លោក អ៊ុំ សំអាន ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ​ឲ្យ​បាន​តឹងរ៉ឹង​ករណី​វៀតណាម​នៅ​បឹង​ទន្លេសាប

ដោយ មាន ឫទ្ធិ
2018-12-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA
លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​សកម្ម​ខាង​បញ្ហា​អន្តោប្រវេសន៍ និង​ព្រំដែន លោក អ៊ំ សំអាន ចង់​ឃើញ​របប​ក្រុងភ្នំពេញ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ចំពោះ​រឿង​បំឡាស់​ទី​ជនអន្តោប្រវេសន៍​វៀតណាម​រស់នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ លោក​សង្កត់ធ្ងន់​ថា ការ​អនុវត្តន៍​វិធានការណ៍​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ទាំងនោះ មិនមែន​មានន័យថា ជា​ការ​ប្រកាន់ ឬ​រើសអើង​ពូជសាសន៍​នោះ​ទេ តែ​ជា​ការ​អនុវត្ត​ច្បាប់​ស្របតាម​គោលការណ៍​ជាតិ និង​អន្តរជាតិ។

លោក អ៊ំ សំអាន ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី៣០ វិច្ឆិកា ដោយ​ស្វាគមន៍​យុទ្ធនាការ​បំឡាស់​ទី​ជនអន្តោប្រវេសន៍​វៀតណាម​បណ្ដែត​ទឹក​នៅ​លើ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ក៏ប៉ុន្តែ លោក​អះអាង​ថា ដោយហេតុថា​ជនអន្តោប្រវេសន៍​វៀតណាម​ទាំងនោះ​ភាគច្រើន​បាន​ហូរ​ចូល​មក​រស់នៅ​លើ​បឹង​ទន្លេសាប​ដោយ​ខុសច្បាប់​តាមរយៈ​ការ​ជិះ​ទូក​មក ឬ​ចូល​មក​តាម​ច្រក​របៀង​ជាដើម​នោះ និង​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ​តាំងពី​កាល​ដំបូង​នោះ លោក​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​មិន​គ្រាន់តែ​ជម្លៀស​ពួកគេ​ចេញពី​បឹង​ទន្លេសាប​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ចាប់​បញ្ជូន​ពួកគេ​ត្រលប់​ទៅ​ប្រទេស​វៀតណាម​វិញ ដើម្បី​ជា​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង៖ «ជនជាតិ​ខ្មែរ​យើង​ដែល​ជា​កម្មករ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ប្រហែល​ជាជាង ២០​ម៉ឺន​នាក់ ហើយ​ថ្មីៗ​នេះ​ប្រហែល​ជាជាង ២ ម៉ឺន​នាក់​ទៀត។ ថៃ​គេ​បញ្ជូន​ខ្មែរ​យើង​មក​កម្ពុជា​បាន រឿង​អី​យើង​បញ្ជូន​យួន​ទៅ​ស្រុក​យួន​វិញ​មិន​បាន? ដែល​ជា​ជនអន្តោប្រវេសន៍​យួន​ខុសច្បាប់។ ហើយ​កន្លងមក​យួន​ក៏​បាន​បញ្ជូន​អ្នកសុំទាន​ខ្មែរ​ដែល​បាន​ទៅ​សុំ​ទាន​នៅ​ស្រុក​យួន ព្រមទាំង​ខ្មែរ​ដែល​រស់នៅ​ខុសច្បាប់ មក​កម្ពុជា​វិញ​ដែរ។ ហើយ​សូម្បីតែ​អាមេរិក គេ​ក៏​ធ្វើ​របង​ជាមួយ​ម៉ិកស៊ីកូ កុំ​ឲ្យ​ជនជាតិ​ម៉ិកស៊ីកូ​ហូរ​ចូល​មក​ប្រទេស​គេ​ដែរ»

លោក អ៊ំ សំអាន សង្កត់ធ្ងន់​ថា ការ​ធ្វើ​យ៉ាង​ដូច្នេះ មិនមែន​មានន័យថា ជា​ការ​ស្អប់ខ្ពើម រើសអើង ឬ​ប្រកាន់​ពូជសាសន៍ ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ទាំង​នោះ​ទេ តែ​គឺជា​ការអនុវត្ត​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​បណ្ដា​ប្រទេស​ដទៃ​កំពុង​អនុវត្ត​ស្រាប់ ស្របតាម​គោលការណ៍​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ៖ «យើង​អត់​ប្រកាន់​ពូជសាសន៍​ទេ យើង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍។ ហើយក៏​យើង​មិន​ធ្វើ​របៀប​ដូច លន់ នល់ ឬមួយ​ដូច​គណបក្ស​ណាមួយ​បញ្ជូន​ក្នុង​រយៈពេល ២៤​ម៉ោង​នោះ។ យើង​មិន​ធ្វើ​ដូច្នេះ​ទេ​។ គឺ​យើង​អនុវត្ត​ទៅតាម​ច្បាប់​អន្តោប្រវេសន៍ គឺថា បើ​តាម​គំនិត​របស់ខ្ញុំ គឺ​យើង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​ពី ៣ ទៅ ៥ ឆ្នាំ ដើម្បី​បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា ជាពិសេស​ជនជាតិ​វៀតណាម និង​ចិន ដែល​មក​ធ្វើ​បងធំ​បង​តូច បង្ក​បញ្ហា​នៅ​កម្ពុជា​ទៀ​។ ដូច្នេះ ទាំង​ជនជាតិ​វៀតណាម ជនជាតិ​ចិន និង​ជនជាតិ​ដទៃ​ទៀត​ដែល​ខុសច្បាប់ ត្រូវ​បញ្ជូន​ទៅវិញ»

ការ​លើកឡើង​របស់​លោក អ៊ំ សំអាន នេះ គឺ​ស្រប​ពេល​ដែល​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​កំពុង​ចាប់ផ្ដើម​អនុវត្ត​យុទ្ធនាការ​បំឡាស់​ទី​ជនជាតិ​វៀតណាម​សរុប​ចំនួន ២.៣៩៧ គ្រួសារ ស្មើនឹង ១ ម៉ឺន ៨៧ នាក់ ដែល​កំពុង​រស់នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក​សរុប ១.៨៣៦ ខ្នង នៅ​លើ​ផ្ទៃ​ទឹក​លើ​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ឲ្យ​មក​រស់​លើ​ដី​គោក​វិញ។ យុទ្ធនាការ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី១ តុលា​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​បំណាច់​ឆ្នាំ២០១៨ នេះ ដូច​តាម​ផែនការ ៥​ឆ្នាំ ដាក់​ចេញ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ ២០១៩ ក្រោម​ហេតុផល​ថា​ដើម្បី​ស្តារ​សោភណភាព​តាម​ផ្ទៃ​បឹង​ទន្លេសាប ថែរក្សា​បរិស្ថាន និង​បង្កើន​អនាម័យ​សុខាភិបាល​ជាដើម។ របប​ក្រុងភ្នំពេញ ថែមទាំង​បាន​សន្យា​ជាមួយ​ភាគី​វៀតណាម​ថា នឹង​ផ្ដល់​នូវ​ទីតាំង​សង់​លំនៅឋាន​លើ​ដី​គោក ដែល​មាន​លក្ខណៈ​អំណោយផល​ល្អ​បំផុត រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ទឹក ភ្លើង និង​សេវា​សុខាភិបាល​ជាដើម។ យុទ្ធនាការ​បំឡាស់​ទី​ជនអន្តោប្រវេសន៍​វៀតណាម​នេះ ក៏​ស្ថិត​ក្រោម​ក្រសែភ្នែក​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ គ្រប់​ជាន់ថ្នាក់​របស់​វៀតណាម តាំងពី​ថ្នាក់​សមាគម​វៀតណាម​នៅ​កម្ពុជា រហូតដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​កុម្មុយនិស្ត​វៀតណាម ឬ​អាជ្ញាធរ​រដ្ឋ​វៀតណាម​តែម្ដង។ បច្ចុប្បន្ន សមាគម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បន្ត​បដិសេធ​មិន​ព្រម​ផ្លាស់ប្ដូរ​ទីកន្លែង​រស់នៅ​មក​នៅ​គោក​នោះ​ទេ ដោយ​អះអាង​ថា កន្លែង​ដីគោក​ដែល​អាជ្ញាធរ​ឲ្យ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់។

លោក អ៊ំ សំអាន យល់ថា ចំណាត់ការ​របស់​របប​ក្រុងភ្នំពេញ​ទៅលើ​ការ​បំឡាស់​លំនៅឋាន​ជនអន្តោប្រវេសន៍​វៀតណាម​លើ​បឹង​ទន្លេសាប​របស់​របប​ក្រុងភ្នំពេញ​នេះ ហាក់​ផ្ដល់​ភាព​អនុគ្រោះ​ច្រើន និង​ជា​វិធានការណ៍​ត្រជាក់ ខុស​ពី​អ្វី​ដែល​របប​នេះ តែងតែ​ប្រព្រឹត្តិ​ទៅលើ​ករណី​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស ដោយ​បង្ខំ និង​ដោយ​អំពើ​ហិង្សា ឬ​ពេលខ្លះ​ឈាន​ទៅ​រក​ការ ចាប់​ពលរដ្ឋ​ខ្លួនឯង​ដាក់​ពន្ធនាគារ ដុត​បំផ្លាញ​ផ្ទះសម្បែង ឬ​មិន​ដោះស្រាយ​ឲ្យ​តែម្ដង។

បន្ថែម​ពីលើ​នេះ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ វិភាគ​ថា យុទ្ធនាការ​នេះ​មាន​បង្កប់​នូវ​ហេតុផល​នយោបាយ​ច្រើនជាង​អ្វី​ដែល​របប​ក្រុងភ្នំពេញ​អះអាង​នេះ ក្នុង​គោលបំណង​ដែល​លោក​ហៅថា «​ជា​រណសិរ្ស​ប្រជាសាស្ត្រ​ជនជាតិ​វៀតណាម» ដើម្បី​ជួយ​សម្រួល​ឲ្យ​ជនអន្តោប្រវេសន៍​វៀតណាម​កំពុង​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​ទាំងនោះ ក្លាយ​ជា​ស្របច្បាប់​វិញ ស្រប​តាម​បញ្ជា​ពី​មេដឹកនាំ​វៀតណាម ដើម្បី​បង្កើន​នយោបាយ​ឈ្លានពាន និង​ឥទ្ធិពល​វៀតណាម​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត៖ «គេ​អត់​បាន​និយាយ​ថា ជនជាតិ​វៀតណាម​ទាំងនោះ​ចូល​មក​ដោយ​របៀប​ណា​ទេ។ គេ​និយាយ​អំពី​ការសម្រួល ដែល​មានន័យថា​គេ​កំពុង​សម្រួល​ផ្លូវ​រណសិរ្ស​ប្រជាសាស្ត្រ​និគមជន​របស់​យួន​នៅ​លើ​ទឹកដី​របស់​កម្ពុជា​ដើម្បី​ងាយស្រួល​ក្នុង​ការ​គេ​អនុវត្ត​នយោបាយ​គ្រប់គ្រង​កម្ពុជា​ឲ្យ​កាន់តែ​ណែន តាមរបៀប​ដែល​ពលរដ្ឋ​របស់​គេ​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ស្របច្បាប់​នៅ​លើ​ទឹកដី​ខ្មែរ។ ហើយ​របៀប​ដែល​គេ​ធ្វើ​ទៀតសោត គេ​ធ្វើ​បែប​ប្រយ័ត្នប្រយែង​ជាទីបំផុត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ជនជាតិ​ទាំងនោះ​មាន​ទាំង​ផ្ទះសម្បែង​ល្អ និង​មាន​បរិយាកាស​ឲ្យ​កូន​អ្នក​ទាំងនោះ​រៀន​សូត្រ​ត្រឹមត្រូវ ព្រមទាំង​មាន​កម្មសិទ្ធិ​ដីធ្លី ហើយ​មាន​សិទ្ធិ​តវ៉ា​គ្រប់បែប​យ៉ាង។ ដូច្នេះ នេះ​គឺជា​យុទ្ធសាស្ត្រ​ដ៏​អភព្វ​ណាស់​សម្រាប់​ខ្មែរ ក៏ប៉ុន្តែ​លើក​តម្កើង​យួន ហើយ​ធ្វើ​ឲ្យ​យួន​មាន​ឥទ្ធិពល និង​មានអំណាច​កាន់តែ​ខ្លាំង​នៅ​កម្ពុជា»

លោក គឹម សុខ ចង់​ឃើញ​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ខ្មែរ រួម​កម្លាំង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ឲ្យ​ខ្លាំង និង​មិន​ត្រូវ​បែកបាក់​នោះ​ទេ ដើម្បី​ជូនដំណឹង​ទុកជាមុន​ទៅ​ភាគី​អន្តរជាតិ នៃ​ការ​មិន​ទទួលយក​ដំណោះស្រាយ​ដែល​របប​ក្រុងភ្នំពេញ​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ ពាក់ព័ន្ធ​នឹង​រឿង​ជនអន្តោប្រវេសន៍​វៀតណាម​នេះ។ លោក​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ចៀស​ផុត​ពី​ការ​ចោទប្រកាន់​ថា ជា​ករណី​រើសអើង​ពូជសាសន៍ ដោយសារ​របប​ក្រុងភ្នំពេញ​សព្វថ្ងៃ​នេះ​ជា​របប​ខុសច្បាប់​ស្រាប់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment