តំណាងរាស្រ្តអាមេរិកាំងដ៏មានឥទ្ធិពលមួយរូបនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីឲ្យសេចក្តីព្រាងច្បាប់លេខ H.R.5754 ចូលជាធរមាន

តំណាងរាស្រ្តអាមេរិកាំងដ៏មានឥទ្ធិពលមួយរូបនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីឲ្យសេចក្តីព្រាងច្បាប់លេខ H.R.5754 ចូលជាធរមាន


By

ឌឹ ខេមបូឌា ដេលី

ប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសរបស់សភាសហព័ន្ធសហរដ្ឋអាមេរិក លោក Ted Yoho និងជាតំណាងរាស្រ្តប្រចាំរដ្ឋ Florida ពីខាងគណបក្សសាធារណរដ្ឋអះអាងថា លោកនឹងស្នើសេចក្តីព្រាងច្បាប់ H.R.754 ឲ្យព្រឹទ្ធសភាធ្វើការអនុម័តឡើងវិញនៅខែមករា ឆ្នាំ២០១៩ ប្រសិនបើព្រឹទ្ធសភា មិនអាចអនុម័តសេចក្តីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់លោក ហ៊ុន សែន ក្នុងខែធ្នូ ទេនោះ។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែធ្នូ លោក Ted Yoho អះអាងថា លោកដឹងហើយថា ខាងព្រឹទ្ធសភាទើបតែវិលត្រឡប់មកធ្វើកិច្ចការរបស់ពួកគេវិញ ហើយ ប្រសិនបើក្រុមរបស់លោកមិនអាចទទួលបានការអនុម័តសេចក្តីព្រាងច្បាប់នៅក្នុងអាណត្តិសភានេះបានទេ នោះក្រុមរបស់លោកនឹងដាក់សំណើនេះឡើងវិញ នៅពេលដែលសភាថ្មីចូលធ្វើការនៅខែមករា ឆ្នាំ២០១៩ ខាងមុខ។

សហស្ថាបនិកនៃសេចក្តីព្រាងច្បាប់លេខ H.R.5754 រូបនេះបន្តថា គោលបំណងរបស់សហរដ្ឋអាមេរិកគឺត្រូវចាប់លោកហ៊ុន សែន ឱ្យទទួលខុសត្រូវតាមកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកមាន។

រដ្ឋសភាអាមេរិកាំងកាលពីថ្ងៃទី២៥ខែកក្កដា បានអនុម័តសេចក្តីព្រាងច្បាប់លេខ H.R.5754 ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការក្រុមមេដឹកនាំនៃរបបក្រុងភ្នំពេញ ប្រសិនបើពួកគេនៅតែរឹងទទឹងមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញទេនោះ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋ អាមេរិកលោក Ed Royce ដែលបានចូលរួមអនុម័តសេចក្តីព្រាងច្បាប់មួយនេះ ធ្លាប់ស្នើឲ្យប្រធានាធិបតីអាមេរិកដាក់ទណ្ឌកម្មលោក ហ៊ុន សែន លោក ស ខេង លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោក សុខ ពុទ្ធិវុធ លោក ប្រាក់ សុខុន លោក ឱម យ៉ិនទៀង និងមនុស្សជំនិតៗរបស់លោក ហ៊ុន សែន ជាច្រើនទៀត ៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles