ក្រុម​យុវជន​ថា អាជ្ញាធរ​មិន​បាន​អនុវត្ត​បញ្ជា​របស់​លោក ហ៊ុន សែន រឿង​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង

ដោយ សេក បណ្ឌិត
2018-12-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​យុវជន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង និង​មាន​ចំណាត់​ការ​តាម​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ រូបថត​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស
ក្រុម​យុវជន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង និង​មាន​ចំណាត់​ការ​តាម​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ រូបថត​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស

ក្រុម​យុវជន និង​សកម្មជន​បរិស្ថាន ទាមទារ​ឱ្យ​អាជ្ញាធរ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​ចំណាត់ការ​របស់​ខ្លួន​លើ​ករណី​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង បន្ទាប់ពី​ពួកគេ​សង្កេតឃើញ​ថា តំបន់​នេះ​មិនទាន់​ត្រូវ​បាន​កាយ​ដី​ចេញ និង​ស្ដារ​បរិស្ថាន​ឱ្យ​ល្អ​ដូចដើម​វិញ​នៅឡើយ​ទេ។ ម្យ៉ាងវិញទៀត ពួកគេ​ចង់​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅលើ​ភាគី​ក្រុមហ៊ុន​ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ចាក់​ដី​លុប​ឆ្នេរ​ធម្មជាតិ ដើម្បី​ជា​ការ​ព្រមាន​កុំ​ឱ្យ​ករណី​នេះ​កើតមាន​សាជាថ្មី​ទៀត​។ មន្ត្រី​សិទ្ធិមនុស្ស អះអាង​ថា នឹង​ដាក់​បណ្ដឹង​បរិហារ​ករណី​នេះ​ទៅ​តុលាការ​ជុំវិញ​ការ​បណ្ដែតបណ្ដោយ​របស់​អាជ្ញាធរ​ឱ្យ​មាន​បទល្មើស​កើតឡើង​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ហើយ​មិន​មាន​ចំណាត់ការ​លើ​ជនល្មើស។

ក្រុម​យុវជន​ដែល​បាន​ចុះទៅ​ដល់​ទីតាំង​ឆ្នេរ​ព្រែកត្រែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ អះអាង​ថា ដី​ឆ្នេរ​ដែល​ត្រូវ​បាន​ចាក់​លុប​នោះ មិន​ទាន់​មាន​ការ​កាយ​ដី​ចេញ និង​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​ដើម​វិញ​នៅឡើយ​ទេ។ លើស​ពី​នេះ ពួកគេ​អះអាង​ថា ភាគី​ក្រុមហ៊ុន​ថែមទាំង​កំពុង​សាងសង់​របង​ថ្ម​ព័ទ្ធជុំវិញ​បរិវេណ​ដែល​ត្រូវ​បាន​ចាក់​ដី​លុប​នោះ​ទៀត​ផង។

ក្នុង​វីដេអូ​រយៈពេល​ជាង ២ នាទី ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃទី១ ធ្នូ ក្រុម​យុវជន​សម្តែង​ការ​ខកចិត្ត​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ និង​បាន​ចាត់ទុក​វិធានការ​លើ​រឿង​នេះ​ថា គ្រាន់តែ​ជា​ការ​បន្លំ​ភ្នែក​សាធារណជន​ប៉ុណ្ណោះ។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ បើ​ពុំ​ដូច​ច្នេះ​ពួកគេ​នឹង​បន្ត​លាតត្រដាង​ពី​ភាព​អសកម្ម​ជុំវិញ​រឿង​នេះ​តទៅទៀត៖ «ពួក​ខ្ញុំ​ទាំងអស់​គ្នា​ជា​យុវជន​ពិតជា​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ដែល​អាជ្ញាធរ​ក្រុងព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ពិតជា​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន។ បច្ចុប្បន្ន​យើង​ឃើញ​ថា ក្រុមហ៊ុន​មួយ​នេះ​មិនបាន​កាយ​ដី​ចេញ​ទាំងអស់​នោះ​ទេ ថែមទាំង​កំពុង​សាងសង់​របង​ថ្ម​ជុំវិញ​ដី​ដែល​បាន​ចាក់​រួចហើយ​ទៀត​ផង។ ខ្ញុំ​ពិតជា​មិន​ពេញចិត្ត​ចំពោះ​ការ​ចាក់ដី​លុប​ឆ្នេរ​មួយ​នេះ​សោះ​។ ពួក​ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​គួរតែ​បញ្ចប់​វិធីសាស្ត្រ​ដែល​ធ្វើ​ការ​បន្លំ​ភ្នែក​សាធារណជន​ទៀត​ទៅ គួរតែ​មាន​វិធីសាស្ត្រ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន​មួយ​នេះ​ឱ្យ​ធ្វើ​ការ​កាយ​ដី​ចេញ និង​សម្អាត​ឆ្នេរ​ឱ្យ​ស្រស់​ស្អាត​ឡើង​វិញ»

ដី​ឆ្នេរ​ព្រែកត្រែង​ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។
ដី​ឆ្នេរ​ព្រែកត្រែង​ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។
រូបថត​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត ក៏​មិន​អាច​ទាក់ទង​បាន​ដូចគ្នា នៅ​ថ្ងៃទី២ ធ្នូ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

កាលពី​អំឡុង​ខែ​កញ្ញា កន្លងទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ លោក ជា សុផារ៉ា ចុះ​ត្រួតពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ដើម្បី​ឱ្យ​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​នោះ​ចេញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​វិញ។ ចំណែក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ លោក ថោង ខុន បាន​អះអាង​ថា ក្រុមហ៊ុន​អភិវឌ្ឍ​ឆ្នេរ​ព្រែកត្រែង​នោះ កំពុងតែ​រំលោភបំពាន​ច្បាប់ ហើយ​គណៈកម្មការ​គ្រប់គ្រង​តំបន់​ឆ្នេរ​កំពុងតែ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ករណី​នេះ។

ទោះជា​យ៉ាងណា រយៈពេល​ជាង ២ ខែ​កន្លង​ទៅ​នេះ មន្ត្រី​ជំនាញ​មិនទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​ករណី​នេះ​នៅឡើយ​ទេ ហើយក៏​មិនទាន់​បង្ហាញ​ពី​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​យ៉ាងណា​ទៅលើ​ក្រុមហ៊ុន និង​អ្នក​ពាក់ព័ន្ធ​នោះ​ដែរ។

សកម្មជន​បរិស្ថាន​មួយ​រូប​ដែល​បាន​ចុះទៅ​ដល់​ទីតាំង​ដាក់​លុប​នេះ​ផ្ទាល់ គឺ​កញ្ញា ផេង ស្រីស យល់ឃើញ​ថា ក្រុមហ៊ុន​ទំនង​ជា​មាន​គម្រោង​ច្បាស់លាស់ ហើយ​ពួកគេ​នឹង​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ឡើយ ព្រោះ​ពួកគេ​កំពុង​សាងសង់​របង​ថ្ម​ព័ទ្ធជុំវិញ​ដី​នោះ​បន្ថែម​ទៀត។ កញ្ញា​យល់ថា ដំណោះស្រាយ​របស់​អាជ្ញាធរ​គ្រាន់តែ​ជា​ការ​បន្លំ​ភ្នែក​ពលរដ្ឋ កុំ​ឱ្យ​រិះគន់​រឿង​នេះ​តែប៉ុណ្ណោះ។ កញ្ញា​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​នោះ​ចេញ​វិញ និង​សម្អាត​ឆ្នេរ​នៅ​កន្លែង​នោះ​ឱ្យ​បាន​ស្អាត​ដូចដើម​វិញ ព្រមទាំង​ឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​របស់​ពួកគេ៖ «វា​មិន​មាន​ជា​ការ​ដែល​ត្រូវ​យោគយល់​ចំពោះ​ក្រុម ឬក៏​ក្រុមហ៊ុន​ដែល​បាន​រំលោភបំពាន​ច្បាប់​នោះ​ទេ អ៊ីចឹង​ទីមួយ​គឺ​ឱ្យ​គាត់​កាយ​ដី​ចេញ​មកវិញ និង​សម្អាត​ឆ្នេរ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះ​ទេ ត្រូវ​ឱ្យ​គាត់​ទទួលទោស​តាម​ផ្លូវ​ច្បាប់​ទៀត។ ប្រសិនបើ​គាត់​លុប​ឆ្នេរ​ហើយ ឱ្យ​គាត់​កាយ​ដី​ចេញ​វិញ​ហើយ រួចខ្លួន​នោះ អ៊ីចឹង​មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត អាច​យក​គំរូ​តាម​ហ្នឹង​ដែរ គឺ​ប្រសិនបើ​ធ្វើ​ខុស គ្រាន់តែ​កាយ​ដី​ចេញ​ទៅ​ហើយ ចប់»

ក្រុមហ៊ុន​ដែល​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នោះ គឺជា​របស់​អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ ភរិយា​របស់​លោក​ឧកញ៉ា ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ឡៅ ម៉េងឃីន គឺជា​ជា​ម្ចាស់​ក្រុមហ៊ុន ស៊ូកាកូ អ៊ីន (Shukaku Inc) ដែល​បាន​ចាក់​ដី​លុប​តំបន់​បឹងកក់​ដ៏​ចម្រូងចម្រាស កាល​ពី​ពេល​កន្លងទៅ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ​បាន​នៅឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​សមាគម​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា ការ​ចាក់​លុប​ដី​ឆ្នេរ​ព្រែកត្រែង​នេះ គឺជា​បទល្មើស​ឧក្រិដ្ឋ​ជាក់ស្ដែង ដែល​អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង។ លោក​បន្ត​ថា ការ​ខកខាន​មិនបាន​ចាត់ការ​រឿង​នេះ គឺជា​គំរូ​អាក្រក់​បំផុត​ក្នុង​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​បាន​គង់វង្ស​នោះ​ឡើយ៖ «ដោយសារ​អំពើពុករលួយ​ជា​ប្រព័ន្ធ​ហ្នឹងហើយ ដែល​ធ្វើ​ឱ្យ​និទ្ទណ្ឌភាព​ហ្នឹង​កើតឡើង​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​សង្គម។ បទល្មើស​ឃើញ​ជាក់ស្តែង​ហើយ បើ​តាម​យើង​សិក្សា​នៅ​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការ​ធម្មជាតិ នេះ​គឺជា​បទល្មើស​ឧក្រិដ្ឋ​ទៅ​ហើយ ចាក់​លុប​អីហ្នឹង។ អ៊ីចឹង​វា​ជា​បទល្មើស​មួយ​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​ហ្នឹង ត្រូវតែ​រួមគ្នា​នៅ​ក្នុង​ការ​កសាង​សំណុំរឿង និង​និយាយ​ឱ្យ​មែនទែន​ទៅ ត្រូវ​ឃាត់ខ្លួន​ជនល្មើស​ភ្លាមៗ ព្រោះ​វា​ជា​បទល្មើស​ជាក់ស្ដែង ហើយ​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។ មិនមែន​នៅ​ទ្រឹង រង់ចាំ​របាយការណ៍ ហើយ​គ្រាន់តែ​យក​លេស​ថា អ៊ីចេះ អ៊ីចុះ នោះ​ទេ យើង​មិន​អាច​ទទួលយក​បាន​ឡើយ»

លោក ប៉ែន បុណ្ណារ៍ អះអាង​ថា លោក​កំពុង​សិក្សា​អំពី​ផ្លូវច្បាប់ ដើម្បី​ដាក់​បណ្ដឹង​បរិហារ​ផ្លូវការ​ទៅ​ស្ថាប័ន​អយ្យការ ជុំវិញ​ការ​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង និង​ទីតាំង​សាធារណៈ​ដទៃ​ទៀត​ក្នុង​ខេត្ត​ព្រះសីហនុ។ លោក​បញ្ជាក់​ថា បណ្ដឹង​បរិហារ​នេះ គឺ​ប្ដឹង​ចំពោះ​ការ​បណ្ដែតបណ្ដោយ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ឱ្យ​មាន​បទល្មើស​ឧក្រិដ្ឋ​ចាក់​ដី​លុប​សមុទ្រ និង​បឹង​ធម្មជាតិ​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ហើយ​មិន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ជនល្មើស។

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥ លាន​រៀល ទៅ ១៥០ លាន​រៀល។ ច្បាប់​នេះ​ក៏​ចែង​ដែរ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ដែល​សមគំនិត​នឹង​អ្នក​ប្រព្រឹត្ត​បទល្មើស ឬ​ជួយ​សម្រួលការ​ប្រព្រឹត្ត​បទល្មើស​នោះ ក៏​នឹង​ត្រូវ​ផ្ដន្ទាទោស​ដូន​ជន​ប្រព្រឹត្ត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment