អាមេរិក​ត្រៀម​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រលប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ

ដោយ ថន ថារ៉ូ
2018-12-14
RFA

និមិត្ត​សញ្ញា​អាស៊ីសេរី។ Photo: RFA
និមិត្ត​សញ្ញា​អាស៊ីសេរី។ Photo: RFA


អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក អារិន ឆ្វាតចេះ (Arend C Zwartjes) បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា​ថា អាជ្ញាធរ​អាមេរិក​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ចំនួន ៤៦​នាក់ មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅមុន​ដំណាច់​ខែ​ធ្នូ​នេះ បើ​ទោះ​បី​ជា​មានការ​រិះគន់​ពី​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ក្ដី។

លោក បៀល ហឺរ៉ត (Bill Herod) ទីប្រឹក្សា​អង្គការក្រៅរដ្ឋាភិបាល​ផ្ដល់​ការ​គាំទ្រ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​មកពី​អាមេរិក​វិញ បាន​អោយ​ដឹង​ថា អង្គការ​របស់​លោក​ក៏បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងនេះ​ក្នុងពេលដែល​ពួកគេ​ត្រលប់​មកដល់​កម្ពុជា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ផ្តល់​ទីតាំង​ស្នាក់នៅ ការ​ផ្តល់​ប្រឹក្សា​យោបល់ ការ​ពន្យល់​ណែនាំ ក៏ដូចជា​បញ្ហា​ផ្នែក​ពេទ្យ និង​ផ្លូវច្បាប់​ជាដើម។ លោក​ក៏បាន​រិះគន់​រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន​ផង​ដែរ ដែល​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំងនេះ​មក​ប្រទេស​កម្ពុជា​វិញ ព្រោះ​ពួកគេ​ទាំងនោះ បាន​រស់នៅ​ធំធាត់​ក្នុង​សហរដ្ឋអាមេរិក។

មន្ត្រី​អ្នកនាំពាក្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​គយ និង​អន្តោប្រវេសន៍​អាមេរិក លោក ប្រិនឌិន រ៉ាឌី (Brendan Raedy) ប្រាប់​កាសែត​ញូវយ៉ក ថាមស៍ កាលពីពេល​ថ្មីៗ​នេះ​ថា រហូត​មក​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ៥៦​នាក់ ដែល​កំពុង​ជាប់​ក្នុង​មន្ទីរឃុំឃាំង​របស់​អាមេរិក និង​ជិត​២​ពាន់​នាក់​ផ្សេងទៀត កំពុង​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​អាជ្ញាធរ​អាមេរិក ដែល​ត្រូវ​បញ្ជូន​ត្រលប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ។

នាយក​ប្រតិបត្តិ​អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង លោក តាន់ សូនិក ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី ក្នុង​ពេល​កន្លងទៅ​ថា រហូត​មក​ដល់​ខែ​សីហា ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ៦៣៩​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​បញ្ជូន​មកដល់​កម្ពុជា​វិញ ក្នុង​នោះ​មាន​បុរស​៦២៣​នាក់ និង​ស្ត្រី ១៦​នាក់។

ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ត្រូវ​បញ្ជូន​ត្រលប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​នេះ ពុំ​មាន​ការ​ចងចាំ​ច្រើន​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ទេ ដោយសារតែ​ពួកគេ​បាន​រត់គេច​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ហើយ​បាន​ទទួល​សិទ្ធិ​ជា​ជនភៀសខ្លួន​មក​រស់នៅ​សហរដ្ឋអាមេរិក។ អ្នក​ដែល​ត្រូវ​បញ្ជូន​ត្រលប់​ទៅវិញ​នេះ​មួយ​ចំនួន​បាន​ទទួល​សិទ្ធិ​រស់នៅ​ស្របច្បាប់ ឬ​គ្រីនខាដ (Green Cards) តែ​បាន​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ និង​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles