“បទល្មើស​ព្រៃឈើ​លើ​ខ្នង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅតែ​កើតមាន​ច្រើន”

ដោយ មួង ណារ៉េត
2018-12-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA


ក្រុម​កម្មករ​នៅ​ការដ្ឋាន​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្រុក​សេសា​ន ខែត្រ​ស្ទឹងត្រែង​អះអាង​ថា ការ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​នៃ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅតែ​កើតមាន​ច្រើន បើ​ទោះបី​ជា​ក្រសួងមហាផ្ទៃ​បាន​បញ្ជា ឲ្យ​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ ចុះ​ស៊ើបអង្កេត​ក្ដី។

ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​សហការ ផ្តល់​ដំណឹង​ទៅ​មន្ត្រី​បរិស្ថាន ប្រសិនបើ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ។

ក្រុម​កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៃ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ថា ក្នុង​រយៈពេល​ជាង ២​សប្តាហ៍​ចុងក្រោយ​នេះ ជា​រៀងរាល់​យប់ មាន​រថយន្ត​សាំយ៉ុង​ចាប់ពី ១០ ទៅ ១៥ គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ពេល​យប់។

កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង គឺ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​មាន​មន្ត្រី​អាវុធហត្ថ​ប្រចាំ​នៅ​តំបន់​នោះ យាមកាម​យ៉ាង​ហ្មត់ចត់។ លោក​បញ្ជាក់​ថា រថយន្ត​សាំងយ៉ុង​មួយគ្រឿង​អាច​ផ្ទុក​ឈើ​ចាប់ពី ២ ម៉ែត្រ​គូប ទៅ ៤ ម៉ែត្រ​គូប ហើយ​ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំង​យ៉ុង​ដឹកជញ្ជូន​ចេញពី​តំបន់​នោះ​យ៉ាងហោចណាស់ ១០​គ្រឿង​ដែរ៖ «ដឹក​ចេញពី​ឃ្លាំង​ស្តុក​ឈើ តំបន់​បាត​អាង​ពី​ខាងជើង​ទន្លេ។ ការ​ដឹក​នេះ យើង​សង្កេត​មើល​ទៅ នៅតែ​មាន​ជា​កម្លាំង​មន្ត្រី​អាវុធហត្ថ គេ​តាម​យាមកាម និង​អម​រថយន្ត​ហ្នឹង​រហូត​។ គេ​តាម​ពីក្រោយ​រថយន្ត​សាំងយ៉ុង​ហ្នឹង»

បុរស​ដដែល​បន្ថែម​ថា បច្ចុប្បន្ន​ឈើ​មូល​ដែល​នៅ​សេសសល់ ប្រមាណ ៣​ពាន់​ម៉ែត្រគូប ដែល​ឋិត​ក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង ដឹក​មក​ស្តុក​ទុក ច្រើន​ខែ​មក​ហើយ គឺ​មាន​មន្ត្រី​អាវុធហត្ថ យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន។ លោក​ថា ផ្នែក​ខ្លះ​តាម​បណ្ដោយ​ទន្លេ​សេសាន ក៏​មាន​ការ​កាប់​រំលំ​ឈើ​មូល​ដឹកជញ្ជូន​ចូល​ការដ្ឋាន ក្រុមហ៊ុន​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ​ដែរ ៖ «ការ​អារ​ឈើ និង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​អម​សងខាង​ទំនប់​ខាងជើង និង​ខាងត្បូង​នៅតែ​កើតមាន ជា​ហូរហែ​។ អ្នក​ហាម​ចេះតែ​ហាម អ្នកធ្វើ​ចេះ​តែ​ធ្វើ»

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០ ហិកតារ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ ( Ang & Associate Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ២០១២។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី​ថា សូម​ឲ្យ​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​ជាក់លាក់ នៅ​មន្ត្រី​បរិស្ថាន ដែល​ប្រចាំការ​នៅ​តំបន់​នោះ ឬក៏​ធ្វើ​របាយការណ៍​មក​ក្រសួង​បរិស្ថាន ប្រសិនបើ​រក​ឃើញ​ភាព​មិនប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​បាត​អាង។ លោក​បញ្ជាក់​ថា មន្ត្រី​បរិស្ថាន​បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជាមួយ​ពលរដ្ឋ៖ «អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ទាំងអស់​នេះ គឺ​សូម​បន្ត​សហការ ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​របស់​យើង ហើយ​របាយការណ៍​ជា​លាយ​លក្ខ​អក្សរ ជា​រូបភាព ពេល​ដែល​មាន​បញ្ហា​ហ្នឹង គឺ​សូម​ជួប​ផ្ទាល់​នៅ​មន្ត្រី​ដែល​ឈរជើង​នៅ​មូលដ្ឋាន​នោះ​តែម្ដង ដើម្បី​ចាត់វិធានការ។ សម្រាប់​មន្ត្រី​ក្រសួង​បរិស្ថាន យើង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចសហការ»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក ( ADHOC ) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញ​ថា បើ​ទៅ​បី​ជា​មាន​ការព្រមាន និង​បទបញ្ជា ឲ្យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជាច្រើន​សា​ក្តី ក៏ប៉ុន្តែ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ មិនបាន​អនុវត្ត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ លោក​ថា ការ​មិន​អនុវត្ត​ច្បាប់​ព្រៃឈើ បាន​ក្លាយ​ជា​ជំងឺ​មហារីក​ធ្ងន់ធ្ងរ​ក្នុង​សង្គម ខណៈ​ដែល​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​ទទួលខុសត្រូវ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅតែ​ទទួល​ប្រយោជន៍​ពី​បទល្មើស​ព្រៃ​ដដែលៗ ធ្វើ​ឲ្យ​ធនធានធម្មជាតិ​វិនាស​មហន្តរាយ៖ «ប្រសិនជា សម្ដី​ថ្នាក់ដឹកនាំ បញ្ជា​ចោល ហើយ​ថា ចោល​ដោយ​ពុំ​មាន​ទោសពៃរ៍ មិន​អាច​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​បានទេ។ ជា​គំរូ​ក្នុង​សង្គម​អ្នកណា​ហ៊ាន​អ្នកនោះ​ក្លាយ​ជា​ឧកញ៉ា និង​មន្ត្រី​ជាន់ខ្ពស់។ អ៊ីចឹង​មិនមែន​មានន័យថា ការព្រមាន និង​បទបញ្ជា ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ខ្លាច​ទេ»

កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ទទួលស្គាល់​ពី​ការ​កាប់​ឈើ​ពី​ខាងក្រៅ បន្លំ​ចូល​បាត​អាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹក​កម្ពស់ ៧០ ម៉ែត្រ​ជា​យូរ​មក​ហើយ។ លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ​គួរ​ពិនិត្យមើល​អាជីវកម្ម​នេះ​ឡើងវិញ ក្រោយពី​លោក​ទទួល​បាន​លិខិត​មួយ​ច្បាប់ ទាក់ទិន​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ៖ «ខ្ញុំ​សួរ​ហាស សារ៉េត ទៅ​ប្រមូល​បាត​អាង​អី​ទៀត បើ​បាត​អាង​សល់​ទឹក ៧០ ម៉ែត្រ។ វា​មិនមែន​សម្អាត​បាត​អាង វា​ទៅ​កាប់​ឈើ​នៅ​អី​ណា​ណី ថា​សំអាត​បាត​អាង។ វារីអគ្គិសនី​ធ្វើ​យូរហើយ នៅតែ​សំអាត​បាត​អាង​មិនទាន់​ចប់»

ពលរដ្ឋ និង មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​តំបន់​ឆ្ងាយ រួច​បន្លំ​ចូល​បាត​អាង​បាន​កើតមាន​ឡើងជា​ប្រព័ន្ធ​ច្រើន​ឆ្នាំ​មក​ហើយ នៅ​ពុំ​ទាន់​មាន​ស្ថាប័ន​ជាតិ​ណាមួយ​បង្ហាញ​ជំហរ​ច្បាស់លាស់​ស៊ើបអង្កេត ឲ្យ​មានការ​ទទួលខុសត្រូវ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "“បទល្មើស​ព្រៃឈើ​លើ​ខ្នង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅតែ​កើតមាន​ច្រើន”"

  1. Sam says:

    Who would have said Cambodia is weak? Look at this pix, Cambodia does possess big missiles loaded on trucks ready to shoot into VN.

Leave a Reply

Submit Comment