លោក ហ៊ុន សែន ធានា​ប្រាប់​វៀតណាម​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ពជើងទឹក​ចិន​នៅ​កម្ពុជា​ឡើយ

ដោយ មាន
2018-12-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo: RFA
នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo: RFA


>លោក​​ ហ៊ុន សែន​ ប្រាប់​វៀតណាម​ថា​កម្ពុជា​គ្មាន​មូលដ្ឋាន​យោធា​បរទេស​ទេ


មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រាប់​ដោយ​ផ្ទាល់​មាត់​ទៅ​មេដឹកនាំ​វៀតណាម​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ឡើយ។ លោក​បន្ទោស​ថា ព័ត៌មាន​ស្ដីពី​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា ជា​ព័ត៌មាន​ក្លែងក្លាយ។

លោក ហ៊ុន សែន ថ្លែង​ដោយ​ប្រយ័ត្នប្រយែង ក្នុង​សន្និសីទកាសែត​រួមគ្នា​មួយ ធ្វើឡើង​កាលពី​ថ្ងៃ សុក្រ ទី៧ ធ្នូ ក្រោយ​បិទ​បញ្ចប់​ការ​ចចារ​រវាង​លោក និង​សម​ភាគី​វៀតណាម ថា លោក​បាន​ប្រាប់​ទៅ​លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ថា កម្ពុជា​គ្មាន​វត្តមាន​មូលដ្ឋានទ័ព​បរទេស​នោះ​ទេ។ លោក ហ៊ុន សែន ចាត់​ទុក​ព័ត៌មាន​នៃ​វត្តមាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ថា ជា​ការ​ឃោសនា​បែប​ភូត​កុហក និង​មាន​ចេតនា​បំផ្លិចបំផ្លាញ​កម្ពុជា៖ «ខ្ញុំ​ក៏បាន​ជម្រាប​ជូន​បញ្ហា​នេះ ជូន​ឯកឧត្ដម ង្វៀន សួន​ហ្វ៊ុក និង​គណៈប្រតិភូ​វៀតណាម​ឲ្យ​បាន​ជ្រាប​អំពី​ព័ត៌មាន​មិន​ពិត ហើយ​ជា​ការ​កុហក និង​បំផ្លិចបំផ្លាញ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​នៅ​ទីនេះ​បន្ថែម​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​នោះ​ទេ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​កម្ពុជា​ចេញទៅ​ក្រៅ​ប្រទេសក្រៅ​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​នោះ​ដែរ»

លោក ហ៊ុន សែន ក៏បាន​ទទួលស្គាល់​ដែរ​ថា ព័ត៌មាន​នេះ​មិន​ត្រឹមតែ​បង្កើត​បញ្ហា​ដាច់ដោយឡែក​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​ភាគី​វៀតណាម និង​ប្រទេសជិតខាង​កម្ពុជា ព្រមទាំង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ មានការ​ព្រួយបារម្ភ ហើយ​លោក​ចាំបាច់​ត្រូវ​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​នេះ។

ក្រៅពី​បដិសេធ​រឿង​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា​នេះ លោក ហ៊ុន សែន អះអាង​ថា ភាគី​ទាំងពីរ​បាន​រក​ឃើញ​នូវ​ចំណុច​ដើម្បី​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​បន្ត ដើម្បី​បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​នេះ​ឲ្យ​បាន​ឆាប់រហ័ស។ បច្ចុប្បន្ន កម្ពុជា និង​វៀតណាម សម្រេច​បាន​ការកំណត់​ខណ្ឌ​សីមា និង​ការ​បោះ​បង្គោល​ព្រំដែន គោក​ប្រវែង ១.២៧០ គីឡូម៉ែត្រ បាន​ប្រមាណ ៨៤​ភាគរយ ហើយ​នៅសល់ ១៦​ភាគរយ​ទៀត មិនទាន់​ដោះស្រាយ​រួច។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិន​បាន​លើកឡើង​ឡើយ ថា​តើ​ភាគី​វៀតណាម​បាន​លើកឡើង​ពី​កង្វល់ និង​ចង់​ឃើញ​របប​លោក ដោះស្រាយ​ឲ្យ​បាន​ដិតដល់ រឿង​ចម្រូងចម្រាស​នៃ​ការ​បំឡាស់​ទីលំនៅ​ឋាន​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនអន្តោប្រវេសន៍​វៀតណាម​ជាង​មួយ​ម៉ឺន​នាក់ ស្មើនឹង ២.៣៩៧ គ្រួសារ នៅ​លើ​បឹង​ទន្លេសាប ដែរ​ឬ​យ៉ាងណា​នោះ​ទេ។ ជារឿយៗ មេដឹកនាំ​វៀតណាម គ្រប់​ជាន់ថ្នាក់ មិនដែល​ភ្លេច​ឡើយ តែងតែ​បាន​ផ្ដាំផ្ញើ​ក្រើន​រំឮ​ក និង​ពេលខ្លះ​ក្នុង​បង្គាប់បញ្ជា ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ រួម​ទាំង​លោក ហ៊ុន សែន ផង​នោះ ឲ្យ​ជួយ​ផ្តល់​ការ​គាំទ្រ និង​ផ្តល់​នូវ​លក្ខខណ្ឌ​សមស្រប​ដល់​ជនជាតិ​របស់​ខ្លួន​ទាំងនោះ ឲ្យ​មក​រស់​នៅ​លើ​ដីគោក​វិញ ព្រមទាំង​ជនជាតិ​របស់​ខ្លួន​ដទៃ​ទៀត​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ ព័ត៌មាន​ទាំងនេះ ត្រូវ​របប​លោក ហ៊ុន សែន ព្យាយាម​បិទបាំង​ដើម្បី​បញ្ចៀស​ការ​រិះគន់ថា​វៀតណាម​ជា​ចៅហ្វាយនាយ​របស់ខ្លួន និង​ថា​របប​របស់​លោក ហ៊ុន សែន ផ្ដល់​ការ​អនុគ្រោះ​ពិសេស​ដល់​ជនជាតិ​វៀតណាម​ទាំងនោះ ដែល​ភាគច្រើន​កំពុង​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា ចៀស​ជាង​គិតគូរ​ដល់​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ពិតប្រាកដ។

ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​វៀតណាម​នៅ​ពេល​នេះ កើតមានឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​ផ្អែមល្ហែម​ចាក់​ទឹកមិន​លិច​រវាង​កម្ពុជា និង​វៀតណាម កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិចស្រពិល និង​សង្ស័យ​ថា អាច​នឹង​រង​ការ​ប្រេះ​ឆា ខណៈ​ដែល​របប​ក្រុងភ្នំពេញ កំពុងតែ​បង្កើន​ទំនោរ​ផ្អៀង​កាន់តែ​ខ្លាំង​ឡើងៗ ទៅ​រក​មហាអំណាច​ចិន ដែល​កំពុង​មាន​ជម្លោះ​ស្រាប់​ជាមួយ​ប្រទេស​វៀតណាម។ ទស្សនកិច្ច​នេះ ធ្វើឡើង​នៅ​មិន​ដល់​មួយ​ខែ​ផង ក្រោយពេល​ដែល​មាន​ព័ត៌មាន​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ខេត្ត​កោះកុង​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Asia Times ។ បើ​ទោះ​ជា​របប​នេះ បាន​ព្យាយាម​បដិសេធ​ព័ត៌មាន​នេះ ប្រាប់​ទៅ​មេដឹកនាំ​អាមេរិក និង​វៀតណាម និង​ជា​ព័ត៌មាន​ក្លែងក្លាយ​យ៉ាងណាក៏ដោយ របប​នេះ មិនបាន​ធ្វើការ​ប្ដឹងផ្ដល់​តាម​ផ្លូវ​ច្បាប់​ជា​ផ្លូវ​ការ​ណាមួយ​ទៅកាន់​កាសែត​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​នេះ​ឡើយ។ អ្នកវិភាគ​បាន​ព្រមាន​រួចជាស្រេច​ថា បើ​ហេតុការណ៍​នេះ​ពិតជា​កើតមានឡើង​មែន នោះ​ប្រៀប​ដូចជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​របស់​របប​ក្រុងភ្នំពេញ ទាំង​នយោបាយ​ក្នុងស្រុក ដែល​នាំ​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ជាតិ និង​នយោបាយ​ការបរទេស​ដូច្នោះ​ដែរ។

កាល​ពី​ពេល​កន្លងទៅ ក្រសួងការបរទេស​កម្ពុជា ធ្លាប់​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ដោយ​អះអាង​អំពី​ឆន្ទៈ​នយោបាយ​របស់​ប្រទេស​ទាំងពីរ ថា​មិន​អនុញ្ញាត​ឲ្យ​មាន «​កម្លាំង​អ​មិត្រ​» ណាមួយ ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង ឬ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយទៀត​នោះ​ឡើយ។ ក្រសួង​មិនបាន​បញ្ជាក់​ទេ​ថា តើ​កម្លាំង​អមិត្ត​នេះ ជា​ប្រទេស​ណាមួយ​ឲ្យ​ពិតប្រាកដ ឬមួយ​ក៏​វៀតណាម ចង់​សំដៅ​ទៅ​វត្តមាន​កាន់តែ​ច្រើន និង​ឥទ្ធិពល​របស់​ចិន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា​នោះ ដែរ​ឬ​យ៉ាងណា។

ទំនាក់ទំនង​ជិតស្និទ្ធ និង​ស្អិតល្មួត​រវាង​កម្ពុជា និង​មហាអំណាច​ចិន នា​រយៈពេល​ចុងក្រោយ ទទួលរង​នូវ​ការ​ឃ្លាំមើល​ក្រោម​ក្រសែ​ភ្នែក​យ៉ាង​យកចិត្តទុកដាក់​បំផុត ពី​ប្រទេស​វៀតណាម ហើយ​ជារឿយៗ​ភាគី​វៀតណាម មិន​ញញើត​នឹង​លើកឡើង​ប្រាប់​ក្រុម​មេដឹកនាំ​ខ្មែរ ពី​កង្វល់​នានា​របស់​ខ្លួន​ជុំវិញ​បញ្ហា​នេះ និង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​របស់​ខ្លួន​នោះ​ឡើយ ដែល​ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ គ្រប់​ជាន់ថ្នាក់ ចាំបាច់​ត្រូវ​បញ្ជាក់ ធានា​អះអាង​ម្ដង​ហើយ​ម្ដងទៀត​ទៅ​មេដឹកនាំ​វៀតណាម និង​ត្រូវ​ធ្វើដំណើរ​ទស្សនកិច្ច ទាំង​ឯកជន និង​ទាំង​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​វៀតណាម មិន​តិច​លើក​មិន​តិច​សារ​នោះ​ទេ​ក្នុង​មួយឆ្នាំៗ។ ផ្ទុយទៅវិញ ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ មិនដែល​ហ៊ាន​លើកឡើង​ពី​ក្តី​កង្វល់ ឬ​ការ​គិតគូរ​របស់​ខ្លួន​ប្រាប់​ទៅ​ភាគី​វៀតណាម​វិញ​ម្ដងណា​ឡើយ តួយ៉ាង​ដូច​ករណី​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់បែប​យ៉ាង​ពី​អាជ្ញាធរ​វៀតណាម ករណី​វៀតណាម​ជួល​ដីធ្លី​ខ្មែរ​តាម​ព្រំដែន ឬ​រំលោភ​ចូល​ទឹកដី​កម្ពុជា ឬ​ករណី​វៀតណាម​ចង​សម្ព័ន្ធភាព​យោធា ជាមួយ​សហរដ្ឋអាមេរិក​នោះ​ជាដើម។ ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា ហៅ​ហេតុការណ៍​នេះ ថា​គឺ​ដោយសារតែ​ក្រុម​មេដឹកនាំ​ខ្មែរ រណប​ជាមួយ​វៀតណាម និង​តែង​ធ្វើតាម​អ្វី​ដែល​វៀតណាម​ចង់បាន ដោយសារតែ​ជំពាក់​គុណ​វៀតណាម​កាល​ពី​ពេល​អតីត​កាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ធានា​ប្រាប់​វៀតណាម​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ពជើងទឹក​ចិន​នៅ​កម្ពុជា​ឡើយ"

  1. Anonymous says:

    Cambodian should know every thing about HUN SEN . this strong man of KAMPOUCHEA is so good at fighting and murdering his own blood nation. we now know that this childish leader has driving himself to a deep and dangerous hole. look right now he is isolate from either communist nation and all democracy nation . even if he trying to please his boss Vietcong they are now not happy about him. if he run to all democracy country to help there are a lot of condition about human right . as we knew dictator can not take democracy and human right as the policy. right now this childish man run to CHINA for help at first CHINA think they can get rich by doing business in Cambodia . of cause they can get rich by took any kind of mineral from underground and also the main business investment was using young Cambodian to make their production and label made in Cambodia so they can make so much money from doing it. right now CHINA seem to have their own problem about economic war . US and EU they are sanction CHINA because they are worry about the rising star . the big question is where will CHINA going to sell their good to and as same as HUN SEN. I tell you what CHINA is not that stupid by landing more money to HUN SEN which is not a legitimacy government because Cambodian will not pay back to CHINA. right at this moment I know CHINA come to Cambodia because their interest over south CHINA sea. but please check it out Vietcong that is HUN SEN boss is not happy because CHINA and Vietcong is fighting over the south CHINA sea. the big pitchers is where HUN SEN can run to I knew from the started that this childish evil man will has his day . right at this moment his day is coming his choice is only jump into that deep hole . I can see right now he is trying to rewind the old story but sorry it is too late . what it mean every bodies that mean going hell****** GOD bless CAMBODIA and it’s people

Leave a Reply

Submit Comment