Human Rights Watch ស្នើសុំ​ភាគី​ថៃ​កុំ​ឱ្យ​បញ្ជូន​លោក លោក ​រ៉ាត់ រត្នមុនី ទៅ​កម្ពុជា​វិញ

ដោយ សេក បណ្ឌិត
2018-12-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ Photo: RFA
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ Photo: RFA


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​អាជ្ញាធរ​ថៃ​កុំ​ឱ្យ​បញ្ជូន​សកម្មជន​សិទ្ធិ​ការងារ​លោក ​រ៉ាត់ រត្នមុនី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​​រឿង​ផលិត​ភាព​យន្ត​ឯកសារពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ទៅ​ប្រទេស​កម្ពុជា​វិញ។ អង្គការ​អន្តរជាតិ​មួយ​នេះ​បារម្ភ​​​ថា លោក​ រ៉ាត់ រត្នមុនី កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​សំណុំ​រឿង​ក្លែង​ក្លាយ និង​អាច​ត្រូវ​បាន​កាត់​ទោស​ដោយ​មិន​ត្រឹម​ត្រូវ​នៅ​កម្ពុជា។

នាយក​អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ ទទួល​បន្ទុកកិច្ច​ការ​តំបន់​អាស៊ី លោក លោក​ ប៊្រែដ អាដាមស៍ (Brad Adams) បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី១១ ធ្នូ​ថា អាជ្ញាធរ​ថៃ​មិន​ត្រូវ​ស្តាប់​តាម​បង្គាប់​របស់​សមត្ថកិច្ច​កម្ពុជា ​បញ្ជូន​ខ្លួន​លោក ​រ៉ាត់ រត្នមុនី ដែល​បាន​លាត​ត្រដាង​ពី​ភាព​បរាជ័យ​របស់​ប៉ូលីស​ក្នុង​ការ​លុប​បំបាត់​អំពើ​រំលោភ​​បំពាន និង​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ ទៅ​កម្ពុជា​វិញ​ទាំង​បង្ខំ​បែប​នេះ​ឡើយ។ លោក​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ថៃ​ដោះ​លែង​សកម្មជន​រូប​នេះ​វិញ​ជា​បន្ទាន់ និង​អនុញ្ញាត​ឱ្យ​រូប​គាត់​អាច​​ស្វែង​រក​កិច្ច​គាំពារ​ពី​ទីភ្នាក់​ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

Human Rights Watch ជឿជាក់​ថា រ៉ាត់ រត្នមុនី ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស ដែល​មាន​ចរិត​នយោបាយ ការ​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​ និង​ការ​ដាក់​ទោស​ដោយ​អមនុស្ស​ធម៌ (ill-treatment) នៅ​កម្ពុជា ដោយ​សារ​តែ​អាជ្ញាធរ​កម្ពុជា​មិន​ពេញ​ចិត្ត ​ដែល​គាត់​បាន​​ផលិត​រឿង​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្សី។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ សង្កត់​ធ្ងន់​ថា ប្រទេស​ថៃ​មាន​កាតព្វកិច្ច​តាម​ច្បាប់​អន្តរជាតិ ដោយ​ត្រូវ​ធានា​ថា គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទាំង​បង្ខំទៅ​កន្លែង​ដែល​ពួកគេ​ប្រឈម​នឹង​​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​ធ្វើ​ទារុណកម្ម​ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដទៃ​ទៀត​ឡើយ។

អាស៊ីសេរី​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​សុំ​ប្រតិកម្ម​ជុំ​វិញ​រឿង​នេះ​រួច​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅឡើយ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា អ្នក​ស្រី​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​សុខ​ទុក្ខ​របស់​ស្វាមី​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ នៅ​ទីក្រុង​បាងកក​នោះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ដំណឹង​ពី​ខាង​មេធាវី។ អ្នក​ស្រី​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ ខ្លាច​អាជ្ញាធរ​ថៃ​បញ្ជូន​ស្វាមីរបស់​អ្នក​ស្រី​មក​កម្ពុជា​វិញ ហើយ​នៅ​ពេល​នោះ​ ស្វាមី​របស់​អ្នកស្រី​នឹងត្រូវ​បាន​កាត់​ទោស​ដោយ​អយុត្តិធម៌៖ «(ខ្ញុំ) ស្នើសុំ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ថៃ​ហ្នឹង សុំ​កុំ​ឱ្យ​គេ​បញ្ជូន​ប្តី​របស់​ខ្ញុំ​ត្រឡប់​មក​កម្ពុជា​វិញ​អី ព្រោះ​ដោយ​សារ​ខ្ញុំ​ស្តាប់​សំឡេង ឬ​ក៏​សម្តី​ ឬក៏​ការ​ឆ្លើយ​តប ការ​ផ្តល់​សម្ភាស​របស់​មន្ត្រី​រដ្ឋាភិបាល​ទៅ​កាន់​​សារព័ត៌មាន​អី​ហ្នឹង គឺ​ស្តាប់​ទៅ​ដូច​ជា​ពួក​គេ​ចង់​ស៊ី​សាច់​ហុត​ឈាម​ប្តី​ខ្ញុំ​ហ្នឹង​ខ្លាំង​សម្បើម​ណាស់។ ពួក​គេ​ដូច​ជា​មិន​បាន​ខ្វល់​អំពី​ក្មេង​ស្រី ឬ​ក៏​រឿង​ដែល​កើត​មាន​ឡើង​ដើម្បី​គិត​គូរ​ដោះ​ស្រាយ​សុខ​ទុក្ខ​ពួក​គេ​​យ៉ាង​ណា ឬ​ក៏​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​ហ្នឹង​យ៉ាង​ណា​នោះ​ទេ។ គេ​ដូច​ជា​មិន​បាន​បង្ហាញ​ផែនការ​អំពី​ការ​ទប់​ស្កាត់​អី​ទេ តែ​ហាក់​បី​ដូច​ជា​ខឹង​សម្បារ​ខ្លាំង​នឹង​ប្តី​របស់​ខ្ញុំ​ ហើយ​​ដូចជា​ចង់​ស៊ី​សាច់​ហុត​ឈាម​តែ​ម្តង តាម​ស្តាប់​ទៅ។ អ៊ីចឹង​ខ្ញុំ​មាន​ការ​បារម្ភ​តែ​ម្តង»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា (CCTUF) លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​ប៉ូលីស​ថៃ​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី៧ ធ្នូ នៅ​ទីក្រុង​បាងកក ខណៈ​លោក​ និង​គ្រួសារ​កំពុង​ព្យាយាម​រត់​ភៀស​ខ្លួន​បន្ត​ទៅ​ប្រទេស​ហុល្លង់ (Netherland)។ ប៉ូលីស​ថៃ​បាន​ប្រាប់​ទៅ​ភរិយា​របស់​លោក​ថា ពួក​គេ​ទទួល​បាន​សំណើ​ពី​​សមត្ថកិច្ច​កម្ពុជា ឱ្យ​ឃាត់​ខ្លួន​ និង​បញ្ជូន​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ។

សមត្ថកិច្ច​កម្ពុជា​បាន​ចោទ​លោក​ថា បាន​ឱ្យ​លុយ​ទៅ​តួអង្គ​ម្តាយ​កូន​ ២នាក់ ចំនួន ២០០ដុល្លារ ជា​ថ្នូរ​នឹង​ការ​និយាយ​កុហក​ក្នុង​ភាពយន្ត​ឯកសារ។ ទាំង​សមត្ថកិច្ច​ និង​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​សុទ្ធតែ​អះអាង​ដូច​គ្នា​ថា ករណី​នេះ​មិន​អាច​លើក​លែង​ឱ្យ​បាន​ឡើយ​ ព្រោះ​លោក រ៉ាត់ រត្នមុនី បាន​ប្រឌិត​រឿង​ប៉ះ​ពាល់​ដល់​កិត្តិ​យស និង​ផល​ប្រយោជន៍​របស់​ជាតិ។ ពួក​គេ​អះអាង​ថា ត្រូវ​តែ​នាំ​ខ្លួន​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ឱ្យ​មក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​កម្ពុជា។

ទោះជា​យ៉ាងណា តួអង្គម្នាក់​ទៀត​ក្នុង​ភាពយន្ត​ឯកសារ “ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ” គឺ​កញ្ញា អ៊ុន ស្រីពេជ្រ បាន​អះអាង​ប្រាប់​អាស៊ី​សេរី​ថា នាង​មិន​បាន​ទទួល​លុយ​ពី​លោក​ រ៉ាត់ រត្នមុនី និង​ក្រុម​អ្នក​ផលិត​នោះ​ឡើយ​។ នាង​បញ្ជាក់​ថា អ្វី​ដែល​នាង​បាន​រៀប​រាប់​ក្នុង​ភាព​យន្ត​ឯកសារ​នោះ សុទ្ធតែ​ជា​រឿង​ពិត​ដែល​បាន​កើត​ឡើង​លើ​រូប​នាង។ នាងអះអាង​ថា តួអង្គ​ផ្សេង​ទៀត​ក្នុង​ភាពយន្ត​ឯកសារ​នោះ​ ក៏​មិន​បាន​ទទួល​លុយ​ ជា​ថ្នូរ​នឹង​ការ​និយាយ​កុហក​អ្វី​នោះ​ដែរ ដូច​នេះ​នាង​ស្នើឱ្យ​សមត្ថកិច្ច​ដោះ​លែង​​លោក​ រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ៖ «នេះ​ជារឿង​ការ​ពិត​របស់​ខ្ញុំ។ ខ្ញុំ​លាក់​ទុក​ក្នុង​ចិត្ត​ជា​យូរ​ហើយ ខ្ញុំ​ចង់​បញ្ចេញ​ឱ្យ​ធូរក្នុង​អារម្មណ៍​របស់​ខ្ញុំ។ ហើយ​​លោក​គ្រូខ្ញុំ (រ៉ាត់ រត្នមុនី) ក៏​គាត់​អត់​មាន​ខុស​អ្វីដែរ ព្រោះ​មុន​ពេល​សម្ភាស គាត់​និយាយ​ដែរ​ថា ហ៊ាន​តទល់ ឬអត់? ខ្ញុំ​ថា ខ្ញុំ​ហ៊ាន​ ខ្ញុំ​អត់​ដែល​ខ្លាច​អ្វី​ផង។ ឃើញ​គេ​បង្ហោះ​នៅ​ក្នុង​​ហ្វេសប៊ុក​ថា លោក​គ្រូ​ខ្ញុំ​ហ្នឹងត្រូវ​គេ​ចាប់​នៅ​ប្រទេស​ថៃ​អ៊ីចឹង ក៏​មាន​អារម្មណ៍​ថា ស្លុត​ចិត្ត​ណាស់។ ហើយ​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា អាម៉ិច (ស្រីម៉ិច) ផ្សាយ​តាម​ហ្វេសប៊ុក​បក​ស្រាយ និយាយ​រឿង​កុហក​អ៊ីចឹង​ដែរ។ ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ​ និង​ក្រុម​ប៉ូលីស​ដោះ​លែង​លោក​គ្រួ​ខ្ញុំ​វិញ​ទៅ ព្រោះ​គាត់​អត់​មាន​ធ្វើ​រឿង​​ខុស​ឆ្គង ឬ​ក៏​សូក​លុយ​ឱ្យ​គេ​ថត​រឿង​និយាយ​ប្រឌិត​ទេ។ រឿង​នេះ​ជា​រឿង​ការពិត»

ភាពយន្ត​ឯកសារ “ម្តាយ​ខ្ញុំ​ លក់ខ្ញុំ” មាន​រយៈ​ពេល​ជាង ២៧នាទី បង្ហាញ​ពី​នារី​វ័យ​ក្មេង​មិន​ទាន់​គ្រប់​អាយុ ៣នាក់ ត្រូវ​បាន​លក់ឱ្យ​បម្រផ្លូវ​ភេទ ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក។ ភាពយន្ត​ឯកសារ​នេះ មាន​ចំនួន​ចូល​ទស្សនាជាង ១ លាន​ ៤ សែនដង លើ​បណ្តាញយូធូប (You Tube) និង​ជាង ៥ សែន​ដងនៅលើបណ្តាញ​សង្គម​ហ្វេសប៊ុក​ (Facebook) ដែល​ជា​វីដេអូ​សង្ខេប​ផ្តោត​លើ​គ្រួសារ​អតីត​ពលរដ្ឋ​បឹង​កក់​ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

ទាក់ទង​នឹង​ករណី​លោក​ រ៉ាត់ រត្នមុនី នេះ​ដែរ ភរិយា​របស់​លោក គឺ​អ្នកស្រី ឡុង គីមហ៊ាង ​បាន​ឱ្យ​អាស៊ី​សេរី​ដឹង​បន្ថែម​នៅមុន​នេះ​បន្តិច​ថា អាជ្ញាធរ​ថៃ​មិន​បាន​អនុញ្ញាតឱ្យ​មេធាវី​​ចូល​ជួប​ស្វាមី​របស់​អ្នកស្រី​នៅ​មន្ទីរ​ឃុំឃាំង​ក្នុង​ទីក្រុង​បាង​កក​នោះឡើយ​ នៅ​ថ្ងៃ​ទី ១១ ធ្នូ​នេះ ទោះ​ជា​មេធាវី​បាន​​ប្រឹប្រែង​យ៉ាង​ណា​ក៏​ដោយ។ អ្នក​ស្រី​បន្ថែម​ថា ខាង​អាជ្ញាធរ​បាន​ប្រាប់​ទៅ​មេធាវី​ថា នេះ​ជា​ករណី​ពិសេស បើ​ចង់​ចូល​ជួប​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​របស់​ពួក​គេ​ជា​មុន​សិន។ អ្នក​ស្រី​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ ថាតើ​មេធាវី​នឹង​គ្រោង​ធ្វើ​អ្វីបន្តទៀត​ ដើម្បី​អាច​ចូល​ជួប​ស្វាមី​របស់​អ្នក​ស្រី​បាន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles