លោក​ ហ៊ុន ​ម៉ាណែត ​ថា​ការកែទម្រង់​កងទ័ព​ជា​ការ​ពង្រឹង​ការឈ្នះ​លើ​សមរភូមិ

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរង​កងយោធពល​ខេមរ​ភូមិន្ទ និង​មេបញ្ជាការ​កងទ័ព​ជើងគោក




ភ្នំពេញប៉ុស្តិ៍

សៀមរាបៈ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរង​កងយោធពល​ខេមរ​ភូមិន្ទ និង​មេបញ្ជាការ​កងទ័ព​ជើងគោក​អះអាង​ថា ការ​ធ្វើ​កំណែទម្រង់​កងទ័ព​គឺជា​ការពង្រឹង​សមត្ថភាព​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​យក​ឈ្នះ​លើ​សមរភូមិ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ជា​អ្វី​ដែល​លោក​ចាត់ទុក​ថា មាន​សារៈសំខាន់​ជា​ខ្លាំង​។

ការលើក​ឡើង​របស់​លោក​ដូចនេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ និង​នាយសេនាធិការ​យោធភូមិភាគ​ទី​ ៤ ​នៅ​ទី​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​ ៤ ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ទី​ ១ ខែ​ធ្នូ​ដោយ​លោក​លើក​ឡើង​ថា ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កំណែទម្រង់​កងទ័ព​គឺ​ការពង្រឹង​សមត្ថភាព​ត្រៀម​លក្ខណៈ​ប្រយុទ្ធ ត្រៀម​យក​ឈ្នះ​លើ​សមរភូមិ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ជា​អ្វី​ដែល​លោក​ចាត់ទុក​ថា មាន​សារៈសំខាន់​បំផុត​។

លោក​បាន​បញ្ជាក់​ថា​៖ «​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការធ្វើ​កំណែទម្រង់​កងទ័ព តួនាទី​ភារកិច្ច​កងទ័ព​ក្នុង​​កងយោធពល​ខេមរភូមិន្ទ ពង្រឹង​សមត្ថភាព​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ត្រៀម​យក​ឈ្នះ​លើ​សមរភូមិ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ឈ្នះ​ទៅ​លើ​ការការពារ​សុខ​សន្តិភាព​ជូន​ប្រជាជន ឈ្នះ​លើស​ត្រូវ​គ្រប់​បែប​យ៉ាង​»​។

នៅក្នុង​ពិធី​នោះ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត ក៏​បាន​ការពារ​ការតែងតាំង​តួនាទី​ថ្មី​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​ ៤ ដល់​លោក​ឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរង កងទ័ព​ជើងគោក និង​តួនាទី​​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី ​៤ ដល់​លោក​ឧត្តមសេនីយ៍ទោ សុខ រីនណា ជា​មេបញ្ជាការរង​ផង​ដែរ​ដោយ​លោក​ថា ធ្វើ​ឡើង​ដោយ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពិភាក្សា​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​ពី​ជួរ​ថ្នាក់ដឹកនាំ​កងទ័ព​។

លោក​គូសបញ្ជាក់​ថា​៖ «​កន្លង​ទៅ​ចំពោះ​នាយ​ទាហាន​ជាច្រើន​ទៀត​ដែល​មាន​ស្នាដៃ ប៉ុន្តែ​ការជ្រើសរើស​នាយទាហាន​ទាំង​ ២ ​រូប​នេះ​គឺ​គោលការណ៍​ទី​ ១ យើង​ផ្ដល់​អាទិភាព​ចំពោះ​អ្នក​នៅក្នុង​អង្គភាព​ស្រាប់ ហើយ​​ការងារ​នេះ​គឺជា​ការងារ​ដែល​កងទ័ព​ជើងគោក​នឹង​ខិតខំ​ដើម្បី​យក​ជាគោលការណ៍​នៅក្នុង​ការតែងតាំង​នៅ​គ្រប់​អង្គភាព​។ ទី​​ ២ គឺ​ផ្អែក​ទៅ​លើ​ឆន្ទៈ​សមត្ថភាព បទពិសោធ អតីតភាព​នៃ​ការងារ ជាពិសេស​មាន​ភាព​ជា​អ្នកដឹកនាំ និង​ការទទួល​ខុសត្រូវ​ព្រោះ​ការជ្រើសរើស​​នេះ​សំខាន់​នៅក្នុង​ការតែងតាំង អង្គភាព​នីមួយៗ​… និង​ឯកភាព​ផ្ទៃក្នុង​គឺ​សំខាន់​ណាស់​។ ការជ្រើសរើស​មេបញ្ជាការ​ដែល​​អាច​ថែរក្សា​សាមគ្គី​ផ្ទៃក្នុង​បាន​​ល្អ​គឺ​សំខាន់​ណាស់​»​។

លោក​បាន​បន្ថែម​ថា​សន្តិភាព​ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​គឺជា​ជ័យជម្នះ​ដ៏ធំធេង​បំផុត​ដែល​បាន​ផ្តល់​ឲ្យ​ប្រជាជន​កម្ពុជា​​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​​យុទ្ធសាស្ត្រ​របស់​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​​ថា រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​បរទេស ក្រុម​ ឬ​ជន​ណា​មួយ​ធ្វើ​សកម្មភាព​បំផ្លាញ​សន្តិភាព និង​សមិទ្ធផល​ឡើយ​។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​បរទេស​ក្រុម​ ឬ​ជន​ណា​មួយ​ធ្វើ​សកម្មភាព​បំផ្លាញ​សន្តិភាព និង​សមិទ្ធផល​ដែល​សម្រេច​បាន​ដោយ​ពលិកម្ម​អាយុជីវិត​តាមរយៈ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​សាជាថ្មី​ទៀត​ឡើយ​»​។

ប៉ុន្តែ​អ្នកវិភាគ និង​ជា​អ្នក​ឃ្លាំមើល​ការអភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី បាន​ថ្លែង​ថា​រាជរដ្ឋាភិបាល​គួរ​ប្រឹងប្រែង​ និង​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​ឱ្យ​ច្រើន​ជាង​វិស័យ​យោធា​ដោយ​​លោក​ថា ពេល​វិស័យ​សេដ្ឋកិច្ច​​មាន​ការ​រីកចម្រើន​នោះ​វា​នឹង​ជួយ​ឲ្យ​វិស័យ​យោធា​កាន់តែ​រឹងមាំ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​តែ​ពង្រឹង​វិស័យ​យោធា តែ​ពេល​ដែល​យើង​ពង្រឹង​វិស័យ​យោធា វា​ត្រូវ​តែ​ស៊ី​គ្នា​ទៅ​នឹង​ការរីកចម្រើន​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ​…»៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

One Response to "លោក​ ហ៊ុន ​ម៉ាណែត ​ថា​ការកែទម្រង់​កងទ័ព​ជា​ការ​ពង្រឹង​ការឈ្នះ​លើ​សមរភូមិ"

  1. Anonymous says:

    The battle field he was talking about is against the Cambodia people and protecting his vietnamese Chinese people. All Cambodians must understand that.

Leave a Reply

Submit Comment