តំណាងរាស្ត្រ​អាមេរិក​លោក​ Ted Yoho ថា​ប្រទេស​សេរី​​មិន​ជឿ​ល្បិច​លោក​ ហ៊ុន សែន ​ទេ

នយោបាយ

លោក​ Ted Yoho អ្នក​តំណាង​រាស្រ្ត​ប្រចាំ​រដ្ឋFlorida​ នៃ​គណបក្ស​សាធារណរដ្ឋ​


13 ធ្នូ 2018
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោក​ Ted Yoho អ្នក​តំណាង​រាស្រ្ត​ប្រចាំ​រដ្ឋ Florida​ នៃ​គណបក្ស​សាធារណរដ្ឋ​អះអាង​ថា បើ​ព្រឹទ្ធសភា​មិន​អាច​អនុម័ត​បាន​នៅ​ដំណាច់​ខែ​ធ្នូ​នេះ​ទេ​ គឺ​លោក​នឹង​ដាក់​ស្នើ​សេចក្តី​ព្រាងច្បាប់​ HR5754នេះ​ឡើង​វិញ​ នៅពេល​ដែល​សភាថ្មី​ចាប់ផ្តើម​ការងារ​នៅ​ខែ​មករា​ខាងមុខ។

កំណត់និពន្ធ៖ សេចក្តី​ព្រាងច្បាប់ HR5754 ​ដែល​មាន​គោលបំណង​នាំ​យក​លទ្ធិប្រជា​ធិបតេយ្យទៅ​ប្រទេស​កម្ពុជា​ដែល​សភាតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កាលពី​ខែកក្កដា​ បាន​នៅ​ជាប់​គាំង​ត្រឹម​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​អស់​សុពលភាព​នៅ​ដំណាច់​ឆ្នាំ​២០១៨​នេះ ​ប៉ុន្តែ​លោក​ Ted Yoho អ្នក​តំណាង​រាស្រ្ត​ប្រចាំ​រដ្ឋ Florida​ នៃ​គណបក្ស​សាធារណរដ្ឋ​អះអាង​ថា បើ​ព្រឹទ្ធសភា​មិន​អាច​អនុម័ត​បាន​នៅ​ដំណាច់​ខែ​ធ្នូ​នេះ​ទេ​ គឺ​លោក​នឹង​ដាក់​ស្នើ​សេចក្តី​ព្រាងច្បាប់​នេះ​ឡើង​វិញ​ នៅពេល​ដែល​សភាថ្មី​ចាប់ផ្តើម​ការងារ​នៅ​ខែ​មករា​ខាងមុខ។ លោក​ម៉ែន គឹមសេង​ នៃវីអូអេ​ បាន​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក​ Ted Yoho ដូចតទៅ៖

VOA៖ ​សេចក្តី​ព្រាងច្បាប់​ដែល​លោក​បាន​ស្នើឡើង​កាលពី​ដើម​ឆ្នាំ​នេះ ​ហើយ​ត្រូវ​រដ្ឋ​សភា​អនុម័ត​និង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ ប៉ុន្តែ​ហាក់​មិនមាន​សកម្មភាព​អ្វី​សោះ​នៅ​ខាង​ព្រឹទ្ធសភា។ តើ​លោក​យល់​យ៉ាង​ណា​ដែរ?

Ted Yoho៖ លោក​ដឹង​ហើយ​ថា ​ខាង​ព្រឹទ្ធសភា​ទើប​តែ​វិល​ត្រឡប់​មក​ធ្វើ​កិច្ចការ​របស់​ពួកគេ​វិញ។ ប្រសិនបើ​យើង​មិន​អាច​សម្រេច​ច្បាប់​នេះ​នៅ​ក្នុង​អាណត្តិ​សភា​នេះ​ទេ​ គឺ​យើង​នឹង​ដាក់​ស្នើ​ឡើង​វិញ​ នៅ​ពេល​ដែល​សភាថ្មី​ចូល​ធ្វើការ។

VOA៖ ​បាទ​ មាន​ការប្តេជ្ញាចិត្ត​ថា​នឹង​ធ្វើ​ដូច្នេះ។ ជាការល្អ​ដែល​បាន​ដឹង​ដូច្នេះ។ តើ​លោក​ទទួល​បាន​ប្រតិកម្ម​យ៉ាង​ម៉េច​ដែរ​ពី​សហគមន៍ខ្មែរ​បន្ទាប់ពី​បាន​ដឹង​ដូច្នេះ?​

Ted Yoho៖ ​ប្រតិកម្ម​ដែល​យើង​ទទួល​តាម​រយៈ​សេចក្តី​រាយការណ៍​ឱ្យ​យើង​ដឹង​ គឺ​មាន​លក្ខណៈ​វិជ្ជមាន​ណាស់។ ដូច​លោក​ដឹង​ហើយ​ថា​ នៅ​ពេល​ដែល​មាន​រឿងរ៉ាវ​អាក្រក់​ដែល​កើត​ឡើង​នៅកម្ពុជា​ឬ​កង្វះ​ការ​ទទួល​ខុសត្រូវ​លើ​លទ្ធិប្រជាធិបតេយ្យ​ ហើយ​មាន​ការ​ចាប់​ឃុំ​ឃំាង​បេក្ខជន​ស្របច្បាប់​ដោយ​របប​ហ៊ុន សែន​ ហើយ​គាត់​បាន​និយាយ​ដាក់​លោក​ម្នាក់​ ដែល​បាន​ចាកចេញ​ពី​បក្ស​និង​ប្រទេស​ថា​ «សំណាង​ហើយ​ដែល​អ្នក​រត់ទាន់ ​បើ​មិន​អីចឹង​ទេ​ គឺ​ស្លាប់​បាត់ហើយ‍» គឺ​អ្នក​មិន​អាច​មាន​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​និង​យុត្តិធម៌​ ដែល​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ​ បើ​មាន​នយោបាយ​បែបនេះ​ដែល​លោក​ហ៊ុន សែន​ កំពុង​តែ​អនុវត្ត។ ដូច្នេះ​គោលដៅ​របស់​យើង​គឺ​ត្រូវ​ចាប់​លោក​ហ៊ុន សែន​ ឱ្យ​ទទួល​ខុសត្រូវ​តាម​កិច្ចព្រមព្រៀង​ដែល​យើង​មាន។

VOA៖ ​ដូច្នេះ​តើ​លោក​នឹង​ដាក់ស្នើ​សេចក្តី​ព្រាងច្បាប់​នេះ​ឡើង​វិញ​នៅពេល​ណា បើសិន​ជា​ព្រឹទ្ធសភា​មិន​បាន​អនុម័ត​នៅ​ដំណាច់ខែ​ធ្នូ​នេះ​ទេ?​

Ted Yoho៖ ​គោលដៅ​របស់​យើង​គឺ​ស្នើ​ច្បាប់​នេះ​ នៅពេល​ដែល​យើង​ចូល​ធ្វើការ​វិញ​ គឺ​ប្រហែល​ជា​នៅ​ខែ​មករា។

VOA៖ ​ដូច្នេះ​តើ​ខ្លឹមសារ​និង​ការ​ទាមទារ​នឹង​នៅ​តែ​ដូច​សេចក្តីព្រាង​ច្បាប់​នា​ពេល​បច្ចុប្បន្ន​នេះ។ មែនទេ?

Ted Yoho៖ ​ជាការពិត​គឺ​សេចក្តីព្រាង​ច្បាប់​ដដែល។ យើង​ត្រូវ​មើល​សភាពការណ៍​នៅពេល​នោះ​ថា​ តើ​នឹង​ត្រូវ​ធ្វើការ​កែប្រែ​យ៉ាងណា​ខ្លះដែរ។

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។


VOA៖ ខ្ញុំ​សូម​យោបល់​លោក​ពាក់ព័ន្ធ​នឹង​ការវិវត្តន៍​នា​ពេល​ថ្មីៗ​ គឺ​ចាប់តាំង​ពី​សេចក្តី​ព្រាង​ច្បាប់​ត្រូវ​បាន​អនុម័ត​កាលពី​ខែ​កក្កដា​ គឺ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ដោយ​គ្មាន​បក្ស​ប្រឆាំង​ ហើយ​ដោយ​មាន​សម្ពាធ​ពី​អន្តរជាតិ​ គឺ​រដ្ឋាភិបាល​បន្ទន់​ជំហរ​បន្តិច​ដោយ​បង្កើន​ល្បឿន​ការ​កាត់​ទោស​មេដឹកនាំ​សហជីព ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​បណ្តាញ​សារព័ត៌មាន​ ដែល​មាន​ដូច​ជា​ VOA និង​ RFA ​ ហើយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​រដ្ឋសភា​នឹង​ពិនិត្យមើល​សំណើ​វិសោធនកម្ម​ច្បាប់​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​នយោបាយ​អតីតបក្ស​ប្រឆាំង​១១៨នាក់​វិល​ត្រឡប់​ទៅ​ធ្វើ​នយោបាយ​ឡើងវិញ។ តើ​លោក​គិត​យ៉ាងម៉េច​ដែរ​ពី​ការវិវត្តន៍​នេះ?

Ted Yoho៖ ​ខ្ញុំគិត​ថា​ វាជា​រឿង​ក្លែងក្លាយ​ទេ។ ចំពោះ​លោក​ហ៊ុន សែន​ ដែល​ធ្វើ​ដូច្នេះ​ក្រោយពី​ការ​បោះឆ្នោត​ចប់​ហើយ​ គឺ​គាត់​គ្មាន​ចាញ់​អ្វីទេ ពីព្រោះ​គ្មាន​ការ​បោះឆ្នោត​ទេ ហើយ​គាត់​អាច​ទាមទារ​រក​ភាព​ស្របច្បាប់​ ដែល​បាន​ជាប់​ឆ្នោត​ជាថ្មី​ បើ​ទោះ​ជា​គាត់​បាន​បណ្តេញ​បក្ស​ប្រឆាំង​ចេញពី​ប្រទេស​ឬ​ដាក់គុក​អ្នក​ដែល​នៅក្នុង​ប្រទេស។ ហើយ​រឹតត្បិត​បណ្តាញ​សារព័ត៌មាន។

ប៉ុន្តែ​នៅពេល​ការ​បោះ​ឆ្នោត​បាន​ចប់​សព្វគ្រប់​ហើយ​ ស្រាប់​តែ​គាត់​មក​អះអាង​ថា​ គាត់​ជាមនុស្ស​ល្អ។ គាត់​គោរព​តាម​ច្បាប់។ នេះ​គ្រាន់តែ​ជា​ល្បែង​គាត់​លេង​ដែល​យើង​មិន​លេង​តាម​ទេ។ ពិភពលោក​សេរី​មិន​ជឿ​តាម​រឿង​អត់​បាន​ការ​នេះ​ទេ។ ហើយ​ប្រសិន​បើ​គាត់​ពិតជា​គិត​គូ​រពីការ​បន្សល់ទុក​កេរមរតក​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ និង​ប្រទេស​របស់​គាត់​ គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។ តើ​គាត់​ខ្លាចអី ​បើ​សិន​ជា​គាត់​ធ្វើ​ការងារ​ល្អ​ គឺ​ពលរដ្ឋ​នឹង​បោះឆ្នោត​ជ្រើសរើស​គាត់​ហើយ បើ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។

ប៉ុន្តែ​គាត់​ហាក់ដូច​ជា​មិន​គិត​អីចឹង​ទេ ​ពីព្រោះ​គាត់​មិន​បាន​អនុញ្ញាត​ឱ្យ​មានការ​បោះឆ្នោត​ដូចនេះ​ទេ។ ការណ៍​ដែល​គាត់​មក​ធ្វើ​សំណើ​ដើម្បី​ឱ្យ​គេ​មើលឃើញ​ថា​ គាត់​ជា​មនុស្សល្អ​ ហើយ​គាត់​ចង់​បាន​យុត្តិធម៌។ បើ​សិន​ជា​អ្នកណា​ជឿតាម​ហ្នឹង​ គឺ​ពិតជា​ការ​ប្រមាថ​ដល់​ពលរដ្ឋ​កម្ពុជា។ ហើយ​ខ្ញុំ​គិត​ថា ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ វា​គឺជា​ការ​ប្រមាថ​ដល់​ពួកគេ​ហើយ​ ដែល​គិត​ថា​ គាត់​នឹង​គោរព​តាម​ច្បាប់​ហើយ​នៅពេល​នេះ។

VOA៖ ​ការ​ស្នើ​ច្បាប់​នេះឡើង​វិញ​នឹង​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​ករណី​សេចក្តី​ព្រាង​ច្បាប់​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ ប្រសិន​បើ​លោក​ចង់​ដាក់​ទណ្ឌកម្ម​លោកហ៊ុន សែន​ ពិតប្រាកដ​មែន ​គឺ​សហរដ្ឋ​អាមេរិក​មាន​យន្តការ​ច្បាប់​មួយទៀត​ដែល​អាច​ប្រើបាន​នោះ គឺ ​ច្បាប់​ Magnitsky។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកជំនាញ។ តើ​លោក​គិត​ថា​ សហរដ្ឋ​អាមេរិក​គួរតែ​ប្រើ​ច្បាប់​នេះ​ដាក់ទណ្ឌកម្ម​ដោយ​ចំពោះ​លើ​បុគ្គលខ្លះ​ដែល​នៅ​ជុំវិញ​លោក​ហ៊ុន សែន ​ទេ?

Ted Yoho៖ ​ច្បាប់​នេះ​គឺ​ប្រើលើ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ នេះ​គឺជា​អ្វី​ដែល​អាច​ធ្វើ​បាន។ យើង​ត្រូវ​ពិនិត្យ​មើល​ច្បាប់​នេះ​បន្ថែម​ទៀត​ ប៉ុន្តែ​យើង​នឹង​ជំរុញ​ច្បាប់​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​យើង​អាច​ធ្វើ​បាន។

VOA៖ ​ចុងក្រោយ ​តើ​លោក​មាន​សារ​អ្វី​ដល់​របប​លោក​ហ៊ុន សែន​ និង​មន្ត្រី​របស់​គាត់​ទេ?

Ted Yoho៖ សូម​កុំ​ខ្លាច​ពលរដ្ឋ​ដែល​សេរី​និង​មាន​ភាព​អង់អាច​នៅក្នុង​សង្គម​របស់​អ្នក​ពីព្រោះ​ពួកគេ​នឹង​ធ្វើ​ឱ្យ​សង្គម​អ្នក​ខ្លាំង ​ហើយ​ពួកគេ​គឺជា​អ្នក​កំណត់​កេរដំណែល​នៃ​របប​លោក​ហ៊ុន សែន។ ប្រវត្តិសាស្រ្ត​អាច​ចារ​ថា​ គាត់​ជា​មនុស្ស​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បាន​ប្រសើរ​ឡើង​ ឬ​ក៏​ជា​មនុស្ស​មើល​មិន​ឃើញ​វែងឆ្ងាយ​ដែល​យក​ចិត្តទុក​ដាក់​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាង​មនុស្ស​ដទៃ។ ដូច្នេះ គាត់​មាន​ជម្រើស​ដោយខ្លួនឯង៕

What Next?

Recent Articles

One Response to "តំណាងរាស្ត្រ​អាមេរិក​លោក​ Ted Yoho ថា​ប្រទេស​សេរី​​មិន​ជឿ​ល្បិច​លោក​ ហ៊ុន សែន ​ទេ"

  1. Anonymous says:

    No body believe the veitcong mafia dictator and his groups’ because he killing a lot of people since 1970 and specially coup 1997 ‘