លោក សុខ ឥសាន ប្រតិកម្ម​នឹង​ការ​ផ្សាយ​របស់​អាស៊ីសេរី​ពី​តួលេខ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចុះចូល

ដោយ អាស៊ីសេរី
2018-12-29

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លើយតប នឹង​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​ដែល​ដក​ស្រង​សម្ដី​មន្ត្រី​បក្ស​ប្រឆាំង​ថា ក្រុមប្រឹក្សា​ប្រឆាំង​ប្រឆាំង​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក សុខ ឥសាន បាន​បង្ហាញ​តួលេខ​ដែល​លោក​អះអាង​ថា ជា​តួលេខ​ពិត​ប្រាកដ​ថា មាន​អ្នក​ចុះ​ចូល​បក្ស​កាន់អំណាច​ជិត ៣​ពាន់​នាក់​។ ប៉ុន្តែ អ្នកវិភាគ​យល់ថា ការ​អះអាង​ពី​ការ​ចុះ​ចូល​របស់​មន្ត្រី​បក្ស​កាន់អំណាច​នៅ​ពេល នេះ​គ្រាន់តែ​ល្បិច​បន្លប់​ស្ថានការណ៍​ប៉ុណ្ណោះ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បន្ត​អះអាង​ថា ពិត​មានការ​ចុះចូល​ពី​មន្ត្រី​បក្ស​ប្រឆាំង​ទៅ​គណបក្ស​កាន់អំណាច​ពិត​ប្រាកដ​មែន។

អ្នកនាំពាក្យ​រូប​នេះ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ដោយ​អះអាង​ថា សមាជិក​បក្ស​ប្រឆាំង​ដែល​មក​រួមរស់​ជាមួយ​គណបក្ស​កាន់អំណាច​ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​នោះ មាន​ចាប់​តាំង​ពី​តំណាងរាស្ត្រ ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង​ស្រុក និង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ដែល​សរុប​ទាំងអស់​ចំនួន ២.៦២២​នាក់ ហើយ​អ្នក​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ច្រើនជាង​គឺ​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ដែល​មាន​រហូត​ទៅដល់​ជិត​២​ពាន់ ៥០០​នាក់។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​តួលេខ​នៃ​ការ​ចុះចូល​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​ នៅ​ថ្ងៃ​ទី​២៩ ធ្នូ​នេះ​។ ប៉ុន្តែ ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង​លោក ជា ជីវ នៅតែ​យល់ថា តួលេខ​បក្ស​ប្រជាជន​កម្ពុជា​ជា​ព័ត៌មាន​បោកប្រាស់៖ «យើងខ្ញុំ​ចង់​ដឹង​ពី​ការពិត​សុំ​ឲ្យ​ឯកឧត្ដម សុខ ឥសាន​សុំ​បង្ហាញ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ណាខ្លះ​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា»

ដោយឡែក ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ឲ្យ​អាស៊ីសេរី​ដឹង​ថា បើ​បក្ស​កាន់អំណាច​ចង់ដឹង​ថា ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ ស្មោះត្រង់​នឹង​គណបក្ស​ប៉ុន្មាន​នាក់​នោះ បក្ស​កាន់អំណាច​នឹង​បាន​ឃើញ​ពេល​មាន​វត្តមាន​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​កម្ពុជា៖ «បើសិនជា​វត្តមាន​គណបក្ស​សង្គ្រោះជាតិ មាននៅ​ថ្ងៃស្អែក​កម្លាំង​និង​រចនាសម្ព័ន្ធ​របស់​យើង​នឹង​ចេញ​មក​បញ្ជាក់​នៅ​ស្អែក​ហើយ​អាច​វាយតម្លៃ​កម្លាំង​របស់​យើង​នៅតែ​ខ្លាំងក្លា»

អ្នកវិភាគ​វ័យក្មេង​លោក បុង ដែត យល់ថា ការ​បង្ហាញ​តួលេខ​នេះ​គ្រាន់តែ​ល្បិច​ទុច្ចរិត​របស់​បក្ស​កាន់អំណាច​ទេ។ លោក​បន្ត​ថា ការ​ចុះ​ចូល​របស់​សមាជិក​បក្ស​ប្រឆាំង​ណាមួយ​គឺជា​រឿង​បុគ្គល​ប៉ុណ្ណោះ​ទេ។ អ្នកវិភាគ​វ័យក្មេង​រំលឹក​ថា អ្វី​ដែល​គណបក្សប្រឆាំង​ត្រូវ​បន្ត​ធ្វើ​គឺ​ការ​រក្សា​ដួង​ព្រលឹង​និង​រចនាសម្ព័ន្ធ​គណបក្ស​នេះ​ឲ្យ​បាន​រឹងមាំ៖ «អ្នក​ដែល​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​អូសទាញ​អ្នកណា​បាន​គឺ​រឿង​បុគ្គល​ប្រជាពលរដ្ឋ​គាត់​ដឹង​ច្បាស់លាស់​ហើយ​ដូង​ព្រលឹង​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​មាន»។

ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ដែល​សុខចិត្ត​បាត់បង់​តំណែង​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​បាន​ផ្តាំ​ទៅ លោក សុខ ឥសាន ថា កុំ​ព្យាយាម​ធ្វើ​របាយការណ៍​ភូត​កុហក​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​គ្រោះថ្នាក់​បាត់បង់​ប្រជាប្រិយភាព​ទៅវិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "លោក សុខ ឥសាន ប្រតិកម្ម​នឹង​ការ​ផ្សាយ​របស់​អាស៊ីសេរី​ពី​តួលេខ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចុះចូល"

  1. so socheath says:

    ហាស ! ហាស
    ពួកអាល្ងង់បក្សសង្គ្រោះផេះប៉ុន្មានក្បាលនេះ បើទុកជាពួវាចូល ជាមួយគណបក្សប្រជាជនទាំងអស់
    សល់តែម្នាក់វា ក៏វានៅតែស្រែក ទប់ជើងគ្រែថាអត់មានតែដដែលហ្នឹងទេ ។
    ប៉ុន្តែភាពជាក់ស្តែង វាមិនអាចយក​សម្លេងភូតកុហក មកបោកប្រាសដើម្បីទប់ជើងគ្រែរបស់ពួកវា
    មកលុបបំបាត់បានទេ ។
    ពួកអ្នកចុះចូល បានប្រឹងប្រែងធ្វើការងារបំរើផលប្រយោជន៍ប្រជាពលរដ្ឋយ៉ាងសីសង្វាក់
    ជាមួយអ្នកចាស់ គឺទាំងអស់គ្នាធ្វើការងារដើម្បីប្រយោជន៍ជាតិនិងប្រជាជន មិនដើរបោកប្រាស
    តាមការចង្អុលណែនាំ ដូចកាលពួកគាត់នៅបំរើបក្សសង្គ្រោះផេះនោះទៀតឡើយ ។
    ការពិត គឺបែបនេះ !

  2. Lion says:

    ឥសានអើយឥសាន! បើខ្លាំងបើគ្រាន់បើមែន កុំខំប្រឹងពេក ប្រយ័ត្នសុខភាពព្រោះវ័យកាន់តែចាស់ហើយ។ បើគង់នឹងស្លាប់ ឱ្យវាទៅតាមដំណើរធម្មជាតិទៅ!

  3. Lion says:

    ឱលោកម្ចាស់អ្នកនយោបាយខ្មែរអើយ ល្មមភ្ញាក់ពីដំណេក ហើយមករួបរួមគ្នាជាឈាមខ្មែរតែមួយដើម្បីកសាង និងការពារជាតិឱ្យរីកចម្រើន និងគង់វង្ស តើបានទេ? បើមិនដូច្នោះទេ ពិតដូចជាពាក្យ ខ្មែរជាពូជអ្នកចម្បាំងប្រាកដណាស់។ ក៏ប៉ុន្តែ ក្នុងន័យនេះមិនមែនធ្វើឱ្យខ្មែរខ្លាំង និងខ្មែរឈ្នះទាំងអស់គ្នាទេ។ ផ្ទុយទៅវិញ ធ្វើឱ្យខ្មែរគ្រប់ភាគី គ្រប់និន្នាការចាញ់ និងអាម៉ាស់ទាំងឆាកជាតិ និងអន្តរជាតិ។ អ្នកដែលឈ្នះពិតប្រាកដ គឺបរទេស ជាពិសេសគឺអ្នកជាតិខាងយើងហ្នឹងតែម្តង! ហើយទីបំផុត យើងនឹងខូចខាត ព្រមទាំងបាត់បង់ទាំងភោគទ្រព្យធម្មជាតិ និងទឹកដីចៀសមិនផុតទេ! សូមអ្នកនយោបាយ ព្រមទាំងអ្នកគាំទ្រនយោបាយទាំងអស់ឈប់លាបពណ៌គ្នា និងឈប់អរិនឹងគ្នាទៅ ព្រោះអត់ចំណេញអ្វីទេ!

Leave a Reply

Submit Comment