ក្រុម​សហជីព​រំពឹង​ថា​តុលាការ​ក្រុង​ភ្នំពេញ​នឹង​ទម្លាក់​បទ​ចោទ​លើ​ពួកគេ

ដោយ វ៉ែន សុមេធ
2018-12-0
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ RFA
ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ RFA


សាលាដំបូង​ក្រុងភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​នេះ បាន​បើកសវនាការ​លើ​សំណុំរឿង​មេ​សហជីព​៦​នាក់ ប៉ុន្តែ​ការ​ជំនុំជម្រះ​នេះ គ្មាន​វត្តមាន​មេ​សហជីព​ចូលរួម​ទេ មានតែ​មេធាវី​តំណាង​ចូលរួម​ប៉ុណ្ណោះ។ ទោះ​គ្មាន​វត្តមាន​ក្នុង​តុលាការ​ក្តី​មេ​សហជីព មួយ​ចំនួន​យល់ថា តុលាការ​ក្រុង​ភ្នំពេញ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ។

ក្រុម​សហជីព​លើកឡើង​ថា អវត្តមាន​ពួកគេ​នៅ​បន្ទប់​សវនាការ​ព្រោះ ពួកគេ​មិន​បាន​ទទួល​ដីកា ឬ​លិខិត​អញ្ជើញ​ពី​តុលាការ ហើយ​សហជីព​ខ្លះ​ត្រូវ​បំពេញ​បេសកកម្ម​នៅ​បរទេស និង​មេ​សហជីព​ខ្លះ​ទៀត​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​នៅឡើយ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ចូលរួម​ក្នុង​សវនាការ​ព្រោះ​តុលាការ​កោះហៅ​តែ​មេធាវី​របស់​លោក មិន​បាន​កោះហៅ​លោក​ទេ។ លោក ប៉ាវ ស៊ីណា សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​បទ​ចោទ​នេះ​ចោល ពីព្រោះ ក្រុម​សហជីព​មិន​បាន​ពាក់ព័ន្ធ​ដូច​ការចោទប្រកាន់​នោះ​ឡើយ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា មិន​មាន​អ្វី​ជា​បញ្ហា​ទៀត​ទេ​ព្រោះ​ថ្នាក់ដឹកនាំ​លោក​បាន​បាន​អន្តរាគមន៍​ទម្លាក់​បទ​ចោទ​ឬ​តម្កល់​រឿង​មិន​ចាត់ការ»

ដោយឡែក លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស មេធាវី​របស់​លោក គឺ​មេធាវី កៅ ទី រំពឹង​ថា តុលាការ​នឹង​ទម្លាក់​បទ​ចោទ​លើ​កូន​ក្តី​របស់​លោក៖ «ខ្ញុំ​មាន​ជំនឿ​ថា តុលាការ​សម្រេច​ឲ្យ​កូន​ក្តី​ខ្ញុំ​រួចផុត​បទចោទប្រកាន់»

ការ​ជំនុំ​ជម្រះ​ក្តី​លើ​ក្រុម​សហជីព​របស់​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ពេល​នេះ ធ្វើឡើង​ក្រោយពេល លោក ហ៊ុន សែន លើកឡើង​ជាថ្មី​ជា​លើក​ទី​២ ដោយ​ប្រាប់​ទៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​ការងារ​ឲ្យ​អន្តរាគមន៍ បញ្ចប់​សំណុំរឿង​មេ​សហជីព​នេះ​អោយ​បាន​ឆាប់។ លោក ហ៊ុន សែន ចង់​បញ្ចប់​សំណុំ​រឿង​នេះ​អោយ​បាន​ឆាប់ ខណៈ​សហភាព​អឺរ៉ុប​ព្រមាន​លុបចោល​គម្រោង​អនុគ្រោះ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ​ឬ​ហៅថា EBA ដោយសារ​របប​នេះ​ធ្វើ​ឲ្យ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ក៏​មាន​ជំនឿ​ថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​តុលាការ​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១១ ធ្នូ ខាងមុខ។ ប៉ុន្តែ លោក រ៉ុង ឈុន យល់ថា ការ​បើក​លំហ​សេរីភាព​របស់​ក្រុម​សហជីព​ត្រឹម​ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​ទេ លុះ​ត្រា​ណា របប​នេះ ដោះលែង​លោក កឹម សុខា លើកលែងទោស​លោក សម រង្ស៊ី ផ្ដល់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨​នាក់ ផ្ដល់​តួនាទី​ដល់​ក្រុមប្រឹក្សា​គណបក្ស​នេះ​ជាង ៥.០០០​នាក់ រៀបចំ​ការបោះឆ្នោត​ឡើង​និង​ត្រូវ​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ឯករាជ្យ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​អាច​ដំណើរការ​ឡើងវិញ​ជាដើម​៖ «យើង​មើល​រូបភាព​ទាំងអស់​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​គាត់​មានបំណង​ចង់​បញ្ចប់​មិន​ឲ្យ​មេ​សហជីព​ទាំងអស់​ហ្នឹង​ទទួល​សម្ពាធ​ដោយ​ពាក្យ ឬ​ដោយ​តុលាការ​នោះ​ទេ»

ប្រធាន​សហជីព​ចំនួន ៦​នាក់​ដែល​ជាប់​ឈ្មោះ​ក្នុង​សំណុំ​រឿង​នេះ​មាន លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ និង​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​សមត្ថកិច្ច​ក្រុងភ្នំពេញ ថៅកែ​រោងចក្រ និង​សមាគម​រោងចក្រ បាន​ប្ដឹង​តុលាការ​ក្រុង​ភ្នំពេញ​កាល​ជុំវិញ​ករណី​ហិង្សា នៃ​បាតុកម្ម​ការ​ទាមទារ​ដំឡើង​ប្រាក់​កម្មករ​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​ឆ្នាំ​២០១៣ កន្លងទៅ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ប្រាប់​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ មិនមែន​តែ​សាលាដំបូង​ក្រុងភ្នំពេញ​ដែល​ចាប់ផ្ដើម​ជំនុំជម្រះ​ករណី​សហជីព សូម្បី​តុលាការ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ក៏​កំពុង​ពិនិត្យ​សើរើ​សំណុំរឿង​របស់​សហជីព​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment