពុក​លោក​ យុទ្ធជន​កម្ពុជា​ និង​គុណ​តម្លៃ​ថ្ងៃ​៧មករា​ ​ព្រម​ទាំង​ស្នាដៃ​អភិវឌ្ឍន៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​បាន​លើក​ឡើង​នា​ពេល​នោះ​ថា​ នាយ​ទាហាន​ ​នាយ​ទាហាន​រង​ជំនាន់​ថ្មី​ត្រូវ​ចង​ចាំ​និង​ការពារ​ឱ្យ​បាន​នូវ​តម្លៃ​នៃ​សុខ​សន្តិភាព​ ​និង​ការពារ​ឱ្យ​បាន​នូវ​សុខសន្តិភាព​ដែល​ទទួល​បាន​ដោយ​ការ​លំបាក​នឹង​លះបង់​ជា​ច្រើន​ដោយ​ថ្នាក់​ដឹកនាំ​កម្ពុជា និង​វីរជន​របស់​កម្ពុជា៕

What Next?

Recent Articles

One Response to "កូន​បុ្រស​ច្បង​លោក ​ហ៊ុន សែន ​ប្រាប់​កង​ទ័ព​ឲ្យ​ប្រឆាំង​ជន​ក្បត់ជាតិ​ ហើយ​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល"

  1. Anonymous says:

    So Cambodia army duty is to protect Hun Sen only not the country. How about Cambodia constitution? What’s soldier duty?

Leave a Reply

Submit Comment