រដ្ឋាភិបាល​អះអាង​ថា​កំពុង​ស្វែក​រក​វិធាន​ផ្លូវ​ច្បាប់​ឱ្យ​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​នយោបាយ​ឡើង​វិញ

នយោបាយ


រូបឯកសារ៖ បុរសម្នាក់ជិះម៉ូតូកាត់ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។


04 ធ្នូ 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

នៅ​ថ្ងៃ​ចន្ទ​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ប្រកាស​ថា​ ​បុគ្គល​ដែល​ជាប់​បំរាម​នយោបាយ​ ​អាច​ចាប់ផ្តើម​ធ្វើ​នយោបាយ​ឡើងវិញ​ ​និង​បើក​ទូលាយ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ ​ព្រមទាំង​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ដែល​បាន​បិទ​អាច​បន្ត​ការងារ​ឡើងវិញ​ជាដើម។

រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ប្រកាស​ពី​វិធានការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​មាន​ទាំង​ការ​ស្វែង​រក​វិធាន​ផ្លូវច្បាប់​ ​ដើម្បី​លើកលែង​ការ​ព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨នាក់។​ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

បើតាម​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​វិធានការ​នានា​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​លំហរ​នយោ​បាយ​ ​ចេញ​នៅ​ថ្ងៃទី៣​ ​ខែធ្នូ​ ​ឆ្នាំ​២០១៨​ ​ដោយ​ក្រសួង​ការបរទេស​បញ្ជាក់​ថា​ ​រដ្ឋសភា​ជាតិ​កំពុង​ពិនិត្យ​លើ​បទបញ្ញត្តិ​ច្បាប់​ផ្សេងៗ​ ​ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បំរាម​នយោបាយ​ ​អាច​ចាប់​ផ្តើម​ធ្វើ​នយោបាយ​ឡើងវិញ។

​សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

​«ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​បន្ថែម​ទៀត​ ​រដ្ឋសភា​ជាតិ​កម្ពុជា​កំពុង​សិក្សា​ពិនិត្យ​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​ ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បំរាម​នយោបាយ​អាច​ចាប់ផ្តើម​សកម្មភាព​នយោបាយ​ខ្លួន​ឡើងវិញ»។

​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​ក៏​បាន​លើកឡើង​ពី​ការ​បើកទូលាយ​នូវ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ ​សហជីព​និង​ការអនុញ្ញាត​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ដែល​បាន​បិទ​ ​ដូចជា​វិទ្យុ​អាស៊ី​សេរី​ ​និង​កាសែត​ដឹ​ខេម​បូ​ឌា​ដេលី​ជាដើម​ ​អាច​បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើងវិញ​ផង​ដែរ។

​ភ្លាមៗ​ក្រោយ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នោះ​ ​រដ្ឋសភា​ជាតិ​ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ ​ស្តី​អំពី​ការ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥ថ្មី​ ​(ស្ទួន)​ ​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដើម្បី​ផ្តល់​សិទ្ធិ​ដល់​នាយក​រដ្ឋមន្រ្តី​ស្នើ​ព្រះមហាក្សត្រ​ ​ផ្តល់​នីតិសម្បទា​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។​

​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​ថា​បាន​ឃុបឃិតជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ ​តុលាការ​កំពូល​ក៏​បាន​ព្យួរ​សិទ្ធិ​របស់​មន្រ្តី​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨នាក់​ ​ទាំង​អ្នក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥ឆ្នាំ។

​ចំណែក​ប្រធាន​គណបក្ស​នេះ​គឺ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយ​រង​ពី​បទ​ចោទ​ដូចគ្នា។​ ​បច្ចុប្បន្ន​ ​លោក​ ​កឹម សុខា​ ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​ ​ដោយ​មាន​ការ​ឃ្លាំមើល​ពី​តុលាការ​ ​ក្រោយ​លោក​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។

​លោក​ ​ផែង ហេង​ ​មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ក្រុម​មេធាវី​នឹង​ប្រាប់​លោក​ ​កឹម​ ​សុខា​ ​អំពី​សេចក្តី​ថ្លែង​ការណ៍​នេះ។

​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​បើក​ចំហ​លំ​ហរ​សេរីភាព​សង្គម​ស៊ីវិល​ ​សារព័ត៌មាន​និង​គណ​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​អស់​រយៈពេល​ជាង​៣ទសវត្សរ៍​មក​ហើយ​នោះ​ ​កំពុង​ព្យាយាម​បន្ធូរ​បន្ថយ​កម្ដៅ​នយោបាយ​ ​ខណៈ​កម្ពុជា​កំពុង​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ស្ថាប័ន​និង​ប្រទេស​លទ្ធិ​ប្រជា​ធិប​តេយ្យ​ធំៗ​មួយ​ចំនួន។​

ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មួយ​ដែល​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ ​និង​ការ​ដែល​កម្ពុជា​កំពុង​ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯកបក្ស​ ​ស្ថាប័ន​អន្តរជាតិ​ ​និង​ប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ ​បាន​រិះគន់​ ​និង​ត្រៀម​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ​ ​ការ​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ​ ​និង​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​តាម​រយៈ​ការ​ហាមឃាត់​ការ​ជួបជុំ​ ព្រមទាំង​ការ​បិទ​ស្ថាប័ន​ដែល​ធ្វើការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។​

សហភាព​អឺរ៉ុប​នៅដើម​ខែ​តុលា​នេះ​ ​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ​សហភាព​អឺរ៉ុប​ក៏​បាន​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈពេល​១២ខែ​ ​ដើម្បី​ស្តារ​ស្ថានភាព​ប្រជាធិបតេយ្យ​ឡើងវិញ​ ​មុន​នឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ដែល​ផ្ដល់​ផល​ចំណេញ​ឲ្យ​កម្ពុជា​ប្រមាណ​ជា​៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

​VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​George Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ ​មិនទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។

​លោក​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ ​គឺ​ធ្វើឡើង​ដើម្បី​បំពេញ​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ទៅ​អឺរ៉ុប។​ ​លោក​បន្ថែម​ថា​ ​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ណាមួយ​ដោយ​មិន​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​នឹង​មិន​អាច​ធ្វើ​កម្ពុជា​រួចផុត​ពី​ការ​រិះគន់​របស់​អន្តរជាតិ​នោះ​ទេ។លោក​បញ្ជាក់​ថា៖​

​«ធ្វើ​អាហ្នឹង​គឺ​ដូចជា​យើង​ចាត់​វិធានការ​រាយរង​ទេ​ ​សំខាន់​គឺ​រឿង​ដោះលែង​ ​កឹម​ ​សុខា»។

​VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទេ​ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។

​កន្លង​មក​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ ​រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ផង​ ​បាន​ប្រកាស​ថា​ ​ការ​បង្ក្រាប​គណបក្ស​ប្រឆាំង​ ​ការ​បង្រ្កាប​សង្គម​ស៊ីវិល​ ​និង​សារព័ត៌មាន​មួយ​ចំនួន​នៅមុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ​គឺ​ធ្វើឡើង​ទៅ​តាម​ច្បាប់​ ​ស្រប​តាម​ប្រទេស​នីតិរដ្ឋ។ យ៉ាងណា​ក្តី​ ​ការ​បើក​ឲ្យ​សង្គម​ស៊ីវិល​អាច​ធ្វើ​សកម្មភាព​ការងារ​បាន​ដោយសេរី​នា​ពេល​ថ្មីៗ​នេះ​ ​ត្រូវ​បាន​មន្រ្តី​រដ្ឋាភិបាល​អះអាង​ថា​ ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ៕

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​អះអាង​ថា​កំពុង​ស្វែក​រក​វិធាន​ផ្លូវ​ច្បាប់​ឱ្យ​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​នយោបាយ​ឡើង​វិញ"

  1. Anonymous says:

    just about time I’m glade if HUN SEN change his mind to be a nation lover . just our old Cambodian word said blood is thicker then the water . as we Cambodian knew nothing else can make our nation better beside Democracy . the only policy that can recue this nation from being under any nation that take advantage over this nation. I just want to see it right now in time that it still can . please do not let it go too late I knew all about those world leader they are take some patient only they can see you are going to change but if they make a final dissolution it will never come back to normal. GOD bless Cambodia

Leave a Reply

Submit Comment