សង្គម​ស៊ីវិល​រិះគន់​របប​ក្រុង​ភ្នំពេញ​ដែល​មិន​អាច​ទប់ស្កាត់​ចំណាកស្រុក​ខុសច្បាប់​បាន

ដោយ ម៉ៅ សុធានី
2018-12-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA
លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA


សង្គម​ស៊ីវិល​រិះគន់​វិធានការ​របស់​របប​ក្រុងភ្នំពេញ ជុំវិញ​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលករ​ខ្មែរ ទៅ​បរទេស។ ពួកគេ​លើកឡើង​ថា ការ​បង្ក្រាប​ទៅ​លើ​មេខ្យល់​មិនមែន ជា​ដំណោះស្រាយ នៃ​ការ​ធ្វើ​សំណាក​ស្រុក​នោះ​ទេ។

មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​អង្គការ​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា និយាយ​ថា កត្តា​ដែល​ជំរុញ​ពលករ​ខ្មែរ​ចេញទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ព្រោះ​ការ​បំពេញ​បំពេញ​ឯកសារ​គឺ​ភាគ​ស្មុគស្មាញ ប្រើ​រយៈពេល​យូរ និង​ចំណាយ​អស់​លុយ​ច្រើន។ ដូច្នេះ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់ថា ការទប់ស្កាត់​ឬ​ការ​មាន​វិធានការ​ត្រឹម​ស្វែង​ចាប់​មេខ្យល់​គឺ​មិនទាន់​គ្រប់គ្រាន់​ទេ៖ «ឯកសារ​ធ្វើ​ម៉េច​ឲ្យ​មាន​គ្រប់គ្នា​មាន​លទ្ធភាព​ធ្វើ រយៈពេល​នៃ​ភាព​ស្របច្បាប់​កុំ​ឲ្យ​រង់ចាំ​រយៈពេល​វែង​ពេក ហើយ​កុំ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​នៃ​ការ​ធ្វើ​ឯកសារ និង​អស់​លុយ​ច្រើនពេក»

លោក​ថា សមត្ថកិច្ច​ថៃ​កំពុង​សម្រុក​ចុះ​ចាប់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​ខុសច្បាប់​លើទឹក​ដី​ថៃ​ស្ទើរ​រាល់ថ្ងៃ។ ជាង​នេះ​ទៅ​ទៀត ពលករ​ខ្មែរ​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ទៅដល់​ទឹកដី​ខ្មែរ​ហើយ​នោះ​ពួកគេ​នៅតែ​បន្ត​លួច​ឆ្លង និង​ធ្វើ​ការងារ​ខុសច្បាប់​ដដែល។ ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​ដោយសារតែ​របប​ក្រុងភ្នំពេញ ប្រកាស​ធ្វើ​យុទ្ធនាការ​បង្ក្រាប លើ​មេខ្យល់​នាំ​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​ថៃ​ខុស​ច្បាប់។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាន​និយាយ​ថា ដើម្បី​ទប់ស្កាត់​ចំណាកស្រុក​ខុសច្បាប់​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​នៅ​ពេល​នេះ សមត្ថកិច្ច​កម្ពុជា កំពុង​ស្វែងរក​ចាប់​មេខ្យល់​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ថៃ។ លោក​បន្ត​ថា ក្រុម​មេខ្យល់​ទាំងនេះ​គឺជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ការ​លួច​នាំ​យក​ពលករ​ទៅ​ធ្វើ​ការងារ​ខុសច្បាប់៖ «ដើម្បី​ការពារ​នៃ​ការ​ជួញដូរ​នៃ​ការ​ជួញ​មនុស្ស​ពី​មេខ្យល់​នៅ​ក្នុង​ចំណុច​ឆ្លើយតប​ហ្នឹង​យើង​បាន​ធ្វើ​ការ​បង្ក្រាប​មេខ្យល់»

រីឯ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​ពលរដ្ឋ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​ទាំងនោះ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ខុសច្បាប់​វិញ​តាម​ច្រក​របៀង។ លោក​ថា គឺ​អាជ្ញាធរ​នៅ​តាម​ច្រក​ទាំង​នោះ​បាន​លុយ​ពី​ពលករ​ជា​ថ្នូរ​នៃ​ការ​ឆ្លងដែន​ខុសច្បាប់​នេះ៖ «គឺ​ទាក់ទង​ទៅតាម​ច្រក​អូរ​បី​ជាន់ តាម​ច្រក​ម៉ាឡៃ ច្រក​អូរជ្រៅ​ក៏​មាន​ច្រើន អ្នក​ទទួល​បាន​ផលប្រយោជន៍​ហ្នឹង​ធ្វើជា​អ្នកមាន​អ្នក​បាន​ទិញ​ឡាន​ទិញ​អី​ជិះ»

របាយការណ៍​ក្រសួងមហាផ្ទៃ​បង្ហាញ​ថា គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ពលករ​ខ្មែរ ១​លាន ៥​ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​ពលករ​ស្របច្បាប់​មាន​ត្រឹមតែ​ជិត ៥៥​ម៉ឺន​នាក់​ប៉ុណ្ណោះ។ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​បង្ហាញ​របាយការណ៍​រយៈពេល​១០​ខែ ឆ្នាំ​២០១៨ ថា សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជិត ៣​ម៉ឺន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles