បុណ្យភូមិ​ខ្មែរ​​​បង្ហាញ​ខ្លួន​នៅ​ជប៉ុន​ក្នុង​មហោ​ស្រព ​Festival Tokyo

វប្បធម៌


រូបឯកសារ៖ កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)


05 ធ្នូ 2018
សុខ សុភ័ក្រ្តបញ្ញា
វីអូអេខ្មែរ

បុណ្យភូមិ​ដែល​ល្បីល្បាញ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​លម្អ​ដោយភ្លើង​គប់​និង​ការ​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ ​នៅ​ក្នុង​មហោ​ស្រព​ ​Festival Tokyo​ ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពីថ្ងៃ​ ​១០​ ​ដល់ថ្ងៃ​ ​១១​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៨។​ ​ការ​បង្ហាញ​បុណ្យភូមិ​ខ្មែរ​ជា​លើកដំបូង​ក្នុង​ប្រទេស​ជប៉ុន​នេះ​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​ទស្សនិកជន​ជប៉ុន​និង​អ្នក​ចូល​រួម។​

កញ្ញា​ ​រិទ្ធី លំអរពេជ្រ​ ​ស្ថានិក​និង​នាយក​គ្រប់គ្រង​បុណ្យភូមិ​ ​បាន​ប្រាប់​ ​VOA Khmer​ ​នៅ​សប្តាហ៍​នេះ​ថា​កម្មវិធី​បុណ្យ​ភូមិ​ខ្មែរ​ត្រូវ​បានអញ្ចើញ​ចូល​រួម​មហោស្រព​ ​Festival Tokyo​ ​ពេល​នាង​ចូលរួមកម្មវិធី​ផ្លាស់​ប្តូរ​បទពិសោធន៍​មួយ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ខែ​កុម្ភ:​ ​ដោយ​សារភាព​ច្នៃ​ប្រឌិត​និង​អស្ចារ្យ​របស់​បុណ្យភូមិ​ ​ដែល​រៀបចំ​ឡើង​ដោយ​យុវជន​ខ្មែរ​ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​គ្រប់គ្រង​មហោស្រព​អញ្ចើញ​បុណ្យ​ភូមិ​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​ ​Festival Tokyo​ ​ដែល​កម្មវិធី​នេះ​មាន​អាយុកាល​ជាង​៣០​ ​ឆ្នាំ​មក​ហើយ។​

អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​បុណ្យភូមិវ័យ២០​ឆ្នាំរូប​នេះ​ ​បានរៀបរាប់​បន្ត​ថា៖​

«ពួកគាត់​មាន​ការ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពេល​ដែល​បាន​ដឹង​ថាបុណ្យ​ភូមិជា​កម្មវិធី​បង្កើត​ឡើង​ដោយ​យុវជន​ហើយ​មានអាយុ៥ឆ្នាំ​ ​ហើយបង្កើតឡើងក្នុង​ ​Concept​ (គំនិត)​ ​មួយដែល based​ ​(ផ្តោត)​ ​ទៅលើ​ ​original idea​ ​(គំនិតដើម)​ ​របស់ដូនតា​ហើយ​យក​វា​មក​អភិវឌ្ឍ​ក្នុង​ទម្រង់ថ្មី​សតវត្សរ៍​ថ្មី។​ ​អ្វី​មួយទៀត​ដែល​គាត់ចាប់​អារម្មណ៍​នោះ​គឺ​វា​ ​run by youths​ (រៀបចំដោយយុវជន)​ហើយ​ឱ្យ​ទៅ​ ​youths​ (យុវជន)»។​

កញ្ញា​ ​រិទ្ធី លំអរពេជ្រ​ ​បន្ត​ទៀត​ថា​ព្រឹត្តិ​ការណ៍​សម្តែង​បុណ្យភូមិ​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​រយ:​២​ថ្ងៃ​ហើយ​មួយ​ថ្ងៃ​មាន​រយ​:ពេល​២ម៉ោង​ ​ដោយ​មាន​ការ​ចូល​រួម​ ​ពី​អ្នក​សម្តែង​និង​អ្នករៀបចំ​កម្មវិធី​ចំនួន​១៨រូប​ពី​កម្ពុជា។​ ចំណែក​ការចូលរួម​វិញ គឺ​មាន​ការចូលរួម​កុះករ​ពី​ជនជាតិ​ជប៉ុន​និង​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ឬ​ទៅបន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ផងដែរ។ បន្ទាប់ពី​កម្មវិធី​ មាន​ការសួរនាំ​ពី​ជនជាតិ​ជប៉ុន​អំពី​បុណ្យ​និង​វប្បធម៌​កម្ពុជា​បន្ថែម​ទៀត រហូត​ដល់​មាន​ជនជាតិ​ជប៉ុន​សម្រេចចិត្ត​មកលេង​ប្រទេស​កម្ពុជា​ដើម្បី​ឱ្យឃើញ​និង​ដឹង​បន្ថែម។

ក្រុមការងារ​ភ្លើងគប់​បាន​រៀបចំ​ទី​កន្លែង​ឱ្យ​ដូច​ទៅ​នឹង​ភូមិ​ឬ​សង្កាត់​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​អ្នក​ចូលរួម​បានទទួល​អារម្មណ៍​ថា​ពួកគេ​នៅក្នុង​ទិដ្ឋភាព​នោះ​ពិតៗ។​ ​លើសពី​នេះ​ បុណ្យភូមិ​ក៏​បាន​នាំ​ការ​សម្តែង​ពី​សិល្ប:ករ​សិល្ប:ការី​មក​ពី​ប្រទេស​កម្ពុជា​ផងដែរ។​

ក្នុងវ័យ​ ​២០ឆ្នាំ​កញ្ញា​ ​រិទ្ធី លំអរកេសរ​ ​អ្នកចំរៀង​ពី​ក្រុមតូច​ ​តំណាង​ឱ្យ​សិល្បករ​កម្ពុជា​បាន​សម្តែង​បទចម្រៀង​រៀបរាប់​និង​ឆ្លុះបញ្ជាំង​ពី​តន្ត្រី​នៃ​សតវត្សរ៍​ទី២១ ​ដែល​និពន្ធ​និង​សរសេរ​ដោយ​ក្រុម​នាង​ផ្ទាល់។​

នាងក៏​បាន​និយាយ​ពី​ទឹកចិត្ត​រំភើប​និង​សប្បាយ​រីករាយ​ក្នុង​នាមជា​សិល្ប:ករ​ពេល​ឃើញ​បងប្អូន​ខ្មែរ​និង​ប្រជាជន​មក​ចូលរួម​យ៉ាងកុះករ​និង​សប្បាយ​នឹង​សិល្ប:​ដែល​នាងនិង​ក្រុមបាន​យក​ទៅ​សម្តែង។​

«ពេលយើង​យក​សិល្ប:​របស់​យើង​យកទៅសម្តែង​ឱ្យ​ប្រជាជន​ជប៉ុនបាន​មើល​ ​មាន​អារម្មណ៍​ថា​យើង​បាន​យក​ទៅឱ្យ​ពិភពលោ​កមួយទៀតមើល។ ហើយ​reaction​ (ប្រតិកម្ម)​របស់​ពួកគាត់​គឺវា​ ​cute​ (គួរឱ្យស្រឡាញ់)។​ ​ប្រជាជន​ជប៉ុន​ពេលគាត់មើលយើង ​គាត់​ព្យាយាមយល់​ ​ហើយគាត់​ ​respect​ (គោរព)​ ​យើង​ ​គាត់​ ​respect​ ​(គោរព)សិល្ប:​របស់​យើង​ទោះបី​ជាគាត់​អត់​យល់​ថា​បទ​នឹង​និយាយ​អំពីអី។​ ​ពេលបទ​នឹង​សប្បាយ ​គាត់រាំ ​គាត់​អី​ជាមួយ​យើង​ ​គាត់​ព្យាយាម​រាំចង្វាក់​ប្រពៃណី​ខ្មែរ​យើង»។​

កញ្ញា​កេសរ​បាន​និយាយ​ថា​សំបុត្រ​ចូលរួម​ទស្សនា​បុណ្យ​បាន​លក់​អស់​ទាំង​ពីរថ្ងៃ។ កញ្ញា​ក៏​បាន​បន្ថែម​ទៀត​ថា​វា​ជា​ជំហាន​ទី១​សម្រាប់​ក្រុម​របស់​នាង​និង​កម្មវិធី​បុណ្យ​ភូមិ​ក្នុង​ការបង្ហាញ​សិល្ប:​ខ្មែរ​ឱ្យ​ពិភពលោក​បានស្គាល់។​

ចំនែកលោក​ ​ម៉ាន់ កុសល​ ​អ្នកតំណាង​សមាគម​សិល្ប:​សុវណ្ណភូមិ​វិញ​ ​ក៏​បានអញ្ចើញ​ចូលរួម​ជា​មួយ​ក្រុម​សម្តែង​និង​លើក​យក​ល្ខោន​ស្បែកធំ​លាយខោល​ទៅសម្តែង​នៅ​ក្នុងបុណ្យ​នៅ​ប្រទេស​ជប៉ុន​ផងដែរ។​ ​

លោកបានលើកឡើងថា៖​

«ខ្ញុំឃើញ​កម្លាំង​ក្មេងៗ​ខំប្រឹងធ្វើ​ ​ទៅថ្ងៃអនាគត​ខ្ញុំ​មាន​សង្ឃឹម​ថា​អនាគត​ទៅ​ជោគជ័យ​ចេះតែធំៗ​ជាង​នឹង»។​

លោក​ ​ថៃ នរ:សត្យា​ ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប:​ បាន​និយាយ​នេះ​ជា​កិត្តិយស​និង​មោទនភាព​របស់​ប្រទេស​កម្ពុជា​ដែល​បាន​នាំយក​សិល្ប:​និង​វប្បធម៌​ឱ្យបរទេស​បាន​ទស្សនា​និង​ស្គាល់។​

«បើយុវ​ជន​គាត់​រៀបចំ​បាន​ ​កាន់​តែ​បង្ហាញ​ថា​ពួកគាត់ជាសសរទ្រូង​ដែល​ដូច​នឹងពាក្យខ្មែរ​យើង​តែង​និយាយ​ថា​ទំពាំងស្នងប្ញស្សី​នោះ។​ បើ​ពួកគាត់​មាន​សមត្ថភាព​ក្នុង​កិច្ចការ​បច្ចេកទេស​ផង​ កិច្ចការ​ទំនាក់​ទំនង​ផង​ វិធីការ​ផ្សេងៗ​រហូត​ទៅ​ដល់​នាំ​សិល្ប:​វប្បធម៌​យើង​ទៅ ​សម្តែង​ប្រកប​ដោយ​ជោគជ័យ​នៅ​ប្រទេស​ទៀត​ វាជា​ចំណុច​ដែល​គួរ​ឱ្យ​យើងទាំងអស់គ្នា​ កក់ក្តៅ ​ទទួល​ស្គាល់​និង​កោតសរសើរ»។​

បុណ្យភូមិ​ជា​បុណ្យ​ប្រចាំ​ភូមិ​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ភូមិ​នីមួយៗ​ ​ដែល​មាន​ទម្រង់​ខុសៗ​គ្នា​តាម​តម្រូវ​ការ​ប្រជាជន​ដែល​រស់​នៅ​តាមតំបន់នោះ។​ ​ហើយ​បុណ្យភូមិ​ដែល​រៀបចំ​ដោយ​ក្រុមភ្លើង​គប់មានរយ:​ពេល​៥ឆ្នាំ​ ​ហើយ​មាន​លើកដំ​បូង​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៤៕

What Next?

Recent Articles

Leave a Reply

Submit Comment