អដ្ឋិធាតុ​វេជ្ជបណ្ឌិត ប៊ីត រីជនើ Beat Richner នឹង​ត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ចេតិយ​នៅ​ខាង​មុខ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ក្នុង​ខេត្ត​សៀមរាប

ដោយ សុ ជីវី
2018-12-04
RFA

វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ (Dr. BEAT Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក Dr. Beat Richner
វេជ្ជបណ្ឌិត បេអាត រិច្ឆនើរ (Dr. BEAT Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក Dr. Beat Richner


អដ្ឋិធាតុ​វេជ្ជបណ្ឌិត ប៊ីត រីជនើ Beat Richner នឹង​ត្រូវ​ដង្ហែ​ទៅបញ្ចុះ​នៅ​ចេតិយ​នៅ​ខាង​មុខ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ក្នុង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ពុធ ទី៥ ខែធ្នូ ស្អែក​​នេះ។

កម្មវិធី​ដង្ហែ​អដ្ឋិធាតុ ដែល​ផ្សព្វផ្សាយ​ដោយ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧​ បញ្ជាក់​ថា ​ពិធី​ដង្ហែ​អដ្ឋិធាតុ ដោយ​ថ្មើ​ជើង​នឹង​ចាប់​ផ្តើម​ចេញ​ពី​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ​ឆ្ពោះ​ទៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ដោយ​ជួបជុំ​គ្នា នៅ​ម៉ោង​ ៨​ព្រឹក ក្នុង​នោះ​មាន​ព្រះសង្ឃ​ ៧២​អង្គ ក្រុម​គ្រួសារ​លោក Beat Richner មន្រ្តី​នៅ​មន្ទីរពេទ្យ និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ខេត្ត​សៀមរាប។ ចំណែក​ប្រជា​ពលរដ្ឋ​អាច​ចូលរួម​ពិធី​ដង្ហែរ​នេះ​នៅ​តាម​ដងផ្លូវ ដែល​ក្បួន​ដង្ហែ​កាត់។

កម្មវិធី​របស់​ក្រសួង​ព្រះបរមរាជវាំង​បាន​អោយ​ដឹង​ថា ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី និង​សម្ដេច​វររាជមាតា មុនីនាថ សីហនុ នឹង​យាង​ជាអធីបតី​ក្នុង​ពិធី និង​ប្រទាន​គ្រឿង​សក្ការបូជា នៅ​នឹង​ចេតិយជាទីតម្កល់អដ្ឋិធាតុ​លោក Beat Richner នៅ​ព្រឹក​ថ្ងៃ ព្រហស្បត្តិ៍​ទី​៦ ធ្នូ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ។

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត Beat Richner បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៧១ឆ្នាំ កាល​ពី​ថ្ងៃទី​៩ ខែ​កញ្ញា នៅ​ប្រទេស​ស្វីស​ដោយ​ជំងឺ។ លោក​ត្រូវ​ចាត់​ទុក​ថា ជា​បុគ្គល​ឆ្នើម ឬ​ជា​ពេទ្យ​ទេវតា​ក្នុង​ការ​ជួយ​សង្រ្គោះ​កុមារ​កម្ពុជា ចាប់​តាំង​ពី​លោក​បាន​ដំណើរ​ការ​មន្ទីរពេទ្យ​គន្ធបុប្ផា​កាល​ពី​ឆ្នាំ​១៩៩២ មក

លោក​បាន​បង្កើត​ឲ្យ​មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​៥ ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​ជំងឺ​កុមារ​កម្ពុជា

ក្នុង​រយៈ​ពេល​ប្រមាណ​ជាង ២៥​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង ៦៣២លាន​ដុល្លារ ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment