ជនជាតិ​ដើម​ភាគតិច​១៤​គ្រួសារ​នៅ​​មណ្ឌលគិរី​ថា អ្នក​មាន​អំណាច​ឈូស​ឆាយ​ដំណាំ​ពួកគាត់​រំលោភ​យក​ដី

ដោយ យន់ សាមៀន
2018-12-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រឿងចក្រ ១គ្រឿង​ឈូសឆាយ​ផល​ដំណាំ​ពលរដ្ឋ ១៤គ្រួសារ​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កាល​ពីថ្ងៃទី១៣ ធ្នូ ២០១៨។ Photo Provided
គ្រឿងចក្រ ១គ្រឿង​ឈូសឆាយ​ផល​ដំណាំ​ពលរដ្ឋ ១៤គ្រួសារ​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កាល​ពីថ្ងៃទី១៣ ធ្នូ ២០១៨។ Photo Provided


ជនជាតិ​ដើម​ភាគតិច ១៤​គ្រួសារ​រស់នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សិទ្ធិមនុស្ស ករណី​អ្នក​មាន​អំណាច បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផលដំណាំ​ពួកគាត់​អស់​ស្ទើរ​ទាំងអស់ ដើម្បី​យក​ដី​ជា​សម្បត្តិ​បុគ្គល។

ជនជាតិ​ដើម​ភាគតិច​ព្នង (ពូនង) រស់​នៅ​ស្រុក​អូររាំង ឲ្យ​ដឹង​នៅ​ថ្ងៃទី១៥ ខែ​ធ្នូ ថា ដីចម្ការ​ពួកគាត់​ជិត ១០​ហិកតារ ដែល​បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៤​មក មាន​ដាំ​ដំណាំ ស្វាយ ខ្នុរ និង​ផ្លែ​ប៊័រ ជាដើម ត្រូវ​បាន​អ្នក​មាន​អំណាច យក​គ្រឿងចក្រ​ឈូស​ឆាយ​អស់​ស្ទើរ​ទាំងស្រុង។ អ្នកភូមិ​ថា បុរស​ម្នាក់ ជា​មេការ ដឹកនាំ​សកម្មភាព​ឈូស​ឆាយ​នោះ បង្ហាញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ត្រួត​ស៊ីគ្នា​នឹង​ដី​ដែល​ពួកគាត់​បាន​កាន់កាប់​ជាង ៣០​ឆ្នាំ​មក​ហើយ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង លោក ឆាប ម៉ាយ ឲ្យ​ដឹង​ថា អ្នកភូមិ​គ្មាន​សមត្ថភាព​រារាំង​គ្រឿងចក្រ​ទាំង​នោះ​ទេ ហើយ​ពួកគេ​បាន​ផ្តល់​ដំណឹង​នេះ ទៅ​មេឃុំ​ដាក់ដាំ ឲ្យ​ជួយ​ទប់ស្កាត់​តែ​គ្មាន​ប្រសិទ្ធភាព។ លោក​ថា ដី​កសិកម្ម​របស់​ពលរដ្ឋ ១៤​គ្រួសារ មាន​ទំហំ ជិត ១០​ហិកតារ។ ពួកគាត់​តែង​ធ្វើ​ចម្ការ​ចិញ្ចឹមជីវិត​លក្ខណៈ​គ្រួសារ​រៀងៗ​ខ្លួន ជាង ៣០​ឆ្នាំ​មក​ហើយ។ លើស​ពី​នេះ ពួកគាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដី​សមូហភាព​ទៅ​អាជ្ញាធរ​ជំនាញ​ជា​យូរ​មក​ហើយ​ដែរ តែ​គ្មាន​លទ្ធផល។ លោក​បន្ថែម​ថា ក្រុម​ពលរដ្ឋ​ហាក់​អស់​សង្ឃឹមលើ​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ឃុំ ខណៈ​ដែល​ពលរដ្ឋ​ជួប​រឿង​អយុត្តិធម៌​ជាក់ស្ដែង​បែបនេះ អាជ្ញាធរ​បែរជា​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ភ្លាមៗ៖ «ពលរដ្ឋ​ទប់ស្កាត់​ក៏​មិន​ឈ្នះ ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ​ក៏​មិន​ឈ្នះ ពីមុន​ខ្ញុំ​ប្ដឹង​ពីរ​ដង​ហើយ ខ្ញុំ​សរសេរ​ជា​អក្សរ។ ខ្ញុំ​ប្ដឹង​ផ្ទាល់មាត់​តាម​ទូរស័ព្ទ​ច្រើន​ណាស់»

បុរស​ម្នាក់ទៀត​ដែល​ជា​ជន​បង្គោល រស់នៅ​ឃុំ​ដាក់​ដាំ លោក ប៊ូរ៉េត កាំពី លើកឡើង​ថា សកម្មភាព​ឈូស​ឆាយ​នេះ បាន​បំផ្លាញ​ផលដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មក ហើយ។ លោក​ថា អ្នកភូមិ​សង្ស័យ​ថា ការ​ឈូស​ឆាយ​បំពាន​យក​ដីធ្លី​នេះ​អាច​ជា​ការរៀបចំ​ទុកជា​ប្រព័ន្ធ ដែល​មាន​ការ​ឃុបឃិត​គ្នា​រវៀង​ឈ្មួញ និង​អាជ្ញាធរ​ខិលខូច​មួយ​ចំនួន៖ «គេ​រំលោភ​ជាក់ស្ដែង​តាំងពី​ម្សិលមិញ មានការ​ឈូស​ឆាយ​ខ្លាំង​ណាស់។ ឈូស​ឆាយ​ទាំងអស់​អាលីង​ទាំង​ខ្នុរ ម្នាស់ និង ស្វាយ ហើយ​ម្សិលមិញ​អស់​អា​លីង​ទាំង​ខ្ទម​ទាំង​អី»

អាស៊ីសេរី​នៅ​មិន​ទាន់​ទាក់ទង​សុំ​ប្រតិកម្ម​រឿង​នេះ ពី​មេការ​គ្រប់គ្រង​គ្រឿងចក្រ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទប្រកាន់​នេះ​បាន​ថា​យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃទី១៥ ធ្នូ។

ចំណែក​មេឃុំ​ដាក់ដាំ លោក ចាស់ ណា ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​ពាក្យបណ្ដឹង​រឿង​នេះ​ហើយ នឹង​បាន​សរសេរ​លិខិត ប្រាប់​ឲ្យ​មេការ​គ្រប់គ្រង​គ្រឿងចក្រ ផ្អាក​សកម្មភាព​ឈូស​ឆាយ​ជា​បន្ទាន់ រង់ចាំ​អាជ្ញាធរ​ដោះស្រាយ​រួចរាល់​សិន។ លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​វិបត្តិ​ដីធ្លី​នេះ​បែប​ណា​នោះ​ទេ ព្រោះ​រឿង​នេះ​អាច​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ ហើយ​លោក​បាន​ផ្តល់​ដំណឹង​ទៅ​ថ្នាក់លើ​រួចហើយ៖ «ខ្ញុំ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ ខ្ញុំ​ឲ្យ​គាត់​ផ្អាក​ការ​ឈូស​ឆាយ។ ដំណោះស្រាយ​ពេល​ក្រោយ ខ្ញុំ​កំណត់​ត្រឹមណា​ជា​ដី​របស់​ពលរដ្ឋ និង​ត្រឹមណា ជា​របស់​ផែ សុរិយា»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់​ទុក​ការ​ឈូស​ឆាយ​ផលដំណាំ​របស់​ពលរដ្ឋ គឺជា​ទង្វើ​ល្មើសច្បាប់ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ជាបន្ទាន់ និង​ជំរុញ​ឲ្យ​មានការ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់។ លោក​ថា អាជ្ញាធរ​ជំនាញ​ត្រូវ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ទាំងនោះ៖ «បើសិនជា ភាគី​ខាង​រំលោភ​យក​ដែល​គាត់​អះអាង​ថា មានកម្ម​សិទ្ធិ​លើ​ដី អ៊ីចឹង​វិវាទ​តាម​ផ្លូវ​ច្បាប់ ត្រូវតែ​ដោះស្រាយ​តាម​នីតិវិធី មិនមែន​ឈូស​ឆាយ​ផលដំណាំ​ទេ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ សង្កេតឃើញ​ថា ជនជាតិ​ដើម​ភាគតិច​ភាគច្រើន​នៅ​ខេត្ត​មណ្ឌលគិរី ពុំ​សូវ​យល់ដឹង​ផ្នែក​ច្បាប់​បាន​ទូលំទូលាយ​នោះ​ទេ ហើយ​ដីធ្លី​របស់​ពួកគេ​ក៏​មិនបាន​ចុះបញ្ជី​ដី​ជា​កម្មសិទ្ធិឯកជន​ដែរ គឺ​ពួកគាត់​តែង​ស្នើសុំ​ចុះបញ្ជី​ដី​ជា​សមូហភាព ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​ពន្យារពេល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles