លោក សម រង្ស៊ី ប្រកាន់​ជំហរ​ទន់ភ្លន់​ដាក់​អ្នក​ដែល​ជំទាស់​ក្នុង​បក្ស

នយោបាយ


រូបឯកសារ​៖ លោក សម រង្ស៊ី ថ្លែងទៅកាន់សមាជិកគណបក្សសង្គ្រោះជាតិ នៅប្រទេសហ្វីលីពីន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។


05 ធ្នូ 2018
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោក​ សម រង្ស៊ី​ ប្រកាន់​ជំហរ​ទន់ភ្លន់​ដាក់​អ្នក​ដែល​ជំទាស់​ក្នុង​បក្ស


លោក សម រង្ស៊ី​ សង្ឃឹម​ថា​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅទីក្រុង​អាត្លង់តា​នេះ​ គឺ​នឹង​ជួយ​ឱ្យ​លោក កឹម សុខា​ មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

លោក ​សម រង្ស៊ី ​បាន​វិល​មក​គ្រប់គ្រង​គណបក្ស​សង្គ្រោះជាតិ​ឡើង​វិញ​ជា​ប្រធាន​ស្តី​ទី​ក្នុង​ពេលដែល​ប្រធាន​គណបក្ស​គឺ​លោក ​កឹម សុខា ​នៅ​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន​និង​បើទោះបី​ជា​ក្រុម​អ្នក​គាំទ្រ​របស់​លោក ​កឹម សុខា​ បាន​ជំទាស់​នឹង​ការ​សម្រេចចិត្ត​នេះ​ក៏ដោយ។

មុន​ពេល​ទទួល​យក​តំណែង​នេះ ​លោក ​សម រង្ស៊ី​ ដែល​ជា​សហ​ស្ថាបនិក​គណបក្ស​បាន​ផ្ញើ​សារ​បង្រួប​បង្រួម​មួយ។

«ឱ្យ​យល់​ឱ្យ​ច្បាស់ ​ខ្ញុំ​ទទួល​យក​តួនាទី​នេះ​គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​ប្រកាន់​ជំហរ​ត្រជាក់​ ជំហរ​រួបរួម​ ជំហរ​ទៅ​រក​គេ​ ពីព្រោះ​ខ្មែរ​យើង​ជួនណា​ថា​ម៉េច​មិន​មក​រកខ្ញុំ​ ហើយ​ឱ្យ​ខ្ញុំ​ទៅរក​អ្នកឯង? ខ្ញុំ​សុខ​ចិត្ត​ទៅ​រក​អ្នក​ឯង​ចាប់​ពី​ពេល​នេះ​ទៅ‍»។​

​សម្រាប់​ឆាកអន្តរជាតិ​គឺ​លោក សម រង្ស៊ី​ បន្ត​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា​ និង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៤០០​នាក់​ ដែល​មកពី​ប្រទេស​នានា​បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​អាត្លង់តា​ រដ្ឋ​ចរចា​កាលពី​ចុងសប្តាហ៍​កន្លង​ទៅនេះ​ ដើម្បី​ស្វែង​រក​វិធី​ស្តា​លទ្ធិ​ប្រជាធិបតេយ្យនិងគណបក្សឡើងវិញ​ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ពី​គណបក្ស​កាន់​អំណាច​ដោយ​ពិនិត្យ​មើល​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​ខ្លួន។​

លោក អ៊ុង ឫទ្ធី ​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​បានបញ្ជាក់​ថា៖

«ចំណុច​ខ្សោយ​របស់​យើង​ គឺ​យើង​ធម្មតា​ទេ​កាលណា​គេ​ចាប់មេ​ចាប់កើយ​ យើង​ខ្វះ​អ្នក​ដឹកនាំ។ ទោះបី​យើង​មាន​អនុប្រធាន​គណបក្ស ​ឬ​ថ្នាក់​ដឹកនាំ​គណបក្ស​នៅ​ក្រៅ​ប្រទេស​ក្តី​ ក៏ប៉ុន្តែ​ភាព​មិន​ចុះ​សម្រុង​គ្នា​វាតែង​តែ​មាន។ ធម្មតា​កាលណា​យើង​ជួប​គ្រោះ​ភ័យ​ កូនចៅ​តែ​ងតែ​មាន​ការ​ភ័យ​ស្លន់ស្លោរ​ មាន​ការ​ពិបាក​ក្នុង​ការរក​ដំណោះស្រាយ​ផ្សេងៗ ម្ល៉ោះ​ហើយ​បានជា​យើង​បង្កើត​ជា​សន្និសីទ​នេះ ដើម្បីធ្វើ​ចិត្ត​បងប្អូន​ឱ្យ​ស្ងប់​ក្នុងការ​រិះរក​មធ្យោបាយ​ ការពារ​អ្វី​ដែល​យើង​មាន»។​

​លោក​ សុក សុផាត ប្រធាន​សាខា​មួយ​នៃគណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស​បារំាង​បាន​បញ្ជាក់​ពី​ស្មារតី​របស់​ពួកគេ។​

«ចំណុចខ្លាំង គឺ​បាន​ន័យ​ថា​ខ្មែរ​យើង​ភាគច្រើន​គឺ​ស្រឡាញ់​សង្គ្រោះ​ជាតិ។ ឥឡូវ​នេះ​បើ​ទោះបី​ជា​អស់លោក​ណា​ចង់​បំបាត់​យ៉ាងម៉េច ​គឺ​នៅក្នុង​ដួង​ជីវិត​ខ្មែរ​យើង​ទាំង​អស់​គ្នា។ ចំណុច​ខ្លាំង​ទីពីរ​យើង​មាន​សម្ពាធ​អន្តរជាតិ​ បានន័យ​ថា​គេ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ស្រុក​យើង​ឱ្យ​ដូច​ស្រុក​គេ​ស្រុក​ឯង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ មាន​សេរីភាព​ ម្នាក់ៗ​គោរព​សិទ្ធិ​ម្នាក់ៗ‍»។​

សេចក្តី​សម្រេច​១០ចំណុច​របស់​សន្និសីទ​នេះ​បាន​ស្នើឱ្យ​លោក សម រង្ស៊ី​ មក​ដឹកនាំ​គណបក្ស​បណ្តោះ​អាសន្ន​ក្នុង​ពេល​អន្តរកាល​សិន។

លោក សម រង្ស៊ី​ បាន​ផ្តល់​ហេតុផល​ក្នុង​ការទទួល​យក​នេះ​ថា៖

«ទីមួយ​អត់ប៉ះពាល់​រចនា​សម្ព័ន្ធ​គណបក្ស​សង្គ្រោះជាតិ​ទេ។ លោក កឹម សុខា​ នៅ​តែ​ជា​ប្រធាន​ដដែល។ ទីពីរ​តួនាទី​ប្រធាន​ស្តី​ទី​នឹង​ត្រូវ​បញ្ចប់​ដោយខ្លួនឯង​ ពេល ​កឹម ​សុខា​ ទទួល​បាន​សេរីភាព​ពេញលេញ​ហើយ​មក​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​វិញ ​ដូច​ធម្មតា​ដូច​ពីមុន។ ហើយ​ទីបី​ក្រោម​ការ​ដឹកនាំ​បណ្តោះ​អាសន្ន​របស់​ខ្ញុំនេះ​ គឺ​មាន​គណបក្ស​សង្គ្រោះជាតិ​តែមួយ​ក្រោម​ស្លាកសម​ រង្ស៊ី កឹម សុខា​មនុស្ស​តែ​មួយ‍»។​

លោក សម រង្ស៊ី​ សង្ឃឹម​ថា​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅទីក្រុង​អាត្លង់តា​នេះ​ គឺ​នឹង​ជួយ​ឱ្យ​លោក កឹម សុខា​ មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

លោក សម រង្ស៊ី​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«លោក​ ហ៊ុន សែន ​ចាប់​លោក​ កឹម សុខា ​ឃុំឃាំង​កុំ​ឱ្យ​លោក កឹម សុខា​ ធ្វើអ្វី​កើត ​ហើយ​លោក កឹម សុខា​ ធ្វើ​ជា​ប្រធាន ​ហើយ​ប្រធាន​ត្រូវគេ​ចាប់ឃុំឃាំង​មិនអាច​ធ្វើអ្វី​កើតទេ ​អីចឹង​គណបក្ស​គាំង។ អីចឹង​លោក ហ៊ុន សែន​ មាន​ផលប្រយោជន៍​ទុក​លោក កឹម សុខា ​ក្នុង​ការ​ឃុំឃាំង​របស់​គាត់​ពីព្រោះ​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គាំង​ ប៉ុន្តែ​ចាប់ពី​ថ្ងៃនេះ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ឈប់គាំង​ហើយ។ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈប់គាំង​ហើយ​ដំណើរការ​ទៅមុខ ​លោក កឹម សុខា​ គ្មាន​ផល​ប្រយោជន៍​ឱ្យ​លោក ហ៊ុន សែន ​ចាប់ឃាត់​ទៀត​ទេ»។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧ ​ហើយ​ប្រធាន​គណបក្ស​ត្រូវ​បាន​ចាប់​ឃុំឃាំង​តាំងពី​ខែ​កញ្ញា​ឆ្នាំមុន។ ថ្នាក់​ដឹកនាំ​មួយ​ចំនួន​បាន​ភៀស​ខ្លួន​មក​នៅ​ក្រៅ​ប្រទេស​ក្នុង​ខណៈពេល​ដែល​សកម្មជន​ដែល​បន្ត​នៅក្នុង​ប្រទេស​ មិន​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វីទេ។

សន្និសីទ​នេះ​ក៏​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​ព្រះសង្ឃ និង​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​អាមេរិកាំង​ផង​ដែរ។​

លោក​ យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។

«ខ្ញុំ​ចង់​ពង្រីកដម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅស្រុក​ខ្មែរ ​ហើយ​ខ្ញុំ​ឃើញ​អ្នក​ដែល​មក​នេះ​ភាគច្រើន​ជា​អ្នក​គោរព​លទ្ធិប្រជាធិបតេយ្យ​ ម្ល៉ោះ​ហើយ​គេ​មាន​គោល​គំនិត​ស្រដៀងគ្នា​ដែរ​ ខ្ញុំ​ថា​នេះ​ជា​ការ​ល្អ ដើម្បី​ទាម​ទារ​យ៉ាង​ម៉េច​ឱ្យ​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ស្រុកខ្មែរ​ឱ្យ​បាន​មកវិញ‍»។

លោក ​ស៊ុយ សេងហុង ប្រធាន​ដឹកនាំ​សន្និសីទ​នេះ​បាន​បញ្ជាក់​ថា៖

«ពីដើម​យើង​អត់សង្ឃឹម​ថា​ គាត់​ទទួល​យក​ទេ ពីព្រោះ​គាត់​គឺ​ជាមនុស្ស​មួយ​គិត​វែង​ឆ្ងាយ​ប៉ុន្តែ​នៅពេល​នេះ​គាត់​ទទួល​យក​ គឺ​យើង​សប្បាយចិត្ត​មែនទែន។ យើង​ភ្ញាក់ផ្អើល​មែនទែន‍»។

លោក​បន្ថែមថា​ ចំពោះ​មុខ​មាន​ភារកិច្ច​បន្ទាន់​ជាច្រើនសម្រាប់​លោក សម រង្ស៊ី ​ធ្វើ​ក្នុងនាមជាមេដឹកនាំ​ស្តីទី​នេះ។

«កិច្ចការ​ទីមួយ​បង្រួបបង្រួម​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​មាន​ការ​រស់រវើក​ឡើង​វិញ​ ជាពិសេស​នៅក្រៅ​ស្រុក។ កិច្ចការ​ការបរទេស​ជា​កិច្ចការ​ធំណាស់​ ចំពោះ​ប្រទេស​ខ្មែរ​ដ៏តូចមួយ​នោះ​ ដូច្នេះ​សម្ពាធ​អន្តរជាតិ​ដែល​មាន​ពី​សហរដ្ឋ​អាមេរិក​នេះ​‍​ត្រូវតែ​ធ្វើ​ឱ្យ​បាន​ឆាប់​ជា​បន្ទាន់​ដើម្បី​បញ្ចប់»។

ប៉ុន្តែ​សម្រាប់​ក្រុមអ្នកគាំទ្រ​លោក កឹម សុខា​ គឺ​កិច្ច​ប្រជុំ​នេះ​ចាត់ទុក​ថា ​ជា​ការ​រំលោភ​នឹង​លក្ខខន្តិកៈ​របស់​គណបក្ស។ ពួកគេ​បាន​បដិសេធ​ការ​ជួបប្រជុំនេះ​ ហើយ​ថា​អ្នកចូលរួម​ប្រជុំ​នេះ​គ្មាន​សិទ្ធិ​តាម​ផ្លូវច្បាប់ ដើម្បី​ធ្វើការ​តែងតាំង​និង​សំណូមពរ​ដូចនេះ​ទេ ហើយ​ចាត់​ទុកថា​អ្វី​ដែល​សម្រេច​បាន​នៅ​ទីក្រុង​អាត្លង់តា ​រដ្ឋចរចា​ គឺគ្រាន់តែ​ជា​«យោបល់​មតិ​របស់​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ»៕

What Next?

Recent Articles

Leave a Reply

Submit Comment