លោក សម រង្ស៊ី ចាត់​ទុក​ការ​កែប្រែ​ច្បាប់​នយោបាយ​ដើម្បី​បំបែក​រូបលោក​និង​លោក កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2018-12-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ក្នុង​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។ Photo: RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ក្នុង​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។ Photo: RFA


លោក សម រង្ស៊ី ប្រធាន​ស្ដីទី​បណ្ដោះអាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៥​ធ្នូ ថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​បើក​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង អាច​ធ្វើ​នយោបាយ​ឡើងវិញ​បាន​នោះ ជា​ជំ​ហ៊ាន​វិជ្ជមាន​មួយ តែ​លោក​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​មុន​សិន ដើម្បី​បើកផ្លូវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ បាន​ចូលរួម​ធ្វើ​នយោបាយ​ឡើងវិញ។

ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​របប​ឯកបក្ស​នេះ ដោះលែង លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ជាមុន​វិញ​សិន។

លោក សម រង្ស៊ី ថ្លែង​ថា របប​លោក ហ៊ុន សែន វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ យ៉ាង​ប្រញាប់ប្រញាល់ បែប​នេះ គឺជា​យុទ្ធសាស្ត្រ ដើម្បី​បំបែកបំបាក់​សម្ព័ន្ធ​រវាង​លោក និង លោក កឹម សុខា តែប៉ុណ្ណោះ។

លោក សម រង្ស៊ី មានប្រសាសន៍​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​៥ ធ្នូ ថា សភា​ឯកបក្ស​នឹង​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នោះ គឺជា​ការ​វិវឌ្ឍ​នយោបាយ​ជា​វិជ្ជមាន​មួយ ក៏ប៉ុន្តែ​ដើម្បី​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ថា របប​របស់​លោក ហ៊ុន សែន ចង់​លើកស្ទួយ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​មែន​នោះ លោក​ទាមទារ​ឲ្យ​របប​ឯក​បក្ស​នេះ ដោះលែង លោក សុខា ឲ្យ​មាន​សេរីភាព​ជាមុន​សិន មុន​ពេល​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​នេះ។ «»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេហ្គ្រាម (Telegram) ថា របប​ក្រុងភ្នំពេញ​ចង់​ដោះស្រាយ​រាល់​បញ្ហា​នានា ដែល​បាន​កើតឡើង​នៅ​ក្នុង​សង្គម​កម្ពុជា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ។

លោក សុខ ឥសាន សម្ដែង​ការ​សោកស្ដាយ ដែល​ជន​មួយ​ចំនួន​មិន​មើល​ឃើញ​ពី​បំណង​ល្អ​របស់​របប​របស់​លោក ហើយ​ថា ការ​លើកឡើង​របស់​របប​ក្រុងភ្នំពេញ អំពី​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ មក​ពី​គំនាប​ពី​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ចេញពី​កម្ពុជា របប​ក្រុងភ្នំពេញ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ ហើយ​ថា ការ​កែប្រែ​ឥរិយាបថ​នេះ ជា​ការ​ពន្យារ​ពេល​ទៅវិញ។ លោក សុខ ឥសាន អះអាង​ថា លោក សម រង្ស៊ី គ្មាន​ឆន្ទៈ​ប្រកួតប្រជែង​តាម​លទ្ធិ​គោលការណ៍​ប្រជាធិបតេយ្យ​ទេ គឺ​លោក​ចង់​ដណ្ដើម​អំណាច ដោយ​កម្លាំងបាយ​តែប៉ុណ្ណោះ។

ក្រសួងការបរទេស​កម្ពុជា និង​រដ្ឋសភា បាន​ចេញ​សេចក្ដីថ្លែងការណ៍​ព្រម​គ្នា ដោយ​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជាថ្មី​ម្ដងទៀត​នេះ គឺ​ដើម្បី​បើកផ្លូវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដែល​ជាប់​បម្រាម​របស់​តុលាការ​កំពូល​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន។ អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង មាន​ប្រសាសន៍ថា សេចក្ដីស្នើ​វិសោធនកម្ម បាន​ដាក់​ឲ្យ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ពិនិត្យ​ជា​ការ​ប្រញាប់​រួចហើយ រួច​បញ្ជូន​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ មុននឹង​ដាក់​ឲ្យ​អង្គ​សភា​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​បន្ថែម​ថា ទោះបីជា​ច្បាប់​នេះ មានបំណង​ចង់​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ក្ដី តែ​ពុំ​មែន​មានន័យថា មន្ត្រី​ទាំង​១១៨​នាក់​នោះ មាន​សិទ្ធិ​វិល​មក​ធ្វើ​នយោបាយ​វិញ​ទាំ​អស់​គ្នា គឺ​មានតែ​មន្ត្រី​ណា ដែល​របប​ក្រុងភ្នំពេញ ចាត់ទុកថា ជា​មនុស្ស​មិនបាន​បំផ្លិចបំផ្លាញ​ជាតិ​តែប៉ុណ្ណោះ។ «»

លោក សម រង្ស៊ី ឆ្លើយតប​ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបែកបំបាក់​របស់​លោក ហ៊ុន សែន ដែល​លោក​អំពាវនាវ​ឲ្យ​សមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ កុំ​លេងល្បែង​ជាមួយ​លោក ហ៊ុន សែន ដែល​នៅ​ពីក្រោយ​នៃ​ការ​ប្រកាស​ថា ចង់​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ នីតីរដ្ឋ និង​បង្រួបបង្រួម​ជាតិ​នៅ​ពេល​នេះ គឺជា​ចេតនា​នយោបាយ​យ៉ាង​ពិត​ប្រាកដ​របស់​លោក ហ៊ុន សែន ដែល​ចង់​បំបែក​លោក ចេញពី​លោក កឹម សុខា ដើម្បី​ឲ្យ​សង្គ្រោះ​ជាតិ​ទន់ខ្សោយ។ លោក សម រង្ស៊ី អះអាង​ថា យុទ្ធសាស្ត្រ​ទាំងអស់​នេះ លោក បាន​ដឹង​អស់​ទៅ​ហើយ។ លោក សម រង្ស៊ី ព្យាករណ៍​ថា លោក ហ៊ុន សែន នឹង​បើក​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​មុនគេ ដែល​បង្កប់ខ្លួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះជាតិ​កន្លងមក​នោះ។ ទាក់ទង​នឹង​ការចោទប្រកាន់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​បំផ្លិចបំផ្លាញ​ជាតិ និង​ក្បត់ជាតិ​នោះ លោក សម រង្ស៊ី អះអាង​ថា មានតែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ទេ ដែល​បំផ្លាញ​ជាតិ​នោះ។ «»

ពលរដ្ឋ​មួយ​រូប​នៅ​ខែត្រ​បាត់ដំបង អ្នកស្រី សំបូរ លើក​ជា​សំនួរ​សួរ​ទៅ​លោក សម រង្ស៊ី ក្នុង​នាទី​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​៥ ធ្នូ ថា បើសិនជា​លោក សម រង្ស៊ី មាន​លក្ខខណ្ឌ​ដោះដូរ​អ្វីមួយ​ពី​បក្ស​ប្រ​ឆាំង​វិញ តើ​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ដូចម្ដេច​? «»

ឆ្លើយតប​នឹង​សំណួរ​នេះ លោក​សម រង្ស៊ី បញ្ជាក់​ថា លោក​គ្មាន​អ្វី​ដោះដូរ​អ្វី​ក្រៅពី​របប​លោក ហ៊ុន សែន ឡើយ តែ​លោក​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​របប​លោក ហ៊ុន សែន បើសិនជា​របប​នេះ ពិត​ជា​មាន​ឆន្ទៈ​ពិតប្រាកដ​ចង់​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត​មែន​នោះ។ «»

ក្រុម​អ្នកវិភាគ​លើកឡើង​ថា របប​លោក ហ៊ុន សែន មក​ទល់​ពេល​នេះ មិនទាន់​បង្ហាញ​យន្តការ​ច្បាស់លាស់​នៅឡើយ​ទេ អំពី​ការប្រកាស​ជំហរ​ថា ចង់​ស្ដារ​លទ្ធិប្រជាធិបតេយ្យ លើកស្ទួយ​សិទ្ធិមនុស្ស និង​បង្រួបបង្រួម​ជាតិ​នោះ ផ្ទុយទៅវិញ អ្នកវិភាគ ក៏​ឃើញ​មិន​ខុស​ពី​លោក សម រង្ស៊ី ដែរ គឺ​របប​លោក ហ៊ុន សែន កំពុង​ប្រើ​យុទ្ធសាស្ត្រ​បំបែក​លោក កឹម សុខា ចេញពី​លោក សម រង្ស៊ី ដែល​របប​នេះ នឹង​ដោះលែង​លោក កឹម សុខា នៅ​ពេល​ឆាប់ៗ​នេះ ហើយ​នឹង​បើក​សិទ្ធិ​ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ រួម​ទាំង​មន្ត្រី​ជា​ជំនិត​របស់​លោក កឹម សុខា មួយ​ចំនួន​ទៀត។

ទោះជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី នៅ​តែ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា លោក កឹម សុខា និង លោក គឺជា​មនុស្ស​តែមួយ ដែល​របប​លោក ហ៊ុន សែន មិន​អាច​បំបែកបំបាក់​បាន​ឡើយ។ លោក សម រង្ស៊ី អះអាង​ថា សារ​ដែល​មេធាវី​លោក កឹម សុខា និង​មនុស្ស​មួយ​ចំនួន​ទៀត បាន​បញ្ចេញ​ថា លោក កឹម សុខា គាំទ្រ​សេចក្ដីថ្លែងការណ៍​របស់​របប​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣ ធ្នូ ដែល​និយាយ​ពី​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ​នោះ គឺ​លោក​មិន​ជឿ​ឡើយ លុះត្រាតែ លោក កឹម សុខា ត្រូវ​បាន​របប​លោក ហ៊ុន សែន ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ទើប​លោក​ជឿ​ទៅលើ​ការ​ថ្លែង​សារ​នយោបាយ​ណាមួយ​របស់​លោក កឹម សុខា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

របប​លោក ហ៊ុន សែន ប្រើ​ល្បិច​ផ្ត​ល់​សិទ្ធិ​ធ្វើ​នយោបាយ​ដើម្បី​បំបែក​បំបាក់​បក្ស​ប្រឆាំង



What Next?

Recent Articles

Leave a Reply

Submit Comment