របប​ក្រុង​ភ្នំពេញ​ព្យាយាម​បិទបាំង​ព័ត៌មាន​​វៀតណាម​បង្គាប់​ឲ្យ​ខ្លួន​មើល​ឲ្យ​ដិតដល់​ករណី​វៀតណាម​រស់​លើ​បឹង​ទន្លេសាប

ដោយ មាន ឫទ្ធិ
2018-11-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ


ក្រសួងការបរទេស មិន​បង្ហាញ​ព័ត៌មាន ដែល​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) បាន​បង្គាប់បញ្ជា​ឲ្យ​ប្រមុខ​ការទូត​ខ្មែរ​លោក ប្រាក់ សុខុន ដោះស្រាយ​ការ​បំឡាស់​ទីលំនៅ​របស់​ជនជាតិ​វៀតណាម​ពី​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ។ ការ​ព្យាយាម​បិទបាំង​ព័ត៌មាន​នេះ គឺ​បន្ទាប់ពី​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA រាយការណ៍​លម្អិត​អំពី​រឿង​នេះ ក្នុង​អំឡុង​ពេល​ដែល​លោក ប្រាក់ សុខុន ធ្វើ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី២៨ វិច្ឆិកា នេះ ខណៈ​ដែល​ព័ត៌មាន​នេះ រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ផ្សាយ​ថ្ងៃទី២៩ វិច្ឆិកា ជុំវិញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ប្រាក់ សុខុន ទៅកាន់​ទីក្រុង​ហាណូយ មិនបាន​លើកឡើង​សូម្បី​តែមួយ​ម៉ាត់ អំពី​រឿង​ដែល​មេដឹកនាំ​វៀតណាម​បាន​បង្គាប់បញ្ជា​មក​លើ​លោក ប្រាក់ សុខុន នេះ​ទេ​។ ក្រសួង​ការបរទេស គ្រាន់តែ​លើកឡើង​ថា ក្នុង​ជំនួប​នោះ លោក ង្វៀន សួនហ្វ៊ុក សាទរ​ទំនាក់ទំនង ប្រទេស​ទាំងពីរ និង​បាន​ស្នើ​ឲ្យ​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​នេះ។ ក្រសួង​ក៏​បញ្ជាក់​ថា ការ​ឯកភាព​ក្នុង​ការ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​សម្រេច​ទិសដៅ​ពាណិជ្ជកម្ម​ឲ្យ​បាន​ក្នុង​រង្វង់ ៥ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២០ ខាងមុខ​។ ចំណែក​ឯ​វិស័យ​សន្តិសុខ ភាគី​ទាំងពីរ​ក៏​គ្រោង​បង្កើន​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ទាន់​ពេលវេលា ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​រាល់​បញ្ហា​គ្រោះធម្មជាតិ ការ​រត់ពន្ធ ការ​ជួញដូរ​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​កាប់​ឈើ​ខុសច្បាប់​ជាដើម។ ក្រសួង​ថា ភាគី​ទាំង​ពីរ​ប្ដេជ្ញា​ខិតខំ​ដោះស្រាយ​ការងារ​រាំងស្ទះ​នានា ដើម្បី​ឈាន​ទៅ​សម្រេច​ការកំណត់​ខណ្ឌសីមា​ព្រំដែន​គោក និង​ការ​ពោះ​បង្គោល​ព្រំដែន​ទាំងស្រុង ដែល​បច្ចុប្បន្ន​ភាគី​ទាំងពីរ​សម្រេច​បាន ៨៤ ភាគរយ ហើយ​នៅសល់ ១៦ ភាគរយ​ទៀត​មិនទាន់​ឯកភាព​គ្នា។

ទស្សនកិច្ច​ផ្លូវការ​របស់​លោក ប្រាក់ សុខុន ទៅកាន់​ប្រទេស​វៀតណាម​នេះ កើតមានឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​ផ្អែមល្ហែម​ចាក់ទឹក​មិនលិច​រវាង​កម្ពុជា និង​វៀតណាម កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិចស្រពិល និង​សង្ស័យ​ថា​អាច​នឹង​រង​ការ​ប្រេះឆា ខណៈ​ដែល​របប​ក្រុងភ្នំពេញ កំពុងតែ​បង្កើន​ទំនោរ​ផ្អៀង​កាន់តែ​ខ្លាំង​ឡើងៗ ទៅ​រក​មហាអំណាច​ចិន ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម និង​ស្រប​ពេល​ដែល​មាន​ព័ត៌មាន​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ខេត្ត​កោះកុង។ ក្រសួងការបរទេស​កម្ពុជា ក៏​មិនបាន​លាតត្រដាង​ឲ្យ​ដឹង​ទេ ថា​តើ​ភាគី​វៀតណាម​មានបាន​លើកឡើង​ពី​កង្វល់​របស់​ខ្លួន ឬ​បាន​ស្ដីបន្ទោស ឬ​សង្កត់​កម្ពុជា ពី​រឿង​ងាគ​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​ឡើងៗ​យ៉ាងណា​នោះ​ទេ។ ក៏ប៉ុន្តែ ចំណុច​លេចធ្លោ​មួយ​ក្នុង​សេចក្ដីថ្លែងការណ៍ បាន​រំលេច​ឲ្យ​ឃើញ​ថា ភាគី​ទាំងពីរ បាន​អះអាង​អំពី​ឆន្ទៈ​នយោបាយ​របស់​ខ្លួន ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន «​កម្លាំង​អមិត្រ​» ណាមួយ ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង ឬ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយទៀត​នោះ​ឡើយ។ ក្រសួង​មិនបាន​បញ្ជាក់​ទេ​ថា តើ​កម្លាំង​អមិត្រ​នេះ ជា​ប្រទេស​ណាមួយ​ឲ្យ​ពិតប្រាកដ ឬក៏​វៀតណាម​ចង់​សម្តៅ​ទៅ​វត្តមាន​កាន់តែ​ច្រើន និង​ឥទ្ធិពល​របស់​ចិន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា​នោះ​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម (Vietnam News Agency – VNA) រាយការណ៍​ជា​ភាសា​អង់គ្លេស កាលពី​ថ្ងៃទី២៧ វិច្ឆិកា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក ប្រាក់ សុខុន នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក ប្រាប់​ទៅ​លោក ប្រាក់ សុខុន ឲ្យ​បន្ត​ធ្វើ​ការងារ​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​ខ្លួនឯង ជុំវិញ​រឿង​ចម្រូងចម្រាស​នៃ​ការ​បំឡាស់​ទីលំនៅ​ផ្ទះ​បណ្ដែត​ទឹក​របស់​អាណិកជន​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឲ្យ​ពួកគេ​មក​តាំងទី​លំនៅ​លើ​ដី​គោក​វិញ ឲ្យ​បាន​ដូច​តាម​អ្វី​ដែល​លោក ហ៊ុន សែន បាន​ដាក់​ចេញ។

ជា​កិច្ច​ឆ្លើយតប លោក ប្រាក់ សុខុន បាន​ធានា​អះអាង​ប្រាប់​ទៅ​នាយករដ្ឋមន្ត្រី​វៀតណាម​វិញ​ថា អាជ្ញាធរ​ខេត្ត​របស់​កម្ពុជា មាន​គម្រោង​សាងសង់​លំនៅឋាន​ថ្មី សម្រាប់​ផ្ដល់​ដល់​អាណិកជន​វៀតណាម ដែល​នឹង​ត្រូវ​រើ​ទីលំនៅ​ទៅ​នៅ​ទី​គោក​វិញ​ទាំងនោះ ដោយ​លោក​បង្ហាញ​ការ​ជឿជាក់​ថា ភាគី​ទាំងពីរ នឹង​អាច​សម្រេច​បាន​នូវ​ដំណោះស្រាយ​សមស្រប​មួយ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ។ លោក ប្រាក់ សុខុន ក៏បាន​សន្យា​ជាមួយ​ភាគី​វៀតណាម​ថា នឹង​ធ្វើ​ការងារ​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធជាមួយ​រដ្ឋមន្ត្រីការបរទេស​វៀតណាម ផ្អែកលើ​សមិទ្ធិ​ផលកាល​ពី​ពេល​អតីតកាល​រវាង​ប្រទេស​ទាំងពីរ។ លោក ប្រាក់ សុខុន បាន​ពន្យល់​ប្រាប់​ទៅ​ភាគី​វៀតណាម​វិញ​ថា លោក​តែងតែ​ផ្ដោត​អាទិភាព ទៅលើ​ការ​អភិវឌ្ឍ ភាពជា​អ្នកជិតខាង​ក្នុងនាម​ជា​មិត្ត​ល្អ កិច្ច​សហ​ប្រតិ្តបត្តិ​ការ​ប្រកបដោយ​ភាព​ទូលំទូលាយ និង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស ជុំវិញ​ការ​មិន​បញ្ចេញ​ព័ត៌មាន​ជុំវិញ​បញ្ហា​ចម្រូងចម្រាស​និគមជន​ជាតិ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេសាប បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី ២៩ វិច្ឆិកា។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​លោក ប្រាក់ សុខុន ទទួលរង​នូវ​ការ​បង្គាប់​បញ្ជា​ពី​ភាគី​វៀតណាម​នេះ។ កាលពី​អំឡុង​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ នៅ​សិង្ហបុរី កាលពី​ថ្ងៃទី១៣ វិច្ឆិកា រឿង​បំឡាស់​ទី​និគមជន​វៀតណាម​បណ្ដែត​ទឹក​នៅ​លើ​បឹង​ទន្លេសាប​នេះ ក៏​ត្រូវ​បាន​រដ្ឋមន្ត្រីការបរទេស​វៀតណាម​លោក ផាម ប៊ិ​ញមិញ (Pham Binh Minh) លើកឡើង ជាមួយ​លោក ប្រាក់ សុខុន ដែរ​។ ពេលនោះ លោក ប្រាក់ សុខុន បាន​សន្យា​ជាមួយ​ភាគី​វៀតណាម​វិញ​ថា របប​ក្រុងភ្នំពេញ នឹង​ជួយ​ផ្តល់​ការ​ជួយ​គាំទ្រ​ដល់​និគមជន​វៀតណាម​ទាំងនោះ ដើម្បី​ទៅ​តាំងទី​លំនៅ​ថ្មី​នៅ​លើ​តំបន់​ដីគោក​វិញ ដោយ​សន្យា​ថា​នឹង​បង្កើត​នូវ​លក្ខខណ្ឌ ដែល​លោក​ហៅថា «​ប្រសើរ​បំផុត​» សម្រាប់​និគមជន​វៀតណាម ក្នុង​ការ​ទៅ​តាំងទី​លំនៅ​ថ្មី។

ក្រៅពី​ការ​បង្គាប់​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​នេះ លោក ង្វៀន សួនហ្វ៊ុក ក៏បាន​ស្នើ​ក្រសួង​ការបរទេស​កម្ពុជា និង​វៀតណាម ឲ្យ​បន្ត​ពិនិត្យមើល​ឡើងវិញ​នូវ​រាល់​កិច្ចព្រមព្រៀង​កម្រិត​ខ្ពស់​នានា និង​ធ្វើការ​កែ​លម្អ​ឡើងវិញ​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ដឹកជញ្ជូន កសិ​រុក្ខកម្ម ការ​បណ្ដុះបណ្ដាល និង​ការអប់រំ។ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក ក៏​មាន​បំណង​ចង់​ឲ្យ​កម្ពុជា និង​វៀតណាម រួមគ្នា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៅ​ថ្ងៃទី៧ មករា ដែល​វៀតណាម​បាន​លើកទ័ព​ចូល​លុកលុយ​កម្ពុជា តែ​ក្រោយមក​ត្រូវ​ប្រទេស​ទាំងពីរ​ហៅថា​ជា «​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​» ដើម្បី​ជា​ការ​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​ជ្រាលជ្រៅ និង​លើកកម្ពស់​ការ​យល់ដឹង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ អំពី​សារៈសំខាន់​នៃ​ប្រវត្តិសាស្ត្រ​នេះ។

យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​តើ​ភាគី​វៀតណាម នឹង​បន្ត​លើក​យក​បញ្ហា​នេះ​មក​និយាយ​ជាថ្មី​ម្តង​ទៀត នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន និង​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ទៅកាន់​ទីក្រុង​ហាណូយ នៅ​ខែ​ធ្នូ​ខាងមុខនេះ ឬក៏​យ៉ាងណា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "របប​ក្រុង​ភ្នំពេញ​ព្យាយាម​បិទបាំង​ព័ត៌មាន​​វៀតណាម​បង្គាប់​ឲ្យ​ខ្លួន​មើល​ឲ្យ​ដិតដល់​ករណី​វៀតណាម​រស់​លើ​បឹង​ទន្លេសាប"

  1. roumrithrain says:

    Drugs based on valsartan: ruptures of stocks to be expected after new reminders
    In the ANSM’s viewfinder: Chinese companies.
    Chinese companies already pinned,
    YOU CAN NEVER TRUST THE PRODUCTS UNDER TREATMENT IN CHINAhttps://www.lemonde.fr/sante/article/2018/11/30/medicaments-a-base-de-valsartan-ruptures-de-stocks-a-prevoir-apres-de-nouveaux-rappels_5390706_1651302.html

  2. Anonymous says:

    Cambodia is under control of Vietnam that was no though about it . sovereignty that HUN SEN always mentioning was good for those communist Vietnam and CHINA. under those two communist nation HUN SEN has to choose one . right now HUN SEN is taking CHINA as his main support for his leadership to stay in powers. we knew that Vietcong was HUN SEN former boos the question is what will Vietcong do to HUN SEN leadership???????? communist Vietnam is strongly again CHINA to protecting their territory in shout CHINA sea . right now HUN SEN the strongest leader of KAMPOUCHEA is going 100 degree to CHINA the question is what will happen to this poor nation. we Cambodian knew that HUN SEN hated all those democratic nation . all Cambodian should ask themselves all those democracy nation they are too fare away from this country and they never wanted to take any part of this poor country to be their all they wanted to see was this poor people have their freedom and peace as human being in this poor country. freedom is the enemy of HUN SEN that he can not take because if he gave freedom away to people he will never can be a dictator. I must say this poor educated dictator will never last that long time is the limit to this guy right now. GOD bless KAMPOUCHEA

Leave a Reply

Submit Comment