មន្ត្រី​របប​ភ្នំពេញ​បង្ក​ភាព​លំបាក​ក្នុង​ការ​ទទួល​សំណើ​បញ្ជូន​ឈ្មោះ​គ្រូ​ដែល​រង​ការ​លុប​ចោល​ចូល​ក្របខ័ណ្ឌ​វិញ

ដោយ ជាតិ ចំណាន
2018-12-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA


ទីស្ដីការគណៈរដ្ឋមន្ត្រី មិនទាន់​ទទួល​បាន​សំណើ​របស់​សហភាព​សហ​ជីព​កម្ពុជា ករណី​ស្នើសុំ​បញ្ចូល​ឈ្មោះ​គ្រូបង្រៀន​ជាង​១០​នាក់ ដែល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លុបឈ្មោះ​ចេញពី​ក្រសួង កាលពី​ខែ​មករា នៅ​ឡើយ​ទេ។ សហភាព​សហជីព​កម្ពុ​ជា និង​សមាគម​គ្រូបង្រៀន​ឯករាជ្យ ទាមទារ​ឲ្យ​មន្ត្រី​ខុទ្ទកាល័យ របស់ លោក ហ៊ុន សែន នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី មាន​ភាព​ទទួលខុសត្រូវ ព្រោះ​សហភាព​សហជីព បាន​ដាក់​លិខិត​២​ថ្ងៃ ជាប់​គ្នា និង​រង​ការ​រុញ​ឯកសារ​ចេញ​ច្រើនដង មិន​ព្រម​ទទួល។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន អះអាង​ថា បាន​យក​លិខិត ទៅ​ដាក់​នៅ​ខុទ្ទកាល័យ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ២​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃទី៤ និង​ទី៥ ធ្នូ ប៉ុន្តែ​មន្ត្រី ទទួល​ញត្តិ បាន​បង្ក​ភាព​ស្មុគស្មាញ​ខ្លាំង និង​មិន​ព្រម​ទទួល​សំណើ​ទេ បើ​ទោះ​ជា សហភាព​សហជីព​បាន​ថែម​ឯកសារ តាម​តម្រូវការ​គ្រប់​ចំនួន៖ «លិខិត​ហ្នឹង យើង​ចេញ​ថ្ងៃ​៤ ដាក់​ថ្ងៃ​៤​ម្ដង​។ ដាក់​ថ្ងៃ​៤ គេ (​មន្ត្រី​ខុទ្ទកាល័យ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​) រុញ​មកវិញ ថា យើង​អត់​មាន​ភ្ជាប់​លិខិត​យោង​ទៅ។ ដល់ពេល​ម្សិលមិញ​នេះ ថ្ងៃ​៥ យើង​កូពី (​ថតចម្លង​) លិខិត​យោង​អី អស់ហើយ ទៅ​ដាក់​ទៅ គេ​ថា អត់​ដែល​បាន​ឃើញ​លិខិត​យោង​នេះ​ផង សុំ​ភស្តុតាង។ ដល់ពេល​អ៊ីចឹង​ទៅ យើង​កូពី ស៊ីញេ​លិខិត​ក្នុងនាម​សមាគម លិខិត​ហ្មង​មក បាន​យើង​យក​ទៅ​ដាក់​មួយ​សារ​ទៀត។ ដល់ពេល​ដាក់​មួយ​សារ​ទៀត គេ​ថា ចាំ​សួរ ឆ្លង​យោបល់​មេ​សិន​…​ដល់​អ៊ីចឹង​សហការី​ខ្ញុំ ទុក​នៅ​លើ​តុ​ហ្នឹង​ទៅ​។​…. អ៊ីចឹង​ផ្ញើ​សារ​តាមរយៈ​ហ្នឹង ឲ្យ​នាយករដ្ឋមន្ត្រី ត្រូវ​មើល​កូនចៅ​គាត់​ផង ក្នុង​ការ​ទទួល​លិខិត»

ក្នុង​លិខិត​សុំ​កិច្ច​អន្តរាគមន៍ ពី​លោក ហ៊ុន សែន ចុះ​ថ្ងៃទី៤ ធ្នូ លោក រ៉ុង ឈុន បញ្ជក់​ថា បុគ្គលិក​អប់រំ ចំនួន​១១​នាក់ ដែល​រង​ការ​លុប​ចេញ​ពី​ក្រសួង​អប់រំ កាលពី​ថ្ងៃ​ទី​៣០ មករា មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការចោទប្រកាន់​របស់​ក្រសួង​អប់រំ​ទេ។ លោក ថា ការចោទប្រកាន់​ទាំងនោះ ជា​រឿង​អយុត្តិធម៌ និង​រំលោភ​លើ​អនុក្រឹត្យ ស្ដីពី​ការ​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​ដើម និង​ច្បាប់​ស្ដីពី​សហ លក្ខន្តិកៈ មន្ត្រីរាជការ​ស៊ីវិល ត្រង់​មាត្រា ៤០ និង​មាត្រា ៤៧។

កាលពី​ខែ​មករា ដើម​ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ចេញ​ប្រកាស លុបឈ្មោះ​បុគ្គលិក​ក្រសួង​អប់រំ​យ៉ាងហោចណាស់ ១១​នាក់ ចេញពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ដោយ​លើក​ហេតុផល​សាមីជន​អវត្តមាន គ្មាន​ច្បាប់​អនុញ្ញាត។ បុគ្គលិក​ទាំងនោះ មាន​ដូចជា លោក រ៉ុង ឈុន បុគ្គលិក​នៅ​ក្រសួង​អប់រំ លោកគ្រូ ឌី លី អ្នកគ្រូ វង រុន្នី ជា​គ្រូបង្រៀន​នៅ​ខេត្ត​ព្រះសីហនុ និង​គ្រូបង្រៀន ជាច្រើន​នាក់​ទៀត នៅ​ខេត្ត​កំពង់ចាម ព្រៃវែង សៀមរាប កំពត និង​បាត់ដំបង។

ប៉ុន្តែ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ឲ្យ​ដឹង​ថា បុគ្គលិក​អប់រំ​ទាំងនោះ សុទ្ធតែ​ជា​សមាជិក​របស់​សមាគម ហើយ​ការបញ្ឈប់​គ្រូបង្រៀន​ទាំងនោះ ជា​ការ​រើសអើង នយោបាយ ដោយសារ គ្រូបង្រៀន​ខ្លះ ជា​សមាជិក​គណ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) និង គ្រូ​ខ្លះ​ទៀត ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ ស្រុក ខេត្ត របស់​គណបក្ស​សង្គ្រោះជាតិ ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច នៅ​ពេល​អាជ្ញាធរ​របប​លោក ហ៊ុន សែន បង្ខំ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង ចុះចូល។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហភាព​សហជីព​ការងារ អះអាង​ថា លោកគ្រូ អ្នកគ្រូ​ទាំងនោះ មិនបាន​ប្រព្រឹត្តិ​ខុសច្បាប់ ដូច​ការចោទប្រកាន់​ទេ គឺ ពួកគាត់​បាន​ដាក់​ច្បាប់​ត្រឹមត្រូវ ដើម្បី​ទៅ​បំពេញ តួនាទី មួយ​រយៈ​ជា​ក្រុមប្រឹក្សា​ខេត្ត ស្រុក ឃុំ ដែល​ស្របតាម​ច្បាប់​អនុញ្ញាត។

លោក រ៉ុង ឈុន អះអាង​ថា ការ​ស្នើ​សុំ​អន្តរាគមន៍ ពី​លោក ហ៊ុន សែន នៅ​ពេល​នេះ ដោយសារ សង្កេតឃើញ របប​ក្រុងភ្នំពេញ និង​រដ្ឋសភា​ឯក​បក្ស​កំពុង​ពន្លឿន​កែប្រែ​ច្បាប់ បើកផ្លូវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ លើកលែង​ការចោទប្រកាន់ មេដឹកនាំ​សហជីព និង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា។ ដូច្នេះ​ក្រុម​គ្រូបង្រៀន​ទាំង​១១​នាក់ ក៏​រងគ្រោះ ដោយសារ​នយោបាយ ត្រូវតែ​ទទួល​បាន​យុត្តិធម៌​មកវិញ​ដែរ។

ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា អ្នកស្រី អ៊ុក ឆាយាវី ជំរុញ​ឲ្យ​មេដឹកនាំ​របប​លោក ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​មាន​ភាព​ទទួលខុសត្រូវ​លើ​ការ​ទទួល​ញត្តិ​ពលរដ្ឋ សមាគម និង សហជីព កុំ​ឲ្យ​រុញច្រាន​ការងារ និង​បង្ក​ភាព​ស្មុគស្មាញ​ច្រើន ដល់​អ្នកមាន​ទុក្ខ​កង្វល់ ដែល​បាន​ទៅ​ដាក់​ញត្តិ។ សង្គម​ស៊ីវិល​រូប​នេះ សង្ឃឹមថា លោក ហ៊ុន សែន នឹង​អន្តរាគមន៍​ឲ្យ​គ្រូបង្រៀន បាន​ត្រលប់​មក​ចូល​ធ្វើការ​វិញ និង​កំពុង​ត្រៀម លិខិត​អម​មួយ​ច្បាប់ ដាក់​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា ដូចគ្នា ដើម្បី​ពិចារណា លុបចោល​ប្រកាស​ក្រសួង បើកផ្លូវ​ឲ្យ​គ្រូបង្រៀន ទាំងនោះ បាន​ត្រលប់​ចូល​មក​បំពេញ​តួនាទី​វិញ៖ «នាយករដ្ឋមន្ត្រី​កំពុង​ធ្វើការ​យ៉ាងណា ដើម្បី​ឲ្យ​សង្គម​ស៊ីវិល ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង ទុកចិត្ត ថា នាយករដ្ឋមន្ត្រី​កំពុងតែ​យកចិត្តទុកដាក់​ចំពោះ​គាត់​។ ខ្ញុំ​សង្ឃឹមថា នាយករដ្ឋមន្ត្រី​ច្បាស់​ជា បាន​លឺ​ព័ត៌មាន ដែល​ពួក​យើង​កំពុងតែ​ជជែក​គ្នា​នេះ។ ចាស ដូច្នេះ សុំ​ឲ្យ​នាយករដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​យ៉ាងណា ដើម្បី​ឲ្យ​លោកគ្រូ អ្នកគ្រូ​យើង (​ចូល​ធ្វើការ​វិញ)។ ចាស គាត់​អត់​មានទោស​ទណ្ឌ​អ្វី ក្នុង​ការដែល​ក្រសួង​អប់រំ លុបឈ្មោះ​គាត់​ចេញពី​ក្របខ័ណ្ឌ ក្រសួង​អប់រំ​ទេ»

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង លោក ទិត សុធា ប្រាប់​អាស៊ីសេរី​ថា មិន​បាន​ដឹង រឿង​លិខិត​របស់​សហភាព​សហជីព​កម្ពុ​ជា ដាក់​ជូន​ទីស្ដីការគណៈរដ្ឋមន្ត្រី​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ព្រមាន​ថា ប្រសិនបើ មិន​មាន​ដំណោះស្រាយ ពី លោក ហ៊ុន សែន ទេ សហភាព​សហជីព​កម្ពុ​ជា នឹង​ដាក់​ពាក្យ ប្ដឹង​ទៅ​តុលាការ និង​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី​ស្ថាប័ន​អប់រំ​អន្តរជាតិ ដើម្បី​ទាមទារ​រក​យុត្តិធម៌​មកវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment