“២ធ្នូ​ជា​ថ្ងៃ​ចាប់ផ្ដើម​ចលនា​ខ្មែរក្រហម​ថ្មី​ផ្ដួល​រំលំ​ខ្មែរក្រហម​ចាស់​ដែល​វៀតណាម​បន្តុប​ដូចគ្នា”

ដោយ យន់ សាមៀន
2018-12-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​របប​ក្រុង​ភ្នំពេញ ចូលរួម​អបអរ​ខួប ៤០​ឆ្នាំ រណសិរ្ស ២​ធ្នូ ស្ថិត​នៅ​ក្នុង​ភូមិ​ជើងឃ្លូ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ Photo Courtesy of Fresh News
លោក ហេង សំរិន ប្រធាន​រដ្ឋសភា​របប​ក្រុង​ភ្នំពេញ ចូលរួម​អបអរ​ខួប ៤០​ឆ្នាំ រណសិរ្ស ២​ធ្នូ ស្ថិត​នៅ​ក្នុង​ភូមិ​ជើងឃ្លូ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ Photo Courtesy of Fresh News


មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកស្រាវជ្រាវ​នយោបាយ​ចាត់​ទុកថា ២​ធ្នូ ជា​ថ្ងៃ​ចាប់ផ្ដើម​ចលនា​ខ្មែរក្រហម​ថ្មី ផ្ដួល​រំលំ​ខ្មែរក្រហម​ចាស់ ដោយមាន​ការ​លើក​បន្តុប ពី​កងទ័ព​វៀតណាម​ដូចគ្នា។ ការ​អះអាង​នេះ ដោយសារតែ​មេដឹកនាំ​គណបក្ស​កាន់អំណាច ផ្ដាំផ្ញើ​ឲ្យ​យុវជន​ថែរក្សា​មរតក ថ្ងៃ​២ ធ្នូ។

ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​មេដឹកនាំ​មួយ​រូប នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​មាតុភូមិ​កម្ពុជា លោក ហេង សំរិន ប្រាប់​ក្រុម​យុវជន ដែល​ចូលរួម​ព្រឹត្តិការណ៍​៤០​គីឡូម៉ែត្រ របស់​កូនប្រុស​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន ម៉ានី ថា ទឹកដី​ឃុំ​២​ធ្នូ នៃ​ខេត្ត​ក្រចេះ កាលពី​៤០​ឆ្នាំមុន​ជា​កន្លែង​ដែល លោក និង​ឥស្សរជន​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ទៀត បាន​បង្កើត​នូវ រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា នា​ថ្ងៃ ២​ធ្នូ ១៩៧៨ ដើម្បី​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួល​បាន​ជ័យជំនះ​ទាំងស្រុង នា​ថ្ងៃ ៧ មករា ១៩៧៩ រួច​នាំគ្នា​កសាង និង​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា។

លោក ហេង សំរិន លើកឡើង​តាម​ហ្វេសប៊ុក ថា ពេលនេះ តំបន់ ២​ធ្នូ ក្លាយ​ជា​តំបន់​អភិវឌ្ឍន៍ កសិ​ឧស្សាហកម្ម ដែល​ពលរដ្ឋ​រស់នៅ​ដោយ​សន្តិភាព រយៈពេល​៤០​ឆ្នាំ ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩។ លោក ហេង សំរិន អះអាង​ទៀត​ថា គណបក្ស​កាន់អំណាច បាន​ខិតខំ​តស៊ូ​ខ្លាំង​ណាស់​ក្នុង​ការ​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ពលរដ្ឋ។ ដូច្នេះ លោក​អំពាវនាវ​ឲ្យ យុវជន​រួម​សាមគ្គី ថែរក្សា​សុខ​សន្តិភាព ដែល​ក្រុម​រណសិរ្ស​ទទួល​បាន​មក​ដោយ​លំបាក ឲ្យ​បាន​គង់វង្ស​រហូត​ទៅ ដើម្បី​ប្រទេសជាតិ​ទទួល​បាន​ការ​អភិវឌ្ឍ​បន្ត​ទៀត។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ដ ចាត់​ទុក​ការ​ថ្លែង​បែបនេះ ជា​ការ​ពង្វក់​កូន​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​ដឹងគុណ​វៀតណាម គ្មាន​ថ្ងៃ​ភ្លេច។ លោក ហ៊ីង សុខសាន្ដ អះអាង​ថា ថ្ងៃ ២​ធ្នូ ជា​ការ​ចាប់ផ្ដើម​នៃ​ចលនា​ក្រុម​ខ្មែរ​ក្រហម​ថ្មី វាយ​ផ្ដួល​រំលំ​ក្រុម​ខ្មែរ​ក្រហម​ចាស់ ដោយ​ត្រូវ​បាន​លើក​បន្តុប ដោយ​ប្រទេស​វៀតណាម​ដូចគ្នា។ លោក ហ៊ីង សុខសាន្ដ បញ្ជាក់​ថា មូលហេតុ ដែល​វៀតណាម ជួយ​ក្រុម​ខ្មែរ​ក្រហម​ថ្មី ក្រោយ​ពេល លោក ហ៊ុន សែន រត់​ទៅ​ពឹង​វៀតណាម ដោយសារ ក្រុម​ខ្មែរ​ក្រហម​ចាស់ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ងាក​ទៅ​ចិន បំភ្លេច​គុណ​វៀតណាម៖ «ប្រទេស​យួន​ហ្នឹង ជ្រើសរើស​ក្រុម​ខ្មែរ​ក្រហម​ថ្មី ដើម្បី​មក​ផ្ដួល​ខ្មែរក្រហម​ចាស់ ដែល​ក្បត់​យួន​…. យួន​មក​រំដោះ​យើង​ចុះ ឧទាហរណ៍​ណា ក៏​ប៉ុន្ដែ​យួន​ក៏បាន​បំផ្លិចបំផ្លាញ​ស្រុក​យើង​ច្រើន​ដែរ។ កាប់​ព្រៃឈើ ឲ្យ​យើង​(​ខ្មែរ​)​ត្រូវ​គ្រាប់ សម័យ ក​៥ យក​ទ្រព្យសម្បត្តិ​យើង ដែល​សល់​ពី​ខ្មែរក្រហម ហៅថា ជ័យភណ្ឌ នោះ យក​ទៅ​កសាង​ស្រុក​គេ (​ប្រទេស​វៀតណាម​)​ច្រើន​ណាស់ ហើយ​ម្ភៃ សាប​សិប​ឆ្នាំ​ហើយ យើង​នៅ​ចាត់​ទុក​គេ ជា​អ្នកមានគុណ​ដល់​ទៅ​ណា​ទៀត។ មិន​ត្រឹមតែ​ប៉ិន​ហ្នឹង យើង​ពង្វក់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​ទទួល​ការ​ដឹងគុណ កូនចៅ​យួន​ជំនាន់​នេះ តទៅទៀត ឬ​យ៉ាង​ម៉េច? អ៊ីចឹង​វា​មិន​ឡូហ្សិក (Logic)។ វា​ចាស់​គំរិល​ហើយ​។ ដូច្នេះ​ខ្ញុំ​គិត​ថា គួរតែ​បញ្ឈប់​ទៅ»

ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨ ដល់​ថ្ងៃ ២​ធ្នូ ឆ្នាំ​២០១៨ ជា​ខួប​ទី​៤០​ឆ្នាំ នៃ​ការ​ចាប់ផ្ដើម​ចលនា​វាយ​បណ្ដេញ​កងទ័ព​ខ្មែរក្រហម របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ចលនា​រណសិរ្ស​រំដោះ​ជាតិ​នោះ គាំទ្រ​ដោយ​កងទ័ព​វៀតណាម បាន​ទទួល​ជ័យជម្នះ នៅ​ថ្ងៃ​ទី​៧ មករា​១៩៧៩។ គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ប្រារព្ធ​ទិវា រម្លឹក​ខួប​នេះ ជា​រៀងរាល់​ឆ្នាំ មិនដែល​ខកខាន​ទេ និង​ចាត់​ទុក ថ្ងៃ​២​ធ្នូ ជា​ថ្ងៃ​ចាប់ផ្ដើម​ដ៏​អស្ចារ្យ ក្នុង​ការ​ផ្ដួល​រំលំ របប ប៉ុល ពត។

អ្នកស្រាវជ្រាវ និង​វិភាគ​នយោបាយ លោក គឹម សុខ យល់ថា ប្រវត្តិសាស្ត្រ ថ្ងៃ​២​ធ្នូ និង​ថ្ងៃ​៧ មករា គួរតែ​នាំគ្នា​បំភ្លេច​ចោល ព្រោះ​គេ​ដឹង​ជាទូទៅ​ថា ជា​យុទ្ធសាស្ត្រ​វៀតណាម បង្កើត​ក្រុម​ខ្មែរ​មួយ​ក្រុម បូក​នឹង​ជំនាញការ​វៀតណាម ដើម្បី​បំផ្លាញ​និង​ឈ្លានពាន​កម្ពុជា​តែប៉ុណ្ណោះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានទេ កាលពី​ថ្ងៃទី១ ធ្នូ ដោយសារ លោក​ចុច​បិទ​ពេល​ទូរស័ព្ទ​ចូល។ ប៉ុន្តែ​ទោះ​យ៉ាងណា កន្លងមក លោក សុខ ឥសាន តែង​លើកឡើង ដូច​មេដឹកនាំ​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ ដទៃ​ទៀត​ដែរ​ដែល​ថា ថ្ងៃ​២​ធ្នូ ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​ចលនា​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។ កាលពី​ឆ្នាំ​២០១៣ សមាជិក​រដ្ឋសភា ខាង​គណបក្ស​កាន់អំណាច បាន​អនុម័ត​ច្បាប់​មួយ ដើម្បី​ផ្ដន្ទាទោស អ្នក​មិន​ទទួលស្គាល់​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី មើល​ឃើញ​ថា ដរាបណា ភាគី​ខ្មែរ​គ្រប់​ភាគី មិនទាន់​ឯកភាព​គ្នា ប្រជាពលរដ្ឋ​នឹង​ពិបាក​ទទួលយក​ថ្ងៃ​២​ធ្នូ៖ «ពេលនេះ សម្រាប់​ខ្ញុំ ខ្ញុំ​មិន​រិះគន់​ទៅដល់​ការ​ប្រារព្ធ​អ្វី​ទេ អាហ្នឹង​វា​ជា​សិទ្ធិ​របស់​គណបក្ស​នីមួយៗ​។ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​មិញ គេ​ត្រូវតែ​ប្រារព្ធ​នូវ​គុណូបការៈ របស់​គេ ពី​មុនៗ​មក​។ ប៉ុន្តែ ប្រសិនបើ​រឿង​ហ្នឹង ធ្វើ​ដើម្បី​បំណង​ចង់​យក​ផលប្រយោជន៍​នយោបាយ​អ្វី ដូច​មិន​មាន​ឥទ្ធិពល​អ្វី​ប៉ុន្មាន​ទេ។ លើកលែងតែ​ក្នុង​ក្រុម​យុវជន ដែល​ជា​ឈាម​ថ្មី​របស់​គណបក្ស (​កាន់អំណាច​) អី​ទៅ ក្រែង​លោ​ថា គេ​ជឿ​តាម​ត្រកូល តាម​អី ប៉ុន្តែ ថា ឲ្យ​មាន​ប្រសិទ្ធភាព​ទ្រង់ទ្រាយ​ធំ សម្រាប់​យុវជន ឬ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ខ្ញុំ​គិត​ថា មិនសូវ​មានអី​ប៉ុន្មាន​ទេ»

លោក ហ៊ីង សុខសាន្ដ ចង់​ឲ្យ​របប​ក្រុងភ្នំពេញ បញ្ឈប់​ការ​យក​ព្រឹត្តិការណ៍ មក​ពង្វក់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​គ្រាន់តែ​ចង់​កេង​ចំណេញ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "“២ធ្នូ​ជា​ថ្ងៃ​ចាប់ផ្ដើម​ចលនា​ខ្មែរក្រហម​ថ្មី​ផ្ដួល​រំលំ​ខ្មែរក្រហម​ចាស់​ដែល​វៀតណាម​បន្តុប​ដូចគ្នា”"

  1. Anonymous says:

    sorry……. Cambodian if you let this group of highly educate jungle fighter to continuous leading this poor nation Cambodia will be end soon.

Leave a Reply

Submit Comment