ពលរដ្ឋ​មាន​ជម្លោះដីធ្លី​៣​ស្រុក​នៅ​ខេត្ត​កោះកុង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ដើម្បី​ទាមទារ​សិទ្ធិ​និង​រក​ដំណោះស្រាយ​ដីធ្លី

ដោយ សន ចាន់រដ្ឋា
2018-12-07 –
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​កំពុង​ឈរ​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​នៅ​តំបន់​ថ្មពាន ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo Licadho
ពលរដ្ឋ​កំពុង​ឈរ​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​នៅ​តំបន់​ថ្មពាន ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo Licadho


ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ចំនួន​៣​ស្រុក​នៅ​ខេត្ត​កោះកុង រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ស្ករអំពៅ​កោះកុង។ អាជ្ញាធរ​ខេត្ត​កោះកុង សន្យា​ជាថ្មី​ទៀត​ថា នឹង​ពិនិត្យ​ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​ទៅតាម​លទ្ធភាព។ រីឯ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ពន្លឿន​ដំណោះស្រាយ​ឲ្យ​ចេញ​ជា​លទ្ធផល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​ជីវភាព​ពលរដ្ឋ​បន្ត​ទៀត។

ប្រជាពលរដ្ឋ​ប្រមាណ ៣០០​នាក់ មកពី​ស្រុក​ស្រែអំបិល ស្រុក​គិរីសាគរ និង​បទុមសាគរ បាន​ជួបជុំគ្នា នៅ​តារាង​បាល់ទាត់​ខេត្ត​កោះកុង ដោយ​លើក​បដា និង​ស្រែក​តវ៉ា សុំ​ឲ្យ​អាជ្ញាធរ នៃ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ដែល​នៅ​សេស សល់ ព្រោះ​សព្វថ្ងៃ​នេះ ពួកគាត់​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព។ ពលរដ្ឋ​នាំ​ស្រែក​ថា គ្មាន​ដី គ្មាន ជីវិត។

ទោះយ៉ាងណា​ក្តី ការ​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧០ ដែល​នឹង​មកដល់​នៅ​ថ្ងៃ​ទី ១០ ធ្នូ ខាងមុខនេះ ត្រូវ​បាន​អាជ្ញាធរ ខេត្ត​កោះកុង ហាមឃាត់ និង​រារាំង​មិន​ឲ្យ​ធ្វើ​ពិធី​ដង្ហែ​តាម​ទី​សាធារណៈ​ក្នុង​ខេត្ត​កោះកុង​នោះ​ទេ ក្រោម​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់ ដោយសារ​ខេត្ត​កោះកុង ត្រៀម​ប្រារព្ធ​ធ្វើបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃ ទី​១៤ ខែ​ធ្នូ។ អាជ្ញាធរ បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ជួបជុំ​នៅ​ក្នុង​សាល​មហោស្រព​ខេត្ត​មួយ​ភ្លែត និង​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​​ផ្ទះ​វិញ។

ប្រជា​ពលរដ្ឋ អះអាង​ថា ពួកគាត់ មាន​ទំនាស់​ដីធ្លី​ជាង​១០​ឆ្នាំ​មក​ហើយ ជាមួយ​ក្រុមហ៊ុន​ធំៗ ចំនួន​៤ គឺ​មាន​ដូចជា​ក្រុមហ៊ុន​កោះកុង ភ្លែនថេសិន (Koh Kong Platantion) និង​ក្រុមហ៊ុន កោះកុង​ស៊ូហ្គ័រ (Koh kong Sugar Industry) របស់​លោក លី យ៉ុងផាត់ ជា​សេដ្ឋី​បន​ល្បែង ឈ្មួញ​ដី និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រុមហ៊ុន​ដាំ​អំពៅ របស់​លោក​ឧកញ៉ា ហេង ហ៊ុយ និង ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬ​យូឌីជី (UDG)

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន​គ្រុប លោកស្រី សាំង ពុយ រៀបរាប់ថា ការ​ហាម​មិន​ឱ្យ​ពួកគាត់​ដង្ហែ​ក្បូន​តាម​ទី​សាធារណៈ​ក្នុង​ខេត្ត​កោះកុង ព្រោះ​អាជ្ញាធរ​ខ្លាច បាក់មុខ និង​មិន​ចង់​ឱ្យ​មាន​គេ​ដឹង​លឺ​ច្រើន។ លោកស្រី ថា ពួកគាត់ ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន ដំណោះ​ស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ ។ «»

ចំណែក​តំណាង​ពលរដ្ឋ​នៅ​ឃុំ​កណ្ដោល​ជាង ៨​រយ​គ្រួសារ​ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​លោក ឧកញ៉ា លី យ៉ុង ផាត់ វិញ គឺ​លោក ឈឹម សាផាន ស្នើសុំ​ឲ្យ​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន មាន​ឆន្ទៈ​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ និង​កុំ​លាប​ពណ៌ ឬ​ចោទប្រកាន់​ប្រជាពលរដ្ឋ​ម្ចាស់​ដី ដើម្បី​គេចវេះ​ពី​ការ​ដោះស្រាយ ព្រមទាំង​ជួយ​ដោះស្រាយ​អោយ​បាន​ឆាប់។ «»

ក្រុម​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ធ្លាប់​ទទួល​បាន​ដំណោះស្រាយ​ខ្លះ និង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ឲ្យ​ទៅ​នៅ ទីតាំង​ថ្មី​នោះ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន ផ្ដល់​សំណង​ជា​លុយ​បន្ថែម​ជូន​ពួកគាត់​តាម​ការសន្យា និង​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មាន ដូចជា​ផ្លូវថ្នល់ មន្ទីរ ពេទ្យ សាលារៀន ទឹក ភ្លើង ជាដើម។

អភិបាលរង​ខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​ថ្លែង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត កោះកុង​នឹង​ពិនិត្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​លទ្ធភាព និង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ អាជ្ញាធរ​ថ្នាក់​ជាតិ​ដើម្បី​ជួយ​ដោះស្រាយ​បន្ត​តាម​នីតិវិធី។ «»

ចំណែក​អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) លោក មាន ព្រហ្មមុនី លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​គួរតែ​ខិតខំ ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទាំង​បី​ស្រុក​តាម​ការសន្យា​របស់​ខ្លួន បើ​ពុំ​នោះ​ទេ ពលរដ្ឋ នៅតែ​បន្ត​តវ៉ា​ទាមទារ​ជា​បន្តបន្ទាប់ ព្រោះ​ដីធ្លី គឺជា​ជីវិត​របស់​ប្រជាពលរដ្ឋ​។ លោក បន្ត​ថា ការ​បន្ត​អូស​បន្លាយ​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព និង​សិទ្ធិ​រស់រាន របស់​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​ក៏​រង​ការ​ស្ដីបន្ទោស​ផង​ដែរ។ «»

ប្រជាពលរដ្ឋ តែងតែ​លើកឡើង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ខ្នាត​ធំ​ទាំង​៤ បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដូចជា​ការបាត់បង់​សិទ្ធិ​ប្រើប្រាស់ និង​គ្រប់គ្រង​ដីធ្លី បាត់បង់​មុខរបរ​ចិញ្ចឹមជីវិត ជំពាក់​បំណុល​ធនាគារ កូនៗ​បាត់បង់​ឱកាស​សិក្សា បង្កើត​ឱ្យ​មាន​ការ​ធ្វើ​ចំណាកស្រុក និង​បាត់បង់​ធនធាន​ធម្មជាតិ នាំមក​នូវ​ក្តី​អន្តរាយ​ដល់​បរិស្ថាន និង​ប្រព័ន្ធ​ជីវចម្រុះ ព្រមទាំង​ការ​រង​ការ​រំលោភបំពាន​លើ​រូបរាងកាយ និង​ស្មារតី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទៀត​ផង។ កន្លងមក​មានការ​ដោះស្រាយ​ខ្លះ​ដែរ​ករណី​មួយ​ចំនួន ប៉ុន្តែ​បាន​ត្រឹមតែ​ចេញ​កម្មសិទ្ធិ​ដីធ្លី និង​ចែក​ដី​សម្បទាន​សង្គម​តិច​តួច ខណៈ​អ្នកខ្លះ​ត្រូវ​បាន​គេ​ទន្ទ្រាន​យក​ដី​ស្រស់ៗ​ដោយ​ឲ្យ​តម្លៃ​ថោកៗ​ក្រោម​ហេតុផល​យក​ដី​អភិវឌ្ឍន៍។

ប្រជាពលរដ្ឋ​ទាំងនេះ ព្រមាន​ថា បើ​ពុំ​មាន​ដំណោះស្រាយ​បញ្ចប់​តាម​ការសន្យា ឲ្យ​បាន​ឆាប់ៗ​នេះ​ទេ គឺ​ពួកគាត់​នឹង​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន និង​មុខក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ក្នុង​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles