លោក ​សម​ រង្ស៊ី ​ថា ថ្នាក់​ដឹក​នាំ​ទាំង ១១៨រូប មិន​ត្រូវ​ការ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​​លោក ហ៊ុន សែន ទេ បើ​មិន​ដោះ​លែង លោក កឹម សុខា

2018-12-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA


លោក សម រង្ស៊ី ស្នើ​លោក ហ៊ុន សែន ដោះលែងលោក កឹម សុខា មុនគិតគូមន្រ្តីបក្សប្រឆាំង


ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើសារ​ជូន​លោក​ ហ៊ុន​ សែន​ ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨រូប មិន​ត្រូវ​ការ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក ហ៊ុន សែន ទេ ដរាប​ណា​លោក កឹម សុខា មិន​ទាន់​ទទួល​សេរីភាព​ពេញលេញ។ ការ​លើក​នេះ ស្រប​ពេល​សភា​ឯក​បក្ស នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ដើម្បី​អនុម័ត​សេចក្តី​ស្នើសុំ​ច្បាប់ បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ ធ្វើ​នយោបាយ​ឡើង​វិញ។ អ្នក​វិភាគ​យល់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រោះ​ជាតិ អាច​នឹង​ប្រេះឆា​គ្នា បើ​មិន​ត្រៀម​វិធី​ទប់ទល់​ល្បិចកល​នយោបាយ ដែល​របប​ក្រុង​ភ្នំពេញ កំពុង​រៀបចំ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ទុក​មួយ​ចំនួន។

លោក សម រង្ស៊ី បានផ្ញើរតាមហ្វេសប៊ុករបស់​លោក ជូន​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១១ ខែ​ធ្នូ​ថា មិន​ចាំបាច់​គិតគូរ​អំពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨រូប​នោះ​ទេ។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូប​នេះ​បន្ត​ថា ក្នុង​នាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨រូប ដែល​តុលាការ​កំពូល​ បាន​ដក​ហូត​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ តាំង​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​មក អ្នក​ទាំង ១១៨រូប មិន​ត្រូវ​ការ​ឲ្យ​របប​លោក ​ហ៊ុន សែន ផ្តល់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​ទេ បើ​ដរាប​ណា​របប​ក្រុង​ភ្នំពេញ មិន​ផ្តល់​សេរីភាព​ពេញលេញ និង​មិន​ទម្លាក់​ចោល រាល់​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

លោក​បញ្ជាក់​ថា​ លោក​ស្គាល់​ច្បាស់​មន្ត្រី​ទាំង ១១៨រូប​នោះ ពី​ព្រោះ​អ្នក​ទាំង​នោះ បាន​ទទួល​តំណែង​របស់​ខ្លួន នៅ​ពេល​ដែល​លោក​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ការលើកឡើងរបស់​លោក ​សម​ រង្ស៊ី នេះ ស្រប​ពេល​ដែល​របប​ក្រុង​ភ្នំពេញ បាន​ស្នើសុំ​យ៉ាង​ប្រញ៉ាប់ ទៅ​រដ្ឋសភា ដើម្បី​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា ៤៥ថ្មី (ស្ទួន១) ស្តីពី​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨រូប​អាច​ធ្វើ​នយោបាយ​ឡើង​វិញ។

ប្រធាន​គណៈកម្មការ​បរទេស សហប្រតិបត្តិការ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា​ឯកបក្ស លោក ឈាង វុន មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍ នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ធ្នូ គឺ​រដ្ឋសភា បាន​សម្រេច​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ខាង​មុខ​នេះ ដើម្បី​បោះ​ឆ្នោត​អនុម័ត​លើ​សេចក្តី​ស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ក្នុង​បំណង​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន ដែល​មិន​បាន​ធ្វើ​សកម្មភាព​ជ្រោងច្រាង ឬ​មិន​បាន ធ្វើ​សកម្មភាព​ផ្ទុយ​ពី​សាលដីកា​តុលាការ​កំពូល អាច​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ។

លោក​បន្ថែម​ថា ក្នុង​កិច្ច​ប្រជុំ​នោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក៏​មាន​បំណង​បង្កើន​ទោសទណ្ឌ​កាន់​តែ​ធ្ងន់ ចំពោះ​អ្នក​នយោបាយ​ណា ដែល​មិន​គោរព​តាម​សាលដីកា​ថែម​ទៀត​ផង៖ «»

លោក ឈាន វុន ឆ្លើយតប​បន្ថែម​ថា​ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី គឺ​មិន​បាន​យល់​ដឹង​អំពី​គោលការណ៍​ច្បាប់​នោះ​ទេ ហើយ​គណបក្ស​កាន់​អំណាច ក៏​មិន​បាន​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ គឺ​គណបក្ស​នេះ បែក​បាក់​ដោយ​ខ្លួន​ឯង។

លោក​បញ្ជាក់​ថា លោក កឹម សុខា មិន​អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ ព្រោះ​ពេល​នេះ លោក​កំពុង​ជាប់​ចោទ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ តាម​មាត្រា ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​អាច​ផ្តល់​នីតិសម្បទា​ឲ្យ​រស់​ឡើង​វិញ​ដែរ ព្រោះ​គណបក្ស​នេះ បាន​រលាយ​ទៅ​ជា​ផេះ​ជា​យូរ​ហើយ៖ «»

ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នោះ មាន​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា ៤៥ថ្មី (ស្ទួន១) ដូច​តទៅ​នេះ៖

«បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា​មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បាន​ឡើយ។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈ​ពេល​នៃ​ការ​ហាម​ឃាត់ ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្រ្តី តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ»

មន្ត្រីជាន់ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ថ្វី​បើ​ច្បាប់​នេះ មាន​បំណង​ចង់​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ក៏​ដោយ ក៏​ពុំ​មែន​មាន​ន័យ​ថា មន្ត្រី​ទាំង ១១៨​នាក់​នោះ មាន​សិទ្ធិ​វិល​មក​ធ្វើ​នយោបាយ​វិញ​ទាំង​អស់​គ្នា​ទេ គឺ​មានតែ​មន្ត្រី​ណា​ដែល​របប​ក្រុង​ភ្នំពេញ​ចាត់​ទុក​ថា ជា​មនុស្ស​មិន​បាន​បំផ្លិចបំផ្លាញ​ជាតិ​តែ​ប៉ុណ្ណោះ ។

អ្នកវិភាគនយោបាយឯករាជ្យ បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ ហាក់​ដូច​ជា​ញឹកញ៉ាប់​ពេក ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​ថា ប្រទេស​មួយ​នេះ ដូច​ជា​ឡប់ឡែ ហើយ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​គេ​មើល​ស្រាល​របប​ដឹក​នាំ​សព្វថ្ងៃ​ថែម​ទៀត​ផង៖ «»

បណ្ឌិត ​មាស នី ​បន្ថែមថា​លោក កឹម សុខា ប្រហែល​មិន​ទាន់​ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ពេញលេញ​ភ្លាមៗ នោះ​ទេ ព្រោះ​រឿងរ៉ាវ​កន្លង​មក​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ព្យាយាម​កាត់​ផ្តាច់​ទំនាក់ទំនង​រវាង​លោក ​សម ​រង្ស៊ី និង​លោក ​កឹម សុខា​ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ឱកាស​ជជែក អំពី​ផែនការ​ផ្សេងៗ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ថែម​ថា ក្នុង​កាលៈទេសៈ​ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ ផ្តល់​សេរីភាព​ដល់​អ្នក​នយោបាយ​ប្រឆាំង​ខ្លះ​ហើយ​ទុក​ខ្លះ​នោះ គឺ​ជា​បច្ច័យ​មួយ ដែល​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បែក​បាក់​គ្នា​ដោយសារ​តែ​ការ​យល់​ឃើញ​ខុស​គ្នា ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​មក៖ «»

លោក សម រង្ស៊ី ក៏បានថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់ វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៥ ធ្នូ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ គឺ​ជា​យុទ្ធសាស្ត្រ​បំបែកបំបាក់​របស់​លោក ហ៊ុន សែន ដែល​នៅ​ពី​ក្រោយ​នៃ​ការ​ប្រកាស​ថា ចង់​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ នីតីរដ្ឋ និង​បង្រួបបង្រួម​ជាតិ។

លោក​អំពាវនាវ​ឲ្យ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​សង្រ្គោះ​បក្ស និង​ជាតិ។ លោក សម រង្សី ក៏​បញ្ជាក់​ដែរ​ថា គ្មាន​នរណា​អាច​បំបែក​លោក​ពី​លោក កឹម សុខា បាន​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក ​សម​ រង្ស៊ី ​ថា ថ្នាក់​ដឹក​នាំ​ទាំង ១១៨រូប មិន​ត្រូវ​ការ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​​លោក ហ៊ុន សែន ទេ បើ​មិន​ដោះ​លែង លោក កឹម សុខា"

  1. so socheath says:

    ហាស ! ហាស
    អាថោកជាងឆ្កែសមរង្សី ដល់ពេលអស់ផ្លូវដើរ បែរ​ជាសំញេញធ្មេញដាក់គ្នាវាហើយតើ !
    ទាល់តែយូរ បានពួកវាតាមអ្ហែងអាល្ងង់ !
    ហាសហាស ! ពួកវាសុទ្ធតែពួកអា នយោ ដូរបាយស្មោះ !