គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្វាគមន៍​ចំពោះ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ

ដោយ មាន ឫទ្ធិ
2018-12-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ឆ្វេង) និង​ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ លោក យ៉ង សាំងកុមារ (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA
ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ឆ្វេង) និង​ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ លោក យ៉ង សាំងកុមារ (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ចាត់​ទុក​សេចក្ដីថ្លែងការណ៍​របស់​របប​ក្រុងភ្នំពេញ​ជុំវិញ​ការ​បើក​លំហ​នយោបាយ និង​ប្រជាធិបតេយ្យ​ថា ជា​សញ្ញា​វិជ្ជមាន​សម្រាប់​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ។ អ្នកឃ្លាំមើល​សង្គម​ថ្លែង​ថា របប​លោក ហ៊ុន សែន មិនបាន​ពង្រឹង​ប្រជាធិបតេយ្យ​ឡើយ ផ្ទុយទៅវិញ​របប​នេះ​កំពុង​ស្វះ​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​..) សាទរ​ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​របប​ក្រុងភ្នំពេញ​ជុំវិញ​ផែនការ​ពង្រឹង​ប្រជាធិបតេយ្យ និង​លំហ​នយោបាយ ក៏ប៉ុន្តែ​គណបក្ស​នេះ​យល់​ឃើញ​ថា របៀប​ធ្វើ​នយោបាយ និង​ការគ្រប់គ្រង​រដ្ឋ​នៅ​កម្ពុជា​សព្វថ្ងៃ នៅតែ​បន្ត​ប្រកាន់យក​វប្បធម៌​នយោបាយ​ចាស់​គំរឹល យកឈ្នះ​ចាញ់​តាម​មធ្យោបាយ​គំរាមកំហែង និង​ការ​ធ្វើ​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សិទ្ធិ​គណបក្ស​នយោបាយ​ដដែល។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ថ្លែង​ថា គណបក្ស​ស្វាគមន៍​ចំពោះ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ និង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ការអនុវត្ត​វិធានការ​ទាំងឡាយ ដូចដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នេះ៖ «យើង​ចង់​ឃើញ​ការអនុវត្ត​សេចក្ដីថ្លែងការណ៍​នេះ​ឱ្យ​បាន​គត់មត់ ហើយ​គ..ម​នឹង​បន្ត​តាមដាន មិនមែន​ត្រឹមតែ​សេចក្ដីថ្លែងការណ៍​ហ្នឹង​ទេ គឺ​ការអនុវត្ត​របស់​រដ្ឋាភិបាល​បន្ថែម ទៀត។ ចំណុច​ទី​បី គឺ​យើង​ស្នើ​សុំ ឱ្យ​អ្នកនយោបាយ​ទាំងអស់ និង​ប្រជាជន​កម្ពុជា ប្រើប្រាស់​នយោបាយ​បែប​អហិង្សា បែប​បង្រួម​បង្រួម​ដើម្បី​កសាង​សង្គម​យើង​មួយ​ឱ្យ​រីកចម្រើន»

គណបក្ស​នេះ​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់ លុបបំបាត់​ការរើសអើង និង​ភាព​ហិង្សា​នយោបាយ ការ​ជេរប្រមាថ និង​លាប​ពណ៌​គ្នា​គ្រប់​រូបភាព ព្រមទាំង​លើកស្ទួយ​ការសន្ទនា​នយោបាយ តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

កាលពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ របប​ក្រុងភ្នំពេញ​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដែល​របប​នេះ​ហៅថា ជា​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហ​នយោបាយ​នៅ​កម្ពុជា។ វិធានការ​ទាំងនោះ​មាន​ជាអាទិ៍ ការ​សើរើ​បម្រាម​នយោបាយ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨​រូប ការ​លើក​កម្ពស់​ភាពជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ការ​ពន្លឿន​ដំណោះស្រាយ​លើ​បណ្ដឹង​ប្រឆាំង​ថ្នាក់​ដឹកនាំ​សហជីព ការ​បើក​លទ្ធភាព​ឱ្យ​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ ដូចជា អាស៊ីសេរី និង​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) អាច​បង្កើត​ស្ថាប័ន​របស់​ខ្លួន​បាន​ឡើងវិញ ព្រមទាំង​ការ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ ជាដើម។

​​​​​​ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​សង្គម​យល់​ឃើញ​ថា វិធានការ​ទាំងនេះ​មិនមែន​ជា​រឿង​ពង្រឹង​ប្រជាធិបតេយ្យ​នោះ​ឡើយ ប៉ុន្តែ​នេះ​ជា​ការ​ស្វះ​ស្វែងរក​ការ​គាំទ្រ​របស់​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ជា​ការ​បញ្ចៀស​ការ​ដាក់ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក រ៉ុង ឈុន ថ្លែង​ថា វិធានការ​របស់​របប​ក្រុងភ្នំពេញ​នៅ​ពេល​នេះ ជា​ការ​ពង្រឹង​អំណាច មិនមែន​ជា​ការ​ពង្រឹង​ប្រជាធិបតេយ្យ​ឡើ​យ ពីព្រោះ​របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​ហាមប្រាម​សកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ការ​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ៖ «ត្រូវតែ​បើក​ឱ្យ​ទូលាយ​ពី​ដើមទី​មក នោះ​ទើប​ជា​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ តែ​នៅ​ពេល​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​មេ​គណបក្ស​សង្គ្រោះជាតិ ហើយ​បង្កក​សិទ្ធិ​អ្នកនយោបាយ​ជាង ១០០​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ មិន​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​និន្នាការ​ឯករាជ្យ​មិន​បាន​ផ្សព្វផ្សាយ រឹត​បន្តឹង​អង្គការ​សង្គម​ស៊ីវិល ហើយ​ពេលនេះ​បែរ​ជា​មក​ថា ពង្រឹង​ប្រជាធិបតេយ្យ។ វា​ផ្ទុយ​ស្រឡះ អាច​និយាយ​បាន​ថា ជា​ការ​ពង្រឹង​អំណាច​ដើម្បី​បន្ត​អំណាច ជា​ការ​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​មិន​ឱ្យ​គេ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា​តែ​ប៉ុណ្ណឹង​ទេ»

អ្នកឃ្លាំមើល​សង្គម​រូប​នេះ​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ លើកលែងទោស លោក សម រង្ស៊ី ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ទាំង ១១៨​រូប ផ្ដល់​តួនាទី​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ និង​ផ្ដល់​សិទ្ធិ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ។ លោក​ក៏​ជំរុញ​ឱ្យ​របប​នេះ បើក​លំហ​សេរីភាព​អង្គការ​សង្គម​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ ជាពិសេស​លោក​នៅតែ​ទាមទារ​ឱ្យ​របប​នេះ រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment