សង្គម​ស៊ីវិល​រិះគន់​ករណី​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​បង្ហោះ​វីដេអូ​ជនជាតិ​ចិន​កាប់​គ្នា​នៅ​ភ្នំពេញ

ដោយ សេក បណ្ឌិត
2018-12-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបភាព​វីដេអូ ករណី​ជនជាតិ​ចិន​កាប់​គ្នា នៅ​មុខ​ក្លឹប​កម្សាន្ត​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​នា​ពេល​កន្លង​មក។ Screenshot
រូបភាព​វីដេអូ ករណី​ជនជាតិ​ចិន​កាប់​គ្នា នៅ​មុខ​ក្លឹប​កម្សាន្ត​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​នា​ពេល​កន្លង​មក។ Screenshot


អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត រក​ជន​ដែល​បង្ហោះ​វីដេអូ​ករណី​ជនជាតិ​ចិន​កាប់​គ្នា នៅ​រាជធានី​ភ្នំពេញ ក្រោម​ហេតុផល​ថា ការ​បង្ហោះ​វីដេអូ​នោះ មាន​ចេតនា​បំពុល​បរិយាកាស និង​មាន​ចេតនា​អាក្រក់​លើ​របប​ដឹកនាំ​សព្វថ្ងៃ។

ប៉ុន្តែ​សង្គម​ស៊ីវិល រិះគន់​ចំណាត់​ការ​នេះ​ថា ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ភ័យខ្លាច​មិន​ហ៊ាន​ចូលរួម​បង្ហាញ​បញ្ហា​ក្នុង​សង្គម ខណៈ​ដែល​អាជ្ញាធរ​ខ្វះ​វិធានការ​ផ្លូវច្បាប់​តឹងរ៉ឹង​ចំពោះ​ជនជាតិ​បរទេស​មួយ​ចំនួន ដែល​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នៅ​កម្ពុជា​ទៅវិញ​ទេ។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា ជន​ដែល បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​បង្ហាញ​ពី​ជន​ជាតិ​ចិន​មួយ​ក្រុម​កាប់​ចាក់​គ្នា​នៅមុខ ក្លឹប​កម្សាន្ត​ឈ្មោះ បេស រូម (Bass Room) នោះ កំពុង​ស្ថិត​ក្រោម​ស៊ើបអង្កេត ដើម្បី​ឈាន​ដល់​ការ​នាំ​ខ្លួន​មក​សួរនាំ។

លោក ឆាយ គឹមឃឿន បញ្ជាក់​ថា ការ​បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​នេះ គឺ​អនុវត្ត​តាម​បញ្ជា របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ លោក នេត សាវឿន បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ​ឃើញ​ថា វីដេអូ​នោះ មានការ​កាត់ត​រូបភាព​ក្នុង​ចេតនា​បំពុល​បរិយាកាស​សង្គម បង្ក​ឲ្យ​មានការ​ភ័ន្តច្រឡំ និង បង្កើត​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់ថា ការ​ចាត់​វិធានការ​បែបនេះ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត មាន​ការ​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ចែកចាយ​ព័ត៌មាន ឬ​បង្ហាញ​បញ្ហា​ពិតប្រាកដ ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សង្គម​ខ្មែរ៖ «ទាល់តែ​យើង​ស៊ើបអង្កេត​និង​ស្រាវជ្រាវ និង​មាន​របាយការណ៍​ប្រាកដប្រជា ហើយ​ប្រាប់​សាធារណជន​អោយ​បាន​ច្បាស់លាស់​ដើម្បី​កុំ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ និង​មានការ​ចោទប្រកាន់​តទៅ​ទៀត​ថា ហេតុ​អី បានជា​មិន​ស្រាវជ្រាវ​រករឿង​ពិត​អោយ​ឃើញ​បែរជា​ទៅ​តាម​រក​អ្នក​ដែល​បង្ហោះ​ឬក៏​ចែកចាយ​ព័ត៌មាន​នៅ​ភ្នំពេញ ដូច្នេះ​ធ្វើ​អោយ​សាធារណជន មានការ​មន្ទិល​ហើយ​មានការ​បារម្ភ​ហើយ​វា​បាត់​ព័ត៌មាន​ដែល​កើតឡើង​នៅ​ថ្ងៃក្រោយ ហើយ​អត់​ហ៊ាន​អោយ​សមត្ថកិច្ច​បាន​ដឹង​ដើម្បី​ចាត់វិធានការ​នោះ​ទេ»

ថ្មីៗ​នេះ ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ចែកចាយ​ព្រោងព្រាត​នូវ វីដេអូ​ខ្លីប​មួយ​ដែល​បង្ហាញ​ពី​ជនជាតិ​មួយ​ក្រុម បាន​ឈ្លោះ​គ្នា​នៅមុខ​ក្លឹប​កម្សាន្ត បេស រ៉ូម ហើយ​ជនជាតិ​ចិន​ទាំងនោះ បាន​បើកឡាន​រញ៉េរញ៉ៃ និង​ប្រុង​បើក​ឈុត​ឆាក​វាយ​កាប់​ប្រហារ​គ្នា​ស្រស់ៗ​ទៀត​ផង។ ក្នុង​វីដេអូ​នោះ គឺ​អ្នក​ថត បាន​និយាយ​ភ័យ​ផង និង​សើច​ផង​ថា ជនជាតិ​ចិន សាហាវ និង​ខ្វះ​សណ្ដាប់ធ្នាប់ ដែល​មើល​ទៅ​ទីក្រុង​ភ្នំពេញ​ដូចជា​ទីក្រុង​ម៉ាកាវ​ទី​២។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា វត្តមាន​ជនជាតិ​ចិន​ដែល​រស់នៅ​កម្ពុជា បាន​ក្លាយ​ជា​រឿង​រសើប​ដោយសារតែ​ពួកគេ​បង្ក​ភាព​អនាធិបតេយ្យ ដែល​ហាក់​ផ្ទុយ​ពី​ការ​អះអាង​របស់​របប​ក្រុងភ្នំពេញ ដែល​តែង​និយាយ​ការពារ​ថា ជនជាតិ​ចិន​ដែល​មក​កម្ពុជា គឺជា​អ្នក​លើកស្ទួយ​សេដ្ឋកិច្ច និង​បំពេញ​កង្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​ជាដើម។ លោក ផ្ដល់​មតិ​ថា នៅ​ពេល​​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​ដូច្នេះ ថ្ងៃក្រោយ​នៅ​ពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង​ឬ​មាន​ករណី​ជនជាតិ កាប់​ចាក់​គ្នា​ទៀត ពលរដ្ឋ​គួរតែ​ថត​វីដេអូ​ដែល​មាន​ទីតាំង​ច្បាស់លាស់ និង​មាន​ភស្តុ​តាំង​រឹងមាំ ដើម្បី​ទុក​តស៊ូ​មតិ​ជាមួយ​អាជ្ញាធរ៖ «ត្រូវ​អនុវត្ត​ជាប្រចាំ ហើយ​បទល្មើស​ដែល​កើតឡើង​អាជ្ញាធរ​ត្រូវតែ​បង្ក្រាប ដោយ​មិន​រើសមុខ​មិន​ថា​ឡើយ​ចិន យួន អាហ្វ្រិក​អី​ទេ អោយ​តែ​ប្រព្រឹត្ត ខុស​គឺ​ត្រូវតែ​ប្រឈមមុខ​ផ្លូវច្បាប់។ ប៉ុន្តែ​យើង​ឃើញ​កន្លង​មក​នេះ គឺ​អាជ្ញាធរ​ហាក់​ដូចជា​ញញើត​ញញើម​ក្នុង​ការ​បង្ក្រាប​ជនជាតិ​ចិន​ដែរ»

គេ​តែង​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​មួយ​ចំនួន​ដែល​មក​រស់នៅ​កម្ពុជា មិនសូវ​គោរព​ច្បាប់​កម្ពុជា នោះ​ទេ ពួកគេ​បង្កើត​ជា​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បង្កើត​ជា​ក្រុម​បង​តូច​បងធំ វាយ​កាប់ ចាក់ បើកឡាន​លឿនៗ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ជាប់​សង្ស័យ​ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ព្រមទាំង​បើក​បន​ល្បែង និង​សេវា​រកស៊ី​ផ្លូវ​ភេទ​ជាដើម។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា កន្លងទៅ អាជ្ញាធរ​ខ្មែរ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង ២​រយ​នាក់ ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ក្នុង​ខេត្ត​តាកែវ។ ហើយ​កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​កន្លង​ទៅ ជនជាតិ​ចិន​ម្នាក់ បែក​ថ្នាំ​កាប់​ស្ត្រី​ខ្មែរ​ម្នាក់ និង​ប៉ូលិស​ខ្មែរ​ម្នាក់ទៀត រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ។

សង្គម​ស៊ីវិល​យល់ថា នៅ​ពេល​ឃើញ​ជនជាតិ​ចិន​ទាំង​ក្រុមៗ ដេញ​កាប់​គ្នា វាយ​គ្នា​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម ឆ្លងដែន ស​ឲ្យ​ឃើញ​ថា របប​ក្រុងភ្នំពេញ មាន​ភាព​ទន់ខ្សោយ​ក្នុង​ការ​គ្រប់គ្រង​ជនជាតិ​ចិន។ ពួកគេ ស្នើសុំ​ឲ្យ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​ជនបរទេស​ដែល​រស់នៅ​និង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ជាង​បច្ចុប្បន្ន​នេះ ហើយ​មិន​គួរ​មាន​វិធានការ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​គ្រាន់តែ​បង្ហោះ​វីដេអូ​ដើម្បី​បង្ហាញ​ពី​អសន្តិសុខ និង​ចង់​ឲ្យ​មាន​ដំណោះស្រាយ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​រិះគន់​ករណី​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​បង្ហោះ​វីដេអូ​ជនជាតិ​ចិន​កាប់​គ្នា​នៅ​ភ្នំពេញ"

  1. Anonymous says:

    OH …GOD this is what I call .. the cow did not pull the cert and the cert itself has been bitten by his owner. GOD bless KAMPOUCHEA

Leave a Reply

Submit Comment