គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួប ៤០ឆ្នាំ រំលឹក​ព្រឹត្តិការណ៍​ថ្ងៃ​បង្កើត​ចលនា​រណសិរ្ស ២ ធ្នូ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ

ដោយ ទីន ហ្សាការីយ៉ា
2018-12-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី ៤០ រំលឹក​ថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា ២ ធ្នូ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។ រូប៖ រដ្ឋបាល​សាលា​ខេត្ត​ត្បូង​ឃ្មុំ
គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី ៤០ រំលឹក​ថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា ២ ធ្នូ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។ រូប៖ រដ្ឋបាល​សាលា​ខេត្ត​ត្បូង​ឃ្មុំ


លោក ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា បាន​ដឹកនាំ​សមាជិក​​គណបក្ស​​កាន់​​អំណាច និង​មន្ត្រីរាជការ ទៅ​ប្រារព្ធខួបទី ៤០ឆ្នាំ នៃ​ថ្ងៃ​បង្កើត​​​​ចលនា​រណសិរ្ស​សង្គ្រោះមាតុភូមិ​កម្ពុជា នៅ​​វិមាន​​អនុស្សាវរីយ៍ ២ធ្នូ នៅ​​ឃុំ ២ធ្នូ ស្រុក​​ស្នួល ខេត្ត​​ក្រចេះ

មន្ត្រី​គណបក្ស​ប្រឆាំង ចាត់​ទុក​ថ្ងៃ ២ ​ធ្នូ​ថា ជា​ថ្ងៃ​ដែល​មហា​អំណាច​​កុម្មុយនិស្ត​ចិន និង​វៀតណាម បំផ្លាញកម្ពុជា មិន​មែន​ជា​ថ្ងៃ​ជួយ​សង្គ្រោះ​ពលរដ្ឋ​កម្ពុជា​ឡើយ។

តំណាងរាស្ត្រ​ជាប់​ឆ្នោត​​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក ហ៊ុន សែន រំលាយចោល​នោះ គឺ​លោក អ៊ូ ច័ន្ទរ័ត្ន អបអរសាទរ​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ក្រុម​អ្នកនយោបាយ​មួយ​ក្រុម ប៉ុន្ដែ​​លោក​ថា គួរ​សិក្សា​ឡើង​វិញ​ថា ២ ធ្នូ ដែល​​​ចិន និង​វៀតណាម បង្កើត​ឡើង ដើម្បី​​​បំផ្លាញខ្មែរ ហើយ​ការ​បំផ្លាញ​នេះ​​បន្សល់​មក​ដល់​បច្ចុប្បន្ន៖ «តែ​អា​ការ​ពិត​មួយ​ទៀត​នោះ អាការ​ពិត​ពី​ក្រោយ​ការពិត​ហ្នឹង​ជា​ស្អី? អ្នក​ណា​គេ​មែន​ទែន អ្នកបង្កើត​ឲ្យ​មាន​ការ​កាប់​សម្លាប់? សម្រាប់​​ខ្ញុំ ខ្ញុំថា​ ដោយសារ​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន មិន​បាន​ធ្វើអ្វី​បំផ្លាញ​ជាតិ​ទេប៉ុន្ដែ​នយោបាយ​យើង នៅក្រោយ​នយោបាយ​របស់​គេ នៅ​ក្រោម​កល​ល្បិច​របស់គេ ហើយយើងចេះតែនាំគ្នាគិតថា ខ្លួនជាអ្នក​ស្រឡាញ់​ជាតិ ជាអ្នកការពារជាតិ ហើយកំទេចក្រុមគ្នាឯង ដែលគេប្រាប់ថា ជា​ក្រុម​អាក្រក់ ក្រុម​​ហ្នឹង​​បំផ្លាញ​ជាតិ កំទេចក្រុម​ហ្នឹង​ទៅ ចាត់​ទុក​ខ្លួនឯងជា​អ្នកស្នេហាជាតិ​អ៊ីចឹង​ទៅ»

លោក ហេង សំរិន អតីត​មេដឹកនាំ​ចលនា​រណសិរ្ស​សង្គ្រោះ​មាតុភូមិ​កម្ពុជា នៅ​តែ​បន្ដ​អំពាវនាវ​ឲ្យ​អ្នក​​បន្ដ​​វេន​ដឹក​នាំ​ប្រទេស​កម្ពុជា និង​យុវជនជំនាន់ក្រោយ ត្រូវ​តែ​ចង់ចាំ​មរតក​រណសិរ្ស ២ធ្នូ ដែល ក្រុម​គណបក្ស​កាន់អំណាច ហៅថា ជាគ្រឹះនៃអ្វីៗ គ្រប់​យ៉ាង សម្រាប់​កម្ពុជា​បច្ចុប្បន្ន។

នៅ​ចំពោះ​មុខ​តំណាង​គ​ណ​ប្រតិភូ​ប្រទេស​វៀតណាម ដែល​ចូលរួម​មិទ្ទិញ​រំលឹក​ខួប ៤០ឆ្នាំ នៃ​ព្រឹត្តិការណ៍ ២ ធ្នូ ១៩៧៨ លោក ហេង សំរិន ក៏​លើក​​ឡើង​​ពី​​ការ​ប្ដេជ្ញាដឹង​​គុណ​​​រណសិរ្ស និង​​កងទ័ព​​វៀតណាម ដែល​បានជួយរំដោះប្រជាជនខ្មែរ ដោយ​ស្ម័គ្រ​ចិត្ត« (ឥស្សរជន​បក្ស​ប្រជាជន​កម្ពុជា) ដែល​នៅ​សេសសល់​ពី​ការ​​កាប់​​សម្លាប់​​នៃ​របប​ប៉ុលពត បាន​ក្រោក​ឈរ​តស៊ូ​ប្រកប​​ដោយ​​វីរភាព​​អង់​អាច​​ក្លាហាន ប្រឆាំង​​នឹង​​របប​​នេះ ហើយ​រួម​គ្នា​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨។ ជា​ប្រវត្តិសាស្ត្រ មិន​មែន​ជា​ការ​និពន្ធ​ទេ ប៉ុន្ដែ​​ជា​​អ្វីៗ ដែល​​មាន​​ពិត មិន​​អាច​​ប្រកែក​​បាន​ឡើយ»

ថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ដល់​ថ្ងៃ ២ ធ្នូ ឆ្នាំ ២០១៨ ជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី ៤០ ដែល​គណបក្ស​កាន់​អំណាច​អះអាង​ថា ជា​ការ​ចាប់​ផ្ដើម​ចលនា​វាយ​បណ្ដេញ​ខ្មែរក្រហម​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ចលនា​រណសិរ្ស​រំដោះ​ជាតិ​នោះ គាំទ្រ​ដោយ​វៀតណាម បាន​ទទួល​ជ័យជម្នះ​ នៅ​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ១៩៧៩។ គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​ប្រារព្ធ​ទិវា​រម្លឹក​ខួប​នេះ ជា​រៀងរាល់​ឆ្នាំ មិនដែល​ខកខាន​ទេ និង​ចាត់​ទុក ថ្ងៃ​ទី២ ធ្នូ ជា​ថ្ងៃ​ចាប់​ផ្ដើម​ដ៏​អស្ចារ្យ ក្នុង​ការ​ផ្ដួល​រំលំ​​ខ្មែរក្រហម ទោះ​បី​ជា​អ្នក​ប្រវត្តិសាស្ត្រ​ខ្លះ​ចាត់​ទុក​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ធ្វើ​ឲ្យ​វៀតណាម​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​ទៅ​វិញ​ក្ដី

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ស្រាវជ្រាវ​​​ផ្នែក​អភិវឌ្ឍន៍​សង្គម​វិញ ចាត់​ទុក​ថា ២​ធ្នូ ជា​ថ្ងៃ​​ចាប់​ផ្ដើម​​ចលនា​​​ខ្មែរ​ក្រហម​​ថ្មី ផ្ដួល​​រំលំ​​ខ្មែរក្រហម​​ចាស់ ដោយ​មាន​​ការ​លើក​​បន្តុប​ពី​​កងទ័ព​​វៀតណាម​​ដូច​គ្នា​ ហើយការ​ចាត់​បញ្ជូលទិវានេះ ជា​ទិវា​ជាតិ ប្រើប្រាស់​​ថវិកា​​ជាតិ​សម្រាប់​​ប្រារព្ធ ជា​​​រឿង​​​មិន​​​ត្រឹម​ត្រូវ​​​ឡើយ ព្រោះ​ព្រឹត្តិការណ៍​​​នេះ មិន​​​ទទួល​​បាន​​ឯកភាព​​​ជាតិ​​​ទេ

អ្នកស្រាវជា្រវការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី សង្គេតឃើញថា ៤០ឆ្នាំ​មកនេះ គណបក្ស​កាន់​អំណាច បាន​បាត់​បង់​ប្រជាប្រិយភាព​ខ្លាំង ចាប់ពីឆ្នាំ២០១៣ មក ហើយចាប់ពីពេល​នោះ​មក គណបក្ស​នេះ ហាក់​បាន​បង្កើន​គុណសម្បត្តិ​ចលនា ២ធ្នូ និង ៧ មករា ខ្លាំង ដល់​យុវជន​ជំនាន់​ក្រោយ។ ប៉ុន្ដែ​ទិដ្ឋភាព​នេះ អាច​​​មិន​​ទទួល​ការ​ស្វាគមន៍​ពី​យុវជន​ជំនាន់​ក្រោយ​ទេ

ចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើនវិញ បណ្ឌិត មាស នី យល់ថា បើធៀបនឹងឆ្នាំសូន្យ គឺ​ឈ្នះ ប៉ុន្ដែ​​បើ​​ធៀប​​នឹង​​រយៈ​ពេល​ដូច​គ្នា ប្រទេស​​ជិត​​ខាង​កម្ពុជា ប្រើ​ពេល​​មិន​​ដល់ ៤០ឆ្នាំ​ទេ គេ​អាច​ធ្វើឲ្យ​ពលរដ្ឋ មានភាពរីកចម្រើនខ្លាំងជាងកម្ពុជា«បើ​យើង​រត់​ចេញ​ពី​ទី​សូន្យ កន្លះ​ក៏​ឈ្នះ មួយ​ក៏​​ឈ្នះ។ ក៏​ប៉ុន្ដែ​បើ​យើង​ប្រៀបធៀប​​ជាមួយ​ប្រទេស​ជិត​ខាង សម្រាប់រយៈពេល ៤០ឆ្នាំ ៣០ឆ្នាំជាងនេះ យើង​នៅតែជាប្រទេស​មួយ ដែល​ក្រ​ជាង​គេ ក្នុង​តំបន់​អាស៊ាន។ នេះ​យើង​ឃើញ​ច្បាស់​នៅ​ក្នុងទិដ្ឋ​ន័យ​​ដែល​បង្ហាញ​មក។ យើងមិនអាច​ទាន់​ប្រណាំង​ប្រជែង​នឹង​គេ​បាន​ទេ។ បើយើងប្រៀបធៀបនឹង​ប្រទេសសាំងហ្គាពួរ ដែល​អ្នក​ដឹក​នាំ​​គេ​​មាន​សមត្ថភាព​គ្រប់គ្រាន់ គេ​​ដឹក​នាំ​ប្រទេសគេតែជាង ២០ឆ្នាំ សាំងហ្កាពួរ បានកើនឡើងមានប្រាក់ចំណូល ៤ ទៅ ៥ពាន់​ដុល្លារ ប្រទេស​​គេសម្រាប់​យើង​​​វិញ ៣០​ឆ្នាំ​ក្រោយ​មក គឺ​យើង​បាន​ឡើង​មក​ត្រឹម​ជាង ១ពាន់​​ដុល្លារ​​ទេ»

​រណសិរ្ស​សង្គ្រោះ​មាតុភូមិ​កម្ពុជា បាន​ចាប់​កំណើត​នៅ​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ ១៩៧៨ នៅ​ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ លោក ហេង សំរិន និយាយ​ថា រណសិរ្ស​នេះ​ជា​ចលនា​ដំបូង​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ប្រមូលផ្ដុំ​កម្លាំង​វាយ​ពួក​ខ្មែរក្រហម ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​កងទ័ព​វៀតណាម

លោក អ៊ូ ច័ន្ទរ័ត្ន បន្ដថា ៤០ឆ្នាំ​មក​នេះ កម្ពុជា​វិវឌ្ឍ​គួរឲ្យ​កត់​សម្គាល់ក្រោយ​ឆ្នាំ១៩៨០ របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា​រង​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច នៅ​ដំណាក់កាល​ឆ្នាំ១៩៩៧ កម្ពុជាមានវិបត្តិរដ្ឋប្រហារ និង​ព្រឹត្តិការណ៍​រំលាយ​គណបក្ស​ប្រឆាំង​ថ្មីៗ នេះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួប ៤០ឆ្នាំ រំលឹក​ព្រឹត្តិការណ៍​ថ្ងៃ​បង្កើត​ចលនា​រណសិរ្ស ២ ធ្នូ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ"

  1. Anonymous says:

    all Cambodian should learn any thing that is black or red will never good for our nation. GOD bless Cambodia

Leave a Reply

Submit Comment