ពលរដ្ឋ និង​អ្នកវិភាគ​ថា មេដឹកនាំ​របប​ក្រុង​ភ្នំពេញ មិន​ខុស​ពី​គីង្គក់​ថ្នាំ​ស្រែង​ទេ រឿង​អួត​ថា រំដោះ​កម្ពុជា​ឲ្យ​មាន​សន្តិភាព និង​ការអភិវឌ្ឍ

ដោយ មួង ណារ៉េត
2018-12-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន (ឆ្វេង) ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៦៤ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Brach Chev
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន (ឆ្វេង) ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៦៤ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Brach Chev


ប្រជាពលរដ្ឋ និងអ្នកវិភាគ មើល​ឃើញ​ថា ការ​ដែល​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ នាំ​គ្នា​អួត​ថា ពួក​គេ​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ និង​ស្តារ​កម្ពុជា​ឲ្យ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​ខុស​ពី​គីង្គក់​ខំ​ពពាយនាយ​លក់​ថ្នាំ​ស្រែក​នោះ​ទេការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក ហេង សំរិន មេ​ដឹក​នាំ​ទី២ នៃ​របប​ក្រុង​ភ្នំពេញ ផ្តាំ​ផ្ញើ​ប្រជា​ពលរដ្ឋ​ថា ត្រូវ​ចងចាំ​រណសិរ្ស ២ ធ្នូ និង​រក្សា​ឲ្យ​បាន នូវ​មរតក​សន្តិភាព ដែល​អ្នក​ជំនាន់​មុន​រក​មក​បាន​ដោយ​លំបាក។

ប្រជាពលរដ្ឋ និង​អ្នកវិភាគ សម្តែង​ការ​សោកស្តាយ និង​ហួស​ចិត្ត ដែល​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ចេះ​តែ​អួត​ខុស​ពី​ការ​ពិត ដោយសារ​តែ​ចង់​ចំណេញ​នយោបាយ និង​ចង់​បំភ័ន្ត​មតិ​ប្រជាជន​របស់​ខ្លួន ស្រប​ពេល​កម្ពុជា ពុំ​ទាន់​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ត្រឹម​ត្រូវ​ពិត​ប្រាកដ​នៅ​ឡើយ

ប្រជាពលរដ្ឋមួយរូបរស់នៅខេត្តព្រៃវែង លោក សុភាព មេត្រី លើក​ឡើង​ថា អ្វី​ដែល​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ កំពុង​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ភាព​អវិជ្ជមាន​ច្រើន និង​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់ បង់​តម្លៃ​ខ្លាំង ទោះ​បី​ជា​ពួក​គាត់​ខំ​រម្លឹក​អំពី​ការ​លះ​បង់​ខ្លះ​កាល​ពី​អតីកាល​ក៏​ដោយ

លោក​បន្តថា របប​ក្រុង​ភ្នំពេញ បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ទាំង​ស្រុង ដើម្បី តែ​អំណាច​ផ្ទាល់​ខ្លួន ហើយ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដល់​ឆ្អឹង បណ្តោយ​ឲ្យ​ជនជាតិ​ចិន និងវៀតណាម រស់​នៅ​ខុស​ច្បាប់ និង​បង្ក​ភាព​អនាធិបតេយ្យ និង​អសន្តិសុខ​ពេញ​ប្រទេសលើស​ពី​នេះ របប​ក្រុង​ភ្នំពេញ ហាក់​មិន​ខ្វាយខ្វល់​អំពី​ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​បូរណភាព​ទឹក​នោះ​ទេកាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​តែ​ក្រីក្រ ហើយ​នាំ​គ្នា​ចំណាក់​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​បន្ទាប់៖ «»

រីឯយុវជនមួយរូប​ទៀត លោក វន់ ចាន់ឡូត រៀបរាប់​ថាការ​បក​ស្រាយ​អំពី​ប្រវត្តិ​ចលនា​រណសិរ្ស​ ២​ ធ្នូ​ឆ្នាំ​១៩៧៨ របស់​ក្រុម​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ គឺ​មិន​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ព្រោះ​មិន​មាន​ការ​សរសេរ និង​ការ​បក​ស្រាយ​ពី​ក្រុម​មនុស្ស​ឯករាជ្យទោះ​យ៉ាង​ណា​ក្តី លោក​ទទួល​ស្គាល់​ថា ក្រុម​មេ​ដឹក​នាំ​ទាំង​នោះ ក៏​មាន​គុណ​តម្លៃ​ខ្លះ​សម្រាប់​កម្ពុជា​កាល​ពី​អតីតកាល​ដែរ ប៉ុន្តែ​ការ​កសាង​កំហុស​របស់​ពួក​គាត់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​តម្លៃ​ទៅ​វិញ

យុវជន​រូប​នេះ មើល​ឃើញ​ថា កំហុស​ធំៗ របស់​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ គឺ​ការ​ធ្វើ​ឲ្យ​បែក​តាម​ជាតិ​តាម រយៈ​ការ​ជម្លោះ រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើ ឲ្យ​អំណាច​សំខាន់ៗ ទាំង៣ គឺ​អំណាច​នីតិបញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ គ្មាន​ភាព​ឯករាជ្យ និង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​គណបក្ស​កាន់​អំណាច៖ «»

ការលើកឡើងនេះ បន្ទាប់ពីប្រធានរដ្ឋសភា​នៃ​របប​ក្រុង​ភ្នំពេញ គឺ​លោក ហេង សំរិន លើក​ឡើង​ថា ទម្រាំ​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដែល​កើត​មាន​ដូច​ពេល​នេះ គឺ​ក្រុម​លោក​បាន​ឆ្លង​កាត់​អស់​រាប់​ទសវត្សរ៍​នូវ​រឿងរ៉ាវ​មហា​ទុក្ខ​សោក​វេទនា​ជា​ទី​បំផុត

ថ្លែងក្នុងពិធីប្រារព្ធ​មិទ្ទីញ​មហា​ជន​អបអរ​សាទរ​ខួប ៤០ឆ្នាំ នៃ​ថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ នៅ​វិមាន​អនុស្សាវរីយ៍​រណសិរ្ស ២ ធ្នូ ខេត្ត​ក្រចេះ លោក ហេង សំរិន បន្ត​ថា សព្វ​ថ្ងៃ​នេះ បើ​ទោះ​ជា​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ គឺ​របប​ក្រុង​ភ្នំពេញ មិន​អាច​ទុក​ឱកាស​ឱ្យ​ក្រុម​មួយ ដែល​លោក​ហៅ​ថា ក្រុម​ប្រតិកិរិយា​បំផ្លិចបំផ្លាញ​សមិទ្ធផល​ទាំង​ឡាយ ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក​ឡើយលោកអំពាវនាវ​ឲ្យ​យុវជន​ជំនាន់​ក្រោយត្រូវ​តែ​ចងចាំ​ឲ្យ​បាន​នូវ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ និង​ត្រូវ​តែ​ប្រឹងប្រែង​រក្សា​ឲ្យ​បាន​នូវ​មរតក​សន្តិភាព ដែល​អ្នក​ជំនាន់​មុន​បាន ប្រឹងប្រែង​រក​មក​បាន​ដោយ​លំបាក​នេះ៖ «»

យុវជន វន់ ចាន់ឡូត លើក​ឡើង​ថា ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅលើ​វិស័យ​ខ្លះ និង​មាន​សេរីភាព​ដើរ​ហើរ​ទៅ​ណា​មក​ណា​ ព្រម​ទាំង​លែង​មាន​សង្គ្រាម​ស៊ីវិល​ទៀត​ហើយ​ក្តី ប៉ុន្តែ​មិន​មាន​ន័យ​ថា កម្ពុជា​មាន​ការ​អភិវឌ្ឍ​ត្រឹម​ត្រូវ និង​មាន​សន្តិភាព​ពិត​ប្រាកដ​នោះ​ទេលោក​ថា ដើម្បី​ឲ្យ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជឿនលឿន​ពិត​ប្រាកដ លុះ​ត្រា​តែ​របប​សព្វថ្ងៃ ធ្វើ​ឲ្យ​ក្តី​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​សម្រេច​បានដូច​ជា​មាន​ភាព​សុខដុម​រមនា​ក្នុង​ចំណោម​ពលរដ្ឋ​ ជា​ពិសេស​ភាព​សុខដុម​រមនា​រវាង​អ្នក​នយោបាយ​តែ​ម្តង៖«»

ជាញឹកញ៉ាប់ លោក ហ៊ុន សែន តែង​តែ​សារភាព​ជា​សាធារណៈ​ថា លោក​សោក​ស្តាយ​ដែល​មិន​បាន សម្លាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​គំនិត​ប្រឆាំង​រូប​លោក។ ទន្ទឹមគ្នានេះ លោក​នឹង​មិន​ឲ្យ​បាតុកម្ម​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដូច​កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ទៀត​ឡើយ។

អ្នកវិភាគវ័យក្មេង លោក ប៉ុង ដែត លើក​ឡើង​ថា អ្វី​ដែល​លោក ហេង សំរិន និង​មេ​ដឹក​នាំ​នៃ​របប​ក្រុង​ភ្នំពេញ​ដទៃ​ទៀត ខំ​អួត​ពី​សមទ្ធផល​ក្រោយ​ថ្ងៃ ២ ធ្នូរ និង​អួតអាង​ពី​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​នោះ គឺ​មិន​ខុស​ពី​គីង្គក់​ដើរ​ពពាយនាយ​លក់​ថ្នាំ​ស្រែង​នោះ​ទេលោក​បន្ត​ថា ប្រជា​ពលរដ្ឋ​សុទ្ធ​តែ​មើល​ឃើញ​ថា កម្ពុជា​គ្មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​ពិត​ប្រាកដ​នោះ​ទេ ហើយ​គណបក្ស​កាន់​អំណាច បាន​ធ្វើ​អ្វីៗ ដើម្បី​តែ​អំណាច​បក្ខ​ពួក​ខ្លួន និង​បាន​ទាញ​ឲ្យ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​ភាព​អាប់អួរ​ជា​ថ្មី ដោយសារ​តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បំពាន​ច្បាប់​ចាប់ មេ​បក្ស​ប្រឆាំង​ដាក់​គុក និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ស្ទើរ​គ្រប់​ទី​កន្លែង ព្រមទាំង​បន្សល់​ទុក​បញ្ហា​រាំរ៉ៃ​ជា​ច្រើន​នៅ​ក្នុង​សង្គម៖ «»

អ្នកវិភាគ​នយោបាយ​ឯករាជ្យ តែងតែ​លើក​ឡើង​ថា ប្រវត្តិសាស្ត្រ​ថ្ងៃ ២ ធ្នូ និង​ថ្ងៃ ៧ មករា គួរ​តែ​នាំ គ្នា​បំភ្លេច​ចោល ព្រោះ​គេ​ដឹង​ជា​ទូទៅ​ថា ជា​យុទ្ធសាស្ត្រ​វៀតណាម​បង្កើត​ក្រុម​ខ្មែរ​មួយ​ក្រុម​បូក​នឹង​អ្នក​ជំនាញ ការ​វៀតណាម ដើម្បី​បំផ្លាញ និង​ឈ្លានពាន​កម្ពុជា

អ្នកវិភាគ និង​ប្រជា​ពលរដ្ឋ​យល់​ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ចងចាំ​ការ​លះបង់​របស់​ពួក​គាត់​នោះ គឺ​ពួក​គាត់​គួរ​តែ​ធ្វើ​ខ្លួន​ឲ្យ​ស្មោះត្រង់​នឹង​ជាតិ​ពិត​ប្រាកដ ឈប់​ប្រើ​ភាសា​ប្រមាថ​អាយុ​ជីវិត​ប្រជា​ពលដ្ឋ​ខ្មែរ ហើយ​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ពង្រឹង​ប្រព័ន្ធ យុត្តិធម៌​ឲ្យ​ត្រឹមត្រូវ លុប​បំបាត់​អំពើ​ពុក​រលួយ ការពារ​បូរណភាព​ទឹក​ដី​ឲ្យ​បាន​រឹងមាំ និង​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ជា​ដើម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment