លោក ស ខេង ស្វាគមន៍​វិទ្យុ​អាស៊ី​សេរី និង​សំឡេង​សហរដ្ឋ​អាមេរិក ក្នុង​ការ​បើក​ការិយាល័យ នៅ​កម្ពុជា​ឡើង​វិញ

ដោយ សុ ជីវី
2018-12-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA


លោក ស​ ខេង ស្វាគមន៏អាស៊ីសេរីនិងវីអូអេ បើកការិយ៉ាល័យនៅភ្នំពេញឡើងវិញ


មន្រ្តីជាន់ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចេញ​មុខ​បក​ស្រាយ​ជាថ្មី​ទាក់​ទង​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​ ជុំ​វិញ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដោយ​​ឲ្យ​វិទ្យុ​ភាសា​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​អាច​បើក​ដំណើរ​ការ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ឡើង​វិញ។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ស្នើសុំ​របប​ក្រុង​ភ្នំពេញ អនុវត្ត​ចេញ​ជា​វិធាន​ការ​ជាក់លាក់ ប្រសិន​បើ​មាន​ឆន្ទៈ​ពិត​ប្រាកដ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាស​ថា វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក អាច​បើក​ការិយាល័យ និង​ដំណើរ​ការផ្សាយ​ព័ត៌មាន​របស់​ខ្លួន​នៅ​ទី​ក្រុង​ភ្នំពេញ​វិញ​បាន។ ចំណែក​កាសែត​ ឌឹ ឃែម​បូឌា ឌែលលី (The Cambodia Daily) វិញ លោក ស ខេង តម្រូវ​ឲ្យ​កាសែត​មួយ​នេះ គិតគូរ​អំពី​ការ​បង់​ពន្ធ​ជា​មុន ទើប​អាច​​បើក​ការ​បោះ​ពុម្ព​ផ្សាយ​ព្រឹត្តិបត្រ​របស់​ខ្លួន​ឡើង​វិញ​បាន៖ «វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ី​សេរី ក៏​គ្មាន​ពីណា​បិទ​គាត់​ដែរ គាត់​បិទ​ដោយ​ខ្លួន​ឯង។ គាត់​ចោទ​ថា រង​សម្ពាធ​នេះ រង​សម្ពាធ​នោះ តែ​វា​អត់​មាន។ ការ​និយាយ​អញ្ចឹង​វា​អត់​ត្រូវ ទាល់​តែ​មាន​លាយលក្ខណ៍​អក្សរ​ មាន​សកម្មភាព​ជា​ភស្តុតាង​អ្វី​មួយ។ គេ​ទៅ​គំរាម​ថា លោក​ឯង​ត្រូវ​តែ​បិទ ត្រូវ​ថា​ដក ទើប​ថា​គេ​ត្រូវ បើ​គ្រាន់​តែ​អត់​មាន​គេ​ថា​ផង គាត់​ខ្លាច​ខ្លួន​ឯង​ គាត់​ភ័យ​ខ្លួន​ឯង គាត់​​ដក​ដោយ​ខ្លួន​ឯង​ ហើយ​គាត់​ថា​យើង​ទៅ​គំរាម​កំហែង​គាត់។ ឥឡូវ យើង​ស្វាគមន៍ សេចក្ដី​ថ្លែង​ការណ៍​ស្វាគមន៍ ដើម្បី​វិទ្យុ​ទាំង​ពីរ​ មក​រៀបចំ​ទីស្នាក់ការ​នៅ​ក្រុង​ភ្នំពេញ នៅ​កម្ពុជា​ឡើង​វិញ»

ការ​ថ្លែង​របស់​លោក ស ខេង ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​អំពី​តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ការ​អនុវត្ត​បទដ្ឋាន​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ទី​៤ ធ្នូ។ លោក ណុប វី នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា (CCIM) យល់​ថា របប​ក្រុង​ភ្នំពេញ គួរ​ដាក់​ចេញ​វិធានការ​ច្បាស់​លាស់ ដើម្បី​បង្ហាញ​មតិ​ជាតិ និង​អន្តរជាតិ​ថា ខ្លួន​ពិត​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្រៅ​ពី​អនុញ្ញាត​ឲ្យ​វិទ្យុ​បរទេស​ពីរ​នេះ​ អាច​ដំណើរ​នៅ​កម្ពុជា​ឡើង​វិញ​បាន ។ លោក ណុប វី យល់​ថា របប​ក្រុងភ្នំពេញ ក៏​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ តាម​ផ្លូវ​តុលាការ​ដែល​ ប្រឆាំង​និង​អ្នក​កាសែត ការ​លើកលែង​ពន្ធ​ឲ្យ​កាសែត​ ខេម បូឌា ដេលី ហើយ​នឹង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដំណើរ​ការ​ដោយ​សេរី៖ «ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ផ្ដល់​លំហ សេរីភាព​ច្រើន​ថែម​ទៀត ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​ក្នុង​ការ​បញ្ចេញ​នូវ​គំនិត​ឬក៏​ទស្សនៈ​ដើម្បី​ចូល​រួម​កែ​លម្អ​សង្គម ហើយ​បន្ថែម​ពី​លើស​នេះ​ទៀត ខ្ញុំ​ចង់​ឃើញ​ឲ្យ​ ជាពិសេស​ស្ថាប័ន​មេឌៀ ដែល​ឯករាជ គឺ​អាច​ធ្វើ​កិច្ច​របស់​ពួកគេ​ប្រកប​ដោយ​ឯករាជ​ សុវត្ថិភាព ហើយ​នឹង​មាន​សន្តិសុខ​គ្រប់​គ្រាន់»

កាលពីថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០១៧ វិទ្យុ​អាស៊ី​សេរី បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង ភ្នំពេញ។ ការ​បង្ខំ​ចិត្ត​បិទ​នេះ គឺ​ដោយសារ​តែ​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​របប​លោក ហ៊ុន សែន ដែល​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ឥត​ស្រាកស្រាន្ត ធ្វើ​ឲ្យ​វិទ្យុ​អាស៊ី​សេរី មិន​អាច​បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន ដោយ​ធានា​អំពី​សុចរិតភាព នៃ​បេសកកម្ម​សារព័ត៌មាន​របស់​ខ្លួន​នៅ​កម្ពុជា​បាន​ជា​បន្ត​ទៅ។

ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​នោះ រួមមាន ការ​ចោទ​ប្រកាន់​វិទ្យុ​អាស៊ី​សេរី ក្រោម​លេស​ថា បាន​រំលោភ​ច្បាប់​ស្ដីពី​សារពើពន្ធ និង​បែប​បទ​រដ្ឋបាល ក្នុង​ការ​ចុះ​បញ្ជិកា​ស្ថាប័ន​ព័ត៌មាន និង​ពិន័យ​ឲ្យ​បង់​ពន្ធ​ជា​ច្រើន​ឆ្នាំ ដែល​កន្លង​ផុត​ទៅ ព្រមទាំង​បង្កើន​វោហារសាស្ត្រ​បំភិតបំភ័យ និង​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើងៗ។ មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បិទ​ស្ថានីយ៍​វិទ្យុ​ឯករាជ្យ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ថែម​ទៀត។ របប​លោក ហ៊ុន សែន បិទ​ប៉ុស្តិ៍​វិទ្យុ FM ចំនួន ៣២ ប៉ុស្តិ៍ នៅ ២០ ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា។

របាយការណ៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៨ ដែល​ចងក្រង​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (The Reporters Without Borders) រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា ក្នុង​របប​លោក ហ៊ុន សែន បាន​ធ្លាក់​ចំណាត់​ថ្នាក់​ រហូត​ដល់ ១០​លេខ គឺ​ធ្លាក់​ពី​លេខ ១៣២ ក្នុង​ឆ្នាំ​២០១៧ មក​លេខ ១៤២ ក្នុង​ឆ្នាំ​២០១៨ នេះ គឺ​ក្នុង​ចំណោម​ប្រទេស ១៨០។ តាម​រយៈ​សន្ទស្សន៍​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​ចំណាត់​ថ្នាក់​អាក្រក់​ផ្នែក​សេរីភាព​សារព័ត៌មាន ដោយ​ឈរ​នៅ​លេខ​រៀង​ទាប​ជាង​ប្រទេស​អាស៊ាន​ដូច​គ្នា ដូចជា​ទាប​ជាង​ប្រទេស​ថៃ និង​ភូមា ប៉ុន្តែ គ្រាន់បើ​ជាង​ប្រទេស ឡាវ វៀតណាម ប្រ៊ុយណេ និង​សិង្ហបុរី ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment