2018-12-06
RFA
រូបគំនូរបង្ហាញពីសកម្មភាពលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ពិនិត្យជំងឺកុមារ ដែលគេបង្ហោះចែកចាយលើបណ្ដាញសង្គម កាលពីពេលកន្លងទៅ។ Photo Screenshot
អដ្ឋិធាតុវេជ្ជបណ្ឌិត បេអាត រីច្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានដង្ហែទៅបញ្ចុះនៅចេតិយនៅខាងមុខមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាបតាមបណ្ដាំរបស់លោករួចរាល់ ហើយ នៅថ្ងៃទី៥ ខែធ្នូ។
អដ្ឋិធាតុរបស់អ្នកមានគុណលើពលរដ្ឋខ្មែរនេះ ត្រូវបានដង្ហែតាមផ្លូវសំខាន់ៗនៅក្នុងខេត្តសៀមរាប ដែលចេញពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឆ្ពោះទៅកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយ មានព្រះសង្ឃ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនចូលរួមដង្ហែ និងឈរគោរពតាមដងផ្លូវ។ ក្នុងពិធីនោះ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បាននាំគ្នាកាន់បដា ដែលសរសេរថា គុណធម៌ដ៏ឧត្តុង្គឧត្ដមរបស់វេជ្ជបណ្ឌិត បេអាត រីច្នឺរ នឹងស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់ និងចាត់ទុក លោក បេអាត រីច្នឺរ ជាគ្រូពេទ្យទេវតា និងជាវីរបុរសដ៏អស្ចារ្យដែលបានជួយសង្គ្រោះ មាតា និងកុមារកម្ពុជាឲ្យមានជីវិត។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី និងសម្ដេច វររាជមាតា មុនីនាថ សីហនុ ក៏បានយាងជា អធិបតីក្នុងពិធី និងប្រទានគ្រឿងសក្ការបូជា នៅនឹងចេតិយជាទីតម្កល់អដ្ឋិធាតុលោកវេជ្ជបណ្ឌិត បេអាត រីច្នឺរ ដែរ។
រីឯអ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា វេជ្ជបណ្ឌិត បេអាត រីច្នឺរ គឺមានគុណធម៌ខ្ពស់ប្រៀបដូចជាតួអង្គព្រះពោធិសត្វដែលពោរពេញដោយកម្លាំងសទ្ធា មេត្តា ករុណា បញ្ញា និងការព្យាយាមដ៏ខ្លាំងក្លាក្នុងការជួយសង្គ្រោះជីវិតស្ត្រីនិងកុមារកម្ពុជា។ បណ្ឌិត ឡៅ ម៉ុង ហៃ យល់ថា អ្នកមានទ្រព្យសម្បត្តិ និងមានអំណាចនៅស្រុកខ្មែរ គួរតែខំអនុវត្តនិងយកគំរូល្អរបស់វេជ្ជបណ្ឌិត បេអាត រីច្នឺរ ដើម្បីជួយសង្គមកម្ពុជា ដូចជាតាមរយៈការបង្កើតមូលនិធិ(Foundation) ជាដើម៖ «ទៅអនាគតនឹងមានអ្នកយកគំរូតាមលោកវេជ្ជបណ្ឌិត តែក្នុងពេលបច្ចុប្បន្នឬជំនាន់នេះ មិនទាន់មានទេ។ ការយកគំរូល្អហើយបង្កើតជាមូលនិធិជួយសង្គមនេះ គឺឆ្លុះបញ្ចាំងពីវប្បធម៌និងសីលធម៌ខ្មែរ គឺអ្នកមានរក្សាខ្សត់ ដូច្នេះគឺជានិមិត្តយ៉ាងជាក់ស្ដែង»។
ទោះយ៉ាងណាក្តី លោកមិនសង្ឃឹមថា អ្នកមានទ្រពសម្បត្តិនិងមានអំណាច នៅពេលបច្ចុប្បន្ននេះ អាចធ្វើបាននោះទេ ព្រោះពួកគេ នៅមានការលោភលន់ច្រើន រហូតដល់លោភលន់ហួសកម្រិតច្បាប់ និងសីលធម៌ទៀតផង។
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ កាលពីថ្ងៃទី៩ ខែកញ្ញា នៅប្រទេសស្វីសដោយជំងឺ។ លោកគឺត្រូវមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាបុគ្គលឆ្នើម ឬជាពេទ្យទេវតាក្នុងការជួយសង្គ្រោះកុមារកម្ពុជា ចាប់តាំងពីលោកបានដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកាលពីឆ្នាំ១៩៩២ មក។
លោកបានបង្កើតឲ្យមានមន្ទីរពេទ្យគន្ធបុប្ផាចំនួន៥ ដើម្បីឆ្លើយតបនឹងស្ថានភាពជំងឺកុមារកម្ពុជា។
ក្នុងរយៈពេលប្រមាណជាង ២៥ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ ជាង ៦៣២ លានដុល្លារ ក្នុងការផ្ដល់សេវាព្យាបាលជំងឺដល់កុមារ និងស្ត្រីមានផ្ទៃពោះនៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ៕