កម្ពុជា-​ឡាវ អំពាវនាវឲ្យ​បារាំង ផ្ដល់​ឲ្យ​ខ្លួន​នូវ​ឯកសារ​ពាក់ព័ន្ធដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន

ដោយ អ៊ឹម រចនា
05/12/2018
RFI

media
លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ត្រួត​ពល​ជាមួយ​សមភាគី​ឡាវ លោក ថងលូន ស៊ីស៊ូលីត ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​ប្រទេស​ឡាវ ថ្ងៃ​ទី​០៥ ធ្នូ ២០១៨
SPM


កម្ពុជា និង ឡាវ អំពាវនាវ​និង​ស្នើ​សុំ​ឲ្យ​ប្រធានាធិបតីបារាំង ក៏​ដូច​ជា​រដ្ឋាភិបាល​បារាំង ផ្ដល់​មក​ឲ្យ​ខ្លួន​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​មាន​ប្រយោជន៍ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-ឡាវ​។ បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ ដែល​នៅ​សេស​សល់ មាន​ប្រមាណ​១៦​ភាគ​រយ​ទៀត​។

បញ្ហា​ព្រំ​ដែន គឺ​ជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ប្រទេស​ឡាវ រយៈ​ពេល​ពីរ​ថ្ងៃ​។ ​នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​ឡាវ គឺលោក ថង​លូន ស៊ីស៊ូលីត លោក ហ៊ុន សែន បាន​គូស​បញ្ជាក់ថា កម្ពុជា​និង​ឡាវ នឹង​បន្ត​ពិភាក្សា​គ្នា​លើ​បញ្ហា​ព្រំ​ដែន ដើម្បី​ពង្រាង​ឯកសារ​ផ្ញើ​ទៅ​កាន់​ភាគី​បារាំង​។

ទៅ​កាន់​ភាគី​បារាំង កម្ពុជា​និង​ឡាវ អំពាវនាវ​និង​ស្នើ​សុំ​ឲ្យ​ប្រទេស​​ដែល​ធ្លាប់​ជា​អាណាព្យាបាល​របស់​ខ្លួន​នេះ ផ្ដល់​មក​ឲ្យ​ខ្លួន​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​មាន​ប្រយោជន៍ ដើម្បី​ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន កម្ពុជា-ឡាវ​។ ការងារ​ពង្រាង​ឯកសារ​នេះ ប្រមុខ​រដ្ឋាភិបាលកម្ពុជា-ឡាវ ព្រម​ព្រៀង​គ្នាប្រគល់​​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​​នៃ​ប្រទេស​ទាំង​ពីរ ជា​អ្នក​អនុវត្ត​។ ក្រៅ​ពី​ការងារ​នេះ លោក ហ៊ុន សែន ក៏​បាន​ផ្ទុក​ផ្ដាក់​ឲ្យ​ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំង​ពីរ នូវ​ការងារ​សំខាន់​មួយ​ទៀត​ដែល​ជា​ការងារ​អាទិភាព​។ នោះ​គឺ រៀបចំ​បែប​បទ​បច្ចេកទេស​យ៉ាង​ណា ឲ្យ​ភាគី​បារាំង​ផ្ទេរ​ផែនទី​ ពី​ខ្នាត​១/​១០០ ០០០ពាន់ មក​ផែន​ទី UTM ខ្នាត​១​/​៥០ ០០០​។

សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ នៅ​មាន​ប្រមាណ​១៦​ភាគ​រយ​ទៀត ដែល​មិន​ទាន់​ដោះ​ស្រាយ​រួច​រាល់​​។ ក្នុង​នោះ តំបន់​អូរ​តាង៉ាវ ត្រូវ​បាន​ កម្ពុជា​និង​ឡាវ ចាត់​ទុក​ថា​ជា​តំបន់​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ ហើយ​បាន​ព្រម​ព្រៀង​គ្នា​ដាក់​ជា​តំបន់​ស ដោយ​គ្មាន​វត្តមាន​កងទ័ព គ្មាន​ប្រជាជន​ធ្វើ​អាជីវកម្ម ហើយ​ប្រសិន​បើ​មាន​តម្រូវ​ការ​ចុះ​ត្រួត​ពិនិត្យ គឺ​ទាំង​ឡាវ និង​កម្ពុជា ត្រូវ​ចុះ​ទៅ​ពិនិត្យ​រួម​គ្នា ទាំង​នៅ​លើ​គោក លើ​ទឹក និង​ផ្លូវ​អាកាស​។

គួរ​រំឭក​ថា បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ បាន​ជួប​ភាព​តាន​តឹង​ខ្លាំង​នឹង​គ្នា កាល​ពី​អំឡុង​ខែ​សីហាឆ្នាំ២០១៧​កន្លង​ទៅ ដោយ​សារ​យោធា​ឡាវ​ បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន ហោះ​ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ​ន៍​ជា​បន្ទាន់ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​។

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលូន ស៊ីស៊ូលីត ក៏​បាន​ហោះ​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ។ នៅ​ក្នុង​ជំនួប ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ មេ​ដឹក​នាំ​ទាំង​ពីរ ​បាន​ឯកភាព​គ្នា​សរសេរ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើ​សុំ​បញ្ជូន​អ្នក​ជំនាញ​ការ​ព្រំដែន​បារាំង មក​ជួយ​វាស់​វែង និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នៅ​តាម​ព្រំដែន​កម្ពុជា​-ឡាវ​៕

 

What Next?

Recent Articles

Leave a Reply

Submit Comment