ក្រសួងយុត្តិធម៌​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ពិនិត្យមើល​ភាព​អសកម្ម​ក្នុង​សំណុំរឿង​លោក អាឡិច

ដោយ សុ ជីវី
2018-12-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។ Photo Screenshot
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez – Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។ Photo Screenshot


ក្រសួងយុត្តិធម៌​បញ្ជា​ឱ្យ​ប្រធាន​តុលាការ​ខេត្ត​កោះកុង​ពិនិត្យមើល​ភាព​អសកម្ម​ក្នុង​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន លោក អាឡិកហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវិតសុន (ហៅ​អាឡិច) ដែល​រង​ការចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ។ លោក អាឡិច បាន​រង​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ អស់​រយៈ​ប្រមាណ ៣ ឆ្នាំ​ទៅ​ហើយ ដោយ​មិនទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅឡើយ ខណៈ​យុវជន ៣​នាក់​ផ្សេងទៀត ដែល​រង​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ដូចគ្នា​នេះ ត្រូវ​បាន​តុលាការ​ជំនុំជម្រះ និង​ប្រកាស​សាលក្រម​រួច​ទៅ​ហើយ។

សកម្មជន​បរិស្ថាន​ជនជាតិ​អេ​ស្ប៉ា​ញ លោក អាឡិច អះអាង​ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ទទួល​ដំណឹង​ពី​មេធាវី​របស់​លោក​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​បញ្ជា​ឱ្យ​ប្រធាន​តុលាការ​ខេត្ត​កោះកុង ធ្វើ​អធិការកិច្ច​លើ​ភាព​អសកម្ម​របស់​ចៅក្រម​ដែល​ទទួលបន្ទុក​ក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ​របស់​លោក។ លោក​ថ្លែង​ថា នេះ​ជាសញ្ញា​វិជ្ជមាន ដែល​ក្រសួងយុត្តិធម៌​អន្តរាគមន៍​លើ​ពាក្យ​បណ្តឹង​របស់​លោក ក៏ប៉ុន្តែ​លោក​ហាក់​មិន​មាន​ជំនឿ​ទេ​ថា ប្រធាន​តុលាការ​ខេត្ត​កោះកុង​នឹង​រាយការណ៍​ការ​ពិត​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយសារ​ប្រធាន​តុលាការ​ខេត្ត​កោះកុង នា​ពេល​បច្ចុប្បន្ន​នេះ គឺជា​អតីត​ចៅក្រម​ទទួលបន្ទុក​រឿង​ក្តី​របស់​លោក​នេះ​តែម្ដង៖ «ពីមុន មីន មករា ដើរតួ​ជា​ចៅក្រម​ជំនុំជម្រះ ឥលូវ​នេះ​គាត់​ជា​ប្រធាន​តុលាការ​ខេត្ត​កោះកុង។ គាត់​ជា​មនុស្ស​មានអំណាច​គួរសម ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ​នៅ​ខេត្ត​កោះកុង ហើយក៏​គាត់​ជា​កូន​នៃ​អភិបាល​ខេត្ត​ព្រះសីហនុ (លោក យន្ត មីន)។ អ៊ីចឹង​ខ្ញុំ​មិន​ជឿជាក់​ថា របាយការណ៍​ដែល​ក្រសួងយុត្តិធម៌​ចង់បាន គឺជា​របាយការណ៍​ពិតប្រាកដ មានគុណ​ភាព និង​មិន​លម្អៀង​នោះ​ទេ។ អ៊ីចឹង​ពេលនេះ ខ្ញុំ​សុំ​មិន​វិនិច្ឆ័យ​ស៊ីជម្រៅ​ប៉ុន្មាន​នោះ​ទេ ខ្ញុំ​មានតែ​រីករាយ​ដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បញ្ជា​ឱ្យ​តុលាការ​បន្ត កុំ​ឱ្យ​វា​គាំង​ត​ទៅ​មុខ​ទៀត»

កាលពីដើម​ខែ​កក្កដា កន្លងទៅ លោក អាឡិច តាមរយៈ​មេធាវី​របស់​លោក បាន​ដាក់​ពាក្យ​ប្តឹង​ប្រធាន​តុលាការ​ខេត្ត​កោះកុង លោក មីន មករា និង​ចៅក្រម ភាព សុភា ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី ស្នើ​សុំ​ឱ្យ​ស្ថាប័ន​កំពូល​មួយ​នេះ ពិនិត្យ និង​ចាត់វិធានការ​លើ​ភាព​អសកម្ម​របស់​ចៅក្រម​ទាំង​ពីរ​រូប ដើម្បី​ធានា​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ធានា​ឱ្យ​មាន​ដំណើរការ​ល្អ​នៃ​អង្គការ​តុលាការ និង​អង្គការ​អយ្យការ ព្រមទាំង​ផ្ដល់​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ក្តី​គ្រប់​ប្រភេទ​ឱ្យ​បាន​ឆាប់រហ័ស​។ លោក​ក៏បាន​ប្ដឹង​សុំ​ឱ្យ​ក្រសួងយុត្តិធម៌​ធ្វើ​អធិការកិច្ច​លើ​ភាព​ជាប់គាំង​នៃ​សំណុំរឿង​នេះ​ដែរ។

ការ​ប្ដឹងផ្ដល់​នេះ ដោយសារ​លោក អាឡិច យល់ថា ចៅក្រម​តុលាការ​ខេត្ត​កោះកុង​មិន​អើពើ​ចំពោះ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​ជនជាប់ចោទ​រួមគំនិត ជាមួយ​សកម្មជន​បរិ​ស្ថាន ៣​នាក់​ផ្សេងទៀត ក្នុង​អំពើ​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ។ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ីម សំណាង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ឃុំខ្លួន និង​ក្រោយមក​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ១៨ ខែ ពី​បទ “​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​” នៅ​ពេល​ពួកគេ និង​អ្នកភូមិ​ជាច្រើន​ទៀត ចុះ​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន នៅ​ខេត្ត​កោះកុង។

ពី​ដំបូង​ឡើយ លោក អាឡិច និង​យុវជន​ទាំង ៣ នាក់​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​តែមួយ ប៉ុន្តែ​ក្រោយមក​តុលាការ​បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដោយ​សំណុំរឿង​ទី​ពីរ​មានតែ​លោក អាឡិច ម្នាក់​ប៉ុណ្ណោះ។ មេធាវី​ការពារ​ក្តី​របស់​លោក អាឡិច អះអាង​ថា សំណុំ​រឿង​នេះ បាន​បិទ​ការ​ស៊ើបសួរ និង​បាន​ដល់ដៃ​ចៅក្រម​ជំនុំជម្រះ អស់​រយៈពេល​ប្រមាណ ៣ ឆ្នាំ​ទៅ​ហើយ ក៏ប៉ុន្តែ​មិនទាន់​ឃើញ​ចៅក្រម​កំណត់ពេល​ជំនុំជម្រះ​នៅឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​តុលាការ​ខេត្ត​កោះកុង លោក មីន មករា និង​ចៅក្រម ភាព សុភា ដែល​រង​ការ​ប្ដឹងផ្ដល់​ពី​សកម្មជន​បរិស្ថាន លោក អឡិច ជុំវិញ​រឿង​ភាព​អសកម្ម​មិន​ចាត់ការ​រឿង​ក្តី​នេះ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា លោក​មិន​បាន​ដឹង​ច្បាស់​ទេ​ថា តើ​សំណុំ​រឿង​នេះ​ពិតជា​ត្រូវ​បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ និង​រុញ​ទៅ​ដល់ដៃ​ចៅក្រម​ជំនុំជម្រះ​រួចហើយ​មែន ឬមួយ​ក៏​យ៉ាងណា​នោះ។ លោក​អះអាង​ថា ភាព​យឺតយ៉ាវ​នៃ​សំណុំរឿង​មួយ ប្រៀបធៀប​នឹង​សំណុំរឿង​មួយទៀត មិន​អាច​រាប់​ថា ជា​ភាព​អសកម្ម​របស់​មន្ត្រី​តុលាការ​ឡើយ ព្រោះ​អាច​ដោយសារ​សំណុំរឿង​នោះ មាន​ស្មុគស្មាញ​ជាង និង​មាន​អ្នក​ពាក់ព័ន្ធ​ច្រើន៖ «ការកំណត់​រយៈពេល​ហ្នឹង ជា​គោលការណ៍​ច្បាប់ គឺ​គេ​មិន​កំណត់​ទេ។ ដំណើរការ​នីតិវិធី​មួយ​អាច​យូរ អាច​ឆាប់ វា​អាស្រ័យ​ទៅ​លើ​ភាព​ស្មុគស្មាញ​នៃ​សំណុំរឿង អាស្រ័យ​ទៅ​លើ​ធនធាន​ដែល​មាន​ជាក់ស្ដែង​នៅ​តាម​តុលាការ​នោះ។ គេ​កំណត់​តែ​ថេរវេលា​នៃ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ទេ អ៊ីចឹង​ទេ​ដំណាក់កាល​នៃ​ការ​សម្រេច​សេចក្ដី ឬមួយ​យ៉ាងណា​នោះ វា​អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង ធនធាន និង​ពេលវេលា​ជាក់ស្ដែង​តាម​សាលា​ជម្រះ​ក្តី​នីមួយៗ»

ទោះជា​យ៉ាងណា មេធាវី​ការពារ​ក្តី​ឱ្យ​លោក អាឡិច លោក សំ ចំរើន ថ្លែង​ថា សំណុំ​រឿង​នេះ​មិន​មាន​ភាព​ស្មុគស្មាញ​នោះទេ ដូច្នេះ​តុលាការ​មិន​គួរ​អូស​បន្លាយ​សំណុំ​រឿង​នេះ​មកទល់​ពេល​បច្ចុប្បន្ន​ឡើយ ខណៈ​រូបលោក​ធ្លាប់​បាន​ដាក់ពាក្យ​ជំរុញ​រឿង​នេះ​ជាច្រើន​ដង​រួច​ទៅ​ហើយ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប។ លោក​រំពឹង​ថា តាមរយៈ​ការ​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌ សំណុំ​រឿង​នេះ​នឹង​មាន​ការ​វិវឌ្ឍ​ទៅមុខ ដើម្បី​ឱ្យ​កូន​ក្តី​របស់​លោក​បាន​ជ្រះស្រឡះ​ពី​បទ​ចោទប្រកាន់​នេះ៖ «សិទ្ធិ​ទទួល​បាន​ការ​កាត់ក្តី​ឆាប់រហ័ស​សម្រាប់​ជនជាប់ចោទ ជា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ គឺ​កតិកា​រសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ គេ​និយាយ​អ៊ីចឹង​។ តែ​ក្នុង​ច្បាប់​យើង ការ​កំណត់ថា ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​ហ្នឹង អត់​មាន​និយាយ​ទេ។ រឿងក្តី​មួយ យូរ​មិន​យូរ យើង​កំណត់​លើ​ភាព​ស្មុគស្មាញ និង​ភាព​ចាំបាច់​នៃ​រឿង​ក្តី​។ រឿង​ក្តី​នេះ​យើង​គិត​ថា មិនមែន​ជា​រឿង​ក្តី​ស្មុគស្មាញ​ទេ អ៊ីចឹង​ថេរវេលា ៣ ឆ្នាំ យើង​គិត​ថា​យូរ»

ចំណែក ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ក៏បាន​ជំរុញ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ពន្លឿន​នីតិវិធី​ក្នុង​សំណុំរឿង​របស់ លោក អាឡិច នេះ​ដែរ ដើម្បី​ជម្រះ​មន្ទិល​របស់​អ្នក​ពាក់ព័ន្ធ៖ «ទោះបីជា​ថា​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ មិន​មាន​កំណត់​ថេរវេលា​ឱ្យ​បាន​ច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​បើ​ពាក់ព័ន្ធ​ជាមួយ​នឹង​សិទ្ធិ​របស់​បុគ្គល គួរតែ​ពន្លឿន​ដំណើរការ​នីតិវិធី ដើម្បី​ឱ្យ​ដឹង​ស ឬ​ខ្មៅ​។ បើ​ថា​ការ​ជំនុំ​ជម្រះ​ទៅ រក​ឃើញ​ថា មានទោស ក៏​មាន​ទោស​ទៅ បើ​ថា​គ្មាន គឺ​គ្មាន​ទៅ ដើម្បី​ជម្រះ​នូវ​មន្ទិលសង្ស័យ​របស់​បុគ្គល​នីមួយៗ»

អង្គការ​មាតា​ធម្មជាតិ (Mother Nature) ត្រូវ​បាន​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចេញពី​បញ្ជី​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ពោល​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​សកម្មជន​ពីរ​នាក់​របស់​អង្គការ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដោយ​សារ​បាន​ចុះទៅ​ស៊ើបអង្កេត​រឿង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ដែល​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន។

អតីត​សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយសារ​ពួកគេ​បាន​ចេញ​មុខ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ពលរដ្ឋ នៅ​តាម​ដង​ព្រែក និង​ស្ទឹង​នៃ​តំបន់​មាត់សមុទ្រ​ក្នុង​ខេត្ត​កោះកុង។ សកម្មជន ៣​នាក់​ដំបូង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០១៥ នោះ រួមមាន យុវជន សាន់ ម៉ា​ឡា ទ្រី សុវិគា និង​ស៊ឹម សំណាង និង​ក្រោយ​មក​មាន ២​នាក់​ទៀត គឺ យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី ត្រូវ​បាន​ចាប់ខ្លួន​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧។ សកម្មជន ៣ នាក់​ដំបូង ត្រូវ​ជាប់ពន្ធនាគារ ១៨​ខែ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ ១០០​លាន​រៀល ឬ​ប្រហែល ២ ម៉ឺន ៥ ពាន់​ដុល្លារ ចំណែក​សកម្មជន ២​នាក់​បន្ទាប់ ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ម្នាក់ ១​លាន​រៀល​។ ក៏ប៉ុន្តែ​ពួកគេ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​ព្យួរទោស ក្រោយ​មាន​សាលក្រម​ពី​តុលាការ​ខេត្ត​កោះកុង បន្ទាប់ពី​ត្រូវ​ជាប់ពន្ធនាគារ​ជាច្រើន​ខែ​រួច​ទៅ​ហើយ​នោះ​។

លោក អាឡិច ថ្លែង​ថា លោក​ចង់​ឱ្យ​តុលា​ការ​បើក​ការ​ជំនុំជម្រះ​ករណី​របស់​លោក​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​លោក​អាច​មានឱកាស​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ដើម្បី​តតាំង​ក្តី ឬ​ដើម្បី​ឱ្យ​លោក​អាច​រួចខ្លួន​ពី​បទ​ចោទ​បែប​ប្រឌិត​នេះ៖ «អាច​ផ្លូវ​ទី​មួយ ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​សម្អាត​ឈ្មោះ​ខ្ញុំ ដើម្បី​បន្ត​បេសកកម្ម​ជួយ​ប្រទេសជាតិ ឬក៏​អាច​មាន​ផ្លូវ​ទី​ពីរ គឺ​គេ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ត្រឡប់​ទៅវិញ ប៉ុន្តែ​គេ​អាច​នឹង​ទម្លាក់​ការចោទប្រកាន់​លើ​រូប​ខ្ញុំ ហើយ​ខ្ញុំ​លែង​ជា​មនុស្ស​ដែល​គេ​ហៅថា ជន​ត្រូវ​ចោទ ឬក៏​ជនជាប់ចោទ»

លោក អាឡិច ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ បណ្ដេញ​ចេញពី​កម្ពុជា កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ ២០១៥ ដោយ​ផ្អែកលើ​ហេតុផល​ថា ទិដ្ឋាការ​របស់​លោក​ផុត​កំណត់។ គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​គ្រានោះ បាន​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន រួម​ទាំង​ព្រះមហាក្សត្រ​ផង ដើម្បី​បន្ត​ទិដ្ឋាការ​ដល់​លោក អាឡិច ដោយសារ​លោក​ជា​សកម្មជន​បរិស្ថាន​ដ៏​លេចធ្លោ​មួយ​រូប​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​នៅ​តំបន់​អារ៉ែង​នៃ​ខេត្ត​កោះកុង ក៏ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនោះ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។ ក្រោយពី​ត្រូវ​បាន​បណ្ដេញ​ចេញ លោក អាឡិច ក៏បាន​ស្វះស្វែង​តាម​មធ្យោបាយ​ជាច្រើន ដើម្បី​អាច​ត្រឡប់​មក​កម្ពុជា​វិញ ប៉ុន្តែ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បដិសេធ ដ្បិត​លោក​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ជន​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទឹកដី​កម្ពុជា​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment