ពលរដ្ឋ​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​បារម្ភ​បាត់​ដី​នៅ​ខេត្ត​មណ្ឌលគិរី​៥០​គីឡូម៉ែត្រ​ក្រឡា​ទៅ​វៀតណាម

ដោយ មួង ណារ៉េត
2018-12-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្សែ​ក្រវាត់​ព្រំដែន​រវាង​ខេត្ត​មណ្ឌលគិរី ប្រទេស​កម្ពុជា និង​ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម។ រូបថត​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥
ខ្សែ​ក្រវាត់​ព្រំដែន​រវាង​ខេត្ត​មណ្ឌលគិរី ប្រទេស​កម្ពុជា និង​ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម។ រូបថត​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥


ជនជាតិ​ដើម​ភាគតិច មន្ត្រី​បក្ស​ប្រឆាំង និង​អាជ្ញាធរ​មូលដ្ឋាន ខេត្ត​មណ្ឌលគិរី ព្រួយបារម្ភ ពី​ការ​បាត់​ដី​ខ្មែរ​ចំនួន ៥០​គីឡូម៉ែត្រ​ការ៉េ នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី របូត​ទៅ​ទេស​វៀតណាម។ ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ​រកឃើញ​ថា ភាគី​វៀតណាម​បាន​គ្រប់គ្រង​ទីតាំង​មាន​ជម្លោះ​នៅ​តំបន់​ដាក់​ហ៊ូដ ឬ​ខ្មែរ​ហៅថា អូរ​ហុច​ទាំងស្រុង និង​មាន​ផ្នែក​ខ្លះ​វៀតណាម បាន​សង់​អាគារ ធ្វើ​កសិកម្ម និង​បាន​បញ្ជូន​តម្រួត​ព្រំដែន​យាមល្បាត​យ៉ាង​តឹងតែង​នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន។ ចំណែក ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង អះអាង​ថា កម្ពុជា និង​ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា ស្នើ​បារាំង ផ្ដល់​អ្នកបច្ចេកទេស​កំណត់​ផែនទី នៅ​តំបន់​មាន​ជម្លោះ​នោះ។

អ្នកភូមិ​រស់នៅ​ជិត​តំបន់​ដាក់ហ៊ូដ និង​អូរ​ហុច អះអាង​នៅ​ថ្ងៃ​សៅរ៍​ទី១ ខែ​ធ្នូ ថា វៀតណាម នៅតែ​មាន​មហិច្ឆតា ឈ្លានពាន​ទឹកដី​កម្ពុជា គ្រប់​រូបភាព និង​បំពាន បូរណភាព​ទឹកដី​របស់​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​ធ្វើ​ប៉ុស្តិ៍​ចូល​ដី​ខ្មែរ​ជាច្រើន​គីឡូម៉ែត្រ​កន្លងមក និង​ធ្វើ​កសិកម្ម​នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន។

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា តំបន់​មាន​ជម្លោះ​ឋិត​នៅ​អូរ​ហុច ឬ ដាក់ហ៊ូដ ត្រូវ​វៀតណាម​គ្រប់គ្រង​ទាំងស្រុង និង​បាន​បញ្ជូន​ប្រជាជន​របស់​គេ ដាំ​ដំណាំ​កាហ្វេ និង​ម្រេច​ជាដើម។ រីឯ​ពលរដ្ឋ​ខ្មែរ​មិន​អាច​ចេញចូល​តំបន់​នោះ​បាន​នោះ​ទេ សូម្បីតែ​សមត្ថកិច្ច​ខ្មែរ​ខ្លះ ក៏​ត្រូវ​តម្រួត​វៀតណាម​ហាមឃាត់​ដែរ៖ «ម៉ឹង​មាត់​តែម្ដង សូម្បីតែ​ប៉ូលិស​ខ្មែរ​ចូល​ទៅ​តំបន់​នោះ​មិនបាន​ផង មាន​អ្នក​តាម​ពីក្រោយ កុំ​ថា តែ​ពលរដ្ឋ​ធម្មតា​។ នៅ​ខាង​ទួល​ស្វាយ គេ​ដាំ​ដំណាំ​កសិកម្ម ដូចជា​កាហ្វេ​ធម្មតា ដូចជា​បង្គោល​មួយ គេ​ដាំ​ចុះ​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ ខ្ញុំ​ឆ្ងល់​ដែរ»

សេចក្ដីរាយការណ៍​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច នៅ​តំបន់​នោះ ឲ្យ​ដឹង​ថា វៀតណាម​បាន​សង់​ប៉ុស្តិ៍​ប៊ួប្រាង ប្រចាំ​ច្រក​ព្រំដែន​ចូល​ដី​ខ្មែរ​ច្រើន​គីឡូម៉ែត្រ និង​បាន​សាងសង់​អាគារ​ធំៗ ធ្វើ​កសិកម្ម​នៅ​តំបន់​មាន​ជម្លោះ​នោះ។ លើស​ពី​នេះ អ្នក​នៅ​ក្បែរ​នោះ​បារម្ភ​ថា ការ​បណ្ដោយ​អោយ​វៀតណាម​សង់​អាគារ និង​ធ្វើ​កសិកម្ម​នៅ​តំបន់​ប្រទាញប្រទង់​គ្នា នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​ប្រៀប​ជាង​វៀតណាម​ក្នុង​ការ កំណត់​បង្គោល​ព្រំដែន​ផ្លូវ​នៅ​ថ្ងៃ​ខាងមុខ។

ជំទប់​ទី២ ឃុំ​ដាក់​ដាំ លោក តាក់ លីម ក៏​បារម្ភ​ខ្លាំង​ដែរ ពី​ហានិភ័យ​អធិបតេយ្យ​កម្ពុជា នៅ​គ្រា​ដែល អាជ្ញាធរ​វៀតណាម​បាន​បញ្ជូន​តម្រួត​យាមល្បាត​យ៉ាង​តឹងរ៉ឹង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញចូល​តំបន់​នោះ។ លោក​ថា ថ្មីៗ​នេះ ផ្នែក​ខ្លះ​នៅ​តំបន់​ដាក់​ដាំ ក្នុង​ទឹកដី​កម្ពុជា ក៏​តម្រួត​វៀតណាម រារាំង​មិន​ឲ្យ​ប្រជាជន​ខ្មែរ​ចេញចូល​ប្រមូល​អនុផល​ព្រៃឈើ​ដែរ៖ «រឿង​ព្រួយបារម្ភ​ចេះតែ​បារម្ភ​ហើយ លោកគ្រូ។ នៅ​ខាង​ទល់​អូរ​ហ្នឹង ពីមុន​ដី​ទំនេរ ឥឡូវ​វៀតណាម​ចូល​មក​ដាំ​ដំណាំ។ តែ​ឥឡូវ​គេ​មិន​អោយ​ចូល​ទេ ពី​មុនគេ​អោយ​ចូល​តំបន់​នោះ»

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ប្រាប់​អាស៊ីសេរី​ថា ភាគី​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​ដែល​ឯកភាព​គ្នា បញ្ចប់​ទាំងស្រុង នៅ​ខេត្ត​រតនគិរី និង ខេត្ត​មណ្ឌលគិរី។ ចំណែក​តំបន់​ដាក់​ដាំ និង​ដាក់ហ៊ូដ ភាគី​ប្រទេស​ទាំងពីរ នៅតែ​រក្សា​ជំហរ​ដដែល និង​បាន​ឯកភាព​គ្នា​ធ្វើ​លិខិត​ចុះហត្ថលេខា​រួម​មួយ ស្នើសុំ​បារាំង ផ្ដល់​អ្នកបច្ចេកទេស​កំណត់​ផែនទី និង​វាស់វែង​តំបន់​ព្រំដែន​នៅ​តំបន់​ប្រទាញប្រទង់​គ្នា ជាពិសេស​តំបន់​ដាក់​ដាំ និង​អូរហុច។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់ ៨៤ ភាគរយ នៅសល់ ១៦ ភាគរយ បាន​ស្នើ​សុំ​អោយ​បារាំង បម្លែង​ផែនទី​ខ្នាត ១ លើ ១០០ ពាន់ ឲ្យ​មក ១ លើ ៥០ ពាន់​វិញ៖ «យើង​បោះ​បាន ៨៤​ភាគរយ​ហើយ នៅសល់ ១៦​ភាគរយ​ទៀត យើង​បាន​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង​អោយ​ជួយ ផែនទី ពីរ​១/១០០​ពាន់ ទៅ ១/ ៥០​ពាន់។ វៀតណាម​គេ​ប្រកាន់ ខ្សែ​ព្រំដែន​ដើរ​តាម​ផែនទី តំបន់​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​បារាំង​គូស​នៅ​តំបន់​ប៊ួប្រាង​ហ្នឹង ដើរ​តាម​ព្រែក​ដាក់ដាំ»

លោក វ៉ា គឹមហុង បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​ពលរដ្ឋ​ថា អ្នកភូមិ​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​នោះ​ទេ និង​មិន​អាច​យក​ជា​ផ្លូវការ​បាន។ លោក​ថា វៀតណាម​បាន​ជ្រើស​យក​ផែនទី​ផ្អែក​តាម ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន របស់​បារាំង​បង្ហាញ​ថា ខ្សែបន្ទាត់​ព្រំដែន ដើរ​តាម​ព្រែក​ដាក់ដាំ ពុំ​មែន​ដើរ​តាម​ព្រែក​ដាក់ហ៊ួច​នោះ​ទេ។ រីឯ​ការ​ទាមទារ​របស់​កម្ពុជា គឺ​ផ្អែក​តាម​សេចក្តី​សម្រេច​របស់ អគ្គទេសាភិបាល​បារាំង​ចុះ​កាលពី​កក្កដា ១៩១៤ កំណត់​ថា ខ្សែបន្ទាត់​ព្រំដែន​ដើរ​តាម​ព្រែក​ដាក់ដាំ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃទី១ ធ្នូ។ តែ​លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ចុះ​ស្រាវជ្រាវ​ដល់​តំបន់​នោះ និង​កំណត់​ថា ខ្សែបន្ទាត់​ខណ្ឌ​ដែន​សីមា​ឋិត​នៅ​ចំណុច​អូរ​ហុច ឬ​ដាក់ហ៊ូដ ពុំ​មែន​ឋិត​នៅ​តំបន់​ដាក់​ដាំ​នោះ​ទេ។

តំបន់​ដាក់ដាំ អូរ​ហុច ឋិត​នៅ​ចន្លោះ​អូរដាក់ដាំ និង​អូរហុច ដែល​ភាគី​វៀតណាម ហៅថា តំបន់​ដាក់​ដាង ដាក់​ហ៊ូត។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា តំបន់​ជម្លោះ​នោះ​មាន​ទំហំ​ជាង ៥០ គីឡូម៉ែត្រ​ក្រឡា ហើយ​ទាមទារ​ខ្សែបន្ទាត់​ខណ្ឌ​ដែន​សីមា​នៅ​ចំណុច​អូរហ៊ុច បច្ចុប្បន្ន​ភាគី​វៀតណាម សាងសង់​ច្រក ទ្វារ​ព្រំដែន​ចូល​ជ្រៅ​ពី​អូរហុច ប្រមាណ ១០​គីឡូម៉ែត្រ ចំណែក​ភាគី​វៀតណាម ទាមទារ​យក​អូរ​ដាក់ដាំ ជា​ខ្សែបន្ទាត់​ខណ្ឌ​ដែន​សីមា ខណៈ​ភាគី​កម្ពុជា សាងសង់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដាក់​ដាំ នៅ​ក្រៅ​តំបន់​អូរ​ដាក់ដាំ ប្រមាណ ១ គីឡូម៉ែត្រ ហើយ​នៅ​ចន្លោះ​ប៉ុស្តិ៍​ព្រំដែន​ទាំងពីរ​ក្លាយទៅជា​តំបន់​ស ដែល​ភាគី​ទាំងពីរ​ហាម​ធ្វើ​អ្វី​ថ្មី​បន្ថែម​ទៀត។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ដែល​ចុះទៅ​តំបន់​នោះ​ធ្លាប់​លើកឡើង​តាម​បណ្ដាញ​សង្គម​ថា តម្រុយ​បង្គោល​ព្រំដែន​លេខ ៣០​ថ្មី ដែល​វៀតណាម​បាន​បោះ​នៅ​ស្រុក​អូររាំង នៅ​ខេត្ត​មណ្ឌលគិរី អាច​ធ្វើ​ឲ្យ​ដី​ខ្មែរ បាត់បង់​យ៉ាងហោចណាស់ ៥០ គីឡូម៉ែត្រ​ការ៉េ៖ «នេះ​ជា​បង្គោល​លេខ ៣០ គេ​ដាក់​នៅ​ឆ្នាំ២០១១។ បើ​តាម​ការសិក្សា ចាប់ពី​ខាង​មណ្ឌលគិរី​មក គេ​ហៅថា តំបន់​ដាក់​ដាំ កម្ពុជា​បាត់​ដី​រាប់​សិប​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ»

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន យល់ថា បង្គោល​នៅ​សេសសល់ ១៦​ភាគរយ របប​ក្រុងភ្នំពេញ​ត្រូវ​ព្យួរ​ទុក​សិន ដោយ​ត្រូវ​រង់ចាំ​ប្រទេសជាតិ​មាន​ស្ថិរភាព​នយោបាយ​ជាមុន​សិន។។ លោក​សង្កេត​ឃើញ​ថា បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច មាន​ភាព​មិនប្រក្រតី​ច្រើន​មាន​កន្លែង​ខ្លះ​ចូល​ដីស្រែ​ចម្ការ​ពលរដ្ឋ​ខ្មែរ។ លោក​ថា របប​ក្រុងភ្នំពេញ​បាន​បោះ​បង្គោល​ព្រំដែន​មួយ​ចំនួន ផ្អែក​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម ដោយ​យក​ផែនទី​ខ្នាត ១ លើ ៥០ ពាន់​មក​អនុវត្ត ផ្ទុយ​រដ្ឋធម្មនុញ្ញ។ លោក​គាំទ្រ​ជំហរ​របស់​កម្ពុជា ដែល​យក​បា​រាំងជា​អាជ្ញាកណ្ដាល​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​ដាក់ហ៊ូដ ឬ​អូរ​ហុច ក៏ប៉ុន្តែ កម្ពុជា​ត្រូវ​សើរើ​បង្គោល​ព្រំដែន​ដែល​បោះ​រួច​ទាំងអស់​ឡើងវិញ​ដោយ​ត្រូវ​មាន​ភាគី​បារាំង​ជា​អាជ្ញាកណ្ដាល៖ «នៅ​ពេល​ដែល​យើង​មាន​វិបត្តិ​នយោបាយ ដែល​អន្តរជាតិ​គេ​ថា រដ្ឋាភិបាល​មិន​ស្របច្បាប់ បោះឆ្នោត​មិន​គោរព​ឆន្ទៈ​រាស្ត្រ ហើយ​ការ​បោះ​បង្គោល​ហ្នឹង​មិនល្អ​ប្រសើរ​ទេ មិន​មាន​សន្តិភាព​ព្រំដែន​ទេ។ សូម្បី​តែ​មាន​បក្ស​ប្រឆាំង​នៅ​រដ្ឋសភា ហើយ​នៅ​មាន​បញ្ហា​ចម្រូងចម្រាស​។ ដូច្នេះ​ហើយ នៅសល់ ១៦​ភាគរយ​ត្រូវ​ព្យួរ​ទុក ដោយ​ត្រូវ​រង់ចាំ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​សិន»

ខេត្ត​មណ្ឌលគិរី មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម ចាប់ពី​បង្គោល​ព្រំដែន​លេខ ៤០ ពី​ព្រំប្រទល់​ខេត្ត​រតនគិរី រហូតដល់​បង្គោល​ព្រំដែន​លេខ ៦៥ ស្រុក​ស្នួល ខេត្ត​ក្រចេះ។

កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០ គីឡូម៉ែត្រ​។ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា បោះ​បង្គោល​សរុប​ចំនួន ៣១៤ ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​គ្នា និង​គ្នា។

ទោះបីជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ដាក់​ដាំ​រស់នៅ​ជិត​តំបន់​ព្រំដែន​អះអាង​ថា វៀតណាម​បាន​សាងសង់​ប៉ុស្តិ៍ និង​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​មក​ទល់​នឹង​អូរ​ដាក់ដាំ ក្នុង​ដី​ខ្មែរ ដែល​ពីមុន​ព្រំដែន​ឋិត​នៅ​ចំណុច​អូរហ៊ុច មាន​ចម្ងាយ​ជាង ១៥ ទៅ ២០ គីឡូម៉ែត្រ​ពី​តំបន់​អូរ​ដាក់​ដាំ។ ពួកគេ​រកឃើញ​ថា មាន​បង្គោល បារាំង ៦​បង្គោល ឋិត​នៅ​ឆ្ងាយ​ពី​តំបន់​ដាក់​ហ៊ូដ ឬ​អូរ​ហុច​ជិត ២០ គីឡូម៉ែត្រ ពី​ប៉ុស្តិ៍​ព្រំដែន​ប៊ួប្រាំង​ដែល​វៀតណាម​បាន​លួច​សាងសង់​អាគារ​ធំៗ បំពាន​ចូល​តំបន់​ប្រទាញប្រទង់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment