អ្នក​វិភាគ​ថា ការ​សម្ពោធ​វិមាន​ឈ្នះឈ្នះ​ជា​ការ​ខំ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​របប​លោក ហ៊ុន សែន

ដោយ យន់ សាមៀន
2018-12-29
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ
លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ


មេដឹកនាំ​ជាន់ខ្ពស់ ក្នុង​របប​ឯក​បក្ស​ក្រុងភ្នំពេញ បើក​សម្ពោធ​ស្តូប​អនុស្សាវរីយ៍ ឬ​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៩ ធ្នូ។ លោក ហ៊ុន សែន​ដែល​ស្លៀកពាក់​ខោអាវ​យោធា​ផង​នោះ​អះអាង​ថា វិមាន​នយោបាយ​នេះ ជា​ការ​បង្ហាញ​ពី​ស្នាដៃ​ធំធេង​របស់​លោក ក្នុង​ការ​ស្ដារ​ប្រទេស​កម្ពុជា ចេញពី​សង្គ្រាមស៊ីវិល។ ប៉ុន្តែ​អ្នកវិភាគ​ថា​នយោបាយ ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន​ធ្វើ​ឲ្យ​កម្ពុជា​ប្រែក្លាយ​ពី​ប្រទេស​មាន​ពហុបក្ស​ទៅ​ឯក​បក្ស និង​អ្នកជំទាស់​ត្រូវ​ជាប់គុក​និង​រត់ចោលស្រុក​។

លោក ហ៊ុន សែន ថ្លែង​ចោទ​ប្រកាន់​ថា ឫសគល់​គោលនយោបាយ​ឈ្នះ​ឈ្នះ កើត​ចេញ​ដោយសារ​សង្គ្រាមស៊ីវិល​បន្សល់​ទុក​ពី​ក្រុម​មេដឹកនាំ​របប​សាធារណរដ្ឋ​ខ្មែរ ដោយមាន​ការឧបត្ថម្ភ​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក​មិន​បាន​ស្ដីបន្ទោស​ប្រទេស​ចិន និង​វៀតណាម ដែល​ជា​ប្រទេស​គាំទ្រ​របប​ឯកបក្ស​លោក​នោះ​ទេ ទោះបី​ប្រទេស​ទាំងពីរ​នេះ ក៏​ចូលរួម​បង្ក​សង្គ្រាម​កម្ពុជា​ដែរ។

លោក ហ៊ុន សែន ប្រកាស​ថា ការ​ជ្រើស​ថ្ងៃ​ដាក់​ឲ្យ​សម្ពោធ​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ ចំ​ថ្ងៃ​ទី​២៩ ធ្នូ ដើម្បី​រំលឹក​ដល់​២០​ឆ្នាំមុន ជា​ថ្ងៃ​ក្រុម​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ នាំ​កងទ័ព ទៅ​ចុះ​ចូល​ដល់​ភូមិគ្រឹះ​របស់​លោក នៅ​ភ្នំពេញ។ លោក ហ៊ុន សែន បញ្ជាក់​ថា ពី​ឆ្នាំ​១៩៩៦ ដល់​ចុង​ឆ្នាំ​១៩៩៨ លោក មិនបាន​ប្រើ​គ្រាប់កាំភ្លើង​ក្នុង​ការ​បញ្ចប់​សង្គ្រាម គឺ​កងទ័ព​ខ្មែរក្រហម​ចុះចូល​នឹង​លោក​ទាំងស្រុង ដូច្នេះ​ទើប​មាន​ការ​សាងសង់​វិមាន​នេះ​ឡើង ដើម្បី​រំលឹក​ដល់​ការ​បញ្ចប់​សង្គ្រាម។ «»

របប​ក្រុងភ្នំពេញ ប្រារព្ធ​កម្មវិធី​សម្ពោធ​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ធ្នូ។ លោក ហ៊ុន សែន ចាត់ទុកថា វិមាន​នយោបាយ​ឈ្នះ​ឈ្នះ នឹង​ក្លាយ​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​នៃ​ការ​បញ្ចប់​សង្គ្រាម​កម្ពុជា ហើយ​ភាគី​ខ្មែរ​គ្រប់​ភាគី​ជា​អ្នកឈ្នះ​ដូចគ្នា។ ប៉ុន្តែ​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចាត់ទុកថា វិមាន​នេះ​ជា​វិមាន​តំណាង​ឲ្យ​ការ​ក្បត់ជាតិ​របស់​លោក ហ៊ុន សែន ទៅវិញ​ទេ។

ចំណែក អ្នក​សិក្សា​ស្រាវជ្រាវ និង​ឃ្លាំមើល​សង្គម លោក គឹម សុខ យល់ថា វិមាន​នយោបាយ​ឈ្នះ​ឈ្នះ មិនមែន​ជា​ភស្តុតាង​បញ្ចប់​សង្គ្រាម​ទេ គឺ​គ្រាន់តែ​ជា​ការ​បង្កើត​ឡើង របស់ លោក ហ៊ុន សែន ដើម្បី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិត។ លោក គឹម សុខ អះអាង​ថា គោលនយោបាយ​ឈ្នះ​ឈ្នះ របស់ លោក ហ៊ុន សែន ជា​នយោបាយ​បោក​បញ្ឆោត ដើម្បី​រក្សា​អំណាច​បក្ខពួក ក្រុម​គ្រួសារ និង​បម្រើ​មហិច្ឆតា​បរទេស គឺ​វៀតណាម និង​ចិន ដែល​ជា​បងធំ នៃ​របប លោក ហ៊ុន សែន សព្វថ្ងៃ។ អ្នកវិភាគ​រូប​នេះ បន្ត​ថា វិមាន​នយោបាយ​ឈ្នះ​ឈ្នះ មិន​អាច​ទាក់ទាញ ប្រជាប្រិយភាព ពី​យុវជន និង​ពលរដ្ឋ​បានទេ។ «»

លោក គឹម សុខ ផ្ដាំ​ប្រាប់ លោក ហ៊ុន សែន ថា មេដឹកនាំ​ល្អ មិនដែល​រំលឹក ឬ​បំភ្លៃ​ប្រវត្តិសាស្ត្រ ជូរចត់ ក្នុង​បំណង​គ្រាន់តែ​ចង់​កេង​ចំណេញ​នយោបាយ ហើយ​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​វង្វេង​តាម​ទេ។ លោក គឹម សុខ ប្រាប់​ថា លោក ហ៊ុន សែន គួរតែ​ខិតខំ​ដោះស្រាយ​បញ្ហា​ជាតិ តាម​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ទើប​ជៀសវាង​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​បាន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles