សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ថា ពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ជួល​ដី​ឲ្យ​វៀតណាម

ដោយ អេង គីមហុង
30/11/2018
RFI

media
(រូបភាពតំណាង)
RFI/ Siv Channa


សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ បាន​ជួប​ពិភាក្សា​គ្នា​ជា​លើក​ទី២ នៅ​ថ្ងៃ​សុក្រ​ទី៣០​វិច្ឆិកា​នេះ សម្រាប់​ជំនួប​ពិភាក្សា​ប្រចាំ​ខែ​។ ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន ដែល​បាន​លើក​ឡើង​នៅ​ថ្ងៃ​នេះ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​រស់​នៅ​ខេត្ត​ជាប់​ព្រំដែន នៅ​តែ​បន្ត​ជួល​ដី​ឲ្យ​វៀតណាម​។ ការ​បន្ត​ជួល​ដី​ឲ្យ​វៀតណាម ឬ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ផ្សេង​ទៀត ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជា​ចេញ​សារាចរ​ហាម​ឃាត់​ក្នុង​ឆ្នាំ២០១៥​។ 

គឺ​ស្ថិត​នៅ​លើ​ទីតាំង​ដី​ចាស់​ដដែល​ក្នុង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង និង​ស្រុក​កោះធំ​ខេត្ត​កណ្ដា​ល រួម​នឹង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ដទៃ​ទៀត ពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ជួល​ដី​ឲ្យ​វៀតណាម តាមរយៈ​ការ​ឃុប​ឃិត​ជាមួយ​អាជ្ញាធរ។ នេះ​បើ​តាម​លោក គង់ មុនីកា សមា​ជិក​​ឧត្តម​ក្រុម​ប្រឹក្សា​ពិ​គ្រោះ និង​ផ្ដល់យោបល់​និង​ជា​ប្រធានគណបក្ស​ឆន្ទៈ​ខ្មែរ។

បញ្ហា​នេះ​​ត្រូវ​បាន លោក គង់ មុនីកា​ លើក​ជា​​ក្ដី​ក​ង្វល់​នៅ​​ចំពោះ​​សមាជិក​​ក្រុម​​ប្រឹ​ក្សា​​ពិគ្រោះ​និង​​ផ្ដល់​​យោបល់​​ផ្សេង​​ទៀត នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ មាន​កង្វល់​ព្រោះថា មួយ​ផ្នែក​នៃ​ការ​ជួល​ដីនេះ​អាច​នាំ​មក​នូវ​ការ​បាត់​បង់​ទឹក​ដី​នា​ពេល​អនាគត។ ហើយ​ការណ៍​ដែល​ពលរដ្ឋខ្មែរ​បន្ត​ជួលដី​ខ្លួន​ឯង​ឲ្យ​វៀតណាម​ ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​មិន​មាន​លទ្ធភាព​ក្នុង​ការ​បង្ករ​បង្កើន​ផល ដែលផ្ទុយ​ពី​ប្រជាជន​វៀណាម មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ការ​បង្ករ​បង្កើន​ផល​សព្វ​គ្រប់។ នេះបលើតាម លោក គង់ មុនីកា​ ។

ប្រឈម​បញ្ហា​នេះ ក្នុង​ឋានៈ​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​លោ​ក​​ ​គង់ មុនីកា ជម្រុញ​ដល់​រដ្ឋាភិបាល​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន។ ការ​អភិវឌ្ឍ​​តាម​ព្រំដែន​ជា​អ្វី​ដែលលោក គង់ មុនីកា ជឿថា នឹង​បញ្ចៀស​បាន​នូវ​ការ​​ជួ​ល​ដី​ទៅ​ឲ្យ​វៀតណាម។ បន្ថែមលើនេះលោក​នឹងធ្វើជារបាយការណ៍លម្អិតដាក់ជូនប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ២០១៥​ បាន​ហាម​ពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​លក់ ជួល ដីស្រែ ដី​ចំការ ដី​លំនៅ​ឋាន នៅ​តាម​តំបន់​ព្រំ​ដែន ឲ្យ​ទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​វៀតណាម ឡាវ និង​ថៃ។ សម្រាប់​សង្គម​ស៊ីវិល​ជម្រុញ​ឲ្យ​ចលនា​យុវជន​ដឹក​នាំ​ដោយ​កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ដើរ​ក្នុង​រយៈ​ចម្ងាយ​៤០​គីឡូ​ម៉ែត្រ ងាក​មក​មើល​បញ្ហា​ប្រឈម​នានា​នៅ​តាម​ព្រំដែន​បន្ថែម​ទៀត​។

នេះ​មិន​មែន​ជា​ករណី​ទី១​ទេ ដែល​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​មើល​ឃើញ និង​លើក​ឡើង​ជា​បញ្ហា​យក​មក​ជជែក​គ្នា​។ ទោះ​យ៉ាង​ណា អ្នក​តាម​ដាន​សង្គម​នានា មើល​ឃើញ​ថា បញ្ហា​មួយ​ចំនួន ដែល​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ​៕

What Next?

Recent Articles

Leave a Reply

Submit Comment