គ.ជ.ប​ បង្គាប់​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​៣​រូប​បង់​ប្រាក់​ពិន័យ​ករណី​យុទ្ធនាការ​ម្រាមដៃ​ស្អាត

ដោយ ថន ថារ៉ូ
2018-12-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


យុទ្ធនាការ​ម្រាម​ដៃ​ស្អាត របស់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ថា មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ Screenshot
យុទ្ធនាការ​ម្រាម​ដៃ​ស្អាត របស់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ថា មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ Screenshot


មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ចាត់​ទុក​លិខិត​បង្គាប់​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ថា ជា​ការ​គំរាមកំហែង​ពួកគាត់​ដើម្បី​បង្ខំ​ឲ្យ​ចូល​ធ្វើ​នយោបាយ។ មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​លើកឡើង​ថា គ..ប​ធ្វើតាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន បន្ទាប់ពី​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​របស់​សភា​ឯក​បក្ស​ដែល​បាន​អនុម័ត​ច្បាប់​នេះ​កាលពី​ថ្មីៗ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង ដែល​របប​លោក ហ៊ុន សែន រំលាយ​​លោក ជា ជីវ ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​សៅរ៍​ទី​១៥ ធ្នូ ថា បើទោះបី​ជា​មាន​លិខិត​ផាក​ពិន័យ​យ៉ាង​នេះ​ក្ដី ក៏​លោក​មិន​ដាក់ពាក្យ​ស្នើសុំ​ធ្វើ​នយោបាយ​ទៅ​លោក ហ៊ុន សែន ដែរ ព្រោះ​លោក​ថា​ពួកគាត់​មិន​បាន​ធ្វើ​ខុសច្បាប់​នោះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ទៀត​ថា បើសិនជា​លោក​ចុះចូល​គណបក្ស​កាន់អំណាច​រឿង​នេះ​នឹង​ត្រូវ​បញ្ចប់ ប៉ុន្តែ​លោក​ថា​មិន​ចុះចូល​នោះ​ទេ ព្រោះ​បើ​សិន​ស្នើសុំ​ធ្វើ​នយោបាយ​ប្រៀប​ដូចជា​ការ​កំដរ​លោក ហ៊ុន សែន ឲ្យ​កាន់អំណាច​ទៅ​មុខ​ទៀត​ដូច្នេះ​ដែរ៖ «ឧត្ដមគតិ​ខ្ញុំ​ស្ថិត​ក្នុង​គណបក្ស​សង្គ្រោះជាតិ ថ្មី​ត្បិត​ខ្ញុំ​ពេលនេះ​មិន​មាន​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​សង្គ្រោះជាតិ​មែន តែ​បេះដូង​ខ្ញុំ​ស្រលាញ់​តែ​បក្ស​សង្គ្រោះ​ជាតិ​ទេ ថ្វីត្បិតតែ​ខ្ញុំ​ក្លាយ​ទៅ​អ្នកគាំទ្រ ក្លាយ​ជា​ប្រជាពលរដ្ឋ​ក្ដី ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​នឹង​ជឿជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​តែមួយគត់​ដែល​អាច​ផ្លាស់ប្ដូរ​របប​ដឹកនាំ​សព្វថ្ងៃ​និង​មានការ​ប្ដូរ​ជា​វិជ្ជមាន»

ប្រតិកម្ម​នេះ​ក្រោយ​ពី ប្រធាន​គ..ប លោក ស៊ិក ប៊ុនហុក បាន​ចេញ​លិខិត​បង្គាប់​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ៣​រូប ដែល​ជាប់​ក្នុង​សំណុំរឿង​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នៅ​បាត់ដំបង ប្រញាប់​ទៅ​បង់​ប្រាក់​ផាក​ពិន័យ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង ឬ​នៅ​ទីស្ដីការ​គ..ប យ៉ាង​យូរ ៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទទួល​លិខិត​នេះ​តទៅ។ ករណី​មិន​បាន​បង់​ប្រាក់​ផាក​ពិន័យ​តាម​ការកំណត់ គ..ប នឹង​អនុវត្ត​ការ​ពិន័យ​នេះ​ទៅតាម​ច្បាប់។

..ប​បាន​ផាក​ពិន័យ​លោក ជា ជីវ ជា​ប្រាក់ ១០​លាន​រៀល ចំណែក​លោក ថោង សារឿន និង​លោក គ្រុយ គឹមសាំង ពិន័យ​ជា​ប្រាក់​ម្នាក់ ៥​លាន​រៀន។

មន្ត្រី​គណបក្សប្រឆាំង​ស្រុក​កំរៀង​ម្នាក់ទៀត ដែល​ជាប់​បណ្ដឹង​សំណុំរឿង​នេះ​ដែរ​គឺ​លោក គ្រុយ គឹមសាំង មានប្រសាសន៍​ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​នឹង​លិខិត​នេះ​ទេ ព្រោះ​លោក​យល់ឃើញ​ថា រឿង​នេះ​ជា​ចេតនា​នយោបាយ​របស់​បក្ស​កាន់អំណាច ដើម្បី​បំភិតបំភ័យ​ពួកគាត់​ឲ្យ​ភ័យខ្លាច ដោយសារ​ពួកគាត់​មិន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច៖ «ខ្ញុំ​នឹង​តស៊ូ​ទៅ​មុខ​ទៀត ព្រោះ​កាលណា​គេ​គាបសង្កត់​យើង​កន្លង​មក​បន្តបន្ទាប់​នោះ ខ្ញុំ​គិត​ថា​មិន​ចង់​យក​ខ្មែរ​ណា​មក​គុំកួន​គ្នា​នោះ​ទេ ប៉ុន្តែ​គាត់​ចេះតែ​រុញ​ឲ្យ​ខ្ញុំ​ដំណាក់កាល​ម្ដង​ហើយ​ម្ដងទៀត ឈាន​មកដល់​ផ្លូវ​នេះ គឺ​ខ្ញុំ​មិន​អាច​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​បានទេ»

លោក​អះអាង​ថា លោក​មិន​ទាន់​មាន​ប្រាក់​បង់​ការ​ផាក​ពិន័យ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា នឹង​យក​ប្លង់ដី​របស់​ខ្លួន​ទៅ​ដាក់​បញ្ចាំ​ធនាគារ​ដើម្បី​ខ្ចី​ប្រាក​បង់​ទៅ​គ..ប ឲ្យ​ទាន់​ពេល​កំណត់៖ «នៅ​ថ្ងៃ​ច័ន្ទ​នេះ ខ្ញុំ​ទៅ​ធនាគារ​រកលុយ​បង់​ជូន​គាត់ ព្រោះ​បើសិនជា​ខ្ញុំ​មិន​បង់​ប្រាក់​ឲ្យ​គេ​ទេ ប្រហែលជា​អាច​គាត់​មាន​វិធានការ​ផ្សេង​ទៀតហើយ គាត់​អត់​យល់​ខ្ញុំ​ជា​អតីត​ជា​ប្រធាន​ប្រតិបត្តិ​ស្រុក​មែន ប៉ុន្តែ​វា​ផុត​ពី​តួនាទី​តំណែង​យូរហើយ គាត់​នៅតែ​មក​តាម​ឈ្នានីស​ខ្ញុំ​ជាប់​រហូត​ទៀត»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់ឃើញ​ថា លិខិត​របស់​គ..ប​នៅ​ពេល​នេះ គឺជា​ការ​គំរាមកំហែង​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​ច្រើនជាង​ការអនុវត្ត​ច្បាប់ ព្រោះ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​របស់​ពួកគាត់​កន្លងមក គ្រាន់តែ​ជា​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ គឺ​ពុំ​មែន​ជា​ការ​រារាំង​អ្នកបោះឆ្នោត​នោះ​ឡើយ។ លោក យិន ម៉េងលី អះអាង​ទៀត​ថា ការ​ចោទប្រកាន់​នេះ គឺ គ..ប បាន​អនុវត្ត​ខុស​ទាំង​នីតិវិធី​តាំងពី​ដំបូង ព្រោះ​ពួកគាត់​បាន​ជួបជុំគ្នា​នៅ​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​គណបក្ស​កាន់អំណាច​ប្ដឹង​ចាត់វិធានការ​នៅ​ឃុំ​ផ្សេង ដែល​នៅ​ក្នុង​ទីកន្លែង​ដែល​ពួកគាត់​រស់នៅ​ឯណោះ​ទៅវិញ៖ «ខ្ញុំ​យល់ថា​នីតិវិធី​ចុងក្រោយ​នេះ​ក៏​អត់​ស្របច្បាប់​ដែរ ហើយ​ពាក់ព័ន្ធ​រឿង​គាត់​មិន​ចូលរួម​ធ្វើ​នយោបាយ​គឺជា​សិទ្ធិ​របស់​គាត់ ហើយ​មិនមែន​ជា​បញ្ហា​ថ្មី​ទើប​កើតឡើង​ទេ បញ្ហា​នេះ​ធ្លាប់​កើតមាន​ម្ដង​ហើយ​នៅ​ពេល​លោក ហ៊ុន សែន បាន​អំពាវនាវ​ថា អ្នកណា​ចង់បាន​មុខតំណែង​រក្សា​តួនាទី​អី​ត្រូវ​ចុះ​នោះ ហើយ​នេះ​ក៏​ជា​សិទ្ធិ​របស់​ពួកគាត់​ព្រោះ​មិន​មាន​ច្បាប់​ណាមួយ​ត្រូវតែ​ចូល​ធ្វើ​នយោបាយ​នោះ​ទេ»

..ប បាន​សម្រេច​ផាក​ពិន័យ​មន្ត្រី​ទាំង ៣​នាក់​ដោយសារតែ​ពួកគេ​បាន​បង្ហោះ រូបភាព​លើក​ម្រាម​ចង្អុល​ដៃ ជា​និមិត្តរូប​នៃ​ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ អ្នកច្បាប់​ចាត់​ទុក​ថា ទង្វើ​នេះ ជា​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​មាន​អ្វី​ខុសច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles