មន្រ្តីគណៈបក្សសង្គ្រោះជាតិ ថាមន្រ្តីដែលបោះបង់ស្មារតីសង្គ្រោះជាតិ នឹងបាត់ប្រជាប្រិយ

មួង ណារ៉េត
2018-12-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងពេលជួបប្រជុំគ្នា ពង្រឹងគណបក្សនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងពេលជួបប្រជុំគ្នា ពង្រឹងគណបក្សនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA


តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរថា ការ​ដកហូត​សិទ្ធិ​នយោបាយ​ពីមន្រ្តីជាន់ខ្ពស់​​គណបក្សសង្គ្រោះជាតិ ដោយ​របប​លោក ហ៊ុន សែននោះ គឺជា​រឿង​មិនត្រឹមត្រូវ តាំងពី​ដំបូងទី​មកម្ល៉េះ។ ដូច្នេះ មន្រ្តីបក្ស​ប្រឆាំង​ មិនត្រូវ​រំភើបនឹង​វិសោធនកម្មច្បាប់នេះទេ ប៉ុន្តែ​ត្រូវ​ពង្រឹង​ជំហរ​សាមគ្គីភាព ក្នុងជួរ​បក្ស កុំ​ឲ្យក្បត់​ឆន្ទៈរាស្រ្ត​ម្ចាស់​ឆ្នោត។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទ​រ័ត្ន​ ដែលស្ថិតក្នុង​ចំណោម​មន្រ្តីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ទាំង ១១៨ រូប​ ដែលត្រូវ​បាន​ដក​ហូត​សិទ្ធិនយោបាយ ចាត់ទុក​វិសោធនកម្ម​ច្បាប់ ​ស្តីពីគណបក្សនយោបាយ ដែលទើបត្រូវ​បានអនុម័ត​ ដោយរដ្ឋសភា​ឯកបក្ស​របស់​របបលោក ហ៊ុន សែន មិនមែនមានចេតនា​ ដើម្បី​រក​ដំណោះស្រាយ​ផ្សះផ្សាជាតិទេ ប៉ុន្តែ មាន​បង្កប់​នូវ​ល្បិច​ ដើម្បីកេងចំណេញ ពីគណបក្សដៃគូប្រកួតប្រជែង​ ក្នុង​ឆាក​នយោបាយ​តែប៉ុណ្ណោះ។

ថ្លែងក្នុង​វេទិកាអ្នកស្តាប់​វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី ១៤ ខែ ធ្នូ លោក អ៊ូ​ ច័ន្ទ​រ័ត្ន រិះគន់​ការ​កែច្បាប់​ញឹកញាប់ ទៅតាមចេតនាអ្នកនយោបាយបក្ស​កាន់តែ​អំណាច​បែបនេះ គឺមិនត្រឹមតែធ្វើ​ឲ្យ​ខូចតម្លៃ​របស់​ច្បាប់​ប៉ុណ្ណោះទេ ប៉ុន្តែ​វាធ្វើ​ឲ្យ​ប្រទេសកម្ពុជា មិនអាច​ក្លាយជាប្រទេសដែលមាននីតិរដ្ឋ​រឹង​មាំ​បាន​នោះឡើយ <<អ៊‍ីចឹងមិនមែន​ជា​វិសោធនកម្ម ដើម្បីដំណោះស្រាយ​នយោបាយ​ទេ! អាហ្នឹង​ហើយ​ដែលជាបញ្ហា។ អ្វីក៏ដោយ​ចង់​ឲ្យ​ប្រទេ​សមួយត្រង់ ប្រទេស​មួយត្រឹមត្រូវ ទាល់តែ​អ្នក​ដឹក​នាំ​ទាំងអស់​ត្រង់ ហើយ​ត្រឹមត្រូវ។ បើ​យើង​នៅតែ​ប្រើល្បិចទៅ​វិញ​ទៅ​មក ប្រទេស​ហ្នឹង​នៅតែប៉ុណ្ណឹង ទៅមុខ​មិន​រួច​ទេ>>។

បើតាម​​វិសោធនកម្មថ្មី​ ស្តីពីច្បាប់​នយោបាយ ត្រង់មាត្រា ៤៥ថ្មី(ស្ទួនមួយ) អនុញ្ញាត​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃគឺលោក ស ខេង និង នាយករដ្ឋ​មន្រ្តីគឺ លោក ហ៊ុន សែន អាចធ្វើសំណើថ្វាយទៅព្រះមហាក្សត្រ ដើម្បី​ដកបម្រាមសិទ្ធិធ្វើនយោបាយ ចេញពីមន្រ្តីគនបក្សប្រឆាំងទាំង ១១៨ នាក់ ជារួមក្នុងពេលតែមួយ ដោយ​មិន​ចាំបាច់​មានការ​ស្នើសុំ​ពី​មន្រ្តីបក្ស​ប្រឆាំង​ទាំងនោះ នោះទេ។ ប៉ុន្តែ លោក ហ៊ុន សែន បាន​ព្រមាន​រួច​ជាស្រេចទៅហើយ ថា​លោកតម្រូវឲ្យ​មន្រ្តីទាំងនោះ ដាក់ពាក្យស្នើសុំទៅលោកម្នាក់ម្តងៗ ទើបលោកព្រម << ខ្ញុំ​ត្រៀម​នឹង​ទទួលយក​នូវ​​សំណើ​របស់​សាមីជន​ម្នាក់ៗ មិនមែន​តំណាង​ឱ្យ​បក្ស​នយោបាយ​ណាមួយ​មក​ស្នើ​ទេ បុគ្គល​ម្នាក់ៗ​ ម្នាក់​ម្តងៗ ម្នាក់​មាន​ព្រះរាជក្រឹត្យ​មួយ>>។

ការព្រមានមិនព្រមរកដំណោះស្រាយនយោបាយរួម ដែលតម្រូវឲ្យ​មន្រ្តីឯកជនម្នាក់ៗ សេរសេរលិខិតស្នើសុំម្តងម្នាក់នេះ ត្រូវ​បានអ្នកវិភាគ ថាលោក ហ៊ុន សែន ធ្វើ​ដើម្បី​បំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ព្រោះនៅក្នុងចំណោមមន្រ្តីគណបក្សប្រឆាំង​ទាំង ១១៨ នាក់នោះ មាន​មន្រ្តីជាច្រើន បានរត់ភៀសខ្លួនទៅប្រទេសសេរី​ ដើម្បី​បន្តជីវភាពនយោបាយ​យ៉ាងសកម្ម ស្របពេលមន្រ្តីមួយចំនួន​ទៀត នៅសម្ងំស្ងៀមនៅក្នុងប្រទេស ដោយខ្លាច​ការ​ធ្វើ​ទុក្ខបុកម្នេញ​បន្ថែមពី​សំណាក់របបលោក ហ៊ុន សែន។

បើ​តាមអ្វីដែលលោក ហ៊ុន សែន ចង់បាន គឺមន្រ្តីដែលរត់ភៀសខ្លួនទៅក្រៅប្រទេស​ទាំងនោះ មិនត្រឹមតែបន្ត​បាត់សិទ្ធិធ្វើនយោបាយ​នៅក្នុងប្រទេសទេ ប៉ុន្តែ​ប្រឈមមុខ​នឹង​ចាប់ខ្លួន ដាក់ពន្ធនាគារ​ថែមទៀត​ផង បើ​ពួកគាត់​វិលត្រឡប់​ទៅកម្ពុជាវិញ <<ត្រូវចាំណា៎! អ្នកដែលប្រឆាំង​នឹង​សាលដីកាតុលាការ​កំពូល មិនត្រឹមតែ​អត់​បានសិទ្ធិធ្វើនយោបាយ​ឡើងវិញទេ គឺត្រូវ​ជាប់គុក​ថែមទៀត​ផង>>។

ក្នុងស្ថានភាពបែបនេះលោក អ៊ូ ច័ន្ទរ័ត្ន ថានេះបញ្ជាក់ឲ្យឃើញ​នូវ​ភាព​ខ្វះ​សុឆន្ទៈ ​របស់អ្នកនយោបាយ​បក្ស​កាន់អំណាច ក្នុងការរកដំណោះស្រាយរួម។ នេះ​ជា​​ដាក់សម្ពាធ ដល់​អ្នកនយោបាយ​បក្ស​ប្រឆាំង​។ លោក អ៊ូ ច័ន្ទ​រ័ត្ន បន្ថែមថា ដើម្បី​ឲ្យ​មានដំណោះស្រាយនយោបាយ ប្រកបដោយសុឆន្ទៈពិតប្រាកដ គឺទាល់តែ​របបលោក ហ៊ុន សែន ដាក់បញ្ជី​មន្រ្តីបក្សប្រឆាំង ទាំង ១១៨ នាក់ ជាកញ្ចប់​ក្នុង​ដំណោះស្រាយរួម ជាជាងដាក់សម្ពាធ​ឲ្យ​មន្រ្តីម្នាក់ៗ ធ្វើសំណើ​រៀងៗខ្លួនបែបនេះ។

លោក អ៊ូ ច័ន្ទរ័ត្នប្រកាន់ជំហរ ថាលោកនឹង​មិនសរសេរលិខិត ដើម្បីស្នើសុំសិទ្ធិនយោបាយនេះឡើយ ព្រោះលោកសម្អាងថា សិទ្ធិនេះ​មិនត្រូវគេដកហូត​តាំងពីដំបូងទីមកម្ល៉េះ។ តែទោះជាយ៉ាងនេះក្តី លោក​មិនអាច​ឃាត់​ឃាំង​មន្រ្តីឯទៀតបាននោះទេ ព្រោះលោកថា នេះជាសិទ្ធិសេរីភាព​របស់​បុគ្គលរៀងៗខ្លួន​។ ប៉ុន្តែ លោក​បាន​ព្រមានថា មន្រ្តីណាក៏ដោយ​ ដែលក្បត់​ស្មារតី​រួម​ របស់​គណបក្សសង្គ្រោះជាតិ មន្រ្តីនោះនឹង​អស់ប្រជាប្រិយ ពីឆាកនយោបាយ​ជាក់ជាមិនខាន <<ទោះបីជាបានសិទ្ធិហើយ ក៏មិនដឹងជាទៅធ្វើនយោបាយ​ នៅកន្លែង​ណា​ដែរ ព្រោះគ្មានការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរទេ>>។

ស្មារតីរួមរបស់គណបក្សសង្គ្រោះជាតិនោះ លោក អ៊ូ ច័ន្ទរ័ត្ន សំដៅលើការ​ទាមទារ​ឲ្យ​ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យ​មានសេរីភាព​ពេញលេញ​ឡើងវិញ ការ​ផ្តល់នីតិសម្បទាដល់គណបក្សសង្គ្រោះជាតិ ឲ្យ​បើកដំណើរការឡើងវិញ ការ​ផ្តល់នីតិសម្បទាជារួម​​ដល់​មន្រ្តីជានខ្ពស់ទាំង ១១៨ នាក់ ការ​ផ្តល់នីតិសម្បទា​ដល់​សមាជិកក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់ឆ្នោត​ទាំងជាង ៥ពាន់នាក់ និង រៀបចំការបោះឆ្នោតជាតិ និង បោះឆ្នោត​ព្រឹទ្ធសភា​ឡើងវិញ ដោយសេរី​ ត្រឹមត្រូវ​ និង យុត្តិធម៌។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិរូបនេះ មិនអស់សង្ឃឹម ក្នុងការ​រកដំណោះស្រាយ​រួម​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ <<ខ្ញុំ​នៅតែជឿលើ​ការដោះស្រាយ។ ទោះបីជាសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍យ៉ាង​ណា យើង​ត្រូវ​តែ​ងាកមករកមុខ​គ្នា​វិញ ដើម្បី​រក​ដំណោះស្រាយ>>។

អ្នកវិភាគ យល់ឃើញថា ដំណោះស្រាយ​នយោបាយ​ខ្មែរ គឺអាស្រ័យខ្លាំង​ទៅ​លើ​កត្តា​សម្ពាធអន្តរជាតិ ជាពិសេស​សហភាពអឺរ៉ុប។ ត្រឹមខែធ្នូនេះ របបលោក ហ៊ុន សែន នៅសល់ពេលមិនដល់ ១០ ខែ ទៀតទេ ក្នុងការ​ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ទៅតាមលក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប។ បើមិនដូច្នេះទេ​ របបនេះនឹង​បាត់បង់ការអនុគ្រោះពន្ធ ដែលជាដង្ហើមសេដ្ឋកិច្ច​ដ៏សំខាន់មួយ សម្រាប់​ការ​អភិវឌ្ឍនៅកម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្រ្តីគណៈបក្សសង្គ្រោះជាតិ ថាមន្រ្តីដែលបោះបង់ស្មារតីសង្គ្រោះជាតិ នឹងបាត់ប្រជាប្រិយ"

  1. Anonymous says:

    មិនត្រឹម តែបា់ត់ប្រជាប្រីយភាព គឺធ្លាក់ទៅមនុស្សក្បត់ សប្បជញ្ញខ្លួនឯង លក់ខ្លួនដូចសត្វ”ស្វា”ត្រូវការផ្លែចេក។