អ្នកវិភាគ​ថា លោក ហ៊ុន សែន ចង់​ឲ្យ​មន្រ្តី​សង្រ្គោះ​ជាតិក្នុង​ចំណោម ១១៨រូប មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​របស់​របប​លោក

ដោយ ទីន ហ្សាការីយ៉ា
2018-12-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ លោក គឹម សុខ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ លោក គឹម សុខ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA


អ្នកវិភាគថាបើបក្សប្រឆាំងមិនរក្សាផ្ទៃក្នុងរឹងមាំទេ នឹងបែកបាក់


ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន នេះ អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​តែ​ប្រើយុទ្ធសាស្រ្តនយោបាយ​ថ្មី ដើម្បី​ឲ្យ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួនក្នុងចំណោម ១១៨រូប​នោះ ដើរចេញពីលោក កឹម សុខា និង​លោកសម រង្ស៊ី នៅក្រោយពីរបបលោក បានរំលាយ​គណបក្ស​នេះ​រួច​ហើយ តែ​មិន​អាច​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​គណបក្ស​ប្រឆាំង​នេះ​ថមថយ។

អ្នកវិភាគនយោបាយ​អ្នកវិភាគ លោក គឹម សុខ ពន្យល់​ថា លោក ហ៊ុន សែន កំពុង​​តែ​​ប្រើ​​យុទ្ធសាស្រ្ត​​នយោបាយ​​ថ្មីមួយ​​ផ្សេង​ទៀត គឺ​ចង់​ឲ្យ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ ក្នុងចំណោម១១៨រូប ទៅ​បំពេញ​ភាព​ស្របច្បាប់របប​លោក និង ទទួលស្គាល់ថា ការរំលាយគណបក្សសង្រ្គោះជាតិ​កន្លង​មក គឺ​ជារឿង​ត្រឹមត្រូវ នៅ​ខណៈ​សហគមន៍​ជាតិ អន្តរជាតិ ថ្កោលទោស ហើយចាត់ទុកថា ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិកន្លងមក​ថា ជា​ការ​ខុស​ច្បាប់​នោះ។

លោក គឹម សុខថា របបលោក ហ៊ុន សែន កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ទ័ល​ច្រក​មួយ​យ៉ាង​ខ្លាំង ដែល​លំបាក​ក្នុង​ការ​ទាញ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់ និង​ជៀស​ផុត​ពី​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ហើយ​បញ្ហា​នេះ លោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រើ​យុទ្ធសាស្រ្ត​ថ្មី​មួយ​ទៀត ដើម្បី​បំបែក​បំបាក់​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​បែក​ខ្ញែក​គ្នា​ឡើយ៖ «លោក ហ៊ុន សែន កំពុង​ទ័ល​ច្រក​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។ ដូច្នេះ​លោក មិន​អាច​រក​វិធី​ដោះ​ខ្លួន​បាន​ទេ ម្លោះ​ហើយ​ដើម្បី​ឲ្យ​លោក ហ៊ុន សែន កាន់​តែ​ទ័ល​នៅ​ក្នុង​វិធី ដែល​ត្រូវ​លំអោន​ទៅ​រក​ដំណោះ​ស្រាយ​តាម​អនុសាសន៍​អន្តរជាតិ។ ដូច្នេះ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​តែ​រឹងមាំ ហើយ​កុំ​ធ្វើ​តាម​យុទ្ធសាស្រ្ត​របស់​លោក ហ៊ុន សែន»

លោក ហ៊ុន សែន បានអះអាងជាថ្មីម្ដងទៀតនៅថ្ងៃទី១២ ធ្នូថា រដ្ឋសភាឯកបក្សរបស់លោក នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី១៣ ធ្នូ​នេះ ដើម្បី​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន ដែល​លោក​អះអាង​ថា បាន​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ៖ «បើសិន​ជា​គេ​មាន​ការ​ស្នើសុំ​មក​នាយករដ្ឋមន្រ្តី ហើយ​បើ​ពិនិត្យ​ឃើញ​ថា គេ​មិន​ប្រឆាំង​នឹង​សាលដីកា​កំពូល​នោះ នឹង​ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ។ តែ​បើ​សិន​ជា​អ្នក​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល មិន​ត្រឹម​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ គឺ​ត្រូវ​ជាប់​គុក​ពីរ​ឆ្នាំ​កន្លះ»

ការថ្លែងរបស់លោក ហ៊ុន សែន នេះ ជា​ការ​ឆ្លើយតប​ទៅ​លោក សម រង្ស៊ី ដែល​កំពុង​តែ​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ កុំ​ឲ្យ​ទទួល​យក​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដរាប​ណា​របប​លោក ហ៊ុន សែន មិន​ដោះ​លែង​លោក កឹម សុខា និង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចូលរួម​ប្រកួត​ប្រជែង​ជា​មុន​ទេ​នោះ។ លោក សម រង្ស៊ី បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​របប​លោក ហ៊ុន សេន មុន​នឹង​ទទួល​យក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ ហើយ​លោក​ថែម​ទាំង​បញ្ជាក់​ថា អ្នក​ណា​ហើយ​ស្នើសុំ​ទៅ​លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើក​លែង​ទោស ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ដែល​របប​លោក ហ៊ុន សែន មិន​ធ្វើ​តាម​លក្ខខណ្ឌ​របស់​លោក​ទេ គឺ​បង្ហាញ​ថា អ្នក​នោះ​ក្បត់​បក្ស៖ «សហគមន៍​អន្តរជាតិ​កំពុង​តែ​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន ឲ្យ​ផ្ដល់​ដំណោះ​ស្រាយ​រួម​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ដំណោះ​ស្រាយ​រួម គឺ​ដោះ​លែង​លោក កឹម សុខា ជា​បន្ទាន់ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ និង​ត្រូវ​ផ្ដល់​គណបក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ នៅ​ពេល​យើង​គង់​តែ​បាន​ធ្វើ​នយោបាយ​ឡើង​វិញ​សិន នៅ​ពេល​នោះ យើង​គង់​តែ​បាន​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ»។​

លោក គឹម សុខ បន្ថែមថារបប​ក្រុង​ភ្នំពេញ​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ដែល​លោក​ហៅ​ថា ជា​នីតិមាត់​នោះ៖ «មិន​មាន​អ្វី​ត្រូវ​ចោទ​អ្នក​ទាំង​អស់​ហ្នឹង​ថា ក្បត់​បក្ស​ទេ តែ​អ្វី​ដែល​លោក ហ៊ុន សែន ត្រូវ​បំភ័ន្ត​នោះ ហេតុ​អ្វី​ត្រូវ ហ៊ុន សែន ត្រួត​ពិត្យ​ពី​ក្រសួង​មហាផ្ទៃ មាន​សត្ថកិច្ច​ក្នុង​ការ​ពិនិត្យ​សំណុំ​រឿង​ទាំង​នោះ ថា​តើ​អ្នក​ណា​ជា​អ្នក​អនុវត្ត​ត្រូវ​តាម​បម្រាម​របស់​គេ​ហើយ​ឬ​នៅ? ដូច្នេះ​ជា​គន្លឹះ​ដែល​គេ​ចង់​បង្វែរ​ថា អ្នក​ទាំង​អស់​នោះ​មិន​ចង់​នៅ​ជាមួយ​លោក កឹម សុខា និង​លោក សម រង្ស៊ី ឬ​ចេញ​ពី​បក្ស​សង្រ្គោះ​ជាតិ ហើយ​គេ​បង្កើត​ច្បាប់​ដើម្បី​បម្រើ​នយោបាយ​របស់​គេ»

ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ លោក ហ៊ុន សែន តែង​ទទួល​បាន​ជោគជ័យ​ទៅ​លើ​យុទ្ធសាស្រ្ត​បំបែក​បំបាក់​ផ្ទៃក្នុង​គណបក្ស ដែល​ជា​ដៃគូ​ប្រកួត។ គិត​ចាប់​ពី​ទសវត្ស​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ១៩៩៨ មក គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​ជា​ដៃគូ​ប្រកួត​ដ៏​ស្វិតស្វាញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប៉ុន្តែ​គណបក្ស​រាជានិយម​មួយ​នេះ បាន​ចុះ​ខ្សោយ​បន្តិចម្ដងៗ ក្រោយ​ពី​មន្រ្តី​គណបក្ស​នេះ បាន​បែក​ខ្ញែក​គ្នា ពិសេស​មេ​ដឹក​នាំ​គណបក្ស​នេះ ទៅ​បង្កើត​គណបក្ស​មួយ​ថ្មី​ទៀត ដូចជា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ជាដើម។ រីឯ​មន្រ្តី​ជាន់​ខ្ពស់ ហ្វ៊ុនស៊ិនប៉ិច មួយ​ចំនួន​ទៀត ក៏​រត់​ចុះ​ចូល​ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា ហើយ​លោក ហ៊ុន សែន កន្លង​មក​ក៏​ធ្លាប់​បាន​ប្រកាស​អំពី​យុទ្ធសាស្រ្ត​របស់​លោក ក្នុង​ការ​បំបែក​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​ជោគជ័យ​នេះ​ដែរ។

ចំពោះករណីគណបក្ស​សង្រ្គោះ​ជាតិ​វិញ នៅ​ក្រោយ​ពេល​ចាប់​ខ្លួន លោក កឹម សុខា និង រំលាយ​គបក្ស​សង្រ្គោះ​ជាតិ លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​តាំង​ពី​ថ្នាក់​មូលដ្ឋាន ថ្នាក់​ជាតិ​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​ដែរ តាម​រយៈ​ការ​ផ្ដល់​តួនាទី​ឲ្យ​រក្សា​នៅ​ដដែល ក៏​ប៉ុន្តែ​មន្រ្តី​ថ្នាក់​មូលដ្ឋាន​តិចតូច​ប៉ុណ្ណោះ ដែល​ចុះ​ចូល​ជាមួយ​របប​របស់​លោក។

អ្នកវិភាគ​ថា ដោយសារ​តែ​កម្លាំង​បក្ស​ប្រឆាំង​នៅ​រឹងមាំ​ដែល​មិន​ចុះ​ខ្សោយ​ដូច​គណបក្ស ហ៊្វុនស៊ីនប៉ិច ទើប​លោក ហ៊ុន សែន លេង​ល្បែង​នយោបាយ​ផ្សេងៗ គ្នា​តាម​រយៈ​ការ​ប្រើប្រាស់​ច្បាប់ ដើម្បី​បំបែក​គណបក្ស សង្រ្គោះ​ជាតិ។ អ្នកវិភាគ​ថា នៅ​ក្នុង​ស្ថានភាព​បែប​នេះ បើ​សិន​ជា​គណបក្ស សង្រ្គោះ​ជាតិ​មិន​រក្សា​សម្ព័ន្ធភាព​ផ្ទៃក្នុង​បក្ស​ឲ្យ​រឹង​មាំ​ទេ គណបក្ស​នេះ នឹង​ត្រូវ​បែក​ខ្ញែក​គ្នា​ទៅ​តាម​បំណង​ចង់​បាន​របស់​របប​លោក ហ៊ុន សែន ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles