សកម្មជន​បរិស្ថាន​លោក អាឡិច ស្នើ​សុំ​របប​ក្រុង​ភ្នំពេញ​បើក​ផ្លូវ​ឲ្យ​លោក​វិល​ចូល​កម្ពុជា​វិញ នៅ​ពេល​តុលាការ​ខេត្ត​កោះកុង​បើក​សវនាការ​ជំនុំជម្រះ​ករណី​រូប​លោក

2018-12-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។ Photo Screenshot
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez – Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។ Photo Screenshot


សកម្មជន​បរិស្ថាន​ លោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេ​វិតសុន (Alejandro Gonzalez Davidson) ដែល​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​បញ្ជូន​ចេញ​ពី​កម្ពុជា កាល​ពី​ឆ្នាំ​២០១៥ ស្នើ​សុំ​របប​លោក ហ៊ុន សែន បើក​ផ្លូវ​ឲ្យ​រូប​លោក​អាច​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ។ ការ​ស្នើ​សុំ​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បញ្ជា​ឲ្យ​តុលាការ​ខេត្ត​កោះកុង ​ពិនិត្យមើល​ភាព​អសកម្ម​ក្នុង​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​រូប​នេះ​ឡើង​វិញ បន្ទាប់​ពី​បាន​ជាប់​គាំង ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​មក។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ និង​លោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេ​វិតសុន (Alejandro Gonzalez Davidson) ប្រាប់​អាស៊ី​សេរី​ថា លោក​នៅ​តែ​រក្សា​ជំហរ​ចង់​វិល​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូល​ត​តាំង​ក្ដី​ដោយ​ផ្ទាល់ ក្នុង​សវនាការ​នៅ​តុលាការ​ខេត្ត​កោះកុង នៅ​ពេល​មានការ​បើក​ជំនុំជម្រះ​ក្ដី។ សកម្មជន​បរិស្ថាន​រូប​នេះ យល់ថា ប្រសិនបើ​តុលាការ​ខេត្ត​កោះកុង ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង​លោក ​ដោយ​កំបាំង​មុខ​ នោះ​ជា​ការ​កាត់​ក្ដី​មួយ​ ដែល​មិន​អាច​ទទួល​យក​បាន និង​គ្មាន​ភាព​យុត្តិធម៌​ចំពោះ​រូប​លោក។ លោក​បញ្ជាក់​ថា​ បើ​គ្មាន​វត្ត​មាន​រូប​លោក​ទេ នោះ​វត្តមាន​មេធាវី​ការពារ​ក្ដី​ក៏​មិន​មាន​ដែរ៖ «ខ្ញុំ​មាន​គោល​ជំហរ​ច្បាស់​ថា ខ្ញុំ​ត្រូវ​តែ​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​តតាំង​ជាមួយ​នឹង​តុលាការ ហើយ​ដើម្បី​បន្ត​ការងារ​ជា​អ្នក​ការពារ​បរិស្ថាន ជា​អ្នក​ការពារ​សិទ្ធិមនុស្ស។ ទោះ​បី​ជា តុលាការ​ខេត្ត​កោះកុង​ អាច​ផ្ដន្ទាទោស និង​អាច​បញ្ជូន​ខ្ញុំ​ទៅ​ពន្ធនាគារ​ក៏​ដោយ។ ហ្នឹង​អ្វី​ដែល​ជា​គោលជំហរ​របស់​ខ្ញុំ»

លោក អាឡិច ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​ជន​ជាប់​ចោទ​រួម​គំនិត ជាមួយ​សកម្មជន​បរិស្ថាន ៣​នាក់​ផ្សេង​ទៀត ក្នុង​អំពើ​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វី​មួយ។ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ីម សំណាង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ឃុំ​ខ្លួន និង​ក្រោយ​មក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ “គំរាមកំហែង​ថា នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ” នៅ​ពេល​ពួក​គេ និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត ចុះ​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន នៅ​ខេត្ត​កោះកុង។

ដំបូង​ឡើយ លោក អាឡិច និង​យុវជន​ទាំង ៣នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​តែ​មួយ ប៉ុន្តែ​ក្រោយ​មក​តុលាការ​បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដោយ​សំណុំរឿង​ទី​ពីរ​មាន​តែ​លោក អាឡិច ម្នាក់​ប៉ុណ្ណោះ។ មេធាវី​ការពារ​ក្តី​របស់​លោក អាឡិច អះអាង​ថា សំណុំ​រឿង​នេះ បាន​បិទ​ការ​ស៊ើបសួរ និង​បាន​ដល់​ដៃ​ចៅក្រម​ជំនុំជម្រះ អស់​រយៈ​ពេល​ប្រមាណ ៣ឆ្នាំ​ទៅ​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​ឃើញ​ចៅក្រម​កំណត់​ពេល​ជំនុំជម្រះ​នៅ​ឡើយ។

ទក់​ទង​នឹង​ការ​ពន្លឿន​នីតិវិធី​ក្នុង​សំណុំរឿង​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​រូប​នេះ ដោយ​មាន​បញ្ជា​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណធានី បាន​ឆ្លើយ​នឹង​សំនួរ​របស់​អាស៊ីសេរី​ដោយ​ខ្លី​ថា កំពុង​ជាប់​រវល់។ ទោះ​ជា​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ពុំ​ទាន់​អាច​បញ្ជាក់​បាន​យ៉ាង​ណា​ទេ​ជុំ​វិញ​ចំណាត់​ការ​លើ​សំណុំ​រឿង​សកម្មជន​បរិស្ថាន​រូប​នេះ ដោយ​សុំ​ពិនិត្យ​មើល​ព័ត៌មាន​នេះ​ជា​មុន​សិន។

ដើម្បី​អាច​ទៅ​ឈរ​តតាំង​ក្ដី​នៅ​ចំពោះ​មុខ​ចៅក្រម សាលា​ដំបូង​ខេត្ត​កោះកុង​បាន លោក អាឡិច ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​នេះ ត្រូវ​មាន​ភ្លើង​ខៀវ​ពី​របប​ក្រុង​ភ្នំពេញ​ជា​មុន​សិន។ ជាង ៣ឆ្នាំ​មក​នេះ លោក អាឡិច បាន​ព្យាយាម​រក​គ្រប់​មធ្យោបាយ ដើម្បី​អាច​ចូល​ប្រទេស​កម្ពុជា ជា​ទី​ស្រឡាញ់​របស់​គាត់ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ទេ។ លោក​ស្នើសុំ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឲ្យ​ដក​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ខ្មៅ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អាច​វិល​ចូល​កម្ពុជា​ ហើយ​បន្ត​ធ្វើ​ការ​ផ្នែក​ការពារ​បរិស្ថាន​ដូច​ដើម​ឡើង​វិញ៖ «ករណី​របស់​ខ្ញុំ បម្រាម​នៅ​ដដែល​ហ្នឹង។ អ៊ីចឹង​ដរាប​ណា​នៅ​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ខ្មៅ គេ​មិន​អាច​ផ្ដល់​វីសា ហើយ​ខ្ញុំ​ក៏​មិន​អាច​ចូល​ស្រុក​ខ្មែរ​បាន​ទេ ព្រោះ​អ្នក​ដែល​យាម​ព្រំដែន អ្នក​នៅ​ក្នុង​ព្រះលាន​យន្តហោះ គេ​ធ្វើ​តាម​បទ​បញ្ជា ធ្វើ​តាម​កុំព្យូទ័រ​គេ​តើ គេ​មិន​ធ្វើ​តាម​អំពើ​ចិត្ត​គេ​ណា។ ឈ្មោះ​ខ្ញុំ ហើយ​មុខ​ខ្ញុំ​គេ​ស្គាល់ អ៊ីចឹង​ឲ្យ​តែ​យក​ប៉ាសស្ព័រ​ស្គែន​ក្នុង​កុំព្យូទ័រ​របស់​គេ​វា​លោក សញ្ញា​ក្រហម​ហ្នឹង អត់​ឲ្យ​ចូល​ផង»

សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ថា​ អាជ្ញាធរ​ក្រុង​ភ្នំពេញ គួរ​ដក​បម្រាប​ចេញ​ពី​សកម្មជន​បរិស្ថាន​រូប​នេះ ហើយ​បើក​សវនាការ​កាត់​ក្ដី ​ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌៖ «ខាង​រដ្ឋាភិបាល​គួរ​តែ ជា​ជំហាន​ដំបូង​នោះ គឺ​បើក​សិទ្ធិ​ឱ្យ​លោក អាឡិច បាន​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ ហើយ​បន្ទាប់​នោះ ធ្វើ​ការ​បន្ត​ជំរុញ​បន្ត​នីតិវិធី ឲ្យ​ខាង​តុលាការ​បើក​សវនាការ​សួរ​ដេញ​ដោល។ ប្រសិន​បើ​រឿង​ទាំង​អស់​នេះ លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ ហើយ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ទេ នោះ​គួរ​តែ​ធ្វើ​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ដើម្បី​ឲ្យ​លោក​បាន​បន្ត​កិច្ច​ការងារ​របស់​លោក ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា»

ជុំ​វិញ​ការ​ស្នើ​សុំ​វិល​ចូល​កម្ពុជា​វិញ​ ពី​សកម្មជន​បរិស្ថាន អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅ​ឡើយ​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​មិន​មាន​អ្នក​ទទួល។

កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៦ ​រដ្ឋលេខាធិការ ​ក្រសួង​ការ​បរទេស​នៃ​របប​ក្រុងភ្នំពេញ​ លោក ឡុង វីសាលោ បាន​ចេញ​លិខិត​មួយ​ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​ជន​អន្តោប្រវេសន៍ ដោយ​បញ្ជា​ឲ្យ​គ្រប់​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​តាម​ព្រំដែន​ទាំង​អស់ ហាម​ឃាត់ ជនជាតិ​អេស្ប៉ាញ ឈ្មោះ​ អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេ​វិតសុន (Alejandro Gonzalez Davidson) កុំ​ឲ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​បាន​ឲ្យ​សោះ។

ការ​ដាក់​បម្រាម​នៅ​ពេល​នោះ គឺ​បន្ទាប់​ពី​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​រូប​នេះ ទទួល​បាន​ទិដ្ឋាការ​ចូល​កម្ពុជា​ បន្ទាប់ពី​លោក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​​ពី​គេហទំព័រ​ក្រសួង​ការ​បរទេស​កម្ពុជា តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ហៅ​កាត់​ថា ​អ៊ីវីសា (E-VISA)​។ ប៉ុន្តែ​ទិដ្ឋាការ​នោះ ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​លុប​ចោល​វិញ ដោយ​ឡើង​លើក​ហេតុផល​ថា​ មាន​កំហុស​បច្ចេកទេស។

ឈ្មោះ អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេ​វិតសុន (Alejandro Gonzalez Davidson) ជន​ជាតិ​អេស្ប៉ាញ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ចំណោម​ជន​បរទេស ​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​ បន្ទាប់​ពី​លោក​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​ កាល​ពីឆ្នាំ​២០១៥ ទាក់​ទង​នឹង​កិច្ច​ខិត​ខំ​ប្រឺង​ប្រែង​របស់​លោក មិន​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង ក្នុង​ខេត្ត​កោះកុង។

អង្គការ​មាតា​ធម្មជាតិ (Mother Nature) របស់​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​រូប​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​លុបឈ្មោះ​ចេញពី​បញ្ជី​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​រួច​ស្រេច​ទៅ​ហើយ កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ ពោល​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សកម្មជន​ពីរ​នាក់​របស់​អង្គការ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដោយ​សារ​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​រឿង​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ដែល​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថាប​និក​អង្គការ​មាតា​ធម្មជាតិ​ ព្រួយ​បារម្ភ​ពី​ការ​បន្ត​បង្ហូរ​ទឹក​ស្អុយ​ចូល​ឆ្នេរ​សមុទ្រ


What Next?

Recent Articles

One Response to "សកម្មជន​បរិស្ថាន​លោក អាឡិច ស្នើ​សុំ​របប​ក្រុង​ភ្នំពេញ​បើក​ផ្លូវ​ឲ្យ​លោក​វិល​ចូល​កម្ពុជា​វិញ នៅ​ពេល​តុលាការ​ខេត្ត​កោះកុង​បើក​សវនាការ​ជំនុំជម្រះ​ករណី​រូប​លោក"

  1. Anonymous says:

    HUN SEN should felling shamed to ALEC this guy can speak Khmer fluently and he must be sick and tied to hear HUN SEN ‘s word. why don’t HUN SEN gather all those video that he spook to media or in the meeting come to rewind and listening it all over to see how rough his word was. shame on me to have this dumb dud leading this unfortunate nation. GOD bless Cambodia and it’s people