លោក​ W. Patrick Murphy ប្ដេជ្ញា​ជំរុញ​ឱ្យ​កម្ពុជា​ពង្រីក​លំហ​សេរីភាពសារព័ត៌មាន

កម្ពុជា

រូបឯកសារ៖ លោក​ W. Patrick Murphy បច្ចុប្បន្ន​គឺ​ជា​ឧបការី​រង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ (រូបថតដោយ U.S. Embassy of Phnom Penh)


06 ធ្នូ 2018
សាយ មុន្នី
ប៉ូច រាសី
វីអូអេខ្មែរ

បេក្ខជន​​ដែល​ទទួល​បាន​ការ​តែងតាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ឱ្យ​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ បាន​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ឡើងវិញ​និង​ពង្រីក​លំហ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។

បេក្ខជនឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​គឺ​លោក​ W. Patrick Murphy បាន​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ធ្វើ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ពង្រីក​លំហ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​នោះ។

ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​សវនាការ​របស់​គណៈកម្មាធិការ​នេះ ​ដើម្បី​សាកសួរ​រូប​លោក​អំពី​គោលជំហរ​ និង​ការ​តាំង​ចិត្ត​របស់​លោក ប្រសិន​បើ​លោក​ត្រូវ​បាន​អនុម័ត ជា​ឯកអគ្គរដ្ឋទូត​ថ្មីរបស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។

​ឆ្លើយ​តប​នឹង​សំណួរ​របស់​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​គឺ​លោក Ed Markeyមកពី​រដ្ឋ​ម៉ាស្សាឈូសិត​ អំពី​គោលជំហរ​របស់​លោក​ក្នុង​ការ​ដោះស្រាយការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​សំឡេង​ឯករាជ្យ​ជា​ពិសេស​សារព័ត៌មាន​សេរី​ក្នុង​ប្រទេស​កម្ពុជានោះ លោក ​W. Patrick Murphy បាន​មាន​ប្រសាសន៍យ៉ាង​ដូច្នេះ​ថា៖

«‍ប្រសិនបើ​ព្រឹទ្ធសភា​អនុម័ត​បេក្ខភាព​របស់​ខ្ញុំ ខ្ញុំ​នឹង​ពាំនាំ​សារ​ដ៏​ខ្លាំង​នេះ​ពី​សភា​និង​រដ្ឋបាល​សហរដ្ឋ​អាមេរិក ហើយ​និង​ធ្វើ​ការ​ជាមួយ​ភាគី​ទាំង​អស់​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជំរុញ​យ៉ាង​ខ្លាំងក្លា​ ឱ្យ​អាជ្ញាធរ បើក​ឡើង​វិញ​និង​ពង្រីក​លំហ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ»។

លោក​ W. Patrick Murphy (រូប​ឆ្វេង​បំផុត) ឆ្លើយ​តប​សំណួរ​របស់​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ក្នុង​អំឡុង​ពេល​សវនាការ​លើ​សំណើ​តែង​តាំង​រូប​លោក​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)

លោក​ W. Patrick Murphy (រូប​ឆ្វេង​បំផុត) ឆ្លើយ​តប​សំណួរ​របស់​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ក្នុង​អំឡុង​ពេល​សវនាការ​លើ​សំណើ​តែង​តាំង​រូប​លោក​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)


តាំង​ពី​ឆ្នាំ​មុន​មក​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ដែល​នៅ​សេសសល់​តែ​បន្តិចបន្តួច​ក្នុង​ប្រទេស​កម្ពុជា បាន​រង​ការ​គាបសង្កត់​និង​រឹតត្បិត​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដោយ​ក្នុង​នោះ កាសែត​ឌឹខែមបូឌា​ដេលី និង​ការិយាល័យ​របស់​វិទ្យុ​អាស៊ី​សេរី​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​បង្ខំ​ចិត្ត​បិទ​លែង​ដំណើរ​ការ​ក្នុង​ប្រទេស​តទៅទៀត។ ទោះបីជា​ការិយាល័យ​វីអូអេ​ក្នុង​ប្រទេស​កម្ពុជា​ មិន​ត្រូវ​បាន​បិទ​ក៏​ដោយ ក៏​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក ត្រូវ​បាន​រដ្ឋាភិបាល​បង្គាប់​ឬ​ហាម​ប្រាណ​មិន​ឱ្យ​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយរបស់​ស្ថាប័ន​សារព័ត៌មាន​ដែល​គាំទ្រ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នេះ​ដែរ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ ក៏​ត្រូវ​បាន​រំលាយ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ដែល​សកម្ម​ ក៏​ត្រូវ​បាន​បិទ ឬ​បង្ខំ​ឱ្យ​ផ្អាក​សកម្មភាព​របស់​ពួកគេ ខណៈ​ដែល​ក្រុម​អ្នក​រិះគន់រដ្ឋាភិបាល​មួយ​ចំនួន ព្រម​ទាំង​អ្នកសារព័ត៌មាន​និង​អ្នក​ថត​ភាពយន្ត​ឯកសារ​ឯករាជ្យ​ផង ត្រូវ​បាន​ចាប់ខ្លួន​ឬ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ជា​យថាហេតុ​ណាមួយ។

​លោកW. Patrick Murphyដែល​នឹង​ទៅ​ជំនួស​លោក ​William A. Heidt ប្រសិន​បើ​សំណើ​តែងតាំង​រូប​លោក​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​ ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័តនោះ មាន​ប្រសាសន៍​ថា ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​ សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​ដែល​បាន​ធ្លាក់​ចុះ​ដុនដាបនៅ​កម្ពុជា​ក្នុង​រយៈពេល​១៨​ខែ​ចុងក្រោយ​នេះ បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ខកចិត្ត​យ៉ាង​ខ្លាំង។

«‍ការ​ឭ​សំឡេង​ដ៏​ខ្លាំង​ពី​ស្ថាប័ន​សភា​អាមេរិក​នេះ ជួយ​ពួក​យើង​យ៉ាង​ច្រើន ហើយ​ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​មែន​នោះ នេះ​គឺ​ជា​សារ​មួយ​ដែល​ខ្ញុំ​នឹង​ពាំនាំ​ទៅ​ថា សហរដ្ឋ​អាមេរិក មាន​ជំហរ​រួម​គ្នា​គួរសម។ យើង​ចង់​ឃើញ​ការ​ប្ដូរ​ស្ថានភាព​ដុនដាប​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ដើម្បី​ឱ្យ​កម្ពុជា អាច​បន្ត​កំណើន​និង​ពង្រីក​វិសាល​ភាព​នយោបាយ​របស់​ខ្លួន​បាន»។

​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ​បាន​ទម្លាក់​ចំណាត់ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​រហូត​ដល់លំដាប់​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ទូទាំង​ពិភពលោក។ ចំណាត់​ថ្នាក់​នេះ ធ្វើ​ឱ្យ​កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​១០​កម្រិតថែម​ទៀត បើ​ធៀប​នឹង​ចំណាត់​ថ្នាក់​កាល​ពី​ឆ្នាំ​២០១៧។

លោក ផៃ​ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល មិន​ដែល​បិទ​ឬ​ទទួល​ស្គាល់​ថា​មាន​សារព័ត៌មាន​ឯករាជ្យ​ណាមួយ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

«‍រាជ​រដ្ឋាភិបាល​ មិន​ដែល​មាន​បំណង​ឬ​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បិទ​សារព័ត៌មានដែល​គេ​តាំង​ខ្លួន​ជា​សារព័ត៌មាន​ឯករាជ្យ​នោះ​ទេ។ គ្មាន​ទេ អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​លើ​ពិភព​លោក​នេះ។ មាន​តែ​អ្នក​សារព័ត៌មាន​សេរី​តែ​ប៉ុណ្ណោះ​បាទ»។

កាល​ពី​ថ្ងៃ​ច័ន្ទ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយបង្ហាញ​ជំហរ​អនុញ្ញាត​ឱ្យ​ស្ថាប័ន​សារព័ត៌មាន​ កាសែត​ឌឹខេមបូឌាដេលី វិទ្យុ​អាស៊ី​សេរី និង​វីអូអេ អាច​បើក​ឬ​ដំណើរ​ការ​ធម្មតា​ឡើង​វិញ​បាន​ក្នុង​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត​ មាស នី អ្នក​វិភាគ​ផ្នែក​សង្គម​និង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ​ថា ទោះបីជា​លោក​មើល​ឃើញ​ជំហរ​ចុងក្រោយ​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ​ថា​ហាក់​ដូច​ជា​ការ​ទទួល​ស្គាល់​របស់​រដ្ឋាភិបាល​អំពី​ការ​រឹតត្បិត​របស់​ខ្លួន​ទៅលើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​កន្លង​មក​ក៏​ដោយ ក៏​លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ធានា​ឱ្យ​មាន​ប្រតិបត្តិការ​នៃ​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។

«‍នៅ​ក្នុង​វប្បធម៌​ខ្មែរ​យើង ការ​ទទួល​ការ​រិះគន់​ពី​សារព័ត៌មាន​ឯករាជ្យ​នេះ ឬ​ក៏​ការ​និយាយ​ទៅ​ដែល​ជា​ចំណុច​ចន្លោះប្រហោង​ឬ​ភាព​ខ្វះខាត​របស់​គណបក្ស​នយោបាយ​ មិន​ថា​គណបក្ស​ប្រឆាំង​ មិន​ថា​គណបក្ស​កាន់អំណាច​ទេ សុទ្ធតែ​ចាត់​ទុក​ថា​ជា​រឿង​រសើប ហើយ​ត្រូវ​តែ​ធ្វើ​ប្រតិកម្ម​មក​វិញ ដោយ​ចោទ​លាប​ពណ៌​អញ្ចេះ លាប​ពណ៌​អញ្ចុះ»។

លោក​បន្ថែម​ថា លោក​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​«ប្ដេជ្ញា​ចិត្ត​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​ ដោយ​ចូល​រួម​ធ្វើ​ការ​តាម​ដាន ដើម្បី​ត្រួត​ពិនិត្យ​អ្នក​នយោបាយ​ខ្មែរ ឱ្យ​ធ្វើ​យ៉ាងម៉េច​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស»៕

What Next?

Recent Articles

Leave a Reply

Submit Comment