កាសែត​ខេមបូឌាដេលី​ប្រកាស​មិន​បើក​កាសែត​នៅ​ស្រុក​ខ្មែរ​វិញ​ព្រោះ​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​​និង​អំពើពុករលួយ

ដោយ មួង ណារ៉េត
2018-12-06
RFA

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ផ្សាយ​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo: RFA
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ផ្សាយ​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo: RFA


ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ប្រកាស​មិន​វិល​ទៅ​បើក​កាសែត​នៅ​ស្រុក​ខ្មែរ​វិញ​ទេ ព្រោះ​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​ដដែលៗ និង​អំពើពុករលួយ។ អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃទី៦ ខែ​ធ្នូ​នេះ ថា​នៅ​ក្នុង​របប​លោក ហ៊ុន សែន ដែល​ប្រើ​ប្រព័ន្ធ​ពន្ធដារ និង​តុលាការ​ដើម្បី​បំពាន និង​ធ្វើទុក្ខបុកម្នេញ​លើ​សារព័ត៌មាន​សេរី ពោល​គឺ​ចាប់​ហើយ​ដោះលែង​វិញ ឬ​បិទ​ហើយ​ឲ្យ​បើក​វិញ ជា​ដដែលៗ បែបនេះ មិន​អាច​ឲ្យ​មុខរបរ​ផ្នែក​សារព័ត៌មាន​សុចរិត បើក​ដំណើរការ​ឡើងវិញ​នៅ​ស្រុក​ខ្មែរ​បាន ដោយ​មិន​រង​ការ​តាមដាន និង​ត្រួតពិនិត្យ ឬ​ត្រូវ​បង្ខំចិត្ត​បង់​ប្រាក់​សំណូក​ដើម្បី​បន្ត​មុខរបរ​នេះ។ អ្នកស្រី​បន្ថែម​ថា ក្នុង​ស្ថានភាព​បែបនេះ ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​របស់​អ្នកស្រី អាច​ប្រឈម​នឹង​ការ​តាមដាន​ផង និង​ផ្ដល់​សំណូក​ផង។ ដូច្នេះ​អ្នកស្រី មិន​ព្រម​លុត​ក្រាម ក្រោម​ស្ថានភាព​បែបនេះ​នោះ​ឡើយ។ អ្នកស្រី​សុខចិត្ត​បន្ត​ដំណើរការ​កាសែត​អ្នកស្រី នៅក្រៅ​ប្រទេស​កម្ពុជា ដោយ​បន្ត​ផ្សាយ​ព័ត៌មាន ដោយ​មិន​យក​ប្រាក់​កម្រៃ តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) បញ្ជាក់​ថា គោលជំហរ​របស់​កាសែត​អ្នកស្រី​គឺ​នៅ​ដដែល គឺ​នៅតែ​បន្ត​ផ្ដល់​ព័ត៌មាន​ក្ដៅ ដោយ​គ្មាន​ភ័យខ្លាច និង​ដោយ​ឥត​លម្អៀង។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​ថា វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ដែល​បាន​បិទ​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នេះ អាច​មាន​សេរីភាព​បើក​ការិយាល័យ​ខ្លួន នៅ​កម្ពុជា​ឡើងវិញ​បាន។ បន្ថែម​លើ​ស្ថាប័ន​វិទ្យុ​ទាំងពីរ​នេះ របប​លោក ហ៊ុន សែន អះអាង​ថា នឹង​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស និង​ខ្មែរ ឌឹ ខេមបូឌា ដេលី អាច​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​​​​​ខ្លួន​ឡើងវិញ​បាន​​ដែរ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ ដែល​ដោះស្រាយ​បំណុល​ពន្ធដារ រួចរាល់​សិន​ប៉ុណ្ណោះ។

កាសែត ឌឹ ខេមបូឌា ដេលី ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​រង​សម្ពាធ​របស់​របប​លោក ហ៊ុន សែន ដែល​យក​លេស​ថា កាសែត​នេះ ជំពាក់​ពន្ធ​រដ្ឋ​រយៈពេល ១០​ឆ្នាំ ដែល​គិត​ជា​ទឹកប្រាក់​ជាង ៦​លាន ៣​សែន ដុល្លារ ដែល​ក្នុង​នោះ​ជិត ៣​លាន​ដុល្លារ គឺជា​ថ្លៃ​ការប្រាក់ ដែល​អាជ្ញាធរ​ពន្ធ​កម្ពុជា ថា​កាសែត​នេះ​ជំពាក់​រដ្ឋ ក្នុង​រយៈពេល ១០​ឆ្នាំ​នោះ មក​ដាក់​បន្ទុក​ដ៏​ធ្ងន់ ឲ្យ​ម្ចាស់​កាសែត​នេះ សង​ក្នុង​រយៈពេល​ដ៏​ខ្លី។ ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល កាលណោះ​បញ្ចាក់​ថា កាសែត​អ្នកស្រី មិនបាន​ជំពាក់​ពន្ធ​រដ្ឋ ដ៏​ច្រើន​សន្ធឹក​បែប​នោះ​ទេ ហើយ​ថា ការ​យក​លេស​រឿង​ពន្ធដារ​នេះ គឺ​របប​លោក ហ៊ុន សែន មាន​ចេតនា​នយោបាយ ចង់​បិទ​សារព័ត៌មាន​សេរី ដ៏​កម្រ​នៅ​កម្ពុជា​តែប៉ុណ្ណោះ។

បន្ថែម​លើ​ការ​បិទ​កាសែត​នេះ របប​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ ឬ​ប្លក់​គេហទំព័រ​របស់​កាសែត​នេះ នៅ​កម្ពុជា​ថែម​ទៀត​ផង។ អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) បញ្ជាក់​ថា សព្វថ្ងៃ​នេះ កាសែត​អ្នកស្រី​ផ្សាយ​តាម​ហ្វេសប៊ុក (Facebook) និង​តាម​គេហទំព័រ www.cambodiadaily.com ដែល​អាច​បើក​មើល​បាន​ក្រៅពី​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "កាសែត​ខេមបូឌាដេលី​ប្រកាស​មិន​បើក​កាសែត​នៅ​ស្រុក​ខ្មែរ​វិញ​ព្រោះ​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​​និង​អំពើពុករលួយ"

  1. Target says:

    កុំថាឡើយមហាជនខ្មែរទូទាំងប្រទេសកម្ពុជាលោកមិនទុក្ខចិត្ត ហ៊ុនសែន
    សូម្បីតែមេដឹកនាំពិភលោកមួយចំនួនគេខ្សិបគ្នាថាបើយើងអាចដេកជាមួយក្រពើបានចាំយើងទុក្ខចិត្ត ហ៊ុនសែន។ ទង្វើរបស់ ហ៊ុនសែន
    សព្វថ្ងៃនឹងហើយដែលធ្វើអោយគេលេងជឿទុក្ខចិត្តបាន។

Leave a Reply

Submit Comment