បេក្ខជន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​គាំទ្រ​ជំហរ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ

ដោយ មាន ឫទ្ធិ
2018-12-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ផែទ្រីក មើហ្វ៊ី (Patrick Murphy) ឧបការី​រង​រដ្ឋមន្ត្រី​ស្ដីទី នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​អាមេរិក។ Photo courtesy of US Embassy in Phnom Penh
លោក ផែទ្រីក មើហ្វ៊ី (Patrick Murphy) ឧបការី​រង​រដ្ឋមន្ត្រី​ស្ដីទី នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​អាមេរិក។ Photo courtesy of US Embassy in Phnom Penh


បេក្ខជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី ( Patrick Murphy ) បង្ហាញ​ជំហរ​ចង់​ឃើញ​សហរដ្ឋអាមេរិក ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​បន្ថែម​ទៀត មក​លើ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ដើម្បី​ដាក់​សម្ពាធ​មក​លើ​របប​ក្រុងភ្នំពេញ ដើម្បី​ឲ្យ​របប​នេះ ងាក​មក​ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។ ការ​បញ្ជាក់​ពី​គោលជំហរ និង​ការ​ប្តេជ្ញាចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​សវនាការ​សួរដេញដោល​ផ្ទាល់មាត់​មួយ កាល​ពី​ថ្ងៃទី៤ ខែ​ធ្នូ ដោយ​គណៈកម្មាធិការ​កិច្ចការ​បរទេស នៃ​ព្រឹទ្ធសភា​អាមេរិក មុន​នឹង​សម្រេច​តែងតាំង​លោក ជា​ឯកអគ្គរដ្ឋទូត​ពេញ​សមត្ថភាព និង​វិសាមញ្ញ​ថ្មី របស់​សហរដ្ឋអាមេរិកប្រចាំកម្ពុជា ជំនួស​លោក វីល្លៀម ហៃដ៍ (William A . Heidt) ដែល​ទើប​ផុត​អាណត្តិ។

លោក ប៉ាទ្រីក ម័រហ្វី ថ្លែង​ប្រាប់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា នៅ​ពេល​ដែល​លោក​ក្លាយ​ជា​ឯកអគ្គរដ្ឋទូតថ្មី​របស់​អាមេរិកប្រចាំកម្ពុជា លោក​នឹង​បន្ត​ពិនិត្យ​មើល និង​ពិចារណា​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​បន្ថែម​ទៀត​របស់​សហរដ្ឋអាមេរិក តាមរយៈ​ការ​ពង្រីក​ការ​រឹតត្បិត​ទិដ្ឋាការ​មក​លើ​ក្រុម​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន ដែល​បាន​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​មក​លើ​របប​នេះ៖ «រដ្ឋបាល​របស់​យើង​បាន​ឆ្លើយតប​ទៅ​នឹង​ក្តី​កង្វល់​នានា​អំពី​ការ​រួមតូច​ចុះ​នៃ​លំហ​ប្រជាធិបតេយ្យ និង​សង្គមស៊ីវិល [នៅ​កម្ពុជា។ តាមរយៈ​ការ​ដាក់​ការ​រឹតត្បិត​ទិដ្ឋាការ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បាន​ចូលដៃ​ចូលជើង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ និង​រួម​តូច។ ហើយ​រដ្ឋបាល​ក៏​បាន​ពង្រីក​ទណ្ឌកម្ម​រឹតត្បិត​ទិដ្ឋាការ​នេះ នា​ពេល​មួយ​ផង​ដែរ។ នេះ​គឺ​ជា​សិទ្ធិ​អំណាច​របស់​រដ្ឋមន្ត្រីការបរទេស។ យើង​នឹង​បន្ត​ពិនិត្យ​មើល​ការ​ដាក់​ទណ្ឌកម្ម​នេះ ហើយ​នឹង​ពិចារណា​ពង្រីក​វិធានការណ៍​រឹតត្បិត​នេះ​បន្ថែម​ទៀត»

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សមាជិក​ព្រឹទ្ធសភា​លោក ម៉ាឃី អែដេវ័ធ ( Markey Edward ) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៃ​អនុគណៈកម្មាធិការ​កិច្ចការ​អាស៊ីបូព៌ា ប៉ាស៊ីហ្វិក និង​គោល​នយោបាយ​សន្តិសុខ ព័ត៌មានវិទ្យា​អន្តរជាតិ ជុំវិញ​ថា​តើ​សហរដ្ឋអាមេរិក​គួរ​ពិនិត្យ​មើល​ជំហាន​បន្ថែម​នៃ​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់ ដែល​នឹង​អាច​ឈាន​ទៅ​រក​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​អាមេរិក​ដល់​កម្ពុជា​នោះ លោក ប៉ាទ្រីក ម័រហ្វី ថា លោក​នឹង​បន្ត​ពិនិត្យ​មើល​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ជុំវិញ​ឧទាហរណ៍​ដែល​សហភាពអឺរ៉ុប កំពុង​តែ​ដំណើរ​ការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» EBA ពី​កម្ពុជា ដោយ​លោក​ប្តេជ្ញា​ថា លោក​នឹង​ថ្លឹងថ្លែង​មើល​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​សហរដ្ឋអាមេរិក​មាន ដើម្បី​ធ្វើ​យ៉ាងណា​ដាក់​សម្ពាធ​ឲ្យ​របប​ក្រុងភ្នំពេញ​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។

ជុំវិញ​សំណួរ​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក​ដែល​ត្រូវ​ធ្វើ ក្នុង​នាម​ជាឯកអគ្គរដ្ឋទូត​អាមេរិក ដើម្បី​ចូលរួម​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​បាន​ទទួល​រង​នូវ​ការ​បង្ក្រាប​យ៉ាងចាស់ដៃ​ពី​សំណាក់​របប​ក្រុងភ្នំពេញ លោក ប៉ាទ្រីក ម័រហ្វី គូស​បញ្ជាក់​ថា លោក​នឹង​ធ្វើការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​មាន​ដំណើរការ​ឡើងវិញ និង​ពង្រីក​លំហរ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា រួមមាន​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​វិទ្យាស្ថាន​ជាតិប្រជាធិបតេយ្យ (NDI) ជាដើម៖ «ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​សម្រេច​តែងតាំង​ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី ខ្ញុំ​នឹង​បញ្ជូន​សារ​ខ្លាំងៗ​របស់​សភា និង​រដ្ឋបាល​នេះ ខ្ញុំ​នឹង​ធ្វើ​ការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​មាន​សង្គម​ស៊ីវិល និង​ដៃគូ​ដទៃ​ទៀត​នានា អង្គការ​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​កាន់តែ​ខ្លាំង​ដល់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ឲ្យ​អនុញ្ញាត​ឲ្យ​មាន​ដំណើរការ​ឡើងវិញ និង​ពង្រីក​លំហ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ជា​ការ​ពិត​ណាស់​ដែល​លោក​បាន​លើកឡើង​ពី​ការ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី ការ​រឹតត្បិត​មក​លើ​ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុអាស៊ីសេរី។ ក៏ប៉ុន្តែ ខ្ញុំ​ក៏​ចង់​បន្ថែម​ដែរ​ថា របប​ក្រុង​ភ្នំពេញ ក៏​បាន​បណ្តេញ​ចេញ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ NDI ដែល​បាន​បំពេញ​ការងារ​ដោយ​ជោគជ័យ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​នៅ​កម្ពុជា។ នេះ​គឺ​ជា​ចំណាត់ការ​ដែល​មិន​ចាំបាច់​មួយ ហើយ​យើង​ចង់​ឃើញ​របប​នេះ ត្រលប់​មក​រក​ស្ថានភាព​ដូច​មុន​វិញ»

លោក ប៉ាទ្រីក ម័រហ្វី ថ្លែង​នៅ​ចំពោះ​មុខ​អនុគណៈកម្មាធិការ​កិច្ចការ​អាស៊ីបូព៌ា ប៉ាស៊ីហ្វិក និង​គោល​នយោបាយ​សន្តិសុខ​ព័ត៌មានវិទ្យា​អន្តរជាតិ នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក អំពី​ការ​ប្តេជ្ញាចិត្ត​មួយ​ចំនួន​របស់​លោក ក្នុង​ការ​បំពេញ​មុខងារ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក​នេះ ក្នុង​នោះ​រួមមាន ការ​បន្ត​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​រវាង​អ្នក​នយោបាយ​ខ្មែរ ឲ្យ​កម្ពុជា​គោរព​តាម​គោលការណ៍​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចប្រឹងប្រែង​ដើម្បី​ការពារ​អធិបតេយ្យ​របស់​ប្រទេស​នេះ។ ជាមួយ​គ្នា​នេះ លោក​ក៏​ចង់​ឃើញ​ឲ្យ​មាន​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​សហគមន៍​ខ្មែរ​អាមេរិកាំង ជាមួយ​កម្ពុជា ការ​បន្ត​កម្មវិធី​ផ្លាស់ប្ដូរ​ទស្សនកិច្ច និរន្តរភាព​កម្មវិធី Peace Corps ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា និង​ការ​យោគយល់​គ្នា​ទៅវិញទៅមក។ លោក​ក៏​ចង់​ស្វែង​រក​ឲ្យ​មាន​តុល្យភាព និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំ​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ ដោយ​លើក​កម្ពស់​ផល​ប្រយោជន៍​ធុរកិច្ច​អាមេរិក និង​ជំរុញ​កម្ពុជា ឲ្យ​គោរព​តាម​បទដ្ឋាន​ការងារ​អន្តរជាតិ និង​ឲ្យ​មាន​វិនិយោគិន និង​កម្មករ​និយោជិក​របស់​អាមេរិក​នៅ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា លោក​នឹង​បន្ត​ធ្វើ​ការ​បន្ថែម​ទៀត ឲ្យ​បាន​កាន់តែ​ពេញលេញ​ក្នុង​ការ​បន្ត​យុទ្ធនាការ​ស្វែង​រុករក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បាន​បាត់ខ្លួន​កាល​ពី​សម័យ​សង្គ្រាម​ពី​ពេល​អតីតកាល។

សវនាការ​សួរដេញដោល​ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នៅ​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រទាំង​ប្រទើស និង​ប្រឈម​ជាច្រើន។ ខណៈ​ដែល​មាន​ការ​កើន​ឡើង​នូវ​ឥទ្ធិពល​របស់​មហាអំណាច​កុម្មុយនិស្ត​ចិន កាន់តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ប្រទេស​កម្ពុជា និង នៅ​ក្នុង​តំបន់ និង​ខណៈ​ដែល​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​អាមេរិក និង​កម្ពុជា កំពុង​ធ្លាក់​ចុះ​ដុនដាប​ដល់​កម្រិត​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន ក្រោយ​របប​លោក ហ៊ុន សែន បាន​រម្លាយ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​នៅ​កម្ពុជា ដោយ​ចោទ​ថា អាមេរិក​ជា​មេក្លោង​​បដិវត្ត​ពណ៌​នៅ​កម្ពុជា ហើយ​ជារឿយៗ របប​នេះ​តែង​បាន​បង្កើន​វោហារសាសន៍​ប្រឆាំង​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment